All posts by មេគង្គ ប៉ុស្តិ៍

ជិះម៉ូតូដេញបាញ់មនុស្សកណ្តាលក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ កំលាំងសមត្ថកិច្ច កំពង់ចាម បាននិងកំពុងតាមស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញបាញ់ មនុស្សយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលអធ្រាត្រហើយគេចខ្លួនបាត់ស្រមោល។

ប៉ូលិសបានអោយដឹងថា ករណីប៉ុនប៉ងធ្វើមនុស្សឃាតដេញបាញ់ប្រើប្រាស់អាវុធខ្លីខាងលើនេះកើតឡើង បង្ករអោយមាន ការភ្ញាក់ផ្អើលនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០០ៈ៣0នាទីរំលងអធ្រាតហើយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ បានទទួលពត៍មានពីប្រជាពលរដ្ឋថាមានករណី ផ្ទុះអាវុធ នៅចំណុចមុខខារ៉ាអូខេ គ្រួសារ ស្ថិតនៅក្នុងភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ប៉ូលិសបានបន្តថាក្រោយពីទទួលពត៍មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយជំនាញព្រហ្មទណ្ឌក្រុងនិងជំនាញព្រហ្មទណ្ឌខេត្តបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ មានការបាញ់ដោយប្រើប្រាស់អាវុធខ្លីបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ01នាក់ ជិះម៉ូតូ ម៉ាកហ្សូម័រ ព៌ណក្រហម បានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ ដែលជិះម៉ូតូ ម៉ាក់សេ125ពណ៌ខ្មៅ ផលិតឆ្នាំ2018 ។ក្នុងនោះមាន: ១.ឈ្មោះ ឡុក ប៊ុនលាង ភេទប្រុស អាយុ៣៤ឆ្នាំបណ្តាលអោយ រងរបួសធ្ងន់ ។ ២ ឆុន ចិន្តា ភេទប្រុសអាយុ២៥ឆ្នាំ ជាអ្នកឌុបរងរបួសស្រាល អ្នកទាំងពីរនៅភូមិគគរ១ ឃុំគគ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមការបំំភ្លឺពីជនរងគ្រោះ គឺមុនកើតហេតុខាងលើ គឺជនរងគ្រោះទាំងនាក់បានជិះម៉ូតូឌុបគ្នា ហើយបើកជែងម៉ូតូ១គ្រឿងទៀត ។

បន្ទាប់មកមានជនសង្ស័យម្នាក់បានជិះម៉ូតូមកដញបាញ់អ្នកទាំងពីរ រួចជនសង្ស័យគេចខ្លួនបាត់តែម្តង។ប៉ូលិសបានអោយដឹងថាបន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរខេត្តកំពង់ចាម។ *ករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៉ិនអង្កេតរកអត្តសញញាណជនសង្សយ័៕ អ សុផល

លោក លឺ ឡាយស្រេង អាចវិលមកកម្ពុជាវិញដោយគ្មានការភ័យខ្លាច

ភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច អាចវិលត្រឡប់ចូលស្រុកវិញដោយពុំមានការភ័យខ្លាចអ្វី ព្រោះពេលលោក(លឺឡាយស្រេង)ចេញទៅក្រៅប្រទេស គឺគាត់ទៅដោយខ្លួនឯង ព្រោះគាត់ បានប្រមាថព្រះមហាក្សត្រ ដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ខណៈដែលសម្តេចបាន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់និស្សិតចំនួន ៣.២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ។

សម្តេច បានមានប្រសាសន៍ហៅលោក លឺ ឡាយស្រេង ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា នឹងគ្មានការចោទប្រកាន់ទៅលើរូបលោក លឺ ឡាយស្រេង ទេ ហើយសម្តេចក៏បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចកុំឲ្យចាប់ចងរូបគាត់ ទៀតផង។

ការថ្លែងរបស់សម្តេចតេជោ នាពេលនេះ គឺនៅបន្ទាប់ពីមានការផ្សាយព័ត៌មានតាមរយៈសារព័ត៌មានបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវស្នើសុំសម្តេចតេជោ ដើម្បីបានវិលត្រឡប់មករស់នៅលើទឹកដឺស្រុកកំណើតក្នុងជីវិតចុងក្រោយវិញ៕

ព្រះមហាក្សត្រផ្ញើព្រះរាជសារសម្រាប់ការបើកបវេសនកាលនៃរដ្ឋសភា

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា បានទ្រង់ផ្ញើរព្រះរាជសារសម្រាប់ការបើកបវេសនកាលនៃរដ្ឋសភាសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ ដោយមាន សមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន ១១៣រូប នៃចំនួនសមាជិកសភាសរុប ១២៥ រូប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអានព្រះរាជសារ ព្រះករុណា ដោយព្រះរាជសារបានលើកឡើងថា រយៈពេលកន្លងមកនេះ រដ្ឋសភាបានយក ចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និង សុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងផ្ទៃ ប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យ ដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាងសមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជម្រុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រី ក្រ និងជនងាយរងគ្រោះ។

សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ មានរបៀបវារៈ សំខាន់ៗមួយចំនួនរួមមាន របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋ សភាលើកទី១ និងលើកទី២ នីតិកាលទី៦។ ការបោះឆ្នោតជ្រើសតាំងលោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២៨, ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងឯកឧត្តម ច័ន្ទ សុផល ជាសមា ជិកគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕

ក្រុមអ្នកធ្វើជំនួញតាមអនឡាយបង្ហាញពីភាពជោគជ័យរបស់ខ្លួន

ភ្នំពេញ ៖ ក្រុមអ្នកធ្វើជំនួញតាមអនឡាយបង្ហាញពីភាពជោគជ័យរបស់ខ្លួន ខណៈដែលទីផ្សាមួយនេះ កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាស្របពេលដែលអ្នកធ្វើជំនួញ តាម ប្រព័ន្ធអ៊ីនធើណេត មានការកើនឡើងគួរឱ្យកត់សំគាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានអ្នកប្រកបអាជីវកម្មប្រភេទនេះ មួយចំនួនទៀត បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារអាមេរិក ហើយពង្រីកខ្លួនកាន់តែធំពីក្នុងមួយខែៗ ខណៈដែលមុខរបរមួយនេះ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាយនៅលើទីផ្សារកម្ពុជា។

ជាក់ស្តែងនៅចុងសប្តាហ៍កន្លងមកនេះ អ្នកធ្វើជំនួញតាមអ៊ីនធើណេត មួយមានឈ្មោះ ប៊ីហ៊ីប គ្លូបប៊ល ខេមបូឌា ដែលមានភ្នាក់ងារចែកចាយរាប់រយនាក់នៅទូទាំងប្រទេស បានជួបជុំគ្នារៀបចំកម្មវិធីមួយឈ្មោះថា វ៉ាយ ផាតធី ដើម្បីអបអរសាទរ នូវភាពជោគជ័យរបស់ខ្លួន លើមុខជំនួញនាឆ្នាំកន្លងទៅ ជាពិសេស អបអរសាទរ ចំពោះដៃគូចែកចាយទាំងនៅភ្នំពេញ បាត