All posts by មេគង្គ ប៉ុស្តិ៍

មកលេងផ្ទះបងប្អូនបែរជាស្លាប់ដោយខ្សែភ្លើងឆក់

កំពង់ចាម:បុរសម្នាក់បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរបានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បានស្លាប់ដោយខ្សែភ្លើងឆក់់ បង្ករអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ក្រោយបានទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានចាត់តាំងកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រំុ គ្រូពេទ្យមណ្ឌលសុភាពឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ហើយបានបង្កើតគណកម្មការ ចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា : សពជនរងគ្រោះមាន ឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមកលេងផ្ទះបងថ្លៃ ឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាំងពី ថ្ងៃ៧ខែឧសភាឆ្នាំ២០២០ ។  លុះព្រឹកឡើងវេលាម៉ោង៨និង២០នាទីនាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ ឈ្មោះរស់ គឹមស្រ៊ាន់ នេះបានយកខ្សែភ្លើងតចេញពីប្រអប់ព្រីភ្លើងនៅផ្ទះបងថ្លៃ ចូលទៅក្នុងស្រះដើម្បីឆក់ត្រីក្នុងស្រះខាងក្រោយផ្ទះរបស់បងថ្លៃ ពេលដែលតរួចរាល់ហើយក៏យកទៅឆក់ត្រី តែមិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯងបណ្តាលស្លាប់នៅមាត់ស្រះនោះតែម្តង។

ប៉ូលិសបានបន្តថាតាមការពិនិត្យសាកសពឃើញថាសាកសពមានសភាពស្លេកស្លាំង 1.ផ្នែកក្បាល់ : លើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោចដោយខ្សែភ្លើងឆក់មួយកន្លែង2 ផ្នែកដងខ្លួន :  នៅលើស្មា ដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះរោលស្បែក ដោយខ្សែភ្លើងឆក់មួយកន្លែង3.ផ្នែកអវយវ: : គ្មានស្លាកស្នាម។-ផ្អែកតាមការពិនិត្យពីកន្លែងកើតហេតុ ផ្អែកតាមការបំភ្លឺរបស់សាក្សីជុំវិញទីកន្លែងកើតហេតុនិងផ្អែកតាមការពិនិត្យទៅលើសាកសពជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានបានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេក្រោយពីធ្វើការពិនិត្យសពរួចគណៈកម្មការបានប្រគល់សពអោយទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ជិត​៤​ពាន់​នាក់​ក្នុង​មួយថ្ងៃ​

ញូ​ដេលី ៖ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​នៅថ្ងៃនេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន ៣,៣៩០​នាក់​ឆ្លង COVID-19 នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ឥណ្ឌា​កើន​ដល់ ៥៦,៣៤២​នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​ក្នុង​រយៈពេល​២៤​ម៉ោង​ដដែល​នេះ​អាជ្ញាធរ​បានប្រកាស​មាន​មនុស្ស ១០៣​នាក់​បន្ថែមទៀត​បាន​ស្លាប់ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ១,៨៨៦​នាក់ និង​ករណី​ជាសះស្បើយ ១៦,៥៤០​នាក់​។​

​សូមជម្រាបថា ថ្ងៃនេះ​គឺជា​ថ្ងៃទី៤៥ នៃ​ការបិទ​ប្រទេស​ឥណ្ឌា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង COVID-19 ហើយ​វា​នឹង​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០៕

 

លោក អ៊ុន ចាន់ដា បើកកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃការសាងសង់ខឿនច្រាំងទន្លេមេគង្គ 

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង -ស្រុក ពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាមប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាមដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាមត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាមបានកំពុងសិក្សាគម្រោងសាងសង់ខឿនច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរនាពេលកន្លងមកផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានជំរុញឲ្យក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យ និងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ ខឿនច្រាំងទន្លេដោយមានគុណភាពរឹងមាំល្អសម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។ បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ច្រាំងទន្លេនេះរួចមុនរដូវទឹកឡើងនាពេលខាងមុខនេះផងដែរ៕ ដោយ ៖ ប៉ែន សុផល

សម្តេចតេជោក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង មេរោគ កូវីដ-១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈ Facebook បានក្រើនរំលឹកប្រជាពលរដ្ឋខ្មែរឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសមិនត្រូវធ្វេសប្រហែសចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះ «ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់»។

