All posts by មេគង្គ ប៉ុស្តិ៍

អ្នកនាំពាក្យ ៖ បញ្ហាកូវីដ-១៩​នៅកម្ពុជា​ស្ថិតនៅភ្លើងស្តុបពណ៌លឿងនៅឡើយទេ

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លើងស្តុបពណ៌លឿងនៅឡើយទេ​ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន​ ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩​ ធ្វើឲ្យសោកការសុខភាពលោកអ្នក។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងសុខាភិបាលបង្ហោះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។

លោកស្រីបានបញ្ជាក់ថា ៖​ «ចរាចរវីរុសកូវីដ-១៩​ នៅមិនទាន់មានភ្លើងស្តុបពណ៌ក្រហមនៅឡើយទេ។ កម្ពុជា​ស្ថិតនៅស្ថានភាពភ្លើងស្តុបពណ៌លឿងនៅឡើយទេ​ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ​ ហើយនៅតែសម្រុកបើកទៅមុខទៀតនោះ​ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩​ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩​ នេះហើយណា»។ ទន្ទឹមនោះលោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពបទបញ្ជា និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងការណែនាំនានារបស់ក្រសួងសុខាភិបាល​ ដើម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩​ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា៕

 

ប្រធានរដ្ឋសភាប៉ាគីស្ថានឆ្លងជំងឺ COVID-19

ប៉ាគីស្ថាន ៖ ប្រធានរដ្ឋសភាប៉ាគីស្ថានលោក អាស្សេដ ខៃសឺ (Asad Qaiser) ត្រូវបានអាជ្ញាធរបញ្ជាក់កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បានឆ្លងជំងឺ COVID-19 ហើយពេលនេះលោកបានសម្រេចចិត្ត ស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះ ដើម្បីតាមដានអការៈរោគ និងព្យាបាល។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក Asad Qaiser បានបង្ហោះនៅក្នុងគណនី Twitter លោកយ៉ាងដូច្នេះថា «ការធ្វើតេស្តរកវីរុសកូរ៉ូណារបស់ខ្ញុំ ចេញលទ្ធផលវិជ្ជមាន។ ខ្ញុំបានសម្រេចចិត្ត ស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្ញុំ»។ លោក Qaiser ក៏បានអំពាវនាវឲ្យប្រជាជាតិប៉ាគីស្ថានទាំងមូល ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺរាតត្បាតសកលនេះផងដែរ ប៉ុន្តែប្រធានសភារូបនេះ មិនបានបង្ហើប អំពីស្ថានភាពសុខភាពរបស់លោកនោះឡើយ។

ទោះបីយ៉ាងណាមិនមានប្រភពបញ្ជាក់ អំពីរបៀបដែលប្រធានសភាប៉ាគីស្ថាន ឆ្លងជំងឺ COVID-19 នោះឡើយ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Qaiser បានជួបប្រជុំជាមួយមន្ត្រី និងសមាជិកសភាជាច្រើនរូប ក្នុងនោះរួមមានទាំងលោកនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ (Imran Khan) ផងដែរ។

សូមជម្រាបថា ប្រទេសប៉ាគីស្ថានមានករណីឆ្លង COVID-19 សរុប ១៦,៨១៧ករណី ក្នុងនោះស្លាប់ ៣៨៥នាក់ និងជាសះស្បើយ ៤,១០៥នាក់៕

 

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅលើ​លោក​កើន​ដល់​២៣.៤​ម៉ឺន​នាក់​

ពិភពលោក​ ៖ គិត​ត្រឹម​ម៉ោង ៨៖០០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​រហូតដល់ ៣,៣០៧,៦៥៦​ករណី​ហើយ ដោយ​ក្នុងនោះ​មនុស្ស​ស្លាប់​សរុប​មាន​ចំនួន ២៣៤,០៧៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១,០៣៩,១៦៨​នាក់​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer៕

 

