All posts by មេគង្គ ប៉ុស្តិ៍

អភិបាលខេត្តព្រះវិហារណែនាំដល់ឃុំសង្កាត់ត្រូវ ខិតខំបម្រើសេវាជូនពលរដ្ឋប្រកបដោយ សិទ្ធភាពខ្ពស់

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានរៀបចំ កម្មវិធីប្រគល់-ទទួល តាប្លែត ជូនឃុំ-សង្កាត់ ដើម្បីអនុវត្តគម្រោង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ តូចអាយុ ក្រោម ០២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួម ពីប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភីបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងខេត្ត ។

មានមតិស្វាគន៍ក្នុងឱកាសនោះ លោក រស់ ស៊ីផា ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទខេត្ត បានជម្រាប ជូន នូវគោលបំណង នៃកម្មវិធីនេះគឺដើម្បីអនុវត្តះអនុវត្តគម្រោង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី មានផ្ទៃពោះ និងកុមារ អាយុ ក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ទទួលបានប្រសិទ្ធភាព តម្លាភាព និងនិរន្តភាព ដែលនឹងត្រូវចាប់ ផ្តើមអនុវត្តនៅដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។ហើយTablets ដែលបានប្រគល់ជូននេះគឺជូនដល់ឃុំ សង្កាត់ទាំង៥១ឃុំ ទូទាំងខេត្តដែលជាប្រតិបត្តិករផ្ទាល់ក្នុង ការអនុវត្តកម្មវិធីនេះ ។

ក្នុងឳកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្ត បានមានប្រសានស៍ន៍ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើសុខមាល ភាពប្រជាពលរដ្ឋ តាមរយះការដាក់ចេញ នូវគោលនយោបាយគាំពារសង្គម(២០១៦-២០២៥ )ដែលផ្តោត លើសសរស្តម្ភទាំងពីរគឺប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ដែលទាំងនេះពិតជាអាចឈានដល់ការកាត់បន្ថយ ភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការអភិវឌ្ឍជាតិប្រកបដោយ និរន្តរភាព។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្មវិធីសាច់ ប្រាក់ ឧបត្ថម្ភ ជូនដល់ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះត្រូវបានអនុវត្តជាបី ដំណាក់ កាល ដែលសរុប ទឹក ប្រាក់ក្នុងកុមារមា្នក់ទទួលបានប្រាក់ឧបត្ថម្ភ ៧៦០,០០០ រៀល ។ ហើយឯកឧត្តមបានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតួនាទី របស់ខ្លួនឲ្យបានល្អក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេស ចំពោះមេឃុំ ចៅសង្កាត់ត្រូវចាត់តាំងមន្រ្តីដែល មានសមត្ថភាពក្នុងប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីគ្រប់ គ្រងកម្មវិធីនេះលើថេបភ្លេតក៏ដូចថែរក្សា ឲ្យបានគង់វង្សថេប ភ្លេតដែលបានប្រគល់ជូន នៅពេលនេះ ។ ចំពោះមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរ ផែនការខេត្ត ត្រូវដឹកនាំ និងតាមដានការអនុវត្តកម្មវិធី ការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រពិតប្រាកដ និងត្រូវតាមដាននិង ដោះស្រាយឲ្យបានទាន់ ពេលវេលា នូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនិង ឆាប់រហ័សប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ថែមទៀតផង ៕ 

​លោក ពូទីន អរគុណ​លោក ត្រាំ ដែល​​ចែករំលែក​ព័ត៌មាន​សម្ងាត់​ទាន់ពេលវេលា

រុស្ស៊ី ៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​អរគុណ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដែល​បាន​ចែករំលែក​ព័ត៌មាន​សម្ងាត់​ទាន់ពេលវេលា​ក្នុងការទប់ស្កាត់​មិន​ឱ្យក្រុម​ភេរវក វាយប្រហារ​រុស្ស៊ី បាន​ឡើយ។ នេះ​បើតាមការ​ប្រកាស​របស់​វិមាន​គ្រឹមឡាំង ក្រោយ​កិច្ច​សន្ទនា​រវាង​ប្រធានាធិបតីទាំង​ពីរតាមទូរសព្ទ កាលពី​ចុងសប្តាហ៍​កន្លងទៅ។

