All posts by មេគង្គ ប៉ុស្តិ៍

យល់ដឹងពីប្រភេទបណ្ណបើកបរ ” ក ” , ” ខ ” , ” គ ” , ” ឃ ” និង ” ង “

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃ​ទី ១ ខែឧសភា ឆ្នាំ២០២០ នេះ បាន​បង្ហាញ​ពី​ប្រភេទ​បណ្ណបើកបរ​នៅ​ប្រទេស​កម្ពុជា មានចំនួន៥ ប្រភេទគឺ ” ក ” , ” ខ ” , ” គ ” , ” ឃ ” និង ” ង “។

ប្រភេទបណ្ណបើកបរ​ទាំង ៥ប្រភេទ​នោះ ដូច​ខាង​ក្រោម ៖

កំពូលអ្នកមានបំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២០

នៅក្នុងឆ្នាំ ២០២០នេះ បើតាមការចុះផ្សាយរបស់ប្រព័ន្ធ វីគីភីឌាបានដាក់ចំណាត់ថ្នាក់ដល់កំពូលអ្នកមានទ្រព្យបំផុតនៅលើពិភពលោក១០នាក់ ក្នុងនោះ អាមេរិកនៅតែជាប់ចំណាត់ថ្នាក់ច្រើនជាងគេដែលជាប្រទេសមានអ្នកមានទ្រព្យច្រើនបំផុតលើពិភពលោក ។

ខាងក្រោមនេះ ជាឈ្មោះអ្នកមានបំផុតទាំង១០នៅលើពិភពលោកក្នុងឆ្នាំ ២០២០ ៖

១.លោក Jeff Bezos មានទ្រព្យសរុប ១១៣ពាន់លានដុល្លារអាមេរិក អាយុទើបតែ៥៦ឆ្នាំ ជនជាតិអាមេរិក និងជាម្ចាស់ក្រុមហ៊ុន Amazon ។
២. លោក Bill Gates មានទ្រព្យសរុប៩៨ពាន់លានដុល្លារអាមេរិក អាយុ៦៤ឆ្នាំ ជនជាតិអាមេរិក ម្ចាស់ក្រុមហ៊ុន Microsoft ។
៣.លោក Bernard Arnault មានទ្រព្យសរុប៧៦ពាន់លានដុល្លារអាមេរិក អាយុ៧១ឆ្នាំ ជនជាតិបារាំង ក្រុមហ៊ុន LVMH
៤.លោក Warren Buffett មានទ្រព្យជិត៦៧,៥ពាន់លានដុល្លារអាមេរិក អាយុ៨៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ។
៥. លោក Larry Ellison មានទ្រព្យ៥៩ពាន់លានដុល្លារអាមេរិក ជនជាតិអាមេរិក ក្រុមហ៊ុ Oracle Corporation ។
៦ លោក Amancio Ortega មានទ្រព្យសរុប៥៥,១ពាន់លានដុល្លារ អាយុ៨៤ ជនជាតិអេស្ប៉ាញ ម្ចាស់ក្រុមហ៊ុន Inditex ,Zara
៧.លោក Mark Zuckerberg មានទ្រព្យ៥៤,៧ពាន់លានដុល្លារអាមេរិក អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក ជាម្ចាស់ក្រុមហ៊ុន Facebook ។
៨.លោក Jim Walton មានទ្រព្យ ៥៤,៦ពាន់លានដុល្លារអាមេរិក អាយ៧១ឆ្នាំ ជនជាតិអាមេរិក ម្ចាស់ក្រុមហ៊ុន Walmart .
៩. លោក Alice Walton មានទ្រព្យ ៥៤,៤ពាន់លាន អាយុ៧០ឆ្នាំ ជនជាតិអាមេរិក និងជាម្ចាស់ភាគហ៊ុន Walmart និងទី១០ លោក S… Robson Walton មានទ្រព្យ៥៤,១ពាន់លានដុល្លារអាមេរិក អាយុ៧៧ឆ្នាំ ជនជាតិអាមេរិក ជាម្ចាស់ភាគហ៊ុនWalmart ដែរ ៕

