All posts by មេគង្គ ប៉ុស្តិ៍

តំណាង WHO ៖ វ៉ាក់សាំងកូវីដ ១៩ អាចនឹងរួចរាល់នៅរយៈពេលពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ

ភ្នំពេញ ៖ បើទោះបីជាជំងឺកូវីដ ១៩នេះ បានផ្ទុះឡើងរយៈពេលជិតកន្លះឆ្នាំមកហើយក្ដី តែខាងវេជ្ជសាស្ត្រនានា រួមទាំងអង្គការសុខភាពពិភពលោកនៅតែមិនទាន់រកឃើញថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺនេះនៅឡើយ វាហាក់ដូចជានៅឆ្ងាយបន្តិច ។
បើតាមតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រីវេជ្ជបណ្ឌិត Li Ailen បានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺកូវីដ ១៩នេះ មានការធូរស្រាលនៅបណ្ដាប្រទេសមួយចំនួន នៅតែមានស្ថានភាពធ្ងន់ធ្ងរសម្រាប់ប្រទេសមួយចំនួនទៀតក្ដី តែចំពោះវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ ១៩នេះនៅឡើយ ។
លោកស្រីបន្តថា សម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩នេះ វាមិនអាចចេញនៅពេលឆាប់ៗនេះទេ វានឹងអាចចេញនៅរយៈពេល១២ខែ ទៅ១៨ខែ ក៏ប៉ុន្តែពេលវេលានេះ អាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង ។
គួរបញ្ជាក់រហូតមកដល់ពេលនេះ អ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោក មានជាង៣លាននាក់ ក្នុងនោះអាមេរិកមានអ្នកផ្ទុកកូវីដ ១៩ច្រើនជាងគេ ខណៈប្រទេសចិនទីដែលផ្ទុះជំងឺកូវីដ ១៩ បានធ្លាក់ចុះអ្នកឆ្លងពីចំណាត់ថ្នាក់ប្រទេសទាំង១០ ឆ្លងកូវីដ ។សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី០៤ ឧសភា ២០២០ មានអ្នកផ្ទុកកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន១២០នាក់ និងកំពុងសម្រាកព្យាបាល២នាក់ និងមិនមានករណីស្លាប់នោះទេ ៕

លោក កឹម សុខា ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ឧបាសិកា ប៊ុន ស៊ា​ង​លី​

​ភ្នំពេញ ៖ លោក កឹម សុខា និង​ភរិយា​របស់លោក​បាន​ផ្ញើ​សារ​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ បាន​សម្តែង​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយបង្កើត​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទ ក្រហម​កម្ពុជា។

​សូមជម្រាបថា សារ​រំលែក​ទុក្ខ​ខាងលើ​របស់លោក កឹម សុខា ត្រូវបាន​បង្ហោះ​លើ ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​៩​កន្លះ នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ។​

​លោក កឹម សុខា បាន​សរសេរ​ទៅកាន់​សម្តេច ហ៊ុន សែន ថា​៖«​មរណភាព​របស់​មហា ឧបាសិកា ប៊ុន ស៊ា​ង​លី គឺជា​ការបាត់បង់​មាតា ជីដូន ដែលជា​អ្នកមានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​»​។​លោក​បន្ត ថា​៖«​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូបខ្ញុំ សូម​ចូលរួម​រំលែក នូវ​មរណទុក្ខ​ដោយ​សេចក្តីសោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុមគ្រួសារ ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង​»​។​

​លោក កឹម សុខា ក៏បាន​បញ្ចប់​នូវ​ឃ្លា​ចុងក្រោយ​ថា លោក បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ របស់​ឧបាសិកា ប៊ុន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ៕

 

ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៣​ករណី​បន្ថែមទៀត​

ចិន ៖ គណៈកម្មការ​សុខាភិបាល​ចិន បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៣​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់ ជា​ករណី​ឆ្លង​នាំចូល​ពី​ខាងក្រៅ​។ នេះ​បើ​យោងតាម​ប្រភពពី CNA។

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨៩​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​សូមជម្រាបថា COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

 