ទោះជាយ៉ាងណា វិមានគ្រឹមឡាំង​មិនបាន​បញ្ជាក់​លម្អិតបន្ថែមជុំវិញកិច្ចពិភាក្សានេះឡើយ ដោយ​គ្រាន់តែ​លើកឡើង​ថា មេដឹកនាំ​ទាំងពីរ បាន​និយាយគ្នាអំពី​បញ្ហាផលប្រយោជន៍គ្នាទៅវិញទៅមក និង​ព្រមព្រៀងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្ម។

បើតាម​សេវា​សន្តិសុខ​សហព័ន្ធ​នៃប្រទេសរុស្ស៊ី បាន​បញ្ជាក់​ឱ្យដឹងថា ព័ត៌មាន​ដែលផ្តល់​ឱ្យដោយ​​ភាគី​អាមេរិក បាន​នាំដល់​ការឃាត់ខ្លួន ពលរដ្ឋ​រុស្ស៊ី​២នាក់ ដែល​មាន​គម្រោង​វាយប្រហារ​ភេរវកម្ម​នៅ​ទី​កន្លែង​សាធារណៈ ក្នុងក្រុង St. Petersburg នាអំឡុងចូលឆ្នាំសកលខាងមុខ៕

 

ផ្លូវលំចំនួន៤ខ្សែ ប្រវែងជាង៨ពាន់ ម៉ែត្រ និងសមទ្ធិផលនានាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តព្រះវិហារ ៖ ផ្លូវលំដីសចំនួន៤ខ្សែ ក្នុងភូមិត្រពាំងខាងលិច ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានប្រវែងសរុប៨៣០០ម៉ែត្រ ដោយចំណាយអស់ថវិកាប្រមាណជិត៣ម៉ឺនដុល្លារសហរដ្ឋអាមេរិច ព្រមទាំងសមទ្ធិផលនានាជាច្រើនទៀត ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋ រៀបចំពិធីបុណ្យឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ ក្រោមវត្តមានលោក ភីវ ឌៀន អភិបាលរងស្តីទី តំណាងដ៏ខ្ពង់ខ្ពស់លោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក .ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩មិ្សលមិញ។

យោងតាមរបាយការណ៍របស់លោក មូល ម៉ាប់ មេឃុំកន្ទួតបានឲ្យដឹងថាសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់រួមមាន ៖ ផ្លូវលំដីសខ្សែទី១ មានប្រវែង២៦០០ម៉ែត្រ, ផ្លូវលំដីសខ្សែទី២ មានប្រវែង១៣០០ម៉ែត្រ, ផ្លូវលំដីសខ្សែទី៣ មានប្រវែង២៦០០ម៉ែត្រ និងផ្លូវលំដីសខ្សែទី៤ មានប្រវែង១៨០០ម៉ែត្រ។

នៅក្នុងរបាយការណ៍លោកមេឃុំបានសរសេរបញ្ជាក់បន្តថា ចំពោះផ្លូវលំដីសទាំង៤ខ្សែខាងលើនេះ បានចំណាយអស់ថវិកាសរុបចំនួន២ម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិច ដែលមានប្រវែងសរុបចំនួន៨៣០០ម៉ែត្រ។ ចំពោះថវិកាទាំងអស់គឺបានមកពីការជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែង របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជន។ លោកមេឃុំបន្ថែមថា ភូមិត្រពាំងសង្កែខាងលិច ក៏ទទួលបាននូវការជួយឧបត្ថម្ភពីសំណាក់លោក ស្រី ឌឹក និងលោកស្រី នូវអណ្ដូងទឹកស្អាតចំនួន២ មន្ទីរអភិវឌ្ឍន៍ជនបទចំនួន២អណ្តូង មន្ទីរបរិស្ថានចំនួន១អណ្តូង និងអង្គការ CWS អណ្តូងទឹកស្អាតចំនួន២ និងបង្គន់អនាម័យចំនួន១៨ ស្មើនឹង១៨គ្រួសារ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ អភិបាលរងស្តីទីស្រុកជាំក្សាន្ត លោក ភីវ ឌៀន ក៏បានលើកឡើងនូវការគាំទ្រ និងកោតសរសើរខ្ពស់ចំពោះស្នាដៃ នៃកិច្ចការក្នុងការសហការ រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងគៀងគរនូវសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចំរើន កើតឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក ភីវ ឌៀន អភិបាលរងស្តីទី ក៏បានធ្វើការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានូវរាល់សមិទ្ធផលទាំងអស់ដែលយើងរួមគ្នាសម្រេចបានឲ្យគង់វង់ និងយូរអង្វែង៕ ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារកំពុងកំរើកឡើងវិញនូវបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃ

ខេត្តព្រះវិហារ ៖ កំរើកសាជាថ្មីនូវបទល្មើសព្រៃឈើ ជាពិសេសភូមិកំពត ឃុំត្បែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សព្វថ្ងែកំពុងកើតមានបទល្មើសឈើយ៉ាងពេញបន្ទុក។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃឈ្មួញឈើប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចថា ជាផ្ទះចាស់តែតាមការពិតគឺឈើថ្មីយកមកបន្លំជាមួយឈើផ្ទះចាស់ដោយឈើចាស់មានបន្តិចបន្ទួចតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិ និងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។

ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា ការកំរើសាជាថ្មីនេះ អាចផ្តេីមចេញពីជំនាញតាមបណ្តោយដងផ្លូវដូចចំណុចខាងលេីកំពុងរក្សាភាពស្ងាត់ស្ងៀម ដោយហេតុថា អ្នកទាំងនោះអាចនឹងកំពុងទទួល លាភសក្ការៈពីមេឈ្មួញបទល្មេីសព្រៃឈេីក៏ថាបានទើបគ្មានវិធានការទប់ស្កាត់បែបនេះ៕ ដោយ ៖ កូវ ប៊ុនហេង

លោក គីម ជុងអ៊ុន ព្រមានចាត់វិធានការវាយបកដើម្បីការពារអធិបតេយ្យជាតិ

សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថានឹងចាត់វិធានការវាយបកដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខ នៃប្រទេស ខណៈមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកជុំវិញការសាកល្បងមីស៊ីល និងនយោបាយនុយក្លេអ៊ែររបស់ប្រទេសនេះ។ នេះបើតាមសារព័ត៌មាន BBC។

ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងអំឡុងដឹកនាំកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េខាងជើងរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។

តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ក៏បានលើកឡើងផងដែរពីសកម្មភាពនៅក្នុងវិស័យកិច្ចការបរទេស ឧស្សាហកម្មអាវុធ និងកងកម្លាំងប្រដាប់អាវុធ ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង ចាំបាច់ចាត់វិធាន ការវាយបកនានា ដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខរបស់កូរ៉េខាងជើង។ តែលោកមិនបានបញ្ជាក់លម្អិតពីវិធានការទំាងនេះទេ ខណៈដែលអ្នកជំនាញជាច្រើនយល់ថា អាចជាការលុបចោលកិច្ចចរចាជាមួយអាមេរិក និងធ្វើតេស្ដឡើងវិញនូវក្បាលគ្រាប់នុយ ក្លេអ៊ែរ ឬក៏មីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបានផ្អាកការធ្វើតេស្ដចាប់តាំងពីឆ្នាំ២០១៧មក។

លោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែមក្នុងនោះរួមទាំង ដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ សំដៅបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ខណៈ លោក ត្រាំ ក៏បានព្រមានទុកជាមុនដែរថាកូរ៉េខាងជើងអាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើសិនជាហ៊ានតេស្ដអាវុធនុយ ក្លេអ៊ែរឡើងវិញ៕

 

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០១-០៧ ខែមករា ឆ្នាំ២០២០

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបញ្ជាក់ពីស្ថានភាពធាតុអាកាសថា៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

៣៖ តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕

 

អតីតរដ្ឋមន្រ្តីព័ត៌មានវៀតណាម ត្រូវតុលាការផ្តន្ទាទោស ឱ្យជាប់គុកមួយជីវិត

វៀតណាម ៖ តុលាការប្រជាជនទីក្រុងហាណូយ កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តន្ទាទោស លោក ង្វៀន បាកសុន អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍ ឱ្យជាប់គុកមួយជីវិតពីបទទទួលសំណូកចំនួន៣លានដុល្លារ។ នេះបើតាមសារព័ត៌មាន VN Express។

តុលាការបាននិយាយថា ចាប់តាំងពីក្រុមគ្រួសាររបស់ ង្វៀន បាកសុន បានបង់ប្រាក់ចំនួន៦៦ពាន់ លានដុង (៣លានដុល្លារអាមេរិក) ក្នុងនាមគាត់ជាថវិការដ្ឋ គឺការកាត់ទោសប្រហារជីវិត ដែលស្នើដោយព្រះរាជអាជ្ញាមិនត្រូវបានគេស្នើសុំទេ។ ចំណែកលោក ទ្រឿង មិញទួន ដែលពេលនោះ ជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាជនជាប់ចោទ ដ៏សំខាន់ម្នាក់ទៀត ក្នុងរឿងក្តីនេះ ត្រូវបានជាប់ពន្ធនាគារ១៤ ឆ្នាំផងដែរ។