លោក គីម ជុង​អ៊ុន បង្ហាញ​មុខជា​សាធារណៈ​ជា​លើកដំបូង​ក្នុង​រយៈពេល​២០​ថ្ងៃ​

​កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ ទី២ ខែឧសភា​ថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​បង្ហាញមុខ​សាធារណៈ​ជា​លើកដំបូង បន្ទាប់ពី​បាត់​មុខ​អស់​រយៈពេល​ប្រមាណ​២០​ថ្ងៃ។​

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​បាន​និយាយថា​លោក គីម ជុង​អ៊ុន បាន​ចូលរួម​ពិធី​កាត់​ខ្សែបូ​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយកន្លែង​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ព្យុងយ៉ាង​កាលពី​ថ្ងៃ​សុក្រ​ហើយ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះបាន​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង នៅពេល​លោក គីម បង្ហាញខ្លួន​៕

 

ថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សមត្ថកិច្ចឃាត់យានយន្តល្មើសច្បាប់ ២,៦៥៨គ្រឿង

ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រៀសល) សមត្ថកិច្ចនគរបាលចរាចរណ៍អនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមម៉ូតូល្មើសច្បាប់ ២១៩៨គ្រឿងមាន៖ អត់មួក ១៩១០គ្រឿង, អត់កញ្ចក់ ១៦៥គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ៦៥គ្រឿង, ដឹកលើសចំណុះ២គ្រឿង, អត់ស្លាកលេខ ១៣២គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៥គ្រឿង និងបទល្មើសផ្សេងៗ ៨៤គ្រឿង។

សម្រាប់រថយន្តល្មើសមានចំនួន ៤៦០គ្រឿង ក្នុងនោះរថយន្តធុនស្រាល៣៩៤គ្រឿង និងរថយន្តធុនធ្ងន់ ៦៦គ្រឿង៖ បើកល្មើសល្បឿន ៥៥គ្រឿង, អត់បណ្ណបើកបរ ៣២គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ១០គ្រឿង, អត់ពាក់ខ្សែក្រវាត់ ២៦៣គ្រឿង, ដឹកលើសចំណុះ៨គ្រឿង, អត់ស្លាកលេខ ១៤គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៣គ្រឿង និងបទល្មើសផ្សេងៗ ៧៥គ្រឿង។

សភាពការណ៍ជារួម ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ មានដំណើរការយ៉ាងរលូន និងពុំមានបាតុភាពអ្វីគួរឲ្យគត់សម្គាល់ទេ។ ដោយឡែក សម្រាប់ក្របខ័ណ្ឌក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់រថយន្ដ និងម៉ូតូ ល្មើសសរុបចំនួន ១,៣២២គ្រឿង ក្នុងនោះរួមមាន ម៉ូតូ ១,១៧៤គ្រឿង និងរថយន្ដ ១៤៨គ្រឿង។

ក្នុងចំណោមអ្នកជិះម៉ូតូល្មើសច្បាប់ទាំង១,១៧៤គ្រឿងនោះ មានអត់មួកចំនួន ១,០៨១គ្រឿង, អត់កញ្ចក់ចំនួន ១៦គ្រឿង, អត់ផ្លាកលេខចំនួន ១៣គ្រឿង, ល្មើសសញ្ញាចរាចរចំនួន ៦៣គ្រឿង និងនិយាយទូរស័ព្ទចំនួន ០១គ្រឿង។ សម្រាប់រថយន្តចំនួន ១៤៨គ្រឿង ល្មើសរួមមាន អត់ពាក់ខ្សែក្រវ៉ាត់ចំនួន ៩៥គ្រឿង, បញ្ច្រាសទិសចំនួន ១៤គ្រឿង, អត់ផ្លាកលេខចំនួន ៤គ្រឿង , និយាយទូរស័ព្ទចំនួន ១២គ្រឿង, អត់ប័ណ្ណសំគាល់យានចំនួន ០៧គ្រឿង, ល្មើសសញ្ញាចរាចរចំនួន ១១គ្រឿង , សំពីងសំពោងចំនួន ០៣គ្រឿង និងហួសឈៀកចំនួន ០២គ្រឿង៕