រដ្ឋមន្ត្រីទេសចរណ៍ ៖ កម្ពុជារំពឹងទទួលបានភ្ញៀវចិនច្រើនឡើងវិញ ក្រោយអស់ជំងឺកូវីដ១៩

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរមកពីប្រទេសចិនច្រើនមុនគេ នៅពេលណាដែលពិភពលោកកម្ចាត់ជំងឺកូវី១៩ចេញបាន ខណៈទីផ្សារទេសចរចិនជាទីផ្សារធំមួយ សម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរមកពីប្រទេសមហាអំណាចមួយនេះផងដែរ។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍នាសម័យកូវីដ១៩ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ទីផ្សារទេសចរចិនជាទីផ្សារធំមួយ ដែលនឹងងើបឡើងវិញមុនគេនូវនៅតាមគោលដៅទេសចរណ៍អន្តរជាតិមួយចំនួន (គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព)។

លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា ៖ «នៅពេលរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចដើរចេញក្រៅ ឬបើកឱ្យមានការហោះហើរចេញក្រៅប្រទេសឡើងវិញ យើងគិតថាអាចនឹងមានលំហូរទេសចរចិនមុនគេមកកម្ពុជា»។ ទន្ទឹមនោះលោករដ្ឋមន្ត្រីក៏បានបញ្ជាទៅគ្រប់ផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវជំរុញការត្រៀមខ្លួនទទួលភ្ញៀវទេសចរចិនឡើងវិញ ដោយអនុលោមតាមសៀវភៅស «China Ready» និងត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានាបន្ថែមនូវការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាដាច់ខាត។ ពិសេសលើសពីនេះ នៅពេលក្រសួងទេសចរណ៍សម្រេចបានស្ដង់ដាថ្មីសម្រាប់អាជីវកម្មទេសចរណ៍ហើយនោះ អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវតែអនុវត្តតាមស្ដង់ដាថ្មីនេះជាកំហិត ដើម្បីបង្ការការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីការឆ្លងជំងឺកូវីដ-១៩។

តែទោះជាយ៉ាងណា នៅចំពោះមុខនេះ កម្ពុជានឹងជំរុញឱ្យមានចលនាទេសចរក្នុងស្រុកជាមុនសិន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរបណ្ដើរៗឡើងវិញ ជាមួយនឹងការកំហិតឱ្យមានការអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល៕

៤ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មបានជាង២លានតោន

ភ្នំពេញ ៖ នៅរយៈពេល៤ខែដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម (ផ្លូវការ) ទៅកាន់ទីផ្សារពិភពលោកបាន ២,០០៧,០១២តោន។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលទទួលបាននៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។

របាយការណ៍បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំណើនគួរឲ្យគត់សម្គាល់ ពោលនៅ៤ខែឆ្នាំនេះមានចំនួន៣០ម៉ឺនតោន កើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ការនាំចេញដំឡូងមីក្រៀម និងស្រស់ មានបរិមាណជាង១២ម៉ឺនតោន, ការនាំចេញគ្រាប់ស្វាយចន្ទី មានបរិមាណជាង១៨ម៉ឺនតោន, ការនាំចេញគ្រាប់ពោតមានបរិមាណជាង៣ម៉ឺនតោន, ការនាំចេញចេក មានបរិមាណជិត១០ម៉ឺនតោន, ការនាំចេញផ្លែស្វាយ មានបរិមាណជាង៤ម៉ឺនតោន និងការនាំចេញកសិផលផ្សេងៗទៀត។

ទីផ្សារសម្រាប់កសិផលកម្ពុជា រួមមានទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន រុស្ស៊ី កូរ៉េ ឥណ្ឌា និងប្រទេសមួយចំនួនទៀត៕

 

ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ និងពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

តម្លៃជ្រូករស់នៅកម្ពុជារក្សាលំនឹងល្អក្នុងអំឡុងកូវីដ១៩រាលដាល

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ ១៩នៅលើពិភពលោក បានធ្វើអោយប៉ះពាល់វិស័យជាច្រើន និងបាត់បង់ចំណូលពលរដ្ឋក៏មិនតិចដែរ ក៏ប៉ុន្តែសម្រាប់វិស័យចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជាវិញឃើញថា មានទីផ្សារល្អ ដោយតម្លៃជ្រូករស់និងសាច់ជ្រូកលើទីផ្សារបានរក្សាតម្លៃមួយខ្ពស់ ដែលធ្វើអោយកសិករអ្នកចិញ្ចឹមជ្រូកក៏ដូចជាក្រុមហ៊ុនចិញ្ចឹមជ្រូកតូចធំ បន្តសម្រុកចិញ្ចឹមផ្គត់ផ្គង់ ខណៈការនាំចូលពីប្រទេសជិតខាងត្រូវរឹតបន្តឹង ដើម្បីទប់ស្កាត់កូវីដ១៩ ។