លោក សុន អាយុ៦៦ ឆ្នាំ និងមិញទួន អាយុ៥៩ ឆ្នាំ ត្រូវបានរកឃើញថា មានកំហុសពីបទ “ រំលោភ លើបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ ដើមទុនសាធារណៈ ដែលនាំឱ្យមានផលវិបាក ធ្ងន់ធ្ងរ” និង“ ទទួលសំណូក” ។ ពួកគេត្រូវបានចាប់ខ្លួន នៅខែកុម្ភៈ និងត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តកាលពីខែតុលា៕

 

តារាងកំប្លែងជើងចាស់ នាយ ស្មាញ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ: រថយន្តដឹកដីបើកបរក្នុងល្បឿនលឿនមកដល់កន្លែងភ្លើងស្តុបមិនបង្អន់ល្បឿនទៅបុកម៉ូតូតារាកំប្លែងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងហេតុការដ៏រន្ធត់មួយនេះកើតឡើងនៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៨ខែឆ្នូ ឆ្នាំ២០១៩នេះនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រត្រង់ចំណុចក្បែរក្រុមហ៊ុនលក់រថយន្តMarcdes ស្ថិតក្នុងសង្កាត់ចាកអង្រែរក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញមានម៉ូតូមួយគ្រឿងម៉ាក់Honada Dreamពណ៍ខ្មៅ មានស្លាកលេខកំពងស្ពឺ(1B-6970)មានបើកបរដោយបុរសនឹងស្រ្តីម្នាក់ទឹសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខណះពេលកំពុងឈប់រងចាំភ្លើងស្តុបក៏ស្រាបតែមានរថយន្តដឹកដីមួយគ្រឿងម៉ាកHyundaiប្រផេះមានស្លាក់លេខភ្នំពេញ(3E-7789)បើកបរដោយបុរសម្នាក់ធ្វើដំណើរទឹសដៅស្រប់គ្នាក្នុងល្បឿនលឿនហើយបត់ស្ដាំបណ្ដាលអោយរថយន្តគៀរម៉ូតូចូលក្រោមរថយន្តបណ្ដាល់អោយបុរសម្នាក់ដែលជាម្ចាស់ម៉ូតូស្លាប់ ចំណែកឯស្រ្តីជាអ្នករួមដំណើររងរបួសធ្ងនត្រូវបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ បណ្តាបពីកើតហេតុបានឃាត់ម្ចាស់រថយន្តបង្កទៅសាកសួរនាំនៅអធិការដ្ធាននគរបាលខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះសួន សុខហីម ហៅ នាយ ស្មាញ អាយុ៦៨ ភេទប្រុស មុខរបរសិល្បះករ ស្នាកនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល់ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ

ក្រោយកើតហេតុសមត្ថកច្ចជំនាញចរាចរណ៍នៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញចុះមកទីតាំងកើតហេតុដើម្បីវាស់វែងរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសាកសពសមត្ថកិច្ចប្រគលអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មន្ត្រីរាជការថ្នាក់ក្រោមជាតិមិនអនុញ្ញាតឱ្យផ្ទេរក្របខណ្ឌ ឬប្ដូរកន្លែងធ្វើការទៀតឡើយ

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2019 នេះ បានចេញលិខិតស្នើសុំកិច្ចសហការពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្អាកការផ្ទេរក្របខណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការ របស់មន្រ្តីរាជការ នៅថ្នាក់ក្រោមជាតិ ជាបណ្តោះអាសន្ន ដោយរក្សាស្ថានភាពការងារ កំពុងអនុវត្តក្នុងរចនាសម្ព័ន្ធ និងបុគ្គលិកបច្ចុប្បន្ន ឲ្យនៅដដែល រហូតដំណើរការរៀបចំការផ្ទេរ រចនាសម្ព័ន្ធថ្មី បានធ្វើសុពលភាពរួចរាល់ ។

សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងមុខងារសាធារណៈដូចខាងក្រោម :