តម្លៃប្រេងសាំងនៅកម្ពុជា នាដើមខែឧសភានេះ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៤ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះប្រេងសាំង​ធម្មតា៖ ២២៥០រៀល​ក្នុងមួយលីត្រុ, ប្រេងម៉ាស៊ូត៖ ២១៥០រៀល ក្នុងមួយ​លីត្រ៕

 

 

(Video) អាជ្ញាធរឆ្លើយដាក់គ្នា ករណីកាប់បំផ្លាញភ្នំអង្គរជ័យ ក្នុងស្រុកកំពង់ត្រាច យកអាចម៍ដីលក់

ខេត្តកំពត ៖ ទីតាំងភ្នំធម្មជាតិអង្គរជ័យ ស្ថិតនៅភូមិភ្នំអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងរងការជីកកាយបំផ្លាញធ្វើអាជីវកម្មពីសំណាក់ថៅកែគ្រឿងចក្រម្នាក់ ដែលគេស្គាល់ថាឈ្មោះ កែវ ឆេន។

មន្ត្រីសាលាស្រុកកំពង់ត្រាច បានបង្ហើបឲ្យដឹងថា គ្រឿងចក្រនេះ ត្រូវបានខាងមន្ទីររ៉ែ ចុះទៅធ្វើការហាមឃាត់ម្ដងទៅពីរដងរួចមកហើយ តែឥឡូវនេះ គេបន្តធ្វើសកម្មភាពកាយដូចមុន ដដែលមិនដឹងថា លោក កែវ ឆេន នេះប្រើប្រាស់ឥទ្ធិពលរបស់មន្ត្រីថ្នាក់ណានោះទេ ព្រោះបន្ទាប់ពីខាងមន្ទីរចុះទៅហាមឃាត់ គេឃើញផ្អាកបានតែ២ ទៅ៣ ថ្ងៃប៉ុណ្ណោះ ក៏បើកឡើងវិញហើយគគ្រឹកគគ្រេងជាងមុន។

បច្ចុប្បន្ន សកម្មភាពជីកកាយច្រើនជាងមុន នាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួននៅខេត្តកំពត បាននាំគ្នានិយាយរិះគន់យ៉ាងចាស់ដៃថា ហេតុអ្វីខាងជំនាញចុះមកហាមឃាត់ហើយ បែរជានៅតែធ្វើសកម្មភាពជីកកាយដីដឹកដើរលក់យ៉ាងអនាធិបតេយ្យដដែល ឬមួយក៏មានអ្វីនៅពីក្រោយឆាកនៃអាជីវកម្មលក់អាចម៍ដីដ៏គគ្រឹកគគ្រេង។

លោក អូន ខន អភិបាលនៃគណ: អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ខ្ញុំនឹងប្រាប់ទៅលោក ជួន សុភា អភិបាលរង ស្រុកទទួលបន្ទុកការងាររ៉ែ ឱ្យចុះទៅមើល។ ដោយឡែក លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ ថាមពល ខេត្តកំពត បានឲ្យដឹងថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល។

ចំណែកលោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យអ្នកសារព័ត៌មានជួយផ្ញើរូបភាពកាប់បំផ្លាញភ្នំខាងលើបញ្ជូនឲ្យទៅលោកមើលផង ដើម្បីលោកងាយស្រួលឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលទីតាំងនោះ៕

ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ចាប់ផ្តើម​ដកចេញ​វិធានការ​ឃាំង​មនុស្ស​ក្នុងផ្ទះ​

បរទេស ៖ បណ្តាល​ប្រទេស​ស្ថិតនៅ​តំបន់​អឺរ៉ុប​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ COVID-19 បានចាប់ផ្តើម​ដកចេញ​វិធានការ​ឃាំង​ប្រជាជន​ក្នុងផ្ទះ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី ៤ ឧសភា ឆ្នាំ​២០២០​នេះ។ បើទោះបី​ជាមាន​ការបារ​ម្ភ​ខ្លា​ចរលក​ទី​២ នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វីដ​១៩​ក៏ដោយចុះ។

​ដូចជា នៅ​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​សៅរ៍ ប្រជាជន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ហាត់ប្រាណ នៅក្រៅ​ផ្ទះ ជា​លើក​ទី​១ ចាប់តាំងពី​មាន​វិធានការ ដាក់​ក្រុង​មនុស្ស នៅក្នុង​ផ្ទះ កាលពី​ពាក់កណ្តាល​ខែមីនា​មក​។​

