All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ ហ៊ុន សែន ៖ «រាជរដ្ឋាភិបាល នឹងសង ៥ថ្ងៃវិញក្រោយប្រទេសឆ្លងផុតកូវីដ-១៩»

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារនាព្រលប់ថ្ងៃទី៨ មេសា ថា៖ «រាជរដ្ឋាភិបាលនឹងសង ៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩»។

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំឲ្យឆ្លងមេរោគកូវីដ-១៩»។

ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាត្តិឲ្យធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនដែលអាចចម្លងរោគកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលយោគយល់ចំពោះស្ថានភាពដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕

ករណីកូវីដ១៩ ៖ អូស្ត្រាលី នឹងបញ្ជូនយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួនចាកចេញពីកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនដែលកំពុងស្នាក់នៅកម្ពុជា តាមជើងហោះហើរ ពិសេសមួយនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ ដោយរំពឹងថា នឹង ទៅដល់គោលដៅនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា តាមការកំណត់របស់រដ្ឋាភិបាល អូស្រ្តាលី អ្នកដំណើរទាំងអស់ត្រូវអនុលោមតាមលក្ខខណ្ឌដោយពេលទៅដល់អូស្ត្រាលី គឺតម្រូវឱ្យនៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារ ដែលបានកំណត់នៅទីក្រុងស៊ីដនី ក្នុងរយៈពេល ១៤ថ្ងៃ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា សំបុត្រយន្តហោះទៅអូស្ត្រាលី លើកនេះ គឺសម្រាប់តែពលរដ្ឋអូស្ត្រាលី និងអ្នកមានសិទ្ធិស្នាក់នៅអូស្ត្រាលីអចិន្ត្រៃយ៍ ឬសមាជិកគ្រួសារផ្ទាល់របស់អ្នកទាំងនោះប៉ុណ្ណោះ៕

រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែក តាមរយៈវីដេអូ ខុនហ្វេរ៉េន

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ កិច្ចប្រជុំ Video Conference នេះ ស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។

សូមជំ្របាថា កិច្ចប្រជុំនេះ សកម្មភាពរួមគ្នារបស់អាស៊ាន ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ាន និងឆ្លើយតបវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩៕

ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នារៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មានបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សនៅតាមទីជនបទដែលគ្មានស្មាតហ្វូន សំរាប់តាមដានពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ខណៈដែលក្រសួងមានកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App សំរាប់ឲ្យសិស្សរៀន ប៉ុន្តែក៏នៅតែជាកង្វល់របស់ក្រសួងសំរាប់ឲ្យសិស្សានុសិស្សនៅទីជនបទពិបាកក្នុងការរៀនផងដែរ។ ដូច្នេះ ទើបក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មានរៀបចំកម្មវិធីនេះឡើង ដោយយើងថតទុកហើយបន្ទាប់មកនឹងផ្សព្វផ្សាយដល់សិស្ស ទស្សនាលើមុខវិជ្ជាដែលត្រូវរៀន ដោយសិស្សអាចមើលទូរទស្សន៍តាមកម្មវិធីរបស់ក្រសួង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សទាំងអស់ ។

លោករដ្ឋមន្រ្តីបន្តថា ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទអាចទទួលបានការអប់រំប្រកបដោយគុណភាព។

ជាមួយគ្នានេះ ក្រសួងព័ត៌មានបានស្នើសុំក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍កម្ពុជា CCTV ១ ប៉ុស្តិ៍ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍រាជធានីភ្នំពេញ PPCTV ១ ប៉ុស្តិ៍ និងទូរទស្សន៍ខ្សែកាប្លិ៍ ១ ប៉ុស្តិ៍ ក្នុង១ខេត្ត សម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចម្ងាយ តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប “តេជោធីវី” នូវកម្មវិធី “ទទក២”។

ក្នុងពិធីនេះដែរ ក្រុមហ៊ុន ខេមបូឌានឌីធីវី ណេតវើក លីមីធីត បានប្រគល់ ឌីធីវី ចំនួន ១០ ឈុត ដល់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

 

ក្រសួង​អប់រំ ប្រកាស​ពន្យា​រពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៨ ខែមេសា នេះ​បានចេញ​សេចក្តីណែនាំ​មួយ​ស្ដីពី​ការពន្យារពេល​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាក់​ឌុប ឆ្នាំ​សិក្សា ២០១៩- ២០២០​។​

​ក្រសួង​អប់រំ ក៏​មិនទាន់​ប្រកាសថា នឹង​ចាប់ផ្តើម​ថ្ងៃ​ណា​នោះទេ គ្រាន់តែ​ពេលនេះ សម្រេច​ពន្យា​ពេល​ប្រឡង ដើម្បី​ការពារ នូវ​ជំងឺ Covid 19 កុំ​ឲ្យ​រីក​រាលដាល កាន់តែខ្លាំង​៕

​សូម​អាន​នូវ​សេចក្តីលម្អិត ពី​ការ​សេចក្តីណែនាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំងស្រុង​នៅ​ខាងក្រោម​នេះ​៖