លោកលី ឡាវីល ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃ និងទីផ្សារជ្រូករស់នៅក្នុងប្រទេសកម្ពុជា ឃើញថា មានស្ថេរភាពល្អ ក្នុងនោះទាំងការនាំចូលនិងការចិញ្ចឹមក្នុងស្រុកក៏មានភាពស៊ីចង្វាក់គ្នា គឺអ្នកនាំចូល មិននាំច្រើនលើសពីតម្រូវការ ដូច្នេះធ្វើអោយអ្នកចិញ្ចឹមក្នុងស្រុកក៏អាចរស់បាន ។

លោកបន្តថា សព្វថ្ងៃ តម្រូវការជ្រូកលើទីផ្សារក្នុងប្រទេសទាំងមូលមានប្រមាណ ៧០០០ទៅ៨០០០ក្បាលក្នុងមួយថ្ងៃ ក្នុងនោះការផ្ដល់ជូនពីក្រុមហ៊ុនផ្គត់ក្នុងស្រុកនិងពីកសិករ មានប្រមាណពី៥០ទៅ៦០ភាគរយ ពេលខ្លះអាចបានពី៦០ទៅ ៧០ភាគរយ ដោយនាំចូលប្រមាណពី៣០០០ទៅ៤០០០ក្បាលក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលជ្រូកពីប្រទេសថៃតែមួយនោះទេ ដោយកាលពីមុនគឺនាំចូលពីប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលវៀតណាមជួបនឹងជំងឺ កាលពីកន្លងធ្វើអោយជ្រូកនៅវៀតណាមខូចនិងកំទេចចោលច្រើន ធ្វើអោយជ្រូកនៅវៀតណាមឡើងថ្លៃខ្ពស់ ដូច្នេះហើយទើបឈ្មួញ បានបង្វែរការនាំចូលពីវៀតណាមទៅនាំពីប្រទេសថៃ មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាវិញ ។

លោកបានបន្ថែមថា បើតាមការការសង្កេតទៅលើសកម្មភាពជាក់ស្ដែងមន្ត្រី រាជរដ្ឋាភិបាលនិងវិស័យឯកជន ឃើញថាទៅថ្ងៃខាងមុខ កម្ពុជា នឹងអាចគ្រប់គ្រងបាននូវទីផ្សារនិងតម្លៃល្អបែបនេះបន្តទៀត ពីព្រោះ ខាងអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក៏ហាក់មានការយល់គ្នាជាមួយវិស័យឯកជន ទាស់តែក្រុមអ្នកនាំចូលទេ ដែលចង់អោយមានការនាំចូលច្រើន ក៏ប៉ុន្តែមិនទាន់ត្រូវបានស្វាគមន៍ពីខាងអគ្គនាយកដ្ឋាន និងរាជរដ្ឋាភិបាលនៅឡើយ ។លោកថា អ្នកនាំចូល ចង់នាំចូលច្រើន ក៏ប៉ុន្តែពួកគេមិនយល់ពីអ្នកចិញ្ចឹមក្នុងស្រុក ព្រោះថាបើនាំចូលកាន់តែច្រើន នឹងសម្លាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកកាន់តែច្រើន ហើយក៏មិនដឹងពីសុវត្ថិភាពនៃជ្រូកនាំចូលនោះ កម្រិតណានោះដែរ ដូច្នេះហើយ ការកម្រិតបរិមាណ នាំចូលជាអាទិភាពទី២បន្ទាប់ពីអ្នកក្នុងស្រុក គឺជាកត្តាសំខាន់ណាស់ ដើម្បីជួយអ្នកនៅក្នុងស្រុក ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមចិញ្ចឹមសត្វរូបនេះបន្ថែមថា បច្ចុប្បន្ន អ្នកចិញ្ចឹមជ្រូកអាចចាប់ផ្ដើមចិញ្ចឹមឡើងវិញបានហើយ ក៏ប៉ុន្តែលោកថាគួរតែចិញ្ចឹមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីបង្កា ការឆ្លងជំងឺនៅពេលណាមួយដោយមិនដឹងមុន ។

