All posts by មេគង្គ ប៉ុស្តិ៍

សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដង្ហែទៅបញ្ចុះនៅស្រុកកំណើត ក្នុងខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល២យប់៣ថ្ងៃនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ។

ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើងទៅតាមបែបបទព្រណៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តឧទ្ទិសកុសលពីកុសលពីសំណាក់ព្រះសង្ឃ។ ក្រៅពីក្រុមគ្រួសារសាច់ញាតិ និងកូនចៅហើយនោះ ពិធីដង្ហែសពក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការខ្មែរផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានទទួលមរណភាព នៅវេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕

 

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 លើ​លោក​កើន​ដល់​ជិត​២៦​ម៉ឺន​នាក់​

ពិភពលោក ៖ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៣,៧២៤,៥១១​ ករណី​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២៥៨,០២៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១,២៤០,៧០៥​នាក់​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer នៅ​ព្រឹក​នេះ​៕

ប្រកាសតែងតាំងប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្មីខណៈប្រធានចាស់ចូលនិវត្តន៍

ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលស្ថានភាពជម្ងឺកូវិដ១៩ មិនមានសកម្មភាពរីករាលដាល អតីតអនុប្រធានមន្ទីរសុខាភិបាល លោក ឡេ ចន្ទ័សង្វាត ត្រូវបានប្រកាសអោយចូលកាន់តំណែងជាប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យជំនួសលោក កែវ សុភក្ត្រា ដែលត្រូវចូលនិវត្តន៍។ ពិធីប្រកាសធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋនៅពេលវីរូសកូរូណារឺកូវីដ១៩កំពុងរាតត្បាត ត្រូវបានពិនិត្យនិងពន្យាបាលដោយយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ឡើយ។

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ក្រោយពេលប្រកាសតែងតាំងប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្មី ដោយប្រធានមន្ទីចាស់ត្រូវបានចូលនិវត្តន៍ ក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទអោយល្អ។

លោកសាស្ត្រាចារ្យបានជម្រុញអោយមន្ត្រីសុខាភិបាលត្រូវខិតខំយកចិត្តទុកដាក់ស្របពេលបណ្តាប្រទេសទូទាំងពិភពលោកបានកំពុងរាតត្បាតជំងឺឆ្លងកូរូណារឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់និងមានវិធានការបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩។

លោកសាស្ត្រាចារ្យ អេង ហួត តឿនរំលឹកដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្សព្វផ្សាយណែនាំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩ ដោយអនាម័យខ្លួនប្រាណ និងលាងដៃដោយសាប៊ូ និងអាកុល ពាក់ម៉ាស់អោយបានគ្រប់គ្នា បើមានបងប្អូនមកពីស្រុកក្រៅសំុអោយគាត់នៅឆ្ងាយពីសាច់ញាតិរយៈពេល១៤ថ្ងៃ៕

ថ្ងៃនេះ បុណ្យវិសាខបូជា ឈ្វេងយល់ពីប្រវត្តិពិធីបុណ្យនេះ…!

ភ្នំពេញ ៖ ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា ដែលប្រារព្ធឡើងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយ និងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណ របស់មនុស្សជាតិតទៅទៀត។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរ ទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទ គប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

១- ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២- ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

៣- ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់គប្បីមានមត៌កណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕

 

ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច៕

 

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៧៥៨គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៧៥៨គ្រឿង ក្នុងនោះមានម៉ូតូ១,២៦៥គ្រឿង និងរថយន្ត៤៩៣គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បន្តថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

របាយការណ៍បញ្ជាក់ថា បើសរុបយានយន្តល្មើសទាំងរយៈពេល៥ថ្ងៃ (ថ្ងៃទី០១-០៥ ខែឧសភា) មានចំនួន ១១៥១១គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៧៥៦គ្រឿង និងរថយន្ត២៧៥២គ្រឿង៕

 

ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ ​និង​គ្មាន​អ្នកស្លាប់​ទេ​

​បាងកក ៖ អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​រសៀល​នេះ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 តែ​ម្នាក់​ប៉ុណ្ណោះ និង​មិនមាន​អ្នកស្លាប់​ថ្មី​ទៀត​នោះឡើយ សម្រាប់​រយៈពេល​ពេញ​មួយថ្ងៃ​។​ នេះ​បើតាម​ប្រភពពី CNA។​

​លោក Taweesin Wisanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩​បាន​ឲ្យ​ដឹងថា ករណី​ថ្មី​នោះ​គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់​មាន​អាយុ ៤៥​ឆ្នាំ មាន​រស់នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។

​គួរ​ជម្រាប​ថា សរុប​មកទល់ពេលនេះ ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​ថៃ សរុប​មាន ២,៩៨៨​ករណី ក្នុងនោះ​ស្លាប់ ៥៤​នាក់ និង ២,៧៤៧​នាក់​បាន ជាសះស្បើយ ស្រប​ពេលដែល​អ្នកជំងឺ ១៨៧​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​៕