 

លោក សុវណ្ណ រិទ្ធី ចាងហ្វាងការផ្សាយ TVFB ត្រូវបានចាប់ខ្លួនពីបទញុះញង់

ភ្នំពេញ ៖ លោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។ ការចាប់ខ្លួននេះ ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេចតេជោ ហ៊ុន សែន ដែលបាននិយាយនៅក្នុងសន្និសីទកាសែតថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ថា
«សម្ដេច ហ៊ុន សែន លោកបានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋដែលជួប្រឈមនឹងជំងឺ COVID-19ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។

ទោះជាយ៉ាងនេះក្តី លោក ឆាយ គឹមឃឿន បាននិយាយថា បើសិនជាពិនិត្យឃើញថា ជាករណីធ្ងន់ធ្ងរនោះ សមត្ថកិច្ចនឹងធ្វើបែបបទកសាងសំណុំលោក សុវណ្ណ រិទ្ធី បញ្ជូនទៅតុលាការ ប៉ុន្តែបើសិនជាករណីអចេតនា សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងណែនាំប៉ុណ្ណោះ៕

សម្តេចតេជោជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក

ភ្នំពេញ ៖ រសៀលថ្ងៃទី៨មេសានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕

ចំពោះលទ្ធផល ខ្លឹមសារនៃកិច្ចសន្ទនាសូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសខាងក្រោម ៖

 

រាជរដ្ឋាភិបាលកម្ពុជាសន្សំសំចៃថវិកាបន្ថែម៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ហើយអំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។

ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថានភាពដែលយើងមិនអាចមើលឃើញណាមួយ។

កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។​ នៅថ្ងៃទី ៧​ មេសា ម្សិលមិញនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ជាសាធារណះអំពីការសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ”៕ (ខ្លឹមសារទាំងស្រុងពីផេកសម្តេចតេជោ ហ៊ុន សែន)

 

ពលរដ្ឋ​អ៊ីរ៉ង​ជាង​៦០០​នាក់​ស្លាប់ បន្ទាប់ពី​ផឹក​អាល់កុល​ដោយ​ជឿថា​អាច​ព្យាបាល​កូ​រ៉ូ​ណា​

អ៊ីរ៉ង់ ៖ ប្រជាជន​អ៊ីរ៉ង់​រាប់រយ​នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់​ទៀត​កំពុង​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ផឹក​អាល់កុល​ដែលមាន​កំហាប់​ខ្ពស់ ដោយ​ជឿថា វា​អាច​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​បាន​។​

​អ្នកនាំពាក្យ​តុលាការ​អ៊ីរ៉ង់​លោក Gholam Hossein Esmaili បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង​៦០០​នាក់ បាន​ស្លាប់ បន្ទាប់ពី​ការប៉ុនប៉ង​ព្យាបាល ហើយ​ឥឡូវនេះ​មនុស្ស​ប្រមាណ​៣,០០០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក Esmaili បាន​និយាយថា “​ចំនួន​នេះ​គឺ​ខ្ពស់​ណាស់​ហើយ​វា​លើសពី​ការរំពឹងទុក​របស់​យើង​ទៅទៀត​។ ការផឹក​អាល់កុល​មិនមែនជា​ការព្យាបាល​ទេ ប៉ុន្តែ​វា​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​”​។ ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Tasnim របស់​រដ្ឋ លោក​បាន​បន្ថែមថា “​មនុស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​”​។​

​គួរ​បញ្ជាក់ថា ប្រទេស​អ៊ីរ៉ង់​គឺជា​កន្លែង​នៃ​ការផ្ទុះ​វីរុស​អាក្រក់​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយមាន​ករណី​នៃ​ការឆ្លង​ចំនួន​៦២,៥៨៩​ករណី និង​អ្នកស្លាប់​៣,៨៧២​នាក់​៕

 

ខ្យល់កន្រ្តាក់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្ស០៥នាក់នៅក្រុងសំរោង

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្ស០៥នាក់ ស្រី០៤ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្រួសងបញ្ជាក់ថា ជនរងគ្រោះរបួសធ្ងន់០២នាក់ ស្រី កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ, របើកដំបូល ២០ខ្នង, ធ្លាក់ពីជើងតាង ០៤ខ្នង, ខូចខាតទាំងស្រុង ០៣ខ្នង, ខូចខាតម៉ូតូ ០១គ្រឿង, ខូចខាតគោយន្តកន្រ្តៃ ០១គ្រឿង៕

ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន៥នាក់

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់ ៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧ នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

អ្នកជាសះស្បើយទាំង៥នាក់រួមមាន៖

បុរសជនជាតិបារាំង០២នាក់៖ បុរសអាយុ៦៣ឆ្នាំ និងបុរសអាយុ៦៧ឆ្នាំ ជាអ្នកទេសចរបារាំង បានសម្រាកព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក។ ពួកគេកំពុងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសណ្ឋាគារ ដើម្បីរង់ចាំជើងហោះហើយត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម។

ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង បានជាសះស្បើយ ដោយទទួលបានលទ្អោលអវិជ្ជមាន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។

បុរសជនជាតិខ្មែរអាយុ២៨ ឆ្នាំនៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តិភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែត្រច្រើន) បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕

 

 

មន្រ្តីខ្មែរម្នាក់ដែលជាសះស្បើយពី កូវីដ១៩ ប្រាប់ពីរឿងរ៉ាវដែលនាំឱ្យកើតជំងឺនេះ និងវិធីព្យាបាល

ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍​របស់​មន្រ្តី​ខ្មែរម្នាក់​ដែលជាសះស្បើយពីជំងឺកូវីដ១៩ ដែល​បាន​រៀបរាប់ពីរឿងរ៉ាវដែលនាំឱ្យលោកកើតជំងឺនេះ និងរបៀបនៃការព្យាបាលរបស់គ្រូពេទ្យ នៅមន្ទីរពេទ្យ​ខ្មែរ-សូវៀត។

ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។

១) ការឆ្លង និងអាការៈដំបូង

ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ សិក្ខាកាមផ្សេងទៀតបានទាមទារធ្វើតេស្តិ៍ តែបារាំងមិនព្រមធ្វើអោយ ដោយសំអាងថា គ្មានអាការៈ។ សិក្ខាកាមបរទេសពីររូបផ្សេងទៀតក៏បានប្រាប់យើងថា ពួកគាត់បានធ្វើតេស្តិ៍វិជ្ជមានដែរបន្ទាប់ពីទៅដល់ប្រទេសវិញ។

មកដល់ប្រទេសវិញ ជាវិធានការបង្ការ ខ្ញុំបានជួលខុនដូនៅដាច់ដោយឡែកពីគ្រួសារអោយបានគ្រប់១៤ ថ្ងៃ។ មួយថ្ងៃក្រោយមក ពោលគឺ៧ថ្ងៃក្រោយពីខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកមានផ្ទុកវីរុស ទើបខ្ញុំមានអាការៈប្លែក ដកដង្ហើមញាប់ រាគ ប៉ុន្តែមិនក្តៅខ្លួន។ ថ្ងៃទីពីរនៅរាគទៀត ទោះមិនមានញ៉ាំអ្វីខុស ហើយស្រៀវស្រាញ តឹងក និងឡើងកម្តៅ។ គេងយប់ក្តៅរងា ហើយបែកញើស ឆាប់អស់កម្លាំង ចុករោយស្រពន់។ ខ្ញុំក៏ស្នើសុំការពិនិត្យនៅពេទ្យសូវៀត ហើយគេយកដងវែងដូចសំឡីត្បារត្រចៀក រុកចូលច្រមុះ និងបំពង់កខ្ញុំ ហើយយកសំណាករបស់ខ្ញុំទៅពិនិត្យ។ ក្រោយដឹងលទ្ធផលថាវិជ្ជមាន ដើម្បីរក្សាការសំងាត់ និងអត្តសញ្ញាណអ្នកជំងឺផង និងដើម្បីការពារសុខភាពសាធារណៈផង គេបានសាកសួរគ្រប់ចំណុចថា តើខ្ញុំបានជួបនរណា ទៅញ៉ាំបាយហាងណា។ល។ បន្ទប់ជួលខុនដូរបស់ខ្ញុំត្រូវបានគេស្ទេរីលសម្លាប់មេរោគ ហើយអ្នកសំអាតបន្ទប់ក៏ត្រូវដាក់ក្នុងការតាមដាន។

២) ថ្នាំព្យាបាល

ថ្នាំសំខាន់ជាងគេគឺ Kaletra ដែលគេប្រើសម្រាប់ទប់ទល់នឹងវីរុស HIV ។ ថ្នាំនេះខ្លាំងអាចធ្វើទុក្ខក្រពះ ពិបាកគេង។ នៅថ្ងៃទីបី ពេទ្យបានអោយថ្នាំថ្មីបន្ថែមទៀតគឺ Chloroquine ដែលជាថ្នាំគ្រុនចាញ់ ដើម្បីកុំអោយវីរុសរីករាលដាលវាយលុកដល់សួត។ ថ្នាំទាំងពីរមុខនេះ មិនមែនជាថ្នាំព្យាបាលទេ គឺគ្រាន់តែជាថ្នាំទប់ទល់កុំអោយមេរោគរីករាលដាលប៉ុណ្ណោះ។ ក្រៅពីនេះ គឺអោយថ្នាំអាស្រ័យលើអាការៈ បើក្តៅខ្លួនដាក់ Doliprane បើរាគដាក់ថ្នាំរាគ។