​ប្រទេស​អេស្បាញ​ក៏បាន​បើក​ផងដែរ​នូវ​ហាង​កាត់សក់ បារ និង​ភោជនីយដ្ឋាន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកទ្វារ​ឡើងវិញ នៅ​អេ​ស្ប៉ា​ញ ប៉ុន្តែ ជាមួយនឹង​ការ​រឹតត្បិត​សេវា និង​ការរក្សារ​គម្លាត​សង្គម ដើម្បី​ជៀសវាង​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ចំណែក​ការពាក់​ម៉ាស​វិញ ត្រូវ​ធ្វើជា​ចាំបាច់ នៅក្នុងពេល​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។

​ចំណែក​នៅ​អាល្លឺម៉ង់​បាន​កាត់បន្ថយ​វិធាន​ការបិទ​ខ្ទប់​ប្រជាជន នៅមុន​អេ​ស្ប៉ា​ញ​ទៅទៀត​។ នៅ​ថ្ងៃ​ចន្ទ អាល្លឺម៉ង់​គ្រោង​នឹង​បើក​សាលារៀន នៅតាម​តំបន់​មួយចំនួន​។ នៅ​អូទ្រីស ក៏ដូចជា​បណ្តា​ប្រទេស​ស្ក​ង់​ឌី​ណាវ ហាង​ទំនិញ បាន​ចាប់​បើកទ្វារ តាំងពី​ថ្ងៃ​សៅរ៍​។ នៅ​អឺរ៉ុប​ខាងកើត ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នឹង​បើកទ្វារ ចាប់ពី​ថ្ងៃ​ចន្ទ នៅ​ប្រទេស​ស្លូ​វេ​នី និង​ហុង​គ្រី ប៉ុន្តែ​លើកលែង រដ្ឋធានី ប៊ុ​យ​ដា​ប៉េ​ស​។ នៅ​ប៉ូឡូញ សណ្ឋាគារ ហាង​ទំនិញ​ទំនើប បណ្ណាល័យ និង​សារមន្ទីរ នឹង​ចាប់​បើកទ្វារ ជាធម្មតា​ឡើងវិញ ចាប់ពី​ថ្ងៃ​ចន្ទ​។​

​ដោយឡែក​ប្រទេស​នោះទេ​។ បារាំង ដែល​ត្រៀម​ដើរ​ចេញពី​វិធាន​ការបិទ​ខ្ទប់​ប្រជាជន នៅ​ថ្ងៃទី ១១​ឧសភា​ខាងមុខ បាន​ចាត់វិធានការ​បន្ធូរបន្ថយ​មួយចំនួន ដូចជា​បើក​សួនច្បារ អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​គ្រួសារ ឬ​ការជួបជុំ​ក្នុង​ចំនួន​មនុស្ស​មាន​កំរិត៕

 

ក្រសួងសុខាភិបាលប្រាប់ពីចំនួន​អ្នកឆ្លងកូវីដ១៩ និងអ្នកជាសះស្បើយ​គិតត្រឹមព្រឹកនេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលទទួលបានមុននេះបន្តិច៕

 

លោក ត្រំា អះអាងថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី ( COVID-19) នៅត្រឹមចុងឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។  លោកបានលើកឡើងដូច្នេះថា៖ «យើងពិតជាមានជំនឿចិត្តថា យើងនឹងអាចផលិតបានវ៉ាក់សាំងនៅត្រឹមចុងឆ្នាំ២០២០នេះ…ហើយខ្ញុំក៏សង្ឃឹមដែរថា សាលារៀន និងសាកលវិទ្យាល័យនានាអាចនឹងបើកទ្វារឡើងវិញ នៅខែកញ្ញាខាងមុខនេះ»។

សូមជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ១,១៨៨,០២៩នាក់ ក្នុងនោះស្លាប់ ៦៨,៥៨៧នាក់ និងជាសះស្បើយឡើងវិញ ១៧៨,២៦៣នាក់៕

 

 