កសិករចិញ្ចឹមជ្រូកមួយរូបនៅខេត្តស្វាយរៀង បានអោយដឹងផងដែរថា បច្ចុប្បន្ននេះ លោកអាចរកប្រាក់ចំណេញវិញ បានខ្លះហើយ បន្ទាប់ពីលោកបានខាតច្រើនកាលពីអំឡុងកម្ពុជាជួបប៉េសជ្រូកអាហ្វ្រិក ហើយកាលនោះគឺពលរដ្ឋកម្ពុជាភាគច្រើនមិនហ៊ានបរិភោគសាច់ជ្រូកនោះទេ ព្រោះតែខ្លាចជំងឺ ខណៈមន្ត្រីជំនាញអះអាងថាវាមិនឆ្លងមកមនុស្សក្ដី ។
អ្នកចិញ្ចឹមជ្រូករូបនេះ បានបន្តថា បើសិនជាស្ថានភាពទីផ្សារនិងតម្លៃជ្រូករស់បានល្អប្រសើរដូចពេលនេះ គឺ ជាការល្អណាស់ ហើយវានឹងជំរុញដល់ចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារពីសំណាក់ផលិតផលក្នុងស្រុកនឹងកាន់តែច្រើនហើយអាចគ្រប់គ្រាន់នៅពេលខាងមុខជាក់ជាមិនខាន ៕

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្ហាញមុខក្រុមចោរប្លន់ក្រោយក្រសោបបាន

បន្ទាយមានជ័យ ៖ ជនសង្ស័យដែលជាមុខសញ្ញាប្លន់ចំនួន៥នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពវាយសម្លាប់បុរសគម្នាក់ប្លន់យកម៉ូតូ។ក្រុមជនសង្ស័យត្រូវបានធ្វើត្រាប់ឡើងពីសកម្មភាពវាយសម្លាប់ជនរងគ្រោះ។ការត្រាប់ពីសកម្មភាពវាយសម្លាប់ឡើងវិញធ្វើឡើងនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ថ្លែងប្រាប់អ្នកយកព័ត៌មានលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានអោយដឹងថា នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ កំលាំងជំនាញផែនព្រហ្មទណ្ឌ បានស្រាវជ្រាវតាមចាប់មុខសញ្ញាលួចមានស្ថានទម្ងន់ដោយប្រើហឹង្សាបណ្តាលអោយ មរណ:ភាពជនរងគ្រោះ(ប្លន់យកម៉ូតូនិងខ្សែក)ដែលកើតហេតុកាលពីថ្ងៃទី២៧,៤,២០២០ វេលា ម៉ោង២២យប់នៅចំណុចស្ពានទី៣ផ្លូវចេញទៅសៀមរាប ស្ថិតក្នុងភូមិសាស្រ្តភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យបានដឹកសពជនរងគ្រោះទៅបោះចោលក្នុងប្រឡាយទឹកខាងកើតអាងទឹកម្កាក់ចម្ងាយប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិសាស្រ្តភូមិនិងសង្កាត់ម្កាក់ក្រុងសិរីសោភ័ ខេត្តបន្ទាយមានជ័យ។ ក្រោយពេលកើតហេតុ កំលាំងជំនាញផែនព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាដល់ខេត្តពោធិសាត់ ឃាត់ខ្លួន ជនសង្ស័យ ចំនួន០៣នាក់ និងឃាត់នៅខេត្តបន្ទាយមានជ័យបាន ០២នាក់ទៀត មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះទិត្យ សំណាង (ហៅឡាក់)ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជនដៃដល់)។
២-ឈ្មោះជុំ ចន្ថាហៅ (សានម៉ៅ) អាយុ១៥ឆ្នាំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី (ជនដៃដល់)។
៣-ឈ្មោះសាន តេ ហៅ(តឹក) ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិជាមួយគ្នានឹងជុំ ចន្ថា (ជាបក្សពួក)។
៤-ឈ្មោះខាន់ សុីមាន ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជាមួយ (ជនដៃដល់) ។
៥-ឈ្មោះ សួន ស្រីតី ភេទស្រី ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាបក្ខពួក ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថាក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងបានម៉ូតូម៉ាកវេវពណ៏ក្រហមសេរីឆ្នាំ២០០១ អត់ស្លាកលេខ(ម៉ូតូចាស់)ជារបស់ជនរងគ្រោះ ៕