អ្នកជំងឺដែលមានអាការៈស្រាលគឺពេទ្យឱ្យប្រើតែ Kaletra ទេ តែខ្ញុំនិងបុរសជនជាតិបារាំងដែលមានបញ្ហាផ្លូវដង្ហើម ពេទ្យតម្រូវឱ្យប្រើថ្នាំ Chloroquine ថែមទៀត។ ពេទ្យឱ្យខ្ញុំប្រើថ្នាំ Chloroquine ១០ថ្ងៃ ដើម្បីឱ្យផុតដំណាក់កាលគ្រោះថ្នាក់នៃការរលាកសួត។ អាការៈនៃការរលាកសួតគឺមានបីព្រមគ្នា គឺក្តៅខ្លួនជាប្រចាំ ក្អក និងពិបាកដកដង្ហើម។ តែខ្ញុំពុំមានអាការៈក្តៅខ្លួនជាប្រចាំនោះទេ។

៣) អាការៈប្រចាំថ្ងៃ និងស្ថានភាពជំងឺ

អ្នកជំងឺពេលនោះមានប្តីប្រពន្ធវ័យចំណាស់ជនជាតិអង់គ្លេស បុរសជនជាតិបែលហ្សិក និងបុរសជនជាតិបារាំង ២នាក់ និងបងប្អូនខ្មែរឥស្លាម៤នាក់។ អាការៈ និងរោគសញ្ញាគឺមិនដូចគ្នាទេ។ ក្នុងចំណោមអ្នកជំងឺទាំង១០នាក់ មានតែខ្ញុំ និងបុរសជនជាតិបារាំងប៉ុណ្ណោះដែលមានបញ្ហាផ្លូវដង្ហើម ឯអ្នកផ្សេងទៀតហាក់ពុំមានអាការៈអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់មានតែក្តៅខ្លួនបន្តិចបន្តួច ឬពិបាកគេង ឬធ្វើទុក្ខក្រពះដោយសារថ្មាំប៉ុណ្ណោះ។ អាការៈជំងឺមានឡើងមានចុះ។

បន្ទាប់ពីចូលសម្រាកព្យាបាល អាការៈរបស់ខ្ញុំគឺតឹងក ហាក់ដូចជាមានសត្វល្អិតនៅរមាស់ក្នុងបំពង់ក។ ខ្ញុំពុំមានប្រវត្តិឈឺផ្លូវដង្ហើមពីមុនមកទេ។ សំលេងខ្ញុំចាប់ផ្តើមស្អក ហើយក្អករាល់ពេលដែលខ្ញុំហាមាត់និយាយ។ អាចដកដង្ហើមចេញបាន តែមានការពិបាកក្នុងការដកដង្ហើមចូល។ បើដកចូលខ្លាំង នឹងក្អក ឬដូចចង់ថប់ដង្ហើម។ គេងរាបស្មើធម្មតាពិបាកដកដង្ហើម ទាល់តែដាក់គ្រែរាងបញ្ឈរបន្តិច ហើយគេងផ្អៀងក៏ពិបាកដកដង្ហើមដែរ។ ដោយសារឥទ្ធិពលថ្នាំផង ដោយសារមេរោគវាយលុកផង ជួនកាលធ្វើទុក្ខក្រពះពិបាកញ៉ាំ ជួនកាលពិបាកគេង ជួនទៅពេលគេងក្តៅត្រជាក់ បែកញើស។ ប៉ុន្តែពេទ្យមិនមានឱ្យតមអ្វីទេ ម្ហូបអ្វីក៏ញ៉ាំបានដែរ ឱ្យតែឃ្លាន។ ចំពោះកម្លាំងកំហែង ពេលខ្លះមានកម្លាំង ពេលខ្លះក៏ខ្សោយកម្លាំង។ អ្នកជំងឺផ្សេងទៀតដូចគ្នាដែរ។

នៅថ្ងៃទី១០ ពេលព្រឹកខ្ញុំហាក់មានអារម្មណ៍ស្រឡះបំពង់ក។ ពេលនោះខ្ញុំអរខ្លាំងណាស់។ តែពេលរសៀលស្រាប់តែឈឺកឡើងវិញ។ ហេតុតែចង់ឆាប់ជា ថ្ងៃនោះខ្ញុំខំប្រឹងញ៉ាំច្រើន ឈរហាលថ្ងៃ៣០នាទីព្រឹក ៣០នាទីល្ងាច។ ដល់ប្រឹងជ្រុលពេកខ្ញុំបែរជាបាក់កម្លាំង ហើយស្ថានភាពធ្លាក់ចុះស្រិប។ ខ្ញុំពិបាកដកដង្ហើមទាល់តែប្រើអុកស៊ីសែនជំនួយ ហើយអស់កម្លាំងល្ហិតល្ហៃ ទាល់តែព្យួរសេរ៉ូមទើបមានកម្លាំងឡើងវិញ។ នេះគឺជាថ្ងៃដែលដុនដាបបំផុតសម្រាប់ខ្ញុំ។ បន្ទាប់ពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមថ្មមសុខភាពឡើងវិញ មិនបង្ខំញ៉ាំលើសកម្រិត ឬហាត់ប្រាណលើសកម្លាំង។