COVID-19 ៖ អ្នកឆ្លងលើលោកកើនដល់ ៣.៥៦លាននាក់ ស្លាប់ជិត២៥ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៥៦៣,០៦៥នាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៤៨,១២៩នាក់ និងជាសះស្បើយឡើងវិញ ១,១៥៣,៨៤៧ នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ។ មកដល់ព្រឹកថ្ងៃនេះមានអ្នកឆ្លង ១,១៨៧,៥១០នាក់ ស្លាប់ ៦៨,៥៨១នាក់ និងព្យាបាលជាមានចំនួន ១៧៨,២៦៨នាក់។ មកដល់ថ្ងៃចំនួនអ្នកឆ្លង និងស្លាប់សម្រាប់សហរដ្ឋអាមេរិក នៅតែមានចំនួនច្រើននៅឡើយ ក្នុងនោះអ្នកឆ្លងថ្មីមានជិត ៣ម៉ឺននាក់ និងអ្នកស្លាប់ថ្មីមានជាង១ពាន់នាក់៕

 

ម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស ២,៦៧១គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ ពេញមួយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន២.៦៧១គ្រឿង ក្នុងនោះមានម៉ូតូ១៩៨៣គ្រឿង និងរថយន្ត ៦៨៨គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមរបាយការណ៍បញ្ជាក់ថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព បន្ទាប់មកអត់កញ្ចក់ បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវ៉ាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងល្មើសភ្លើងសញ្ញាអត់បណ្ណបើកបរជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៣ថ្ងៃ (ថ្ងៃទី០១-០៣ ខែឧសភា) មានចំនួន ៧៩០២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦០៨៥គ្រឿង និងរថយន្ត១៨១៧គ្រឿង៕

 

អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ

ភ្នំពេញ ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

តាមសេចក្តីជូនដំណឹង សពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

 

ព្រឹកនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ខណៈដែលសន្និសីទសារព័ត៌មាននេះ ត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ៕

 

នគរបាលខេត្តកែប បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅស្រុកដំណាក់ចង្អើរ ចាប់បានម៉ូតូ៥គ្រឿង

ខេត្តកែប ៖ សង្វៀនជល់មាន់លួចលាក់មួយកន្លែងស្ថិតក្នុងភូមិទូលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកដំណាក់ចង្អើរ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល្ឋបាលឃុំ អង្កោល ចុះបង្ក្រាប សង្វៀនជល់មាន់ លួចលាក់មួយកន្លែង កាលពីវេលាម៉ោង ១១ និង ៤០នាទី នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ ។

ក្នុងប្រតិបត្តិការនោះ មិនបានឃាត់ខ្លួនអ្នកលេង និងម្ចាស់សង្វៀននោះទេ ព្រោះពួកគេនាំគ្នារត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចទៅដល់ នៅសល់តែសម្ភារៈ ដូចជា ម៉ូតូចំនួន ៥ គ្រឿង ជញ្ជីងថ្លឹងមាន់ ១គ្រឿង កន្ត្រក២ និងសម្ភារ:រំខ្នាយមាន់មួយចំនួន។

ក្នុងការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ កើត សាវុធ នាយការិយាល័យព្រទណ្ឌកំរិតធ្ងន់ដែលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់លួចលាក់មួយកន្លែងឋិតនៅភូមិទួលស្រងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិ ឃុំខាងលើនោះ បានសាទរចំពោះប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបទីតាំងជល់មាន់លួចលាក់មួយកន្លែងនេះ ហើយក៏បានសំណូមពរឲ្យបន្តបង្ក្រាបទីតាំងល្បែងស៊ីសងដែលនៅសេសសល់មួយចំនួនទៀត ដែលជាការរួមចំណែករួមចំណែកយ៉ាងសំខាន់ក្នុងវិធានការភូមិឃុំមានសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈដែលរឹបអូសបានពីកន្លែងសង្វៀនជល់មាន់នោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ តែមិនបានបញ្ជាក់ច្បាស់ថា ម្ចាស់ទីតាំង និងម្ចាស់សម្ភារៈសំខាន់ៗដូចជា ម្ចាស់ម៉ូតូ ជាដើម តើត្រូវប្រមែប្រមូលដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់ដែរឬយ៉ាងណានោះទេ៕