 

ក្រុមចោរ​វាយ​បំបែក​ទ្វារ​កញ្ចក់​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង «​ភ្នំពេញ​អូ​ហ្វី​ស ស​ប្លាយ៍​»

​ភ្នំពេញ ៖ ចោរ​២​នាក់​ដែល​គេ​ដឹងថា បាន​ជិះ​កង់​១​គ្រឿង មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​ហាង​លក់​កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​ព្រី​ន​យីហោ «​ភ្នំពេញ​អូ​ហ្វី​សស​ប្លាយ៍​» ចូល​លួច​កុំ​ទ្យុ​ទ័​រ ១​គ្រឿង និង​លេប​ថប​១​គ្រឿង បានសម្រេច រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះ​លេខ​2Eo​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហាង​ខាងលើ មិនមាន​បុគ្គលិក​ណា​ម្នាក់ នៅ​ដេក​យាម​ទេ ជា​រៀងរាល់​យប់ តែងតែ​ចាក់សោ​ទ្វារ​ទុកចោល​។ ដោយនៅ​ថ្ងៃកើតហេតុ ខណ​:​ដល់​វេលា​ត្រូវ​បិទ​ហាង បុគ្គលិក​ទាំងអស់ រួមជាមួយ​អ្នកគ្រប់គ្រង ក៏បាន​នាំគ្នា​រៀបចំ​ចាក់សោ​បិទទ្វារ​ហាង រួច​ចេញទៅ​ផ្ទះ​រៀងៗ​ខ្លួន​។ លុះ​ដល់ពេល​កើតហេតុ ស្រាប់​តែមាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​តាម​ទូរស័ព្ទ ទៅប្រាប់​ថា ហាង​ត្រូវបាន​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ និង​វាយ​បំបែក​ទ្វារ​កញ្ចក់ បណ្តាល​ឲ្យ​បែក​អស់​មួយ​ផ្ទាំង​ទំហំ​ប្រមាណ​២x១​ម៉ែត្រ​កន្លះ​។​

​បន្ទាប់មក​ពួកគាត់ ក៏​ប្រញាប់ប្រញាល់​នាំគ្នា ចុះមក​ត្រួត​ពិនិត្យមើល នៅ​ទីតាំង​ខាងលើ រួមទាំង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅខាងមុខ​ហាង ទើប​ដឹងថា ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់ បាន​ជិះ​មួយគ្រឿង​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​មួយ​ជាន់​ទៀត ដើម្បី​ចូលទៅ​ខាងក្នុង​ហាង​លួច​យក​កុំព្យូទ័រ​លើ​តុ​ចំនួន​១​គ្រឿង​និង​ឡេ​ប​ថប​ចំនួន​១​គ្រឿង ហើយ​បាននាំគ្នា​ឡើង​ជិះ​កង់ គេច​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ៕

 

ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ខេត្តសៀមរាប ៖ ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញលោកអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕

 

GMAC ៖ កម្មករ​ជិត ២០ម៉ឺននាក់ នឹងត្រូវ​ព្យួរការងារ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ

ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC) បាន​ឱ្យដឹងថា រោងចក្រ​ចំនួន ១៨០ បាន​ព្យួរប្រតិបត្តិការ​របស់ខ្លួន ហើយ​រោងចក្រ​ចំនួន ៦០បន្ថែម​ទៀត​​នឹងឈានទៅរក​ការព្យួរផងដែរ ដែល​កំពុង​ប៉ះពាល់​ដល់​កម្មករ​ជាង១៥ម៉ឺននាក់​ដែលត្រូវបាន​ព្យួរការងារ​ជាបណ្តោះអាសន្ន។

លើសពីនេះ កម្មករ​ជិត ២០​ម៉ឺននាក់​ទៀត នឹង​ត្រូវព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗនេះ ដែល​នឹង​ប៉ះពាល់​ដល់​សមាជិក​គ្រួសារ​ប្រមាណ ២លាននាក់​ដែល​ពឹង​ផ្អែក​លើពួកគេ​ទៀតផង។ នេះបើតាម​លិខិត​របស់ GMAC ចុះកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០ ស្តីពី​ការ​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ដល់​អ្នកបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរពីកម្ពុជា។

GMAC លើកឡើងថា៖ «យើង​យល់​អំពី​ភាព​លំបាក​ដែលអ្នកបញ្ជាទិញ​កំពុងប្រឈមមុខ ប៉ុន្តែ​យើងពិតជាអំពាវនាវ​យ៉ាងខ្លាំង​ទៅអ្នក​បញ្ជា​ទិញ​ទាំងអស់​មេត្តា​គោរព​តាមលក្ខខណ្ឌទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ទទួលរួចហើយ និង/ឬ​ដែល​កំពុងដឹក​ទៅឱ្យ​អ្នកបញ្ជាទិញ។ រោងចក្រ​នៅកម្ពុជា កំពុងរងគ្រោះ​រួចហើយ​ពីការលុបចោល​ការបញ្ជាទិញ​ជាច្រើន និង​ការគ្មាន​បញ្ជាទិញ​ថ្មីៗ ហើយ​មិនអាចទ្រាំទ្រ​នឹងការមិនទូទាត់​ប្រាក់នោះទេ»៕