ខ្ញុំខិតខំស្តាប់អ្វីដែលរាងកាយទាមទារ។ ខ្ញុំខំញ៉ាំតិចៗតែច្រើនដង ហើយញ៉ាំនេះញ៉ាំនោះឱ្យមានអ្វីនៅក្នុងក្រពះជានិច្ច ដើម្បីរក្សាកម្លាំងជាប្រចាំ។ ព្យាយាមញ៉ាំទឹកច្រើនណាស់ ហាក់បីដូចជាការសំអាតបំពង់ក។ នៅពេលដែលយើងមានសុខភាពខ្សោយ ហើយនៅពេលមានសម្ពាធឈាមទាប ពេលខ្លះយើងអាចយល់សប្តិអាក្រក់។ មិនមែនតែខ្ញុំទេ ជនបរទេសទាំងនោះក៏និយាយដូចគ្នាដែរ។ ការរក្សាសុខភាព និងកម្លាំងឱ្យមានលំនឹងល្អគឺមានសារៈសំខាន់។ មិនអាចបង្ខំតាមចិត្តដែលចង់ជានោះទេ។

៤) ការធ្វើតេស្តិ៍តាមដានមេរោគ

ដំបូង ពេទ្យបានប្រាប់ថា ធ្វើតេស្តិ៍បីថ្ងៃម្តង ហើយបើអវិជ្ជមានយកទៅដាក់កន្លែងផ្សេងតែម្តង ដើម្បីត្រៀមទទួលអ្នកវិជ្ជមានផ្សេងទៀត។ ក្រោយមក គេដូរគោលការណ៍មកពិនិត្យ២ថ្ងៃម្តងវិញ។ ក្រោយពេលដែលធ្វើតេស្តិ៍អវិជ្ជមានពីរដងជាប់គ្នា ទើបគេអនុញ្ញាតឱ្យចេញពីពេទ្យ ហើយក៏នៅបន្តតាមដានសុខភាព២សប្តាហ៍បន្តទៀត។ ក្នុងរយៈពេលពីរសប្តាហ៍នេះក៏ត្រូវធ្វើតេស្តិ៍ម្តង ឬពីរដងទៀត ដើម្បីឱ្យប្រាកដថា លែងមានវីរុស។

លទ្ធផលតេស្តិ៍អវិជ្ជមានពីរដងជាប់គ្នាគឺមិនមែនមានភ្លាមៗនោះទេ។ បើមើលអ្នកជំងឺជុំវិញខ្ញុំ បូកទាំងខ្លួនខ្ញុំផងគឺពួកយើងត្រូវការពេលវេលាប្រហែល៣សបា្តហ៍ ទម្រាំវីរុសទាំងនោះរលាយបាត់ទៅវិញ ដោយខ្លួនឯង អាស្រ័យទៅតាមភាពខ្លាំង និងភាពស៊ាំនៃប្រព័ន្ធការពាររាងកាយយើង និងរយៈពេលនៃការឆ្លងវីរុស។ អ្នកខ្លះអាចជាលឿន ឬយូរជាងនេះ ពោលគឺមិនអាចកំណត់ពេលវេលាជាក់លាក់នោះទេ។

៥) ការគ្រប់គ្រងសតិអារម្មណ៍

ដូចរៀបរាប់ខាងលើ លទ្ធផលតេស្តិ៍អវិជ្ជមានពីរដងជាប់គ្នាគឺមិនងាយនោះទេ ព្រោះពេលខ្លះអវិជ្ជមានម្តងហើយ តែធ្វើតេស្តិ៍លើកក្រោយវិជ្ជមានវិញគឺជារឿងធម្មតាសម្រាប់អ្នកជំងឺកូវីត។ ដូច្នេះ ការធាក់ថយបែបនេះ ពេលខ្លះធ្វើឱ្យអ្នកជំងឺស្ត្រេសខ្លាំង។ ជនបរទេសដែលបារម្ភខ្លាចអត់យន្តហោះត្រឡប់ទៅស្រុកវិញ គឺពួកគាត់អន្ទះអន្ទែងខ្លាំងណាស់។ ស្រ្តីចំណាស់ជនជាតិអង់គ្លេសយំរាល់ថ្ងៃ។ បុរសជនជាតិប៊ែលហ្សិកស្រែកអាឡេអាឡូ ដោយមិនអាចគ្រប់គ្រងអារម្មណ៍ ខ្លួនឯងបាន។ បុរសជនជាតិបារាំងដែលគ្មានបញ្ហាសុខភាពអីសោះ ក៏អាចក្លាយទៅជាប្រកាច់ដកដង្ហើមមិនដល់គ្នា ដោយសារការភ័យខ្លាច និងបារម្ភហួសហេតុដែរ។

ខ្ញុំក៏បានសួរពួកគាត់ថា តើមានប្រយោជន៍អ្វីដែលកម្ពុជាត្រូវទុកអ្នកឯងនៅពេទ្យ បើសិនជាអ្នកឯងជាសះស្បើយពីជំងឺនោះ? ខ្ញុំថា បើនៅបារាំង គ្រាន់តែសុំគេធ្វើតេស្តិ៍ ក៏គេមិនធ្វើឱ្យផង។ ពួកគាត់ក៏ស្ងាត់មាត់។ ខ្ញុំមិនបាននិយាយបញ្ចប់ឃ្លាទេថា កម្ពុជាមើលពួកគាត់ដោយមិនគិតកម្រៃអ្វីទាំងអស់ ហើយកម្ពុជាក៏ត្រូវការមើលថែប្រជាជនខ្លួនឯងដែរ។

