All posts by មេគង្គ ប៉ុស្តិ៍

ចិនត្រៀម​បញ្ចេញថវិកា ១,៤ទ្រីលានដុល្លារ ក្តោបក្តាប់​ពិភព​បច្ចេកវិទ្យា

ប៉េកាំង ៖ ប្រទេសចិន កំពុង​បង្កើន​សន្ទុះ​ក្នុង​បច្ចេកវិទ្យា ដោយ​បាន​ចាក់លុយ​យ៉ាងច្រើន​មហាសាល ក្នុងការ​ក្តោបក្តាប់​ពិភពលោក​លើ​វិស័យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។

នៅក្នុង​ផែនការ​មេ ដែលគាំទ្រ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បង្ហាញ​ឱ្យដឹងថា ចិន​នឹងដាក់​ទុនវិនិយោគ​ប្រមាណ១,៤ទ្រីលានដុល្លារ ក្នុងរយៈពេល៦ឆ្នាំ​ដល់ឆ្នាំ​២០២៥។ ក្នុងនោះ​ក្រុមហ៊ុន​ដ៏សំខាន់បំផុត​ដែល​ដើរតួគឺ Huawei ដែលនឹង​ជួយ​ដល់​បណ្តាញ​ 5G, ដំឡើង​កាមេរ៉ា និងសេនស័រ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យា AI នៅតាម​បណ្តារោងចក្រយានយន្ត និង​ឧបករណ៍​ស៊ើបការណ៍។

ការ​វិនិយោគ​ដ៏សម្បើមនេះនឹង​ជួយឱ្យចិនកាត់​បន្ថយ​ការពឹងផ្អែកលើ​បច្ចេកវិទ្យា​បរទេស និងមាន​គោលដៅរំពឹង​ឈ្មោះខ្លួន​ក្នុងវិស័យ​បច្ចេកវិទ្យាថា «Made in China 2025»៕

 

សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរបស់រាជរដ្ឋាភិបាលត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យសិក្សា

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភានានាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
សេចក្តីព្រាងច្បាប់ទំាង៥នោះមាន ៖

១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

៣-សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩។

 

ខេត្តព្រះសីហនុ នឹងមាន​ផ្លូវថ្មើរជើងក្រោមដី ២កន្លែង ត្រង់​ចំណុចផ្លូវជាតិ​លេខ៤

ខេត្តព្រះសីហនុ ៖ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ២១៦+០០ ដល់ ២២២+៧០០ នឹងមាន​ការសាងសង់​ផ្លូវក្រោម​ដី២កន្លែង សម្រាប់​​ប្រជាជន​ឆ្លងកាត់​ ពោលគឺ​មិនធ្វើស្ពានអាកាស​ដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀតនោះទេ។ នេះបើយោងតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុក «ប្រជាជន ខេត្តព្រះសីហនុ» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០។

កង​វិស្វកម្ម​តេជោ ហ៊ុនសែន សៀមរាប ដែល​ដឹកនាំ​បញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ ជាអ្នក​ទទួលបន្ទុក​ស្ថាបនា​ផ្លូវក្រោមដីនេះ។ ក្នុងការ​សាងសង់នេះ លក្ខណៈបច្ចេកទេស ត្រូវបាន​ត្រួតពិនិត្យ​ដោយក្រសួង​សាធារណការ និងដឹកជញ្ជូន ដែលមាន​លោក នូ វឌ្ឍនៈ​អនុរដ្ឋលេខាធិការក្រសួង​ជាអ្នកដឹកនាំរួម៕

 

អាមេរិកគ្រោង​លក់​គ្រាប់បែកបំពាក់លើនាវាតម្លៃ១៨០លានដុល្លារឱ្យតៃវ៉ាន់

អាមេរិក ៖ រដ្ឋាភិបាល​អាមេរិកបាន​ដាក់សំណើទៅសភា​ ដើម្បីបើកលទ្ធភាព​លក់គ្រាប់បែកបុក​ដែលបំពាក់លើនាវាក្នុងតម្លៃ១៨០លានដុល្លារឲ្យតៃវ៉ាន់ ខណៈដែលកាយវិការនេះត្រូវបានគេមើលថា នឹង​បង្កើនកម្តៅថែមទៀត ក្នុងទំនាក់ទំនងរវាង​ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីងតោន។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។