នាយករដ្ឋន្ត្រីកម្ពុជា ថា សុខចិត្តទទួលយកយោបល់របស់ប្រតិភូចម្រុះគណបក្សជាជាងទទួលបញ្ជាពីបរទេស

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាសុខចិត្តទទួលយោបល់ និងរបាយការណ៏ក្នុងន័យស្ថាបនារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយ និងធ្វើការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយថា សម្តេច នឹងបន្តស្នើទៅព្រះមហាក្សត្រក្នុងការបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បន្តទៀត នៅក្រោយឆ្នាំ២០២៣ ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោត។

ថ្លែងនៅក្នុងពិធីបិទសន្និបាតសរុបការងារ១៦ខែ និងទិសដៅបន្តរបស់ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះ យន្តការ និងរបាយការណ៏ការងាររបស់សមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំង១៦គណបក្ស ដែលបានផ្តល់ព័ត៌មាន និងរបាយការណ៏ មកកាន់នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ។ សម្តេចតេជោ បានអះអាងថា សម្តេចសុខចិត្តស្តាប់ និងទទួលយកយោបល់នានាពីសមាជិកនៃឧត្តមក្រុម ប្រឹក្សា និងពិគ្រោះយោបល់ ប្រសើរជាងស្តាប់ការបង្គាប់បញ្ជាពីបរទេស ក្នុងធ្វើការធ្វើនេះ ធ្វើនោះដើម្បីជាថ្នូរទៅនឹងជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធ។

នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា របាយការណ៏របស់សមាជិកឧត្តមក្រុមប្រឹក្សានេះ បានក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលយកទៅពិចារណា ធ្វើជាធាតុចូលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានបំណងស្នើទៅព្រះមហាក្សត្រ ដើម្បីបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអាណត្តិ ក្រោយឆ្នាំ២០២៣ បើសិនគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតបន្តទៀត។ ការបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដោយសារ តែយន្តការនោះ បានផ្តល់សារៈសំខាន់ និងជាធាតុចូល ក្នុងការដោះស្រាយ បញ្ហាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ក្នុងរយៈពេល១៦ខែមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។

ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន ១៣លើក។ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ចំណាយលើសកម្មភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេរិក នៅសល់ជាង ៤៥ម៉ឺនដុល្លារ៕

លោករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦នៅប្រទេសចិន

ចិន ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសុន្ទកថានាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអង្គពិធីថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។

ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាវប្បធម៌ និងទិសដៅទេសចរណ៍នៃប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី មានសង្ឃឹមខ្ពស់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។ ជាក់ស្ដែង នៅឆ្នាំ២០១៨ យើងសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួន ៦,៥ ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៩ នេះដែរ ទំហំពាណិជ្ជកម្មសរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧% ធៀបនឹងឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រ និងជួយជំរុញដល់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា គឺសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងប្រជាជន ហើយជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត នៅពេលអនាគត។

ថ្លែងសុន្ទរកថា ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាពេលនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជាទី៦ ដោយកម្ពុជាបានបើកមជ្ឈមណ្ឌលបែបនេះ ចំនួនប្រាំរួចមកហើយនៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។

ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងប្រាំមួយ ក៏ដូចជាកិច្ចព្រមព្រៀងដែលកម្ពុជាមានរួចមកហើយជាមួយនឹងចិន កម្ពុជា និងចិន ក៏នឹងពិនិត្យលទ្ធភាពដើម្បីឈានទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងឆ្នាំ២០២០ ខាងមុខ ដោយទាំងអស់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជននៃប្រទេសទាំងពីរ៕

ទារិកាអាយុ១៧ខែលង់ទឹកអាងស្លាប់ក្នុងបន្ទប់ទឹក

ដោយ ៖ អ. សុផល

ខេត្តកំពង់ចាម ៖ ទារិកាអាយុត្រឹមតែ១៧ខែ ទើបតែចេះដើរ បានស្លាប់នៅអាងទឹកក្នុងបន្ទប់ទឹកផ្ទះឪពុកម្តាយរបស់ខ្លួន ក្នុងខណៈឪពុកម្តាយរវល់ធ្វើការងារភ្លេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦៖០០នាទីនៅចំណុចក្នុងអាងបន្ទប់ទឹក នៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ប៉ូលិសបានអោយដឹងថាមជនរងគ្រោះឈ្មោះធារិន្ទអុីចិនភេទស្រីអាយុ១៧ ខែនៅភូមិអង្គរបានទី៤ឃុំអង្គរបានស្រុកកងមាស-ខេត្តកំពង់ចាម មានឪពុកឈ្មោះចាំ ធារិន្ទ ម្តាយឈ្មោះ នឿនសុខអឿននៅភូមិខាងលើ។ប៉ូលិសបានអោយដឹងថានៅពេលកើតហេតុអាណាព្យាបាលរវល់ធ្វើការងារភ្លេចខ្លួន ខណៈក្មេងរងគ្រោះដើរទៅងូតទឹកនៅកន្លែងកើតហេតុតែម្នាក់ឯង បណ្តាលអោយលង់ស្លាប់។