ឃើញតេស្តិ៍អវិជ្ជមានហើយវិជ្ជមានឡើងវិញរបស់ពួកគាត់ ខ្ញុំក៏ប្រាប់ខ្លួនឯងថា ខ្ញុំមិនខ្វល់ពីលទ្ធផលបណ្តោះអាសន្ននោះទេ គឺខ្ញុំចង់ស្តាប់តែលទ្ធផលអវិជ្ជមានពីរដងប៉ុណ្ណោះ។ ពេលដែលដឹងថា សុខភាពខ្លួនឯងមិនស្រួល ខ្ញុំសឹងតែមិនចង់ធ្វើតេស្តិ៍ផង។ សំខាន់បំផុតនោះគឺមិនមែនអន្ទះសារចង់ប្រញាប់ចេញពីពេទ្យនោះទេ។ ត្រូវគិតថា យូរប៉ុណ្ណាក៏ត្រូវទ្រាំដែរ ត្រូវនៅឱ្យទាល់តែជាសះស្បើយ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ និងសង្គម។

បងប្អូនខ្មែរឥស្លាមមានការគ្រប់គ្រងអារម្មណ៍បានល្អ តាមរយៈទម្លាប់បន់ស្រន់ជាប្រចាំរបស់ពួកគាត់។

ពួកបរទេសមានការរអ៊ូរទាំច្រើន ហើយត្អូញថា មិនមានគេមកសំអាតអនាម័យ។ អ្នកជំងឺខ្មែរយើងមិនរអ៊ូច្រើនទេ ហើយមានការគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អ។ ពេលទំនេរខ្មែរយើងយកអំបោស និងក្រណាត់មកជូតសំអាត ធ្វើអនាម័យបន្ទប់សម្រាកព្យាបាល និងបន្ទប់ទឹក ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។ ដល់ឃើញខ្មែរធ្វើបែបនេះ ពួកបរទេសនោះក៏ចាប់ផ្តើមធ្វើតាមដែរ។ ពួកគេក៏គួរតែយល់ដែរថា នេះមិនមែនជាសណ្ឋាគារនោះទេ ហើយបុគ្គលិកក៏មិនមែនចេះតែចេញចូលមកបម្រើយើងគ្រប់តែពេលនោះដែរ។ បុគ្គលិកក៏មានការភ័យខ្លាចការឆ្លងជំងឺនេះដែរ។

៦) អគារព្យាបាល

នៅក្នុងមន្ទីរពេទ្យ អ្នកជំងឺកូវីតត្រូវបានដាក់ក្នុងអគារដាច់ដោយឡែក ដែលជាបរិវេណបិទជិត ហើយគ្មាននរណាអាចចូលបានទេ។ បរិវេណអគារចែកចេញជាបួនផ្នែក៖ បន្ទប់អ្នកជំងឺ បន្ទប់គ្រូពេទ្យ បន្ទប់សម្លាប់មេរោគ និងរានហាលសម្រាប់អ្នកជំងឺស្រូបខ្យល់អាកាស និងហាត់ប្រាណ។ បន្ទប់សម្លាប់មេរោគគឺនៅចន្លោះកណ្តាលបន្ទប់គ្រូពេទ្យ និងអ្នកជំងឺ។ ពេលគ្រូពេទ្យចេញចូល ពួកគាត់ត្រូវពាក់ខោអាវការពារពីក្បាលដល់ចុងជើង ហើយចូលទៅក្នុងបន្ទប់នោះបាញ់ទឹកអាល់កុលទាំងពេលចូល ហើយចេញមកវិញ។ បន្ទប់អ្នកជំងឺមានតែមួយនៅរួមគ្នា មានគ្រែ១០។ គ្រូពេទ្យពន្យល់ថា បន្ទប់នេះមានការរចនាតាមបច្ចេកទេសសម្រាប់ប្រភេទជំងឺឆ្លង មានកង្ហារខ្យល់ចេញចូល មានភ្លើងកាំរស្មី UV សម្លាប់មេរោគ មានពេទ្យប្រចាំការ មើលតាមកាមេរ៉ា និងអាចឆ្លើយឆ្លងតាមទូរស័ព្ទពេលមានតម្រូវការអ្វីមួយ។ ក្នុងមួយថ្ងៃ បុគ្គលិកគេចូលមក ៣លើក ដើម្បីតាមដានសុខភាព ផ្តល់ថ្នាំ ផ្តល់ម្ហូបអាហារ និងសំអាតអនាម័យ។