សម្តេចតេជោ បានបន្ថែមថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោក កំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។

សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋទាំងអ្នកនៅរាជធានី និងនៅតាមបណ្តាខេត្ត បន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជែលសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានៅសល់អ្នកកើតជំងឺកូវីដ១៩តែពីរនាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺ ខណៈអ្នកជំងឺ១២០នាក់ បានព្យាបាលឱ្យជាសះស្បើយ។ រយៈពេលជាង ៣សប្តាហ៍ហើយ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ៕

 

 

រុស្ស៊ីឈរលំដាប់ថ្នាក់លេខ៥ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅលើពិភពលោក

រុស្ស៊ី ៖ ក្នុងរយៈពេលជាងមួយសប្តាហ៍ គិតចាប់តាំងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ លើកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ រុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៥ហើយនៅលើពិភពលោក ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេ។

ក្នុងរយៈពេល ២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រនេះ រុស្ស៊ីមានការឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ចំនួន ១១,២៣១ករណី ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១៧៧,១៦០ករណី និងមនុស្សស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងដូចគ្នាមានចំនួន ៨៨នាក់ ដែលនាំអោយអ្នកស្លាប់ សរុបកើនឡើងដល់ ១,៦២៥នាក់។

ចំពោះការឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោកវិញបានកើនឡើងដល់ចំនួន ៣,៩១៣,៥៥៩ នាក់ មនុស្សស្លាប់សរុបមានចំនួន ២៧០,៤២២នាក់ និងអ្នកជំងឺវីរុស Covid-19 ចំនួន ១,៣៤១,០០១នាក់ បានជាសះស្បើយពីវីរុសនេះ៕

 

អ្នកជំងឺកូវីដ១៩ ដែលមិន​ជាសះស្បើយ​សោះ ត្រូវបានបញ្ជូន​មកព្យាបាល​នៅ​ភ្នំពេញ

ភ្នំពេញ ៖ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ឱ្យដឹងថា អ្នក​ជំងឺកូវីដ១៩ ចំនួន២នាក់​នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដែល​មិនជាសះស្បើយ សោះនោះ នៅថ្ងៃនេះ​ក្រសួង​សម្រេច​ឱ្យ​បញ្ជូនមកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ទាំង២នាក់ហើយ។

លោកស្រី​បាន​បញ្ជាក់​តាមបណ្តាញ Telegram យ៉ាង​ដូច្នេះ​ថា ៖ «មិនធ្ងន់ទេ​ តាម​សភាព​ទូទៅ​របស់អ្នកជំងឺ​ តែវីរុស​នៅមានក្នុង​ខ្លួន​គាត់នៅឡើយ។ ថ្ងៃនេះ​ ក្រសួង​បាន​សម្រេច​ឲ្យបញ្ជូន​មក​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ទាំងពីរ​នាក់ហើយ។ វីរុស​នេះ​ យើង​ពិបាក​នឹង​ដឹងណាស់​ ដោយសារអ្នកទាំងពីរ​ ម្នាក់ជា​បុរសវ័យ៧៥ឆ្នាំ​ មានបញ្ហា​សុខភាព​ប្រចាំកាយ​ និង​ម្នាក់ទៀត​ជាស្ត្រីវ័យ៣៦ឆ្នាំ​ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​ តម្រូវឲ្យ​មានការ​ពិនិត្យ​ព្យាបាល​នៅមន្ទីរពេទ្យថ្នាក់ជាតិ​បន្តទៀត។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បើយ​ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហើយ​ សូមបងប្អូនប្រជាពលរដ្ឋ​ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩​ នេះជាចាំបាច់​ ត្រូវចងចាំថា ៖​ “យើងអាចភ្លេចវីរុសកូវីដ-១៩​ តែវីរុសកូវីដ-១៩​ មិនដែលភ្លេចយើងនោញទេ»៕

 

នៅស្រុកស្ទឹងត្រង់ នឹងមានរោងចក្រផលិតកេសកាតុងមានតម្លៃជាង ១៤លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងមួយរបស់ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD.។

គណៈកម្មាធិការវិនិយោគកម្ពុជា ( CDC ) បញ្ជាក់ថា ទីតាំងវិនិយោគនេះ ស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រើប្រាស់ទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៥នាក់៕