យោងតាម​ភ្នាក់ងារសហប្រតិបត្តិការ​សន្តិសុខ​ការពារជាតិអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា ក្រសួងការ​បរទេស​បាន​យល់ព្រមលក់​គ្រាប់បែកម៉ាក MK-48 Mod6 ចំនួន១៨គ្រាប់ និង​សម្ភារៈពាក់ព័ន្ធផ្សេងទៀត​ដែលមាន​សរុបប្រហែល១៨០លានដុល្លារ។

ការ​យល់ព្រមនេះ គឺ​ដើម្បី​បម្រើឱ្យផលប្រយោជន៍​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក ដោយ​ការ​គាំទ្រកិច្ចប្រឹងប្រែង​របស់​តៃវ៉ាន់ ក្នុងការធ្វើទំនើបកម្ម​កងទ័ព និង​រក្សា​សមត្ថភាព​ការពារខ្លួន។

ការប្រកាស​នេះ ក៏ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ស្បថចូលកាន់តំណែង​អាណត្តិទី២ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០៕

 

ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន ២​ករណី​បន្ថែមទៀត

ចិន ៖ គណៈកម្មការ​សុខភាព​ជាតិ (NHC) បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ប្រទេស​ចិន​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​២​ករណី​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះទេ។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មាធិការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងចំណោម​២​ករណី​ថ្មី​គឺ មាន​១​ករណី​ឆ្លង​ក្នុងស្រុក​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​និង​១​ករណី​ទៀត​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​។​

​ករណី​ឆ្លង​ថ្មីៗ​ទាំង ២​ករណី ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ វា​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់​៨២.៩៦៧ នាក់ និង​អ្នកជំងឺ​ចំនួន ៣៧៥ នាក់​កំពុង​ស្ថិតក្រោម​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ ខណៈ​តួលេខ​នៃ​ករណី​អ្នកស្លាប់ គឺ​នៅ​រក្សាបាន​ត្រឹម ៤,៦៣៤​នាក់​ដដែល​។​

​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន​៥​នាក់​ផងដែរ​កាលពី​ម្សិល​មី​ញ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៧៨,២៤៩ នាក់​៕

 

កម្ពុជាសម្រេច​បើក​ឱ្យ​ជនបរទេស​មកពី​ប្រទេស​ចំនួន​៦​ចូលមក​កាន់​កម្ពុជា​ឡើងវិញ​

​ភ្នំពេញ ៖ ​ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញ​សេចក្តីប្រកាស​មួយ ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស មកពី​ប្រទេស​ចំនួន​៦ រួមមាន អ៊ីរ៉ង់ អ៊ី​តា​លី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក អាច​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ។

​សូមជម្រាបថា ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក៕

​សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ខាងក្រោម ៖ 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៥លាននាក់ ស្លាប់ជិត៣៣ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,០៨២,០២៣នាក់ហើយ ដោយក្នុងនោះអ្នកស្លាប់មានចំនួន ៣២៩,២៣០នាក់ និងជាសះស្បើយឡើងវិញ ២,០២០,០៧១នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៩១,៣៧១នាក់ ស្លាប់ចំនួន ៩៤,៩៣៣នាក់ និងជាសះស្បើយចំនួន ៣៧០,០៥៨នាក់៕

 

សម្តេចតេជោ ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ នៅតែបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជំងឺនេះនៅលើពិភពលោក បានកើនក្បែរ៥លាននាក់ហើយ។

សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យការឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តន៍វិធានការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ ត្រូវពាក់ម៉ាសពេលចេញក្រៅផ្ទះ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្តុំគ្នាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «សុខសប្បាយទេបងប្អូនជនរួមជាតិ? យើងបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទល់ថ្ងៃនេះ នៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរឲ្យបារម្ភខ្លាំងបំផុត។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺឆ្លងរលាកផ្លូវដង្ហើម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជា និងពិភពលោក​ យើងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាពរស់នៅ ឲ្យបានល្អជាប្រចាំ​ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា»។

សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក ហើយអ្នកជំងឺកូវីដ១៩ទាំង១២២នាក់នេះ បានជាសះស្បើយជាបន្ដបន្ទាប់ មិនមានអ្នកជំងឺកូវីដ១៩ទៀតឡើយ៕

 

ធនាគារ អេស៊ីលីដា ថែមទូរអេធីអឹម ចំនួន ១១៥ គ្រឿងទៀតដើម្បីបំពេញតម្រូវការអតិថិជន

ភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនប្រើប្រាស់បណ្ដាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម ហៅកាត់ថាទូរអេធីអឹម ធនាគារអេស៊ីលីដា បានបន្ថែមទូរអេធីអឹមចំនួន ១១៥បន្ថែមទៀត ពីលើម៉ាស៊ីនអេធីអឹមដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីលីដា នៅថ្ងៃទី១៩ ខែឧសភា ២០២០ នេះ បានអោយដឹងថា ដើម្បីបំពេញនូវតម្រូវការស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីក នូវវិសាលភាព គាំទ្រនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន ឲ្យកាន់តែទូលំទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមនូវបណ្តាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥គ្រឿង ចាប់ពីខែឧសភា ឆ្នាំ២០២០នេះ ដែលសរុបទាំងអស់ចំនួន ៧៥១គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើជូនសាធារណជនអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការ ប្រើប្រាស់ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំងដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យ ធនាគារ។ បន្ថែមពីនេះទៀត ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប ជូនអតិថិជន និងសាធារណជន ស្របតាមយុគសម័យឌីជីថល ។

គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ីផ្ដើមចេញពីទុនប្រមាណ៦៣ម៉ឺនដុល្លាររហូតដល់មានទុនម្ចាស់ទ្រព្យជាង៩០០លានដុល្លារអាមេរិក និងបានពង្រីកខ្លួនធ្វើប្រតិបត្តិការនៅក្រៅប្រទេសផងដែរ ក្នុងនោះមានប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ។

មិនត្រឹមតែប៉ុណ្ណោះទេ ធនាគារអេស៊ីលីដា ក៏បានបន្តអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធនាគារឈានមុខគេមួយជំហានទៀតគឺការគ្រោងបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ ហើយការប្រកាសជាផ្លូវការនៃការបោះផ្សាយលក់ភាគហ៊ុននេះនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភា ២០២០ នេះផងដែរ ៕

រដ្ឋាភិបាលសម្រេចផ្ដល់ការអនុគ្រោះថ្លៃអគ្គិសនីដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ពីកូវីដ១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការមួយទៀត ដើម្បីស្រោចស្រង់វិស័យឯកជនដែលជាឆ្អឹងខ្នងសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ គឺការដាក់ចេញនូវការអនុគ្រោះថ្លៃអគ្គិសនី ដល់វិស័យសំខាន់ៗរួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល បានអោយដឹងថាដើម្បីសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃ អគ្គិសនីរបស់ទីតាំងដែលបានព្យួរឬបន្ថយសកម្មភាពផលិត ឬអាជីវកម្មនិងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តផែនការអនុគ្រោះនិងលើកទកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មពីខែមិថុនា ដល់ខែតុលា ។

សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំបោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មពីខែ មិថុនា ដល់ខែតុលា ២០២០ មានខ្លឹមសារបីសំខាន់ ៖

ទី១ ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមាន និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតអោយបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោងដែលបានប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំបោះទីតាំងឧស្សាហកម្មកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ ។ ទី២ រក្សាស្ថានភាពផ្គត់ផ្គង់ ឬការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីឧស្សាហកម្ម កសិកម្ម ពាណិជ្ជកកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន ។ ទី៣ ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន២៥ភាគរយ លើការបង់ថ្លៃអគ្គសិនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល៣ខែ ដើមឆ្នាំ ចំពោះទីតាំងឧស្សាហកម្ម ។

លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានអោយដឹងថា អតិថិជនដែលជាម្ចាស់សហគ្រាសអាជីវកម្មទាំងអស់ ដែលធ្លាប់ទិញអានុភាពភ្លើងពីអគ្គិសនីកម្ពុជា និងធ្លាប់បង់បន្ថែមលើអានុភាពនេះ នឹងត្រូវកាត់ចោលហើយអតិថិជនតម្រូវអោយបង់ថ្លៃអគ្គិសនីប្រើប្រាស់ប្រចាំខែរបស់ខ្លួនតែប៉ុណ្ណោះ ដូច្នេះអតិថិជនមិនចាំបាច់បង់បន្ថែមអានុភាពដែលធ្លាប់ទិញនោះទេ ។

លោកបន្តថា នៅខែក្រោយនេះ ក្រុមការងារនឹងត្រូវរៀបចំនិងស្រាជ្រាវរកសហគ្រាសណាដែលប៉ះពាល់ដោយសារតែកូវីដ១៩ និងនឹងចាប់ផ្ដើមផ្ដល់ការអនុគ្រោះអោយពួកគាត់ ដោយមិនចាំបាច់អោយម្ចាស់សហគ្រាសធ្វើសំណើរមកកាន់អគ្គិសនីកម្ពុជា ឬ មកកាន់ក្រសួងឡើយ ព្រោះអគ្គិសនីកម្ពុជា គាត់បានដឹងច្បាស់ហើយថាទីតាំងណាទទួលបានការអនុគ្រោះ ។ ការអនុគ្រោះនេះ គឺទទួលបានគ្រប់សហគ្រាសទាំងអស់ដែលរងផលប៉ះពាល់ ហើយនៅជំហានបន្ទាប់រដ្ឋាភិបាលនឹងជួយដល់អាជីវកម្មផ្សេងទៀតរួមមានសណ្ឋាគារផ្ទះសំណាក់ផងដែរ ។

លោក លាង ឡេង ម្ចាស់សិប្បិកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ លាង ឡេង បានអោយដឹងផងដែរថា វាជាការល្អប្រសើរណាស់ ដែលរដ្ឋាភិបាលបានគិតគូរពីថ្លៃភ្លើងដល់សហគ្រាសដែលប៉ះពាល់ដោយសារកូវីដ ១៩ ព្រោះថាការចំណាយទៅលើថ្លៃអគ្គិសនី របស់សហគ្រាសនីមួយៗគឺមានទំហំធំណាស់ បើធៀបនឹងការចំណាយនានា ។

លោកបន្តថា មកដល់ពេលនេះ ផលប៉ះពាល់ដោយសារកូវីដ១៩ គឺមានសឹងតែទាំងអស់ទៅហើយ មិនថាសហគ្រាសផលិតចំណីអាហារឬរបស់ប្រើប្រាស់នោះទេ ព្រោះថានៅតាមភោជនីយដ្ឋានសណ្ឋាគារមួយចំនួនបានផ្អាកសកម្មភាព ដូច្នេះរបស់ដែលត្រូវផ្គត់ផ្គង់ទៅទីតាំងទាំងនោះក៏ត្រូវកាត់បន្ថយដែរ ខណៈពលរដ្ឋក៏បានទិញរួចហើយដែរសម្រាប់របស់ទាំងនោះ ៕

ក្រសួងសុខាភិបាលស្នើក្រសួងវប្បធម៌ឱ្យបើកសារមន្ទីរឡើងវិញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយជាស្ថាពរ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ៕

 

ប្លន់ម៉ូតូនៅខេត្តរតនគិរី មកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ចាម