៧) វិធានការបង្ការទប់ស្កាត់ និងការប្រុងប្រៀបសម្រាប់អាសន្នធំ

បើពិនិត្យលើចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការតាមដានស្វែងរកអ្នកជំងឺ កម្ពុជាបានចាត់វិធានការត្រឹមត្រូវ។ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោក (WHO)។ ខ្មែរយើងឆែកករណីសង្ស័យបានច្រើនហើយអត់គិតលុយទៀត។ បើនៅបារាំង គេមិនធ្វើតេស្តិ៍អោយផង ហើយក៏មិនមាននរណាមកសួរនាំអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដែរ។ ចំណែកកម្ពុជាវិញគឺខាងក្រសួងសួរខ្ទេចសួរខ្ទី ទៅជួបនរណាខ្លះ តាមសួរអ្នកជួបហ្នឹងទៀត មានអាការៈអីអត់។ សូម្បីតែអ្នកសំអាតបន្ទប់ខុនដូខ្ញុំក៏គេដាក់ក្នុងការតាមដាន ១៤ថ្ងៃដែរ។ មើលរបៀបក្រសួងខិតខំប្រមែប្រមូលខ្មែរឥស្លាម តាមរកអ្នកមានវីរុស គឺមានការដេញដោលសាកសួរច្រើនណាស់ ឆ្លងខេត្ត ឆ្លងក្រុង។ នេះគឺជាចំណាត់ការដ៏ល្អក្នុងការទប់ស្កាត់ និងបង្ការការរាតត្បាតជំងឺ។ ក្រសួងធ្វើការតាមដានល្អិតល្អន់ និងអត់ធ្មត់ណាស់។ ករណីខ្លះ ស្តាប់ទៅដូចតាមចាប់អញ្ចឹង ព្រោះអ្នកជំងឺគាត់គេចមិនចង់ចូលពេទ្យ។

ការលះបង់របស់បុគ្គលិកពេទ្យនៅសមរភូមិជួរមុខគឺខ្ពស់ណាស់។ ក្នុងអំឡុងពេលមើលថែអ្នកជំងឺ ពួកគាត់មិនអាចជួបគ្រួសារបានទេ ហើយពេលចប់រយៈពេលមួយដែលត្រូវដូរវេន ពួកគាត់ត្រូវគេដាក់ដាច់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានសុខភាព មុនពេលអាចទៅរួមរស់ដោយប្រក្រតីជាមួយក្រុមគ្រួសារគាត់វិញ។

បញ្ហារបស់យើងសព្វថ្ងៃ គឺនៅត្រង់ថា យើងខ្វះបុគ្គលិកពេទ្យ និងទីតាំងព្យាបាលមានស្តង់ដារបច្ចេកទេស និងមានអនាម័យ។ ទោះបីជាមន្ទីរពេទ្យសូវៀតមានស្តង់ដារខ្ពស់ក្តី តែការរៀបចំគឺមិនបានត្រៀមសម្រាប់ករណីធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ខ្ញុំមានបញ្ហាសួត ប៉ុន្តែ នៅក្នុងបន្ទប់ព្យាបាលមិនមានឧបករណ៍ថតសួត ហើយគេក៏មិនអាចយកខ្ញុំទៅថតសួតនៅអគារផ្សេងបានដែរ។ បន្ទប់ព្យាបាលក៏គួរមានអគារផ្សេងដែលអាចដាក់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ឱ្យនៅដាច់ដោយឡែកដែរ។

បុគ្គលិកពេទ្យហាក់ពុំទាន់មានទឹកដៃស្មើគ្នានៅឡើយ។ ពេទ្យខ្លះយកសំណាកឡើងឈាមច្រមុះអ្នកជំងឺ ពេទ្យខ្លះពុំទាន់ស្ទាត់ក្នុងការយកសំណាកតាមបំពង់ក ពេទ្យខ្លះដោតម្ជុរខុសសរសៃ។ល។ តែនេះគ្រាន់តែជាករណីតិចតួចប៉ុណ្ណោះ។ យ៉ាងណាក្តី គួរមានការហាត់សមទាំងនៅក្នុងក្រុង និងតាមទីជនបទ ដើម្បីត្រៀមបម្រុងពេលមានគ្រោះអាសន្នធំ ដែលត្រូវការបុគ្គលិកពេទ្យច្រើន បូករួមទាំងបុគ្គលិកបម្រុង ដើម្បីការពារពលរដ្ឋផង និងបុគ្គលិកពេទ្យផង។ នៅពេលដែលមានការហ្វឹកហ្វឺនច្បាស់ ពួកគាត់នឹងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការធ្វើការងារដោយស្មើដៃគ្នា ហើយពលរដ្ឋក៏មានទំនុកចិត្តដែរ។

ក្តីបារម្ភធំបំផុតនោះគឺស្តង់ដារបច្ចេកទេស និងកម្រិតអនាម័យកន្លែងព្យាបាលនៅទីជនបទ។ នេះពិតជាមិនមែនជារឿងសាមញ្ញនោះទេ ហើយទាមទារឱ្យមានការត្រៀមខ្លួន តាមសេណារីយ៉ូ តាមដំណាក់កាលផ្សេងៗ និងការរៀបចំបំពាក់បរិក្ខារបច្ចេកទេស ដោយមានផែនការល្អិតល្អន់ជាមុន។