UNWTO កំពុងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញដើម្បីដាក់ចេញដំណោះស្រាយរួមសម្រាប់វិស័យទេសចរណ៍

ភ្នំពេញ ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បាននិងកំពុងរិះរកដំណោះស្រាយ និងកំពុងប្រមូលធាតុចូលពីបណ្ដាអ្នកជំនាញ អ្នកប្រាជ្ញ ព្រមទាំងពីបណ្ដាប្រទេសជាសមាជិកនានា ដើម្បីដាក់ចេញនូវវិធាការ ឬដំណោះស្រាយរួម លើការដោះស្រាយផលប៉ះពាល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។
ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ចូលរួមប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាងអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗ និងបណ្ដាប្រទេសជាសមាជិកជាង ១០០ ប្រទេស។

អ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជាសមាជិកអាចពិចារណា ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមាន៖ ការអនុវត្តវិធានសុវត្ថិភាព អនាម័យ សុខភាព ស្របតាមវិធាននានា ណែនាំដោយអង្គសុខភាពពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។
សន្និសីទបានផ្ដោតលើដំណោះស្រាយចំនួន៣ គឺដំណោះស្រាយសម្រាប់ប្រជាជន (Healing for People) ពោលគឺធានាឲ្យបាននូវសុវត្ថិភាព និងសុខភាពល្អប្រសើរដល់ទេសចរ ដំណោះស្រាយដើម្បីវិបុលភាព (Healing for Prosperity) ដោយផ្ដោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មទេសចរណ៍ និងដំណោះស្រាយសម្រាប់គោលដៅទេសចរណ៍ (Healing for Destination) ពោលធ្វើឲ្យគោលដៅទេសចរណ៍មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ។
អង្គការទេសចរណ៍ពិភពលោកនឹងរៀបចំជារបាយការណ៍រួមលម្អិតរំលេចអំពីដំណោះស្រាយទាំងនេះ សម្រាប់ជាធាតុចូលដល់ប្រទេសជាសមាជិកទាំងអស់។

ក្រោយចប់កិច្ចប្រជុំនេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះ អង្គការទេសចរណ៍ពិភពលោកមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ដោយសារវិបត្តិកូវីដនេះ ប៉ុន្តែការអនុវត្តនានាក្នុងវិស័យទេសចរណ៍នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោកជាចាំបាច់។

លោក ទ្រី ឈីវ បានបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោកនឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ និងបណ្ដាប្រទេសជាសមាជិកនានា ដើម្បីវិភាគរិះរកនូវដោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តដំណើរការវិស័យទេសចរណ៍ទូទាំងពិភពលោក។
លោកបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះ គេបានបង្ហាញធាតុចូលច្រើនដែរ ទាំងទ្រឹស្ដី និងភាពជាក់ស្ដែង ទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរ និងប្រតិបត្តិករទេសចរណ៍ ការទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត។ ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តក្នុងពេលកើតមានជំងឺកូវីដនេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការ សម្រាប់អនុវត្តនៅពេលវិបត្តិកូវីដនេះត្រូវបានផុតរលត់ចេញពីផែនដី ឬក៏អាចយកមកអនុវត្តសម្រាប់វិបត្តិនាពេលក្រោយទៀតផងដែរ។
លោក ទ្រី ឈីវ បានបញ្ជាក់ថា សម្រាប់កម្ពុជា ទោះបីជាកំពុងរង់ចាំអនុវត្តតាមដំណោះស្រាយរបស់អង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាក៏បាននិងកំពុងអនុវត្តនូវវិធានការក្នុងប្រទេសជាបន្តបន្ទាប់មកហើយដែរ ខណៈមិនមានករណីឆ្លងថ្មីទៀតឡើយ ហើយអ្នកដែលឆ្លងកន្លងមកក៏ទទួលបានការព្យាបាលជាសះស្បើយជិតអស់ហើយដែរ ពោលនៅសល់តែពីរនាក់ទៀតប៉ុណ្ណោះ៕