ក្រោយពីទទួលពត៌មាននេះភ្លាម សមត្ថកិច្ចបានបង្កើត គណៈកម្មការចំរុះត្រួតពិនិត្យទៅលើសពឃើញថា-ផ្នែកក្បាល ដងខ្លួន និងអវៈយវៈពុំមានស្នាកស្នាមអ្វីឡើយ ហើយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។ ក្រោយពីបានពិនិត្យសាសពរួច គណៈកម្មការបានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមគន្លងប្រពៃណី៕

លុចស៊ិស330 ឡើងច្រាំងកំពង់ដរព្រែកពោធិ៍មិនរួច បើកថយក្រោយវិញបុករះរបួសធ្ងន់ ៥នាក់

ដោយ ៖ អ.សុផល

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ក្មេងចាស់ ចំនួន ៥នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តថយចុះច្រាំងទន្លេហើយច្រឡំជាន់ហ្គែរស្មានថាជាហ្វ្រាំង ធ្វើអោយរថយន្តថយលឿនជ្រុលទៅក្រោយបុកផ្ទប់ជញ្ជាំងរបាំងទូកដរប៉ះចំអ្នកដំណើរ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៧ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចច្រាំងទន្លេកំពង់ចម្លង ព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុឝេឃើញទូកដរដឹកចម្លងអ្នកដំណើរ រួមជាមួយម៉ូតូមួយចំនួន និងរថយន្តមួយគ្រឿង បានចេញពីកំពង់ចម្លងស្វាយស្រណោះ មកកំពង់ចម្លងព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រភពដដែលបានបន្តថា នៅពេលទូកចម្លងខាងលើ មកដល់កំពង់ចម្លងព្រែកពោធិ ត្រើយម្ខាងទៀត គេឃើញអ្នកដំណើរ និងម៉ូតូខ្លះបានដើរ និងជិះឡើងច្រាំងធ្វើដំណើរទៅកាន់គោលដៅរៀងៗខ្លួន។ ក្នុងខណៈនោះគេឃើញរថយន្តម៉ាក LexusRX 330 ពាក់ស្លាកលេខភ្នំពេញ 2AU 4122 បើកចេញពីទូកដរឡើងច្រាំងដែរ តែបានបន្តិចក៏ទុចងក់ទំនងឡើងមិនរួច។ ឃើញដូច្នោះមានបុរសម្នាក់ជាអ្នកបើកទូកដរបានទៅឈរពីខាងក្រោយរថយន្ត ធ្វើសញ្ញាបញ្ជាទៅអ្នកបើកបររថយន្តអោយថយក្រោយសិន ។ ខណៈនោះស្រាប់តែរថយន្ត LEXUS បានថយក្រោយយ៉ាងលឿនបុកអ្នកធ្វើសញ្ញា រួមនិងអ្នកដំណើរដែលនៅលើទូកដរ នោះ រុញទៅផ្ទប់នឹងរនាំងទូកដរ បណ្តាលអោយរងរបួសធ្ងន់ចំនួន ៥នាក់ ក្នុងនោះមានស្រីចំនួន ២នាក់ បុរសអ្នកបើកទូកដរ១នាក់ និងកុមារាចំនួន ២នាក់។

ប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយនាំយកអ្នករបួសទៅកាន់មន្ទីរ។ ក្នុងហេតុការណ៍នេះ គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ចំណែកអ្នកបើបររថយន្ត ក៏អត់ស្គាល់អត្តសញ្ញាណដូចគ្នាដែរ រីឯសមត្ថកិច្ច ក៏មិនទាន់បំភ្លឺអោយបានច្បាស់នៅឡើយ រង់ចាំធ្វើការស្រាវជ្រាវអោយបានចប់សិន៕