សូមអានបន្ថែមក្នុងលិខិតខាងក្រោម៖ 

 

 

ក្រសួងសុខាភិបាលប្រាប់ពីចំនួន​អ្នកឆ្លងកូវីដ១៩ និងអ្នកជាសះស្បើយ​គិតត្រឹមព្រឹកនេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលទទួលបានមុននេះបន្តិច៕

 

WHO ៖ អាមេរិកមិនបានផ្ដល់​​ភស្ដុតាង​ណាមួយស្តីពី​ការអះអាងថាកូវិដ១៩​ចេញពី​មន្ទីរពិសោធន៍​ចិន​ទេ​

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​ផ្តល់​ភស្ដុតាង​ណាមួយ​ដើម្បី​គាំទ្រ​ការអះអាង​ដោយ​ប្រថុយប្រថាន របស់​ប្រធានាធិបតី​អាមេរិក​ដែលថា​វីរុស​ថ្មី​កូ​វីដ​១៩​នេះ​មាន​ប្រភព​នៅក្នុង​មន្ទីរពិសោធន៍​ចិន​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Michael Ryan បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​”​យើង​មិន​បានទទួល​ទិន្នន័យ​ឬ​ភ័ស្តុតាង​ជាក់លាក់​ណាមួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទាក់ទង​ទៅនឹង​ប្រភពដើម​នៃ​វីរុស​នោះទេ​។​

​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​វីរុស​នេះ​បាន​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដែល​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំមុន​អាចមកពី​ទីផ្សារ​មួយ​នៅ​ទីក្រុង​វូ​ហាន​ដែល​លក់​សត្វ​កម្រ​បែបនេះ។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានធ្វើការ​រិះគន់​កាន់​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ចិន ដែល​បណ្តោយឱ្យ​ជំងឺ​កាច​សាហាវ​នេះ​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក​។ លោក​ក៏បាន​ធ្វើការ​អះអាងថា ជំងឺ​កូ​វីដ​១៩ គឺ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍ Wuhan Institute of Virology ក្នុង​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ខណៈ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា ជំងឺ​នេះ​គឺមាន​ដើមកំណើត​ចេញពី​ទីផ្សារ​លក់​សាច់សត្វ នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។​

​ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​“ អាមេរិក​មាន​ភ័ស្តុតាង​ជាច្រើន​ដែល​បាន​អះអាង​វីរុស​នេះ​មាន​ប្រភពពី​មន្ទីរពិសោធន៍​ចិន ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​។​

​លោក Michael Ryan បាន​និយាយថា WHO នឹងមាន​ឆន្ទៈ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ណា​ដែល​បញ្ជាក់​ពី​ប្រភពដើម​នៃ​វីរុស​នេះ​” ដោយ​លោក​សង្កត់ធ្ងន់ថា​នេះ​គឺជា​”​ព័ត៌មាន​សុខភាព​សាធារណៈ​ដ៏​សំខាន់​សម្រាប់​ការគ្រប់គ្រង​ជំងឺ​នេះ​អនាគត​”។​

​លោក​បាន​បន្ថែមថា​“​ប្រសិនបើ​ទិន្នន័យ​និង​ភ័ស្តុតាង​មាន​ពិ​ក​មែន​នោះ​ថា​តើ អាមេរិក​អាច​ចែកចាយ​នៅពេលណា​ប៉ុន្តែ​វា​ពិបាក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ប្រតិបត្តិការ​ព័ត៌មាន​ខ្វះចន្លោះ​នៅក្នុង​បញ្ហា​នោះ​”៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៦៤លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៦៤៣,២៤២ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៥២,២៤០នាក់ និងជាសះស្បើយឡើងវិញ ១,១៩៤,៧៣៩នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២១២,៨០៦នាក់ ស្លាប់ចំនួន ៦៩,៩២០នាក់ និងជាសះស្បើយចំនួន ១៨៨,០២៧នាក់៕

 

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី០៦-១២ ខែឧសភា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០។

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១°C ។

ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។
នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងក៏បានអំពាវនាវសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវ សីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១°C នាថ្ងៃទី៨-៩-១០ ខែឧសភា៕

 

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៨៤៤គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១៨៤៤គ្រឿង ក្នុងនោះមានម៉ូតូ១៤០៤គ្រឿង និងរថយន្ត ៤៤០គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែឧសភា) មានចំនួន ៩៧៥១គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤៩៤គ្រឿង និងរថយន្ត២២៥៧គ្រឿង៕