ជប៉ុន​អនុម័ត​ឲ្យ​ប្រើ​ថ្នាំ Remdesivir ​ព្យាបាល​អ្នកជំងឺ​កូ​វិដ​១៩

​តូ​ក្យូ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​លោក Katsunobu Kato បាន​និយាយថា ប្រទេស​ជប៉ុន​បានអនុម័ត​ឲ្យ​ប្រើ​ថ្នាំ Remdesivir សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វិដ​១៩ ជា​លើកដំបូង​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាមប្រភព​ពី Reuters​។​

​ក្រសួងសុខាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា​ថ្នាំពេទ្យ Remdesivir ដែលផលិតដោយក្រុមហ៊ុន​អាមេរិក​ឈ្មោះ Gilead Sciences នឹងត្រូវ​គ្រូពេទ្យ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ទៅលើ​អ្នកជំងឺ COVID-19 ដែលមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ថ្នាំ​នេះ​គឺជា​ថ្នាំ​ដំបូង​បំផុត ដែល​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​នៅ​ជប៉ុន ដើម្បី​ព្យាបាល COVID-19 ខណៈ​កាលពី​សប្តាហ៍​មុន វា​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ផ្នែក​ឱសថ​របស់​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក្នុងករណី​បន្ទាន់​សម្រាប់ COVID-19​។​

​គួរ​ជម្រាប​ថា ក្នុងប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​ចំនួន​១៥,៥៧៤​នាក់ ក្នុងនោះ​ស្លាប់​៥៩០​នាក់​។ អ្នកជា​សះស្បើយ​មាន​ចំនួន ៤.៥៨៧​នាក់​៕

 

ក្រសួងសុខាភិបាលប្រាប់ពីចំនួន​អ្នកឆ្លងកូវីដ១៩ និងអ្នកជាសះស្បើយ​គិតត្រឹមព្រឹកនេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច៕ 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៩១លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៩១៣,៥៥៩ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៧០,៤២២នាក់ និងជាសះស្បើយឡើងវិញ ១,៣៤១,០០១នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២៩២,៥៩៤នាក់ ស្លាប់ចំនួន ៧៦,៩២៦នាក់ និងជាសះស្បើយចំនួន ២១៧,២៥០នាក់៕

 

ក្រសួងបរិស្ថានគ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់”

ខេត្តកំពង់ធំ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។

សូមជម្រាបថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា៕

 

៤ខែឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៣៩៩ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ថា ដោយយោងលើរបាយការណ៍ស្តីពីការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់របស់ក្រសួងបរិស្ថានបានបង្ហាញថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបានចុះល្បាតដើម្បីការពារ និងអភិរក្ស​ធនធានធម្មជាតិនៅក្នុងខេត្តទាំង៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បានចំនួន៥១១លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់បានចំនួន៣៩៩ ករណីនៅក្នុងរយៈពេល៤ ខែពីខែមករាដល់ខែមេសា ឆ្នាំ២០២០។

លោកបានថ្លែងបន្តថា បទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។
​
នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ, លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីឧទ្យានុ រក្សនិងប្រជាសហគមន៍តំបន់ ការពារធម្មជាតិបានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖រឹបអូសរណាយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូស ដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគូប និងឈើហ៊ុប និងឈើដុំចំនួន ១៦៥ កំណាត់។ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បាន បង្ហាញផងដែរថានៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំ នួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃ ឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិ ស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំង យប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យ ទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។

​លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដ
ការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយUSAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។

លោកបានបន្តថា គម្រោងព្រៃឡង់បៃតងមានគោល បំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំង បង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុ វត្តភាព ផ្នែក សេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែន ជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ គម្រោងនេះ មានកិច្ចសហ ការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការ ពារ អភិរក្សធនធាន ធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការ បោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច៕

 

 

 

 

ឥណ្ឌាបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីជាង៣ពាន់នាក់ក្នុង១ថ្ងៃ

ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣,៥៦១នាក់បន្ថែមទៀត​ធ្វើឲ្យចំនួនសរុបកើនដល់​៥២,៩៥២ ករណី ក្នុងនោះចំនួនមនុស្សក៏បានកើនឡើងដល់ ១,៧៨៣នាក់ផងដែរ។ នេះបើតាម​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ទៀតថា ចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យពេលនេះបានកើនឡើងដល់១៥,២៦៧នាក់។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៤៤ ហើយដែលប្រទេសឥណ្ឌា​អនុវត្តវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។