ព្រះមហាក្សត្រ យាងសួរសុខទុក្ខប្រជាកសិករនៅតាមដងទន្លេតូច ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសួរសុខទុក្ខ និងប្រោស ព្រះរាជទានព្រះរាជអំណោយជូនដល់ប្រជាកសិករក្រីក្រ នៅតាមដងទន្លេតូច ស្ថិតក្នុងភូមបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន ៤៦០គ្រួសារ។

នាវេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះ អង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះ រាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅតាមដងទន្លេតូច ស្ថិតក្នុងភូមបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន ៤៦០ សារ។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯក ឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះ បរម រាជវាំងជាច្រើនរូប។

ស្ថិតក្នុងឱកាសស្តេចយាងដល់នៅភូមិឯលិច ឃុំច្រណូក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាង ប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះ សំណាលនិងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៥គ្រួសារ ដល់ ក្នុងលំនៅឋាន ព្រមទាំងបានប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង ៥ ផងដែរ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយលោកតា និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គនា ឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួប លោក តា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និង ជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែល ព្រះ អង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បាន មានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេស ជាតិ របស់យើង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តាទាំងនេះ បានធ្វើឱ្យជីវភាពរស់នៅ របស់ប្រជារាស្ត្រកាន់តែល្អប្រសើរឡើង៕

ចាប់ពីពេលនេះទៅ សប្បុរសជនអាចចូលរួមវិភាគទានជួយមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈទ្រូម៉ាន់នី

ភ្នំពេញ ៖ ប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីផ្តល់លទ្ធភាពឲ្យសប្បុរសជនអាចចូលរួមវិភាគទានជូនមូលនិធិគន្ធបុប្ផា ក្នុងការទ្រទ្រង់ សកម្មភាព និងប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារមួយនេះ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ស្តីពី «ការប្រើប្រាស់សេវាកម្មកៀគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផា» រវាងក្រុមហ៊ុនទ្រូម៉ាន់នី និងមូលនិធិគន្ធបុប្ផា ដែលរៀបចំនៅមជ្ឈមណ្ឌល ព៏ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កម្ពុជា។
ក្នុងឱកាសនោះ លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផា កម្ពុជា មានប្រសាសន៏ថា កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពសប្បុរសជន អាចចូលរួមបរិច្ចាក ទោះបីតិចក្តី ច្រើនក្តីជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការ ចូលរួមគាំទ្រដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់ពួកគេ ដែលជាអនាគតរបស់ជាតិ។

លោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី ខេមបូឌា បានបញ្ជាក់ថា នេះជាកិច្ចសហការថ្មី ក្នុងការផ្តល់ជម្រើសបន្ថែមជូនសប្បុរសជន ដែលមានបំណងបរិច្ចាក ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឲ្យមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាផ្ទេរប្រាក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេស ឫកម្មវិធីទ្រូម៉ាន់នីអេប។ លោកបន្ថែមថា តាមរយៈ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្តល់កម្មវិធីពិសេសជូនសប្បុរសជនទាំងអស់ ដែលបានដំឡើងកម្មវិធីTrue Money App រួចដាក់លុយទៅក្នុងគណនីនោះ នឹងធ្វើការបរិច្ចាកក្នុងចំនួនទោះតិចក្តី ច្រើនក្តី ជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្រុមហ៊ុននឹងរួមចំណែកបរិច្ចាកបន្ថែមចំនួន២០០០រៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជាភ្លាមៗដែរ។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា មន្ទីរពេទ្យត្រូវការការចូលរួមពីប្រជាពលរដ្ឋទូទៅ ដើម្បីបន្តនិរន្តភាពមន្ទីរពេទ្យ ដោយត្រូវចំណាយ៤០លានដុល្លារអាមេរិក្នុងមួយឆ្នាំ។ លោកវេជ្ជបណ្ឌិតអរគុណចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរួមចំណែកដ៏សំខាន់ជាមួយមូល និធិស្វីស សម្រាប់ទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យ។

ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាសរុបចំនួន១០លាន ៨សែន ៩ម៉ឺន ២៤០៤ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ថវិកាចំនួន១០,៨៩២,៤០៤ដុល្លារអាមេរិកនេះ គិតរួមទាំងថវិកាចំនួន ៨៣៦,១៣៨ដុល្លារអាមេរិក ត្រូវបាន ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីចុងខែវិច្ឆិកាកន្លងទៅ៕