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ មានតែអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយ សរុបចំនួនអ្នកជាសះស្បើយកើន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

ឱសានវាទនៃការអនុគ្រោះចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៏ផ្លូវគោក

បន្ទាយមានជ័យ ៖ លើផ្លូវជាតិលេខប្រាំចំនុចស្រះអ៊ិនតាំ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កម្លាំងនគរបាលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ង៉ាន់ ចិន្ដា ស្នងការរងទទួលបន្ទុកសាធារណះ ចុះអនុវត្តអនុក្រឹតលេខ ៣៩ ស្តីពីការពិន័យអន្តរការណ៏ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៏ផ្លូវគោកនាថ្ងៃទី ១ ឩសភា ២០២០។

នេះជាឱសានវាទនៃការអនុគ្រោះចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៏ផ្លូវគោកនេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម បានបន្តថា ក្នុងថ្ងៃដំបូងនេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តនិងស្រុកកក្រុងបានដាក់គោកដៅរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោក៩កន្លែង។ គឺនៅថ្នាក់ខេត្តបូកនឹងក្រុងសិរីសោភ័ណ ១កន្លែងលើផ្លូវជាតិលេខ៥ ដោយធ្វើការត្រួតពិនិត្យលើយានយន្តគ្រប់ប្រភេទ ។
និង១កន្លែងៗនៅលើផ្លូវជាតិនិងផ្លូវខេត្តនៃ៨ស្រុកក្រុងទៀត ដោយត្រួតពិនិត្យតែលើម៉ូតូសិន។

ឯកឧត្តម ស្នងការបន្ថែមថា: អ្នកបើបរត្រូវមានឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។

សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ស្ពានអាកាសថ្មីបត់ឆ្វេងនៅក្បាលថ្នល់់ ដាក់អោយប្រើប្រាស់ជាផ្លូវការ

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃនេះថា ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេងឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ នៅវេលាម៉ោង ៨:០០ព្រឹកតទៅហើយ។

ស្ពានអាកាសក្បាលថ្នល់ថ្មីនេះ តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅកាន់ មហាវិថី ព្រះ នរោត្តម មានប្រវែងសរុប៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពាន ដល់ ស្ពាន អាកាសចាស់ ១២៣ ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថី ព្រះនរោត្តម ដែល ស្ថិតក្រោម ការសាងសង់របស់ក្រុមហ៊ុន OCIC ចាប់ពីអំឡុងខែ មិថុនា ឆ្នាំ២០១៩ ដោយបច្ចុប្បន្ន បានបញ្ចប់ការងារពេញលេញ និងដាក់ឱ្យដំណើរការ។

ចំណែកលោក ម៉េត មាសភ័ក្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់អោយ ដឹង ដែរថា ការបើកឱ្យដំណើរការស្ពានអាកាសបត់ឆ្វេងខាងលើនេះ ដើម្បីសម្រួលដល់ការ កក ស្ទះចរាចរណ៍ ដោយសារកំណើនប្រជាជន ក៏ដូចជាកំណើនមធ្យោបាយធ្វើដំណើរ ក្នុងរាជ ធានីភ្នំពេញកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែល ស្ពាននេះកំពុងស្ថិតនៅក្នុងការសាងសង់យ៉ាងមម៉ាញឹករាល់ថ្ងៃ និងមានស្ពានអាកាសថ្មើ ជើងចំនួន៤ទៀត គឺស្ពានអាកាលថ្មើជើងជម្ពូរវ័ន្ត អូរឡាំពិក ផ្សារដើមគរ និងស្ពានអាកាស ថ្មើជើង សន្ធរម៉ុក ដែលកំពុងតែមមាញឹកសាងសង់ជារៀងរាល់ថ្ងៃនេះ៕