សូមរម្លឹកថា សេចក្តីប្រកាសនៃការបិទប្រទេសឥណ្ឌា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ ហើយវាត្រូវបានសម្រេចឲ្យអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕

 

កូវីដ-១៩ ក្លាយជាឱកាសសម្រាប់អ្នកផលិតអាហារក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅពេលកូវីដ ១៩ បានរាលដាលនៅក្នុងប្រទេសកម្ពុជា ធ្វើអោយសកម្មភាពសេដ្ឋកិច្ចនិងការផលិតមួយចំនួនបានរាំងស្ទះក៏ប៉ុន្តែសម្រាប់ខ្សែចង្វាក់ផលិតកម្មអាហារនៅកម្ពុជាវិញ បែរជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងមានការកើនឡើងទៅវិញ ។

បើតាមលោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ផលប៉ះពាល់ទៅលើវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងអំឡុងពេលកូវីដ ១៩នេះ ឃើញថា សម្រាប់ឧស្សាហកម្មផលិតអាហារ មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរទេ ព្រោះតែក្នុងពេលកូវីដ១៩ចាប់ផ្ដើមវាយលុក ពលរដ្ឋកម្ពុជាជាច្រើនបាននាំគ្នាទិញអាហាររក្សាទុកក្នុងផ្ទះ ហើយការនាំចូលពីខាងក្រៅក៏បានកាត់បន្ថយច្រើន ដូច្នេះហើយទើបតម្រូវការក្នុងស្រុកកាន់តែច្រើន ធ្វើអោយអ្នកផលិតអាហារក្នុងស្រុកបានបន្ថែមការផលិតបន្ថែមទៀតដើម្បី បំពេញតម្រូវការ ។

លោកបន្តថា កាលពីកូវីដ១៩ ផ្ទុះឡើងនៅកម្ពុជា ក្នុងអំឡុងខែមីនា ឆ្នាំ ២០២០នេះឃើញថាពលរដ្ឋជាច្រើនបានសម្រុកទិញ អាហារណាដែលអាចរក្សាទុកបានយូរ ហើយពេលនេះអ្នកផលិតបានជំរុញការផលិតបន្ថែម ដើម្បីបង្គ្រប់ ក៏ប៉ុន្តែនៅពេលដែលកូវីដ ១៩ មានស្ថានភាពធូរស្រាលបន្តិចវិញការលក់ផលិតផលអាហារបែរជាថយចុះទៅវិញ ។ វាអាចដោយសារតែពលរដ្ឋហ៊ានចេញពីផ្ទះនិងរកអាហារខាងក្រៅ បរិភោគ ខុសពីពេលដែលកូវីដ១៩កំពុងក្ដៅ ពួកគាត់សំងំនៅក្នុងផ្ទះ ។

ដោយឡែកលោកឧកញ៉ាតែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ក៏បានមានប្រសាសន៍ថា នៅក្នុងពិភពលោកជួបប្រទះនឹងជំងឺកូវីដ ១៩ ការនាំចូលពីក្រៅមកកាន់កម្ពុជាឃើញថា មានការថយចុះច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ ការថយចុះនៃការនាំចូលទំនិញពីខាងក្រៅគឺជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងការបង្កើនការផលិតនិងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនផងដែរ ជាក់ស្ដែងកាលពីមុន គ្រាន់តែផលិតផលមីមួយមុខកម្ពុជាបាននាំចូលពីខាងក្រៅ ប្រមាណជាង១០០លានដុល្លារអាមេរិក តែនៅពេលដែលមានរឹតបន្តឹងច្រកព្រំដែន ឃើញថាឧស្សាហកម្មផលិតមីក្នុងប្រទេសកម្ពុជា ក៏ចាប់ផ្ដើមពង្រឹងខ្លួន និងមានទីផ្សារកាន់តែធំ ពីប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។ ហើយនៅពេលដែលមានការរឹតបន្តឹងច្រកព្រំដែននិងកាត់បន្ថយការនាំចូលមីពីខាងក្រៅក៏ឃើញថាកម្ពុជា នៅតែមានមីបរិភោគ ហើយមីដែលផលិតក្នុងស្រុកក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ៕