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូទៅបុកឃឿនផ្លូវហើយត្រូវរថយន្តកិនបនថែម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលជិះម៉ូតូបុកជាមួយនិងឃឿនពុះចែកទ្រូងផ្លូវខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតកិនបែកក្បាលស្លាប់ភ្លាមៗ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២០
ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគី LET ពណ៍សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1 HB 6666 ជិះឌុបគ្នាពីទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកជាមួយនិងឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរពីទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចបានកិនជនរងគ្រោះស្លាប់ភ្លាមៗម្នាក់ចំណែកម្នាក់ទៀតរងរបួសបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។

ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការណ៏ជាមួយចរាចរណ៏ខណ្ឌពោធិសែនជ័យនិងចរាចរណ៏ក្រុងចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៏នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

សម្ដេចតេជោបញ្ជាក់ពីឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ គឺត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន និងយករថយន្ដទៅឆៀក ឲ្យបានទាន់ពេលចៀសវាងការផាកពិន័យ។

តាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ឯកសារចាំបាច់បំផុត ដែលត្រូវមានក្នុងពេលបើកបរ។ ក្នុងពេលដែលសមត្ថកិច្ច កំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឆៀក ហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក ឲ្យបានទាន់ពេល ចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្ត របស់បងប្អូនក្នុងពេលបើកបរ មិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន គ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាត បញ្ជាយានយន្តនៅលើដងផ្លូវ ដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិ មានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។

សូមជម្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដង បើធៀបនឹងការពិន័យចាស់៕

 

 

ផ្ទេរ និងតែងតាំងឋានន្តរសក្ដិជូនមន្ត្រីស្នងការខេត្តជាង៤០០នាក់

ខេត្តព្រះវិហារ ៖ ស្នងការនគរបាលខេត្តព្រះវិហារ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងឋានន្តរសក្ដិថ្មីមន្ត្រី នៃស្នងការនគរបាលចំនួន៤៣៤នាក់ នៅថ្ងៃទី៣០មេសា២០២០នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខតារា មេបញ្ជាការស្នងការនគរបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ សួស សុខតារា បានមានប្រសាសន៍ថា ក្នុងនាម លោកជាមេបញ្ជាការ នៃស្នងនរគបាលខេត្តព្រះវិហារ សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះស្នាដៃ ដល់មន្ត្រី នៃ ស្នងការនគរបាលជាតិ ទាំងអស់ ក្នុងការបំពេញតួនាទី បេសកម្មការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក ។
ក្នុងការប្រកាសតែងតាំងមុខងារ នឹងបំពាក់ឋានន្តរសក្តិថ្មីនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្រ្តីដែលបានខិតខំបំពេញតួនាទីភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គមជាតិផងដែរ ។
តំណាងមន្ត្រី នៃស្នងការនគរបាល បានឡើងប្ដេជ្ញាចិត្តនឹងសន្យាខិតខំ បំពេញកិច្ចការដោយស្មោះ ដើម្បីបម្រើជាតិមាតុភូមិនិងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងមូលផងដែរ ៕

ផ្ទះសម្បែង៥៥៩ខ្នងកំពុងប្រឈមការរុះរើ ដោយសារច្រាំងទន្លេក្នុងខេត្តកំពង់ចាមបាក់ស្រុតរៀងរាល់ឆ្នាំ

ខេត្តកំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនាព្រឹកថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យវាយតម្លៃការរៀបចំតាំងទីលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកត្តាធម្មជាតិការបាក់ស្រុតច្រាំងទន្លេ  ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ។