៤ខែដំបូង កម្ពុជានាំអង្ករទៅក្រៅប្រទេសជាង៣០ម៉ឺនតោន និងកសិផលសរុបជាង២លានតោន

ភ្នំពេញ ៖ បើទោះបីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជានិងលើពិភពលោកបានគំរាមកំហែងដល់ការនាំចេញក្ដី តែការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែទទួលបានផលជាវិជ្ជមាន ជាក់ស្ដែងក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានប្រមាណ៣០ម៉ឺន២៥៧តោន ក្នុងនោះចិននៅតែជាទីផ្សារនាំមុខសម្រាប់អង្ករកម្ពុជា ។ នេះបើតាមរបាយការណ៍របស់ក្រសួងកម្មរុក្ខាប្រមាញ់ និងនេសាទ ។

តាមរបាយការណ៍ នេះបានបង្ហាញថាការនាំចេញរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកំណើនប្រមាណ៤០,៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាឆ្នាំនេះ មានបញ្ហានឹងកូវីដ១៩ក្ដី ។

យោងតាមរបាយការណ៍ដដែលនេះ បានបង្ហាញផងដែរពីការនាំចេញកសិផលសរុបក្នុងរយៈពេល៤ខែនេះ ដោយមានបរិមាណនាំចេញប្រមាណ២លាន៧ពាន់តោន ក្នុងនោះដែរ រួមមានចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេក ផ្លែស្វាយ ដំណាប់ស្វាយ ម្រេចនិងបន្លែស្រសស់ជាដើម ៕

ក្នុងសហគមន៍ពុទ្ធសាសនានៅកម្ពុជា មិនមានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ ទេ

ភ្នំពេញ ៖ សម្រាប់ប្រទេសកម្ពុជា សហគមន៍ពុទ្ធសាសនា គិតមកដល់ពេលនេះ មិនទាន់មានសង្ឃអង់ណាឆ្លងជំងឺកូវីដ១៩នោះឡើយ បើទោះជាសហគមន៍ពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា ត្រូវគេមើលឃើញថា មានការប្រឈមខ្លាំងបំផុត ចំពោះនៃការឆ្លងជំងឺកូវីដ ១៩ ដោយសារការរស់នៅរួមគ្នាក្នុងសហគមន៍ ឆាន់រួមគ្នា ក្នុងពិធីបុណ្យសាសនានីមួយៗមានមនុស្សចួលរួមច្រើន សម្ភារៈប្រើប្រាស់មួយចំនួនរួមគ្នា ដែលជាបង្កហានិភ័យ និងងាយឆ្លងបំផុត។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងធម្មការ និង សាសនា បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ស្តីពី បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ ពុទ្ធសាសនា ដែលបានធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តីនារសៀលថ្ងៃទី៣០ខែមេសានេះថា ជាការពិតនៅក្នុងវិស័យពុទ្ធសាសនានៅកម្ពុជា មានបញ្ហាប្រឈមជាច្រើន ដែលងាយឆ្លងជំងឺកូវីដ១៩ព្រោះថា រាល់អាហារភោជនទាំងឡាយ គឺអាស្រ័យការផ្តល់ពីបរិស័ទខាងក្រៅ មានការជួបជុំគ្នា ក្នុងបុណ្យទាននានាឬថ្ងៃសិលជាដើម។ ប៉ុន្តែបញ្ហានេះ ព្រះសង្ឃកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជូន តាមពុទ្ធបញ្ញត្តិ គឺត្រូវរស់នៅស្អាត មានអនាម័យល្អ ជាពិសេសបានស្វែងយល់អំពីបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតដ៏កាចសាហាវនៅលើពិភពលោកនាពេលបច្ចុប្បន្ន លើសពីនេះក៏ទទួលបានការផ្សព្វផ្សាយ អប់រំ នូវវិធាននានារបស់ក្រសួងសុខាភិបាល ហើយថ្នាក់ដឹកនាំសង្ឃក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ក្រសួងធម្មការនិងសាសនាបន្តផ្សព្វផ្សាយដល់ព្រះសង្ឃគ្រប់វត្តទូទាំងប្រទេស ឱ្យចូលរួមអនុវត្តនិងចូលរួមទុបស្កាត់ការរីករាយលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ។

ជាមួយគ្នានោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលថា ចំពោះបញ្ហារាតត្បាតនៃជំងឺនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តជួយផ្សព្វផ្សាយ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស តាមចំណាត់ការរបស់រាជរដ្ឋាភិបាល។

ចំណែកសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថិរដិការថា ទាក់ទិននឹងបញ្ហាជំងឺកូវីដ១៩នេះ បើទោះជាព្រះសង្ឃស្ថិត នៅលើប៉ាវច្ចនាជាតិក៏ដោយ ក៏ព្រះសង្ឃត្រូវតែអនុវត្តតាមច្បាប់រដ្ឋ ហើយបើមានអ្វីដែលរដ្ឋត្រូវការ ព្រះសង្ឃអាចជួយបាន ក៏ត្រូវតែបរិច្ចាកភ្លាមផងដែរ។ លើសពីនេះ ព្រះសង្ឃទាំងអស់ ក៏បានស្វែងយល់អំពីបញ្ហាជំងឺកូវីដ១៩ តាមការណែនាំរបស់ស្ថាប័នជាតិ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ផងដែរ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានវត្តសរុបចំនួន ៥០២៤វត្ត មានព្រះសង្ឃសរុបចំនួន ៧១៦១០ អង្គ ក្នុងនោះ គណរដ្ឋនិកាយធម្មយុត្តខ្មែរមាន៖ ២៥២វត្ត និងមានព្រះសង្ឃសរុបចំនូន៤៩៥២អង្គ៕

ពលករប្រុសស្រី៤៦នាក់ ចាញ់បោកខ្យល់ត្រូវសមត្ថកិច្ចបញ្ជូនឲ្យកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ​ ៖ ពលករខ្មែរប្រុសស្រីចំនួន៤៦នាក់ត្រូវបានយោធាឈុតខ្មៅថៃ នៅប៉ុស្តិ៍៤ ចាប់ និងកំពុងទំនាក់ទំនងមកសមត្ថកិច្ចកម្ពុជា ដើម្បីបញ្ជូនមកស្រុកខ្មែរវិញ គ្រាដែលមេខ្យល់នាំពួកគាត់ចូលក្នុងទឹកដីថៃស្វែងរកការងារដោយខុសច្បាប់ តាមច្រករបៀងចំណុចកែងអូរល្វា ជាប់ប្រទល់ស្រុកសំពៅលូន គេប្រទះឃើញនៅវេលាម៉ោងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ម៉ោង៥ព្រឹកច្រករបៀង ស្ថិតក្នុង ភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹងពីពលករខ្មែរទាំង៤៦នាក់ថាពួកគាត់បានបង់លុយឲ្យមេខ្យល់ក្នុង១នាក់២.៥០០បាទជាថ្លៃឈ្នួលនាំចូលទៅបាងកកប្រទេសថៃរកការងារធ្វើស្របពេលដែលប្រទេសថៃកំពុងធ្វើការរឹតបណ្តឹងយ៉ាងខ្លាំងធ្វើការទប់ស្កាត់ជម្ងឺមេរោគកូវីដ១៩ដែលកំពុងឆ្លងពីមនុស្សម្នាក់មទៅមនុស្សម្នាក់យ៉ាងតន់ហន់នៅលើពិភពលោក។
៖
ពលករទាំងអស់បានបញ្ជាក់ឲ្យដឹងទៀតថាមេខ្យល់ក្រោយពីប្រមូលលុយបានហើយក៏រត់គេចបាត់ទុកពលករខ្មែរវង្វេងនៅក្នុងព្រៃដាច់បាយទឹកក្នុងទឹកដីថៃ។រហូតដល់ម៉ោងនេះពលករទាំង៤៦នាក់ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួនហើយបានរៀបចំឯកសារបញ្ជូនឲ្យអាជ្ញាធរខ្មែរដើម្បីយកមកប្រទេសកម្ពុជាវិញ។

សមត្ថកិចខ្មែរសង្ឃឹមថា បងប្អូនពលករខ្មែរទាំងអស់សមត្ថកិច្ចថៃបញ្ជូនមកស្រុកខ្មែរវិញដោយសុវត្តិភាពហើយឈប់ចាញ់បោកមេខ្យល់បន្តទៀតព្រោះថាសព្វនេះប្រទេសថៃកំពុងតែមានការរឹតបន្តឹងនៅការរីករាលដាលនៅមេរោគកូវីដ១៩យ៉ាងខ្លាំងរាល់ថៃមិនទាន់ឲ្យដំណើរការឡើងវិញឡើយ សួមបងប្អូនពលរដ្ឋកុំបន្តចាញ់បោកមេខ្យល់៕