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីតគឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។ ការត្រៀមទាំងឡាយគឺត្រូវមានការសហការទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ពលរដ្ឋគ្រប់រូបត្រូវដឹងថា ជំងឺនេះគឺអាចព្យាបាលជាសះស្បើយ ហើយករណីមធ្យម និងធ្ងន់មានតិចតួចណាស់។ ពលរដ្ឋត្រូវមានទំនុកចិត្តលើសមត្ថភាពព្យាបាលរបស់ពេទ្យខ្មែរ។ ពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការគ្រប់គ្រង និងតាមដានសុខភាពផ្ទាល់ខ្លួន មិនត្រូវឆោឡោ ស្តាប់តាមព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ៕

 

មហាអំណាចធំៗចំនួន៤ហើយដែលមានអ្នកស្លាប់ដោយសារ COVID-19 លើសពី១ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបារាំងកើនដល់១០,៣២៨នាក់ បន្ទាប់ពីមានមនុស្សស្លាប់ថ្មីចំនួន១៤១៧នាក់ ។ នេះបើយោងតាមរយៈគេហទំព័រពិភពលោក Worldometer។

តាមការបង្ហាញតួលេខនៅពេលនេះបានឲ្យឃើញថា មហាអំណាចធំៗលើពិភពលោកដែលសុទ្ធសឹងតែមានភាពរឹងមាំផ្នែកសុខាភិបាល ចំនួន៤ប្រទេសហើយដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 លើសពីមួយម៉ឺននាក់ ក្នុងនោះអាមេរិក ករណីឆ្លងកើនដល់ ៣៩៥,៧៣៩នាក់, ស្លាប់សរុប ១២,៧៩៦នាក់, ស្លាប់ថ្មី ១៩២៥នាក់។ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លាប់សរុប ១៤,០៤៥នាក់, ស្លាប់ថ្មី ៧០៤នាក់។ អ៊ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លាប់សរុប ១៧,១២៧នាក់, ស្លាប់ថ្មី ៦០៤នាក់ និងបារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លាប់សរុប ១០,៣២៨នាក់, ស្លាប់ថ្មី១៤១៧នាក់៕

 

អ្នកឆ្លង COVID-19 នៅហ្វីលីពីន កើនដល់ ៣,៧៦៤នាក់, ស្លាប់១៧៧នាក់

ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីនបានឱ្យដឹងថា អ្នកជំងឺ COVID-19 ១៤នាក់បន្ថែមទៀត បានស្លាប់ ខណៈករណីឆ្លងថ្មីចំនួន១០៤ត្រូវបានរកឃើញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន បូករួមទាំងតួលេខថ្មីខាងលើ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនដល់១៧៧នាក់ រីឯអ្នកឆ្លង COVID-19 ហក់ឡើងដល់៣,៧៦៤នាក់។

តាមរយៈការហក់ឡើងនេះផងដែរ កាលពីម្សិលមិញ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមអូសបន្លាយការអនុវត្តវិធានការបិទកោះលូសុន (Luzon) ដែលគ្របដណ្ដប់លើចំនួន ប្រជាជនច្រើនជាងពាក់កណ្ដាល នៅទូទំាងប្រទេស និងតម្រូវឲ្យប្រជាជនបន្តស្ថិតនៅក្នុងផ្ទះ រហូតដល់ថ្ងៃទី៣០ ខែមេសា ដើម្បីទប់ស្កាត់ឆ្លងរាតត្បាត COVID-19៕

 

មូលនិធិប្រយុទ្ធនឹងជំងឺកូវីដ ១៩ កើនដល់ជាង ១១លានដុល្លារ ក្នុងនោះមានថវិកាមន្ត្រីរាជការចូលរួម ១.៥៨៦នាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃនេះ ចំនួនអ្នកចូលរួមកាត់ប្រាក់ខែ ដើម្បីបរិច្ចាគចូលក្នុងមូលនិធិប្រយុទ្ធនឹងជំងឺកូវី ១៩ មានចំនួន ១.៥៨៦នាក់ហើយ ដែលការចូលរួមបរិច្ចាគនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បានធ្វើឡើងដោយគ្មានការបង្ខិតបង្ខំទេ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកមិញនេះថា ៖ «ប្រាក់ខែខ្ញុំ ១០លានរៀល បង់ពន្ធ ៩១ម៉ឺនរៀល នៅសល់ ៩លាន ១ សែនរៀល ចូលមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ការចូលរួមថវិកាសម្រាប់ប្រយុទ្ធនឹងកូវីដ ១៩ មានជាង ១១ លានដុល្លារ ដែលថវិកានេះ បានទៅដល់លោក ម៉ម ប៊ុនហេង ហើយសម្រាប់ប្រើប្រាស់ក្នុងកិច្ចការប្រយុទ្ធ នឹងជំងឺកូវីដ ១៩៕