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​​សួរ​សុខទុក្ខ​បុរសម្នាក់ធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយ​ជីវភាពត្រូវបានផ្លាស់ប្ដូរ

កំពង់ចាម ÷ ពិតជាគួរឲ្យ​សង្វេគ​ណាស់ពេលខ្ញុំ​បានទៅជួបផ្ទាល់​ ជាមួយ​ប្អូន​ប្រុស​ ពិការ​ភាព​​ ដើរមិនរួច​ ដោយសារ​តែគ្រោះថ្នាក់ចរាចរណ៏​ ហើយ​ជីវភាព​ក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ​ បន្សល់​ទុកកូនប្រុសអាយុ៨ឆ្នាំ​ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន​ និងត្រូវនៅជួយមេីលថែទាំ​ឪពុករបស់​ខ្លួន​ទៀត​ ការ​លេីក​ឡើង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​សហការី នារសៀល​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​នាំយកអំណោយ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ​​ជួប​ទុក្ខ​លំបាក០១គ្រួសារ ដែល​មាន​ឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅ​ភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម​ ព្រមទាំង​បានធ្វេីការទំនាក់ទំនង​ទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះ​ផងដែរ​។

បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខ​ លោក​ ឈុន​ រិន​ ដែលជាជនពិការភាព​ ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ពិសេស​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សន្តិបណ្ឌិត អគ្គ​ស្នង​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកំពង់ចាម និងសហការី​ ដែលបានអញ្ជេីញដោយផ្ទាល់​ និងបាននាំយកថវិកា សម្ភារៈ​ប្រេីប្រាស់​ គ្រឿងឧបភោគបរិភោគមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន​ ។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏បាន​ធ្វើ​ការ​អំពាវនាវដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ ដែលបានធ្វេីចរាចរណ៏តាមដងផ្លូវ​ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ព្រោះ​ការ​ចូលរួមការពារ ប្រសេីរជាងព្យាបាល​។
​
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល​ ផងដែរ​ ៕ ដោយ ប៉ែន សុផល

(Video) ជនជាប់ចោទ២នាក់លោតចុះពីរថយន្តប៉ូលីសពេលដឹកបញ្ជូនទៅពន្ធនាគារព្រៃស

ភ្នំពេញ៖ ជនជាប់ចោទ២នាក់ធាក់ទ្វារថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករាលោតចុះរត់គេចខ្លួនទាំដៃជាប់ខ្នោះ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលកាលពីម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២០ស្ថិតនៅចំនុចលើស្ពានអាកាសស្ទឹងមានជ័យផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីសត្ថកិច្ចបានឲ្យដឹងថាមុនពេលកតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានដឹកជនដែលត្រូវជាប់ចោទចេញពីអធិការដ្ឋាននគរបាលខណ្ឌ៧មករាតាមដិការបង្កាប់ឲ្យឃុំខ្លួនជនល្មើសទាំង២នាក់នៅពន្ធនាគារព្រៃស លុះសមត្ថកិច្ចបានបញ្ជូនជនជាប់ចោទទាំង២នាក់ដល់ពាក់កណ្តាលផ្លូវត្រូវជនជាប់ចោទទាំង២នាក់ធាក់ទ្វាររថយន្តរបស់សមត្ថកិច្ចទាំងដៃជាប់ខ្នោះលោតចុះពីលើស្ពានអាកាស៧មករាចុះរត់គេចខ្លួនបាត់ភ្លាមនោះផងដែរកម្លាំព្រហ្មទណ្ឌនិងកម្លាំងអន្តរាគមន៏ខណ្ឌ៧មករាសហការណ៏ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ឡោមពទ្ធ័និងរុករកឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនលុះនៅវេលាម៉ោង១១និង២៥នាទីថ្ងៃដដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានស្រាវជ្រាវចាប់ជនជាប់ចោទម្នាក់ទៀតដែលសំងំលាក់ខ្លួនពួនក្នុងផ្សារស៊ីតធីម័ល។
បច្ចប្ប្នន្នជនជាប់ចោទទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរួចរាល់ផងដែរ៕