The Peak កោតសរសើរក្រុមហ៊ុនសាងសង់ថ្មីដែលនៅតែបន្តទោះប្រឈមនឹងកង្វះកម្លាំងពលកម្ម

ភ្នំពេញ ៖ ម្ចាស់គម្រោងអគារ The Peak បានកោតសរសេរដល់ដល់ក្រុមហ៊ុនអ្នកម៉ៅការសំណង់ថ្មីរបស់ខ្លួនដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោង អគារទៅតាមការគ្រោងទុកបើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្មនិងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ។

លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន China Railway Urban Construction Group ដែលជាក្រុមហ៊ុនសាងសង់គម្រោងអគារ The Peak ដែលទើបទទួលបានសិទ្ធិក្នុងការបន្តសាងសង់ពីក្រុមហ៊ុនសាងសង់ចាស់ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យ នេះ។
លោកបន្តថា ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០ ។

ដោយឡែកក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្សដោយដឹងថាក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd បានមានប្រសាសន៍ថា វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited អាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ ។

លោក Ching Chiat Kwong ( ជីង ជៀតវង់ ) អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុនWorldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា ៕

ត្រឹម៣ម៉ោង សមត្ថកិច្ចឃាត់យានយន្តបានជិត១ពាន់គ្រឿងទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២០នេះ ជាថ្ងៃដែលសមត្ថកិច្ចចរាចរណ៍ចាប់ផ្ដើមអនុវត្តន៍ច្បាប់ថ្មី ក្នុងនោះគឺការចាប់ផាកពិន័យខ្ពស់មិនធ្លាប់មាន ហើយក្នុងរយៈពេលតែ៣ម៉ោងប៉ុណ្ណោះ ពោលគឺ គិតពីម៉ោង៧ដល់ម៉ោង១០ព្រឹក សមត្ថកិច្ចប្រចាំការតាមគោលដៅទូទាំងប្រទេសឃាត់យានយន្តសរុបចំនួន ៩៨០គ្រឿង ។

យោងតាមរបាយការណ៍បឋម ស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ឧសភា ២០២០បានបង្ហាញថា ត្រឹមតែ៣ម៉ោង សមត្ថកិច្ចចាប់ឃាត់ម៉ូតូ ចំនួន៩០០គ្រឿងនិងយានយន្តសរុប៨០គ្រឿង ។

របាយការណ៍នេះក៏បានបង្ហាញផងដែរថា ក្នុងចំណោមម៉ូតូ៩០០គ្រឿង ក្នុងនោះមាន៨៤៥គ្រឿងគឺអត់មានមួកសុវត្ថិភាព៨គ្រឿងអត់ផ្លាកលេខ និងល្មើសច្បាប់ចរាចរណ៍ ៤៧គ្រឿង ៕

ភាគហ៊ុនអេស៊ីលីដា នឹងចាប់ផ្ដើមជួញដូរជាផ្លូវការនៅចុងខែឧសភា នេះ

ភ្នំពេញ ៖ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានរារាំងដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាមួយចំនួនក្ដី ក៏ប៉ុន្តែមិនអាចរារាំងដល់ដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា នោះទេ ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគេអេស៊ីលីដា កាលពីថ្ងៃទី៣០ មេសា២០២០បញ្ជាក់ថា ធនាគារបានបញ្ចប់ដំណើរការបរិវិសកម្មរួចជាស្រេចកាលពីថ្ងៃទី ២៤ មេសា២០២០ និងរង់ចាំការចុះបញ្ជីភាគហ៊ុន ជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា។