លោក ហេង វណ្ណនី អភិបាលរងខេត្តបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិសម្រាប់ខេត្តកំពង់ចាមមានក្រុង-ស្រុកចំនួន៦លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំដែលក្នុងនោះរួមមាន នៅក្នុងស្រុកស្ទឹងត្រង់មានចំនួន៥ឃុំ ស្រុកកំពង់សៀម  មានចំនួន៦ឃុំ ស្រុកកោះសូទិនមាន៤ឃុំ ក្រុងកំពង់ចាមមាន១សង្កាត់ ស្រុកកងមាសមាន៥ឃុំ និងស្រុកស្រីសន្ធរមាន៥ឃុំផងដែរ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេមានប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញនៅឡើយទេ និងផ្ទះដែលប្រឈមនឹងការរុះរើមានរហូត ចំនួន៥៥៩ខ្នង និងសាលាឃុំ១កន្លែង ហើយក៏មានការប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម  របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ ៕ ដោយ ៖ ប៉ែន សុផល

 

សម្តេច ស ខេង ៖ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិន​មែនជាការដាក់បន្ទុកពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នោះទេ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា ការចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភាស្អែកនេះ គឺមិនមែន​ជាវិធានការដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែ​គឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការលើក​ឡើងរបស់សម្តេចក្រឡាហោមនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល​ចំណុះ​ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ​ ហើយ ​សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលប្រជា​ពលរដ្ឋ​បាននិងកំពុងប្រឈមនឹងបញ្ហាជីវភាព ខណៈដែលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅ លើពិភពលោក ក៏ដូចជានៅកម្ពុជាបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំ ហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុត​ពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ។ សម្ដេចក្រឡាហោមបានគូស​បញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក​ឆ្នាំ​២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែល​វិធាន​ការនេះ​មិន​មែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះ​ទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេច​ក្រឡាហោមបានបន្ដថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែល​ធ្វើ​ដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ សម្តេចក្រឡាហោម​បានអះអាងថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើ​ដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពាន​ភ្លើង​សញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ៕

 

ប្រជាពលរដ្ឋសម្រុកធ្វើឆៀក និងប័ណ្ណបើកបរយ៉ាងច្រើនកុះករ មុនថ្ងៃរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្រុកចុះធ្វើឆៀក និងប័ណ្ណបើកបរ ព្រមទាំងធ្វើឯកសារផ្សេងៗដែលពាក់ព័ន្ធក្នុងការបញ្ជាយានយន្តលើដងផ្លូវ មុនថ្ងៃរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវបានអនុវត្តពីថ្ងៃទី១ ឧសភា ២០២០ស្អែកនេះ ដើម្បីការពារ នៃការផាកពិន័យទ្វេដងពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក។

ការអនុវត្តន៍ច្បាប់នៃការរឹតបន្តឹងនឹងចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាមួយការផាកពិន័យជាទឹកប្រាក់ខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។ ក្នុងន័យនេះគឺច្បាស់ណាស់ថា អ្នកបំពានច្បាប់អាចរអាចំពោះចំនួនទឹកប្រាក់ច្រើន ហើយតាំងចិត្តច្បាស់លាស់ថា នឹងមិនបំពានច្បាប់ទៀតនោះទេ។ ទោះជាអ្នកមានប្រាក់សម្រាប់បង់ការផាកពិន័យនេះក៏ដោយ ក៏វាបានបង្ហាញអំពីកំហុសឆ្គងដ៏ធំ និងគួរឲ្យខ្មាសអៀននៅក្នុងសង្គមផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម)។ ចំពោះឯកសារផ្សេងៗទៀត ដូចជាកាតសំគាល់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ក្នុងការបញ្ជាយានយន្តលើដងផ្លូវ៕

 

សម្ដេចតេជោ ៖ កម្ពុជាធ្វើការជិតស្និទ្ធជាមួយសមាជិកអាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសានៅលើហ្វេសបុកថា ថ្ងៃនេះគឺជាខួប ២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្ដេច ហ៊ុន សែន បាន​បន្ត​ថាជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយការក្លាយទៅជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ត្រូវបានគេមើលឃើញថា ជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា។ ការចូលជាសមាជិកអាស៊ាន ក៏ជាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មភាពនៅក្នុងតំបន់ផងដែរ។