All posts by មេគង្គ ប៉ុស្តិ៍

ព្រះពុទ្ធបដិមានៅប្រាសាទអង្គរវត្ត នឹងត្រូវយកចេញពីរណ្តៅកំណាយមកសិក្សាជួសជុលបន្ត

ខេត្តសៀមរាប ៖ ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់លោកអគ្គនាយក បដិមា១អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម​ ព្រោះគេបានស្គាល់ច្បាស់ថាបំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។

បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕

 

ទិវាជាតិនៃការចងចាំ ៖ សម្តេច ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិការពារសន្តិភាពកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះផងដែរ។ ប៉ុន្តែដោយសារ បញ្ហារាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) នៅឆ្នាំ២០២០នេះពិធីនេះ ត្រូវបានផ្អាករៀបចំ៕

 

 

 

(Video) សមិទ្ធផលថ្មីដុះលើដីចាស់ផ្លាស់ប្តូរសម្រស់ស្រុកដាច់ស្រយាលមួយជាប់ព្រំដែនកម្ពុជា-ថៃដែនដីខេត្តព្រះវិហារ

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ ស្ថាបត្យករខ្មែរជំនាន់ថ្មី នៃសម្តេចតេជោ សែន ដឹកនាំ បានសាងសង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃ របស់មនុស្សជាតិទូទៅ នៅលើរង្វង់មូលថ្មីមួយ ដែលពីមុនមកមិនធ្លាប់មាននោះទេ។ ក៏ប៉ុន្តែ ពេលនេះស្នាដៃឯករបស់កូនខ្មែរសម័យថ្មី បានបង្ហាញសមត្ថភាពយ៉ាងពិតប្រាកដ និងចង់ប្រាប់ទៅកាន់ពិភពលោកថា កូនខ្មែរពិតជាមិនអន់នោះទេ។

កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ។

សំណង់ដ៏គួរជាទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០នេះ ក្រោមគម្រោងស្ថាបនារបស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលជាតិ និងរដ្ឋបាលខេត្តព្រះវិហារ។

ដែនដី នៃស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវគេដឹងថា គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយ រវាងកងទ័ពព្រៃ និងកងទ័ពរដ្ឋាភិបាលកម្ពុជា នាសម័យអតីតកាល។ រីឯការធ្វើដំណើរទៅកាន់ស្រុកដាច់ស្រយាលមួយនេះ គឺពោពេញទៅដោយការលំបាកស្មុគស្មាញ ទាំងសន្តិសុខ សុវត្ថិភាព ហើយត្រូវចំណាយពេលវេលាក្នុងការធ្វើដំណើរ យ៉ាងហោចណាស់ក៏៣ថ្ងៃនោះដែរ នៅលើកំណាត់ផ្លូវចេញពីទីរួមខេត្ត ប្រមាណ ៨៥គីឡូម៉ែត្រ។ ប៉ុន្តែ នាសម័យកាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ នៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំបន់ព្រំដែនដែលស្ថិតនៅទីដាច់ស្រយាលនោះ បានប្រែក្លាយមកជាជិតបង្កើយ ក្រោមការរួមគ្នាគិត និងរួមគ្នាធ្វើ កសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ លូ និងសំណង់អគារ សួនច្បារ សាលារៀន មន្ទីរពេទ្យ រីកយ៉ាងស្អេកស្កះ បាននិងកំពុងរះលើដែនដីចាស់ ហើយបានផ្លាស់ប្តូរសម្រស់ ដ៏គួរជាទីគយគន់ និងទាក់ទាក់ទាញ ស្របពេលដែលសំណង់រូបគោបូរៈទី៥ នៃប្រាសាទព្រះវិហារ បាននិងកំពុងដុះឡើងយ៉ាងស្រស់បំព្រង នៅលើទឹកដីជាយដែន ជាប់ព្រំដែនប្រទេសថៃ របស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងគ្រប់ជំនាន់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថាបត្យករខ្មែរ នាសម័យសម្តេចតេជោ សែន បានសង់សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាសំណង់ថ្មីមួយ សង់ក្នុងរចនាបថខ្មែរសុទ្ធសាធ ដែលជានិមិត្តរូបនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរបានបន្សល់ទុកអោយ ហើយសំណង់នេះត្រូវបានសាងសង់ នៅលើរង្វង់មូលស្រអែម នៃចំណុចប្រសព្វផ្លូវបំបែកជា៣ នៃឃុំស្រអែម ស្រុកជាំក្សាន្ត។