លោកបន្តថា ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏វិនិយោគិនចំនួន ២.៤៩៧នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគ នៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា ។ លោកថា ៖« យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ និងសូមថ្លែងអំណរគុណដល់អតិថិជន និងវិនិយោគិនទាំងអស់ ដែលបានវិនិយោគក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ។ លោកបានបន្ថែមថា » ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ ។ ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់ ។ លោកថា៖« យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ» ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃការបោះផ្សាយលក់ជាផ្លូវការនៃ មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា នៅក្នុងផ្សារមូលបត្រកម្ពុជា អាចនឹងធ្វើឡើងនៅក្នុងអំឡុងចុងខែឧសភានេះ ។ តាមពិតទៅក៏ចង់ធ្វើអោយលឿនបំផុតនៅត្រឹមដើមខែឬពាក់កណ្ដាលខែដែរ ក៏ប៉ុន្តែវាជាពេលវេលាលឿនពេក ខ្លាចវិនិយោគិនមិនទាន់បានត្រៀមខ្លួនរួចរាល់ ដូច្នេះរំពឹងនៅចុងខែឧសភានេះ វិនិយោគនឹងរួចរាល់ទាំងអស់គ្នា ក្នុងការចូលរួមក្នុងការលក់ជាផ្លូវការ ។

លោកស្រីបន្តថា បើទោះបីជាពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅតែជាបញ្ហាចោទក៏ប៉ុន្តែ បើក្រលេកទៅមើលការវិនិយោគនានា នៅក្នុងប្រទេសគឺនៅតែមានដំណើរការជាហូរហែរ ដូច្នេះហើយយើងរំពឹងថាការប្រកាសជួញដូរជាផ្លូវការ នឹងទទួលបានការគាំទ្រ តែយ៉ាងណាក៏យើងមិនអាចទាយទុកជាមុនថាវានឹងទៅជាយ៉ាងណានោះទេ ព្រោះអ្វីៗសុទ្ធតែមិនអាចមើលឃើញមុន ដឹងទុកមុន ៕

ប្រេ​ស៊ី​លរកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មីចំនួន​៧.២១៨​នាក់​រយៈពេល​២៤​ម៉ោង​

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន ៧២១៨​នាក់​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដែលជា​ករណី​ឆ្លង​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​យោងតាម​ទិន្នន័យ​ឆ្លង​ខាងលើ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេសមួយ​បាន​កើន​ឡើងដល់ ៧៨.១៦២​នាក់​ហើយ បើ​ធៀបកាលពី​ថ្ងៃ​ពុធ​មាន​ត្រឹម​៨៥.៣៨០​នាក់ មានការ​កើន​ដ​ឡើង៩ភាគរយ​។​

​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ពី ៥.៤៦៦ ទៅដល់ ៥.៩០១ នាក់​ដែល ​អត្រា​មរណភាព​ស្មើ​៦,៩ ភាគរយ​។ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​អ្នកស្លាប់​ថ្មី​៤៣៥ នាក់​ត្រូវបាន​ចុះបញ្ជី​បើ​ប្រៀបធៀប​កាលពី​ថ្ងៃមុន​មាន​៤៤៩ នាក់ ខណៈ​អាត្រា​អ្នកជា​សះស្បើយ​មិនត្រូវ​បានបញ្ជាក់​ឡើយ​៕

 

ក្រសួង​សាធារណការបញ្ជាក់​រឿង​បណ្ណបើកបរចំពោះអ្នកប្រើប្រាស់ម៉ូតូ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​បញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២០ នេះ​ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ​ដែលមាន​កម្លាំងសេះ​ចាប់ពី ១២៥សេសេ​ចុះក្រោម មិនចាំបាច់​តម្រូវឱ្យ​មានបណ្ណបើកបរ​ប្រភេទ «ក» ទេ។ ប៉ុន្តែបើប្រើប្រាស់ម៉ូតូលើសពីកម្លាំងសេះ ១២៥សេសេ គឺដាច់ខាតត្រូវតែមានបណ្ណបើកបរប្រភេទនេះ។

ក្រសួង​បន្តថា ប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​។ ត្រូវមានឯកសារដូចជា ៖ ១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់), ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់, ៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបើប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣) ​ និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ​ គ​ ឃ​ និង​ ង​៕