ខេត្តកំពង់ចាម  ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូពីខេត្តរតនគិរី ហើយជិះមកជាប់អន្ទាក់នគរបាលខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅទី១៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង ១៧ និង៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាល ខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មាន ៖ ១- ឈ្មោះ ឈឿន ណាវីន ហៅជ្រូកភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី២-ឈ្មោះ ឈៀ សុវណ្ណារិទ្ធ ហៅ យល់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្សយ័ទាំង២នាក់ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស (វាយប្លន់យកម៉ូតូ និងទូរស័ព្ទ)កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង ២១នៅចំណុចចម្ការកៅស៊ូស្ថិតក្នងភូមិណាងកិត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ចំពោះជនសង្ស័យបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការបន្ត៕ ដោយ ៖ ប៉ែន សុផល

អាមេរិក ព្រមាន​ប្រទេស​នានាមិនឱ្យចូល​កៀក​នាវាខ្លួន ក្នុង​រង្វង់១០០ម៉ែត្រ

អាមេរិក ៖ មន្ទីរបញ្ចកោណ បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០ថា នាវាប្រទេសដទៃ មិនត្រូវចូលកៀកនាវាអាមេរិកឡើយ ពោលគឺត្រូវនៅចម្ងាយសុវត្ថិភាពយ៉ាងតិច ១០០ម៉ែត្រ នៅ​ក្នុងដែនទឹកអន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Sputnik។

អាមេរិក​បញ្ជាក់​ថា រាល់​នាវាបំពាក់អាវុធ​ទាំងអស់ ដែល​ចូលកៀកនាវាអាមេរិក ក្រោម​ចម្ងាយ ១០០ម៉ែត្រ​ គឺត្រូវចាត់ទុកថា ជានាវាដែលបង្កការគំរាមកំហែងមកលើ​ខ្លួន ហើយ​នឹងប្រើវិធានការ​ដើម្បី​ការពារខ្លួន។

សូម​រំលឹក​ថា កាលពីខែមេសាកន្លងទៅ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏បាន​បញ្ជា​ឱ្យ​ទ័ពជើង​ទឹក​អាមេរិក បាញ់​ពន្លិចទូកអ៊ីរ៉ង់ (ទូក​ដែលមានបំពាក់កាំភ្លើង) បើហ៊ានយាយី​ដល់​នាវាអាមេរិក ក្នុង​តំបន់​សមុទ្រ។ ការចេញបញ្ជានេះ បន្ទាប់ពីមាន​ទូករបស់​អ៊ីរ៉ង់​ចំនួន ១១គ្រឿង បាន​ចូលកៀក​នាវាអាមេរិក USS Paul Hamilton។

ដោយឡែក​កាលពីឆ្នាំ ២០១៨ នាវាពិឃាដរបស់ចិន Luyang បាន​បរ​មកកៀកត្រឹមចម្ងាយ ៤៥ម៉ែត្រប៉ុណ្ណោះ ពី​នាវាពិឃាដអាមេរិក USS Decatur ដែល​ចិនចោទថា បាន​ចូល​ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង៕

 

សភាកម្ពុជាម៉ាសជាង៣០ពាន់ពីរដ្ឋសភាវៀតណាមក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋសភាវៀតណាមបានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាសចំនួន១២កេសស្មើនឹងម៉ាសចំនួន៣០ពាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងការការពារជំងឺកូវីដ១៩ ខណៈដែលពិធីទទួល និងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពី​ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ​មានការចូលរួមជាសាក្សីពី​​គណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ:​ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ​ លោកជំទាវ​ ឡោក​ ខេង​ ប្រធានគណៈកម្មការ​ ផងដែរ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម​ ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។ អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។

សូមជម្រាបថា​ នៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ​ បានព្យាបាលជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យជាប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍។ បើទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយនឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕

 

 

ព្រះពុទ្ធបដិមានៅប្រាសាទអង្គរវត្ត នឹងត្រូវយកចេញពីរណ្តៅកំណាយមកសិក្សាជួសជុលបន្ត

ខេត្តសៀមរាប ៖ ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់លោកអគ្គនាយក បដិមា១អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម​ ព្រោះគេបានស្គាល់ច្បាស់ថាបំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។

បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