ដោយឡែក រង្វង់មូលថ្មីនេះ សង់នៅលើអង្កត់ផ្ចិត៤០ម៉ែត្រ និងរូបសំណាកគោបូរៈទី៥ សង់ឡើងក្នុងខ្នាត១លើ២៥ ស្មើ៧៥ភាគរយ តួរដើម នៃប្រាសាទព្រះវិហារ ដោយមានរូបនាគ២ នៅអមសងខាងផ្លូវចូល ហើយនៅលើរង្វង់មូលនេះទៀត ក៏មានសួនកំសាន្ត កន្លែងហាត់ប្រាណ មានការដាំដើមឈើ ផ្កា និងដាំស្មៅ ដើម្បីលំអរយ៉ាងស្រស់ស្អាត ថែមទៀតផង។ លោកបានបន្តថា សំណង់នេះបានសាងសង់ឡើង ចាប់ពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ ១០០ភាគរយ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០នេះ ដែលត្រូវចំណាយទឹកប្រាក់អស់ ១២ម៉ឺន ៥ពាន់ដុលា្លរអាមេរិក ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយសហការី តំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អាជ្ញាធរជាតិប្រាសាទព្រះវិហារ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក និងរូបលោក សំ លាងទ្រី ផ្ទាល់ ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងសប្បុរសជននានា ជាច្រើនទៀត ផងដែរ។

លោក សំ លាងទ្រី បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចអោយមន្ទីរសាធារណការខេត្ត ប្រើប្រាស់ថវិកាជាតិ ដើម្បីពង្រីកផ្លូវនៅជុំវិញរង្វង់មូលនេះ អោយបានល្អ និងធំទូលាយ ថែមទៀតផង។ លោកថា សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ គឺជាសមិទ្ធផលមួយយ៉ាងថ្មីស្រឡាង ដែលបាននិងកំពុងដុះនៅលើដែនដីចាស់ តែផ្លាស់ប្តូរមុខមាត់ថ្មី ហើយលោកជឿថា ស្នាដៃរបស់ស្ថាបត្យករខ្មែរ នាសម័យថ្មីនេះ នឹងដក់ជាប់ ស្ថិតនៅក្នុងស្រទាប់ដួងចិត្ត នៃមនុស្សជំនាន់ក្រោយៗ ពិសេស សម្រាប់ប្រជាពលរដ្ឋ ខេត្តព្រះវិហារយើងនេះ៕

ឡាវសម្រេចបើកសាលារៀនឡើងវិញទាំងអស់នៅដើមខែមិថុនា

វៀងចន្ទ ៖ រដ្ឋាភិបាលឡាវបានប្រកាសថា សិស្សទាំងអស់ទូទាំងប្រទេស អាចត្រឡប់ទៅសាលារៀនវិញបាន នៅថ្ងៃទី០២ ខែមិថុនា ខណៈថ្នាក់សិក្សាឆ្នាំចុងក្រោយ សម្រាប់ថ្នាក់បឋម, អនុ និងវិទ្យាល័យ បានចាប់ផ្ដើមចូលរៀនកាលពីថ្ងៃចន្ទ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមសេក្ដីប្រកាសចេញផ្សាយដោយ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ កាលពីពេលថ្មីៗនេះ គ្រឹស្ថានសិក្សទាំងរដ្ឋ និងឯកជន ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្ដមសិក្សា អាចនឹងបើកទ្វារឡើងវិញនៅថ្ងៃទី០២ ខែមិថុនា ក្រោមការអនុវត្តវិធានការរឹតត្បិតមួយចំនួន។ ចំណែកថ្នាក់បឋមសិក្សាមួយចំនួនធំ ព្រមទាំងអនុវិទ្យាល័យ និងវិទ្យាល័យ បានបើកទ្វារឡើងវិញហើយកាលពីថ្ងៃចន្ទ សម្រាប់សិស្សដែលត្រៀមខ្លួនប្រឡងចូលថ្នាក់ ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានា។

គួរបញ្ជាក់ថា ឡាវត្រូវបានចាត់ទុកជាប្រទេស ដែលមានករណីឆ្លង COVID-19 ទាបជាងគេបំផុត ប្រចាំប្រទេសអាស៊ានទាំង១០ ដោយប្រទេសក្នុងតំបន់អាស៊ានមួយនេះមានអ្នកឆ្លង១៩នាក់ និងជាសះស្បើយឡើងវិញ១៤នាក់៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត៥លាននាក់ ស្លាប់ជាង៣២ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៩៨២,៨៥៨ករណីហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣២៤,៥២៣នាក់ និងជាសះស្បើយឡើងវិញ ១,៩៥៦,៣៤៦នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៧០,៥៦៦នាក់ ស្លាប់ចំនួន ៩៣,៥២១នាក់ និងជាសះស្បើយចំនួន ៣៦១,១៦៥នាក់៕

 

( Video) ភ្លៀងនិងខ្យល់កន្ទ្រាក់ផ្តួល ដើមក្ងោកសង្កត់រថយន្តមួយគ្រឿង

ភ្នំពេញ ៖ រថយន្តទំនើប១គ្រឿង បានរងការខូចខាតផ្នែកខាងក្រោយ ដោយសារដើមក្ងោកមួយដើមបានដួលរលំរលើងទាំងឬសសង្កត់លើ ខណ:មេឃធ្លាក់ភ្លៀងមួយមេ និងខ្យល់កន្ទ្រាក់ បោកបក់យ៉ាងខ្លាំង នៅសង្កាត់ផ្សារដេប៉ូទី៣ កណ្តាលរាជធានីភ្នំពេញ។

ហេតុការណ៍ នេះបង្កអោយមានការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបូសឡើយ ។

រថយន្ត ដែល ត្រូវដើមឈើ រលំសង្កត់ពីលើនេះ ម៉ាកម៉ាក់ Mazda សេរីទំនើបមួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត មួយគ្រឿង ខាងលើ ធ្វើដំណើរ នៅតាមដងផ្លូវ កម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណះពេល ដែលភ្លៀង កំពង់តែ បង្អុរធ្លាក់ និងលាយឡំនិងខ្សល់កន្ទ្រាក់។ នៅពេល ធ្វើដំណើរ សុខៗ ស្រាប់តែ ដើមក្ងោកមួយដើមប៉ុនខ្លួនមនុស្ស ក៍បានរលើងទាំងឬសដួលរំលំសង្កាត់ពីលើចំផ្នែកខាងក្រោយរថយន្តតែម្តង ។នៅក្នុងគ្រោះថ្នាក់នេះពុំបណ្តាលអោយអ្នកបើកបរ រងរបួសឡើយ គីគ្រាន់តែបណ្តាលអោយរថយន្តបានរងការខូចខាតតែប៉ុណ្ណោះ។

បន្ទាប់ពីមានគ្រោះថ្នាក់គេឃើញ នគរបាលព្រមទាំងអាជ្ញាធរ សង្កាត់ និង ខណ្ឌទួលគោក ក៍បានចុះទៅធ្វើចរាចរណ៍ ហើយ ក៍បានកាត់ដើមឈើយកចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។ជុំវិញគ្រោះថ្នាក់នេះ គេពុំដឹងថាខាងណា ជាអ្នកទទួលខុសត្រូវឡើយ ។

គួរបញ្ជាក់នៅវេលាម៉ោងប្រមាណ៥រសៀល ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង ចំកណ្តាលរាជធានីភ្នំពេញរួមទាំងមានខ្យល់បោកបកយ៉ាងខ្លាំង។ដោយសារតែ ដើមក្ងោកមួយដើមនោះ ពុកផុយ ឬសបណ្តាលរលើងទាំងជំហរតែម្តង ។ នៅល្ងាចនោះ នៅតាមដងផ្លូវនានាក៍ត្រូវភ្លៀងលិចខ្លះៗផងដែរ ៕

បុរសខ្មែរម្នាក់រត់គេចពីគ្រាប់កាំភ្លើងទាហានឈុតខ្មៅថៃទៅជាប់បន្លាលួសពេលលួចឆ្លងដែន

ក្រុងប៉ោយប៉ែត ៖ បុរសជាជនជាតិខ្មែរម្នាក់ បានលួចឆ្លងដែនត្រូវទាហានឈុតខ្មៅថៃប្រចាំតំបន់ផ្សាររោងក្លឿ ស្រុកអារញ្ញ័ បាញ់ កាលពីម៉ោង ៥និង២៥នាទី ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ។

តាមសេចក្ដីរាយការពីកម្លាំងនគរបាលការពារព្រំដែនគោកនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បានប្រាប់ថា បុរសខ្មែរម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណខាងលើ បានលួចឆ្លងដែនពីចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត)ចូលទៅក្នុងទឹកដីថៃ។គ្រានោះ ទាហានឈុតខ្មៅថៃបានប្រទះឃើញ ក៏ហៅបុរសនោះឲ្យឈប់ តែមិនព្រមឈប់និងរតគេចខ្លួន ខណៈនោះទាហានថៃ បានបាញ់ឡើងលើបំណងឲ្យបុរសនោះឈប់ តែគេមិនព្រមឈប់នៅតែបន្តរត់កាត់ព្រៃរហូតទៅជាប់លួសបន្លាដែលសមត្ថកិច្ចថៃដាក់ការពារទើបសមត្ថកិច្ចថៃចាប់បាន។
ប្រភពបន្ថែមថា បុរសខាងលើ មិនដឹងថាជាប់បន្លាលួសរងរបួដធ្ងន់ ឬស្រាលប៉ុនណានោះទេ ព្រោះសមត្ថកិច្ចថៃក្នុងស្រុកអារញ្ញ័ ខេត្តស្រះកែវ មិនទាន់ប្រល់ឲ្យកម្ពុជានៅឡើយ៕

(Video)អ្នកទិញដីបន្ទាយទាហាននៅស្រុកកំពង់ត្រាច ចាក់ដីរំលោភចូលដីព្រែក

ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត រួមទាំងអាជ្ញាធរស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា បានចុះពិនិត្យមើលទំហំផ្ទែដីបន្ទាយទាហាន វរសេនាតូចលេខ2 ការពាព្រំដែនគោក នៅកៀកកិតសាលាស្រុកកំពង់ត្រាច ត្រូវបានគេទិញរុះរើចេញ មានទីតាំងថ្មីរួចទៅហើយ ប៉ុន្តែម្ចាស់អ្នកទិញដីអតីតបន្ទាយទាហាន បានដឹកដីយកមកចាក់ពង្រីកធ្វើអោយមានការប៉ះពាល់់ដល់ដីព្រែកជាផ្លូវទឹកដ៏សំខាន់មួយ-ហើយអាជ្ញាធរកំពង់ត្រាចក៍បានទៅហាមឃាត់ម្ដងហើយម្ដងទៀតមិនអោយបន្តចាក់ដីលប់ព្រែកនោះទេ។ទើបនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះមានខាងធនធានទឹកខេត្ តមានមន្ត្រីរៀបចំដែនដីស្រុកខេត្ត រួមទាំងលោកអភិបាលស្រុកកំពង់ត្រាច​ និងលោកអភិបាលរងខេត្តកំពតផងដែរ។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បាននិយាយប្រាប់អោយដឹងថា អាជ្ញាធរចុះពិនិត្យមើលដីអតីតបន្ទាយទាហានថ្ងៃនេះ មិនទាន់មានកំណត់ព្រំដីច្បាស់លាស់ទេ ថា តើដីអតីតបន្ទាយទាហានត្រឹមណា ឬដីព្រែកត្រឹមណា ?

លោក អូន ខន និយាយថា ព្រោះដីព្រែកកំពង់ត្រាច បានលើកគម្រោងអភិវឌ្យន៍តំបន់នេះ អោយក្លាយទៅជាកន្លែងទេសចរណ៍មួយតភ្ជាប់តាមបណ្ដោយព្រែកពីរមណីយដ្ឋានភ្នំកំពង់ត្រាច ទៅដល់កំពង់គ្រញ៉ូង។

លោក ប៉ឹល កុសល អភិបាលរងខេត្តកំពត បាននិយាយប្រាប់អោយដឹងថា ក្រាន់តែចុះពិនិត្យមើលដីអតីតបន្ទាយទាហានតែប៉ុណ្ណោះ ព្រោះដីនេះ មិនទាន់បានវាស់រវាងដីចំណីផ្លូវជាតិ និងដីព្រែកនៅឡើយដូច្នេះមានការស្រពិចស្រពិលអាចបង្កើតគណៈកម្មការរួមគ្នាមួយ ចុះពិនិត្យម្ដងទៀត អាចកំណត់ព្រំដីបាន។

ប្រជាពលរដ្ឋក៍ដូចជាមន្ត្រីទាហានដែលធ្លាប់រស់នៅក្នុងបន្ទាយទាហាននេះ បានលើកឡើងថា មិនចាំបាច់វាស់វែងអីទៀតទេ បើដីបន្ទាយទាហានត្រឹមណា ចាក់ដីយកត្រឹមណឹងទៅ វាចប់ទៅហើយ តែបើអ្នកទិញដីអតីតទាហាននេះ បន្តចាក់ដីពង្រីកវាខុសហើយ មានន័យថា ចាក់ដីចូលព្រែកជាដីសម្បត្តិរដ្ឋ៕

(Video)ភាពចម្រូងចម្រាស់នៃការទន្ទ្រានដីព្រៃមាត់សមុទ្រ ២គ.ម.ឈានដល់វាយកម្ទេចបង្គោលព្រំដីរបស់រដ្ឋ

ខេត្តកែប ៖ បង្គោលបោះកំណត់សម្គាល់ព្រំដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផល- ខេត្តកែប ត្រូវបានគេយកគ្រឿងចក្រទៅគាស់កកាយវាយកម្ទេចចោល និងបានកាយវាតទី ធ្វើព្រំថ្មីហ៊ុំពទ្ធ័យកដីព្រៃលិចទឹក ប្រមាណ ២គីឡូម៉ែត្រ។ ដីដែលកំពុងចម្រូងចម្រាស់នេះ ជា ដីព្រៃលិចទឹក សំបូទៅដោយដើមកោងកាង ស្ថិតនៅខាងត្បូងស្ពានដែក ជាប់នឹងដីមាត់សមុទ្រ និងស្រែអំបិល នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅប៉ុន្មានថ្ងៃនេះ តំបន់ដីព្រៃលិចទឹកនៅជាប់មាត់សមុទ្រដ៏មានប្រជាប្រីយ៍មួយនេះ ត្រូវបានគេយកគ្រឿងចក្រកាយធ្វើជាព្រំហ៊ុំពទ្ធ័យកធ្វើជាកម្មសិទ្ធ និងវាយកម្ទេចបង្គោលបេតុងរបស់មន្ត្រីជលផលខេត្តកែប អស់ចំនួន ៥ដើមផងដែរ។

បើតាមការឲ្យដឹងពីមន្ត្រីជលផល បញ្ជាក់ថា បង្គោលបេតុងដែលបានបោះនៅតំបន់នោះ ជាថវិការរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់ព្រំដីព្រៃលិចទឹក ដោយមានសរសេរអក្សរបញ្ជាក់នៅលើនោះទៀតផង។

លោក ចក់ ស៊ីនាថ មន្ត្រីជលផលខេត្តកែប មិនបាននិយាយប្រាប់លំអិត រឿងគេវាយកម្ទេចបង្គោលដែលក្រុមមន្ត្រីរបស់ខ្លួនយកទៅបោះព្រំដីនោះទេ លោកគ្រាន់តែនិយាយថា មានគេរារាំងមិនអោយយកបង្គោលទៅបោះកំណត់ព្រំដី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីជលផលនោះទេ។ នៅព្រឹកថ្ងៃទី១៦ ខែឧសភា អ្នកយកព័ត៌មាន បានទូរស័ព្ទទាក់ទងទៅឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ចំនួន ២ដងដែរ តែមិនមានអ្នកលើកទទួល។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ធ្លាប់បានប្រតិកម្មម្ដងរួចមកហើយ ចំពោះមន្ត្រីស្រុកដំណាក់ចង្អើរ ដែលមិនបានរាយការណ៍រឿងរ៉ាវលម្អិតដែលថាមានបុគ្គលមួយចំនួនចាក់ដី និងធ្វើរបងយកដីរបស់រដ្ឋ។

លោក ព្រំ គន្ធិ អភិបាលរងខេត្តកែប បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា នេះថា ពាក់ពន្ធ័នឹងករណីយកគ្រឿងចក្រទៅកាយហ៊ុំពទ្ធ័យកដីព្រៃលិចទឹកនេះ បើតាមដឹងភាគីខាងម្ចាស់ដី បានប្រាប់ថា គេមានឯកសារដែរ តែមិនទាន់ឃើញច្បាស់លាស់ទេ។ លោក អភិបាលរងខេត្តកែប បាននិយាយប្រាប់ថា នៅថ្ងៃទី១៩ ខែឧសភា នេះ រដ្ឋបាលខេត្តកែប នឹងកោះប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សារឿងវិវាទដីព្រៃលិចទឹកនៅតំបន់នោះ។

ដោយឡែក អតីតម្ចាស់ស្រែអំបិល នៅខាងត្បូងស្ពានដែក ស្ថិតនៅភូមិអង្កោល នេះ បាននិយាយប្រាប់ថា ដីស្រែអំបិលនេះ មានចំនួន ៤០ហិកតា តែបច្ចុប្បន្ននេះ លោកបានផ្ទេរលក់អោយទៅលោកឧកញ៉ាម្នាក់នៅភ្នំពេញបាត់ទៅហើយ។

ទោះជាបែបណា ដីព្រៃលិចទឹកនៅជាប់មាត់សមុទ្រដូចបានរៀបរាប់ខាងលើនេះ គេឃើញ មានគ្រឿងចក្រដំណើរការគាស់កកាយវាតទីធ្វើព្រំដីថ្មីសុទ្ធសាធ ហើយគ្រឿងចក្រដែល កំពុងធ្វើសកម្មភាពនោះ ស្ថិតក្នុងភាពលំបាកដោយសារដីភក់ផុងល្បប់ ដែលគេត្រូវក្រាល បន្ទះដែកផ្ទាំងធំៗជាធ្ចើជាផ្លូវទើបត្រាក់ទ័រអាចបើកបរធ្វើការគាស់កកាយបាន។

សូមជម្រាបថា ការកាយធ្វើព្រំដីខាងលើនេះ មានប្រវែងប្រហែលជា ២គឺឡូម៉ែត្រ ហើយមន្ត្រីស្រុកដំណាក់ចង្អើរ ទំនងជាព្យាយាមលាក់បាំងរឿងនេះ ទើបធ្វើអោយថ្នាក់ខេត្ត មិនអាចទទួលបានព័ត៌មានច្បាស់លាស់ នាំឲ្យពិបាកក្នុងការចាត់វិធានការ៕

ចិន ប្រកាស​ចែកចាយ​វ៉ាក់សាំង​ការពារកូរ៉ូណា ​នៅទូទាំង​ពិភពលោក

ប៉េកាំង ៖ លោក ស៊ី ជិនពីង ប្រធានាធិបតី​បាន​សន្យា​ថា ចិន​នឹង​ផលិត​វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាហើយចែកចាយនៅទូទាំងពិភពលោក ខណៈដែលការ​ថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំសភា​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។ នេះបើយោងតាមសារព័ត៌មាន Bloomberg។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅពេល​ដែលផលិតរួចប្រើប្រាស់​បាន នោះវានឹង​ក្លាយ​ជាវ៉ាក់សាំង​សាធារណៈសកល។ វានឹង​ក្លាយ​ជាការរួម​ចំណែក​របស់ចិន ក្នុងការ​ធានានូវវ៉ាក់សាំង​ដែល​អាចលៃលក​ប្រើប្រាស់​បាន​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ»។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បា​ន​ជំរុញ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​។ លោក​បញ្ជាក់ដែរថា ចិន​គាំទ្រអង្គការ WHO ពេញទំហឹង ហើយ​នឹង​ផ្តល់ជំនួយ ២ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ ដើម្បីគាំទ្រ​ដល់​ការប្រយុទ្ធនឹងជំងឺនេះ៕

 

 

សម្តេចសង្ឃនាយក នន្ទ ង៉ែត ណែនាំ​ឱ្យ​ចាប់ផ្សឹក​ព្រះតេជគុណ ឡុង ចន្ថា 

ភ្នំពេញ ៖ សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ នៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ បានចេញសង្ឃលិខិតណែនាំទៅព្រះមេគណទាំង ២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរ ចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលបានធ្វើ។

វិធានការ ដែលចេញដោយសម្តេចព្រះសង្ឃនាយកនេះ ធ្វើឡើងបន្ទាប់ពីព្រះសង្ឃ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

ក្នុងសង្ឃលិខិត សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះសង្ឃ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសន្យាថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែ ព្រះសង្ឃអង្គនេះ មិនបានធ្វើតាមកិច្ចសន្យានោះទេ និងបានគេចខ្លួនផងដែរ៕

 

 

លោក អ៊ុន ចាន់ដា បេីកកិច្ចប្រជុំត្រួតពិនិត្យករណីបណ្តឹងរបស់ប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់ មេទឹកស្រុកបាធាយ

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យករណីបណ្តឹងរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាធាយផដែរ។

លោក កែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាមបានឲ្យដឹងថា ជុំវិញរឿងទំនាស់នេះ គឺផ្តេីមចេញពីការ លក់ដូរផ្ទៃដីមេទឹកកណ្តៀងតាំងពីឆ្នាំ២០០៧ រវាងប្រជាពលរដ្ឋអាស្រ័យផលមួយចំនួនតូច និង ឈ្មួញ ដោយមានការបោះបង្គោលធំៗ ទន្ទ្រានចូលដល់បាតមេទឹក។ ការធ្វើឯកជនភាពដោយមាន ការលក់ទិញដីនៅក្នុងសហគមន៍មេទឹកដែលជាសម្បត្តិសាធារណៈដោយសេរី និងអនាធិបតេយ្យមិន ត្រឹមត្រូវស្របច្បាប់នេះបានធ្វើឲ្យប្រជាពលរដ្ឋដទៃផ្សេងទៀតមួយចំនួនធំក្នុងភូមិដែលបាននិងកំពុង អាស្រ័យផលពីមេទឹកកណ្តៀងសម្រាប់ជាប្រយោជន៍សាធារណៈលើការងារស្រោចស្រពដំណាំ កសិកម្មដាំឈូក នេសាទ និងយកទឹកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផង ដែលមិនបាន ឯកភាពយល់ព្រម និងមានភាពមិនសុខចិត្តទេីបឈានដល់ការដាក់ពាក្យបណ្ដឹងទៅតុលាការ។

បច្ចុប្បន្នទំនាស់នេះបានស្ងប់ស្ងាត់ទៅវិញដោយសារសំណុំរឿងនៅក្នុងដៃតុលាការដោយកន្លងមក រដ្ឋបាលខេត្តកំពង់ចាមក៏បានចេញសេចក្តីណែនាំស្តីពីការបញ្ឈប់ការទិញលក់ និងឈូសឆាយដី តំបន់មេទឹកនៅទូទាំងខេត្តកំពង់ចាម ជាពិសេសនៅតំបន់ស្រុកបាធាយនេះគឺត្រូវទប់ស្កាត់ការ ទន្ទ្រានកាន់កាប់ដោយខុសច្បាប់លេីដីសាធារណៈរបស់រដ្ឋផងដែរ។

ក្នុង កិច្ច ប្រជុំ នេះ ដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវគោលការសំខាន់ៗ ដោយ បង្កើត គណៈកម្មការ គ្រប់គ្រង ទន្លេ ថ្នាក់ ខេត្ត ពន្លឿន ការ វាស់វែង ដេីម្បី ឈាន ទៅ ដល់ ការ កំណត់ ព្រុំ ដោយ មាន និយាម ការ ច្បាស់លាស់ ក្នុង ការ ចុះ បញ្ជី មេទឹក កណ្តៀង ជា ផ្លូវការ ដើម្បី អភិរក្ស មេទឹក កណ្តៀង នោះ សម្រាប់ បម្រើ ផលប្រយោជន៍ ដល់ សហគមន៍ ដោយ គាំទ្រ តាម ចំណាត់ការ របស់ តុលាការ ផង ដែរ ៕ ដោយ ប៉ែន សុផល

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបន្តទទួលមូលនិធិពីសប្បុរសជនបានជាង២៦ម៉ឺនដុល្លារ 

ខេត្តកំពង់ចាម ៖ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមនឹងថ្នាក់ដឹកនាំគណៈកម្មាធិការសាខាបានអញ្ជើញទទួលមូលនិធិពីសប្បុរសជន និងប្រជុំត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជនក្នុងការជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផងដែរ។

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តទាំងអស់ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ ទន្ទឹមនោះលោកក៏បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិសូមចូលរួមចំណែកជាថវិកា និងសម្ភារៈបន្តទៅទៀតដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌នៅក្នុងខេត្តកំពង់ចាមផងដែរ។

គួររំលឹកថា ឆ្នាំនេះផ្អែកតាមស្ថានភាពដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជាបានណែនាំដល់សាខាកាកបាទក្រហមទាំង២៥រាជធានី ខេត្តដែលត្រូវគៀងគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ជាពិសេស តបតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពុំចាំបាច់រៀបចំអង្គពិធីមេទ្ទីង ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សឡើយ តែសុំធ្វើសេចក្ដីអំពាវនាវថ្នាក់ខេត្ត ស្វែងរកការចូលរួមគាំទ្រ និងបរិច្ចាកដោយស្ម័គ្រចិត្តពីសប្បុរសជនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែឧសភានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជននានាបានជាង២៦ម៉ឺនដុល្លាហើយ៕ ដោយ ៖ ប៉ែន សុផល

ប្រទេសអឺរ៉ុបចំនួន១១ ព្រមព្រៀងគ្នាឈានទៅបើកព្រំដែនឡើងវិញ

អឺរ៉ុប ៖ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអឺរ៉ុបចំនួន១១ បានឈានដល់កិច្ចព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនសម្រាប់ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនឡើងវិញ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង ១១ប្រទេសបានបញ្ជាក់ថា ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនអឺរ៉ុបឡើងវិញ នឹងត្រូវធ្វើទៅតាមដំណាក់កាល ក្រោមកិច្ចសម្របសម្រួលពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងត្រូវធ្វើឡើងដោយសន្សឹមៗ ដើម្បីកុំឱ្យការឆ្លង COVID-19 ស្ថិតនៅក្រៅការគ្រប់គ្រង។

បន្ថែមពីលើនេះ ឈរលើគោលការណ៍ស្មើភាព និងគ្មានការរើសអើង ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងនេះ ក៏បានឯកភាពគ្នាផងដែរថា ទោះបីជាជំងឺ COVID-19 នៅតែបន្តឆ្លងរាតត្បាតក៏ដោយ ក៏អឺរ៉ុបចាំបាច់ត្រូវតែឆ្ពោះទៅមុខដដែល។

ការព្រមព្រៀងគ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសមកពីអាល្លឺម៉ង់, អូទ្រីស, ប៊ុលហ្គារី, សាយប្រឹស (Cyprus), ក្រូអាត, អេស្ប៉ាញ, ក្រិក, អ៉ីតាលី, ម៉ាល់តា, ព័រទុយហ្គាល់ និងស្លូវេនី៕

 

ក្រសួងសុខាភិបាលស្នើ​ឱ្យវៀតណាម​គោរព​បទដ្ឋាន​បច្ចេកទេសមុន​ផ្សាយរឿង​ឆ្លងកូវីដ១៩នៅខ្មែរ

ភ្នំពេញ ៖ ក្រសួង​សុខាភិបាលកម្ពុជា បាន​អំពាវ​នាវឱ្យភាគី​វៀតណាម គោរព​តាម​បទដ្ឋាន​បច្ចេកទេស និងគោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើករណីជំងឺឆ្លង មុន​នឹង​ធ្វើការ​សន្និដ្ឋាន ឬចុះផ្សាយ ដែល​ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជាពិសេស​នៅក្នុដំណាក់កាលប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​នេះ ដើម្បី​ជាផលប្រយោជន៍ដល់ប្រជាជន​ទាំង២ប្រទេស។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។

ការ​ស្នើនេះ ធ្វើឡើងក្រោយពេល​ដែល​សារព័ត៌មានវៀតណាម Vietnam News បាន​ចុះផ្សាយ​កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២០ អំពី​ករណី​ជនជាតិវៀតណាម​ម្នាក់​ដែលបាន​ចាកចេញពីកម្ពុជាថា មាន​ផ្ទុកវីរុស​កូវីដ១៩។

ក្រសួង​បញ្ជាក់ថា ជនជាតិវៀតណាម​នោះ មិនបានឆ្លងកូវីដ១៩ នៅកម្ពុជាទេ ពោលគឺ​ឆ្លងនៅទឹកដីវៀតណាមតែម្តង៕

សូមអានបន្ថែមខាងក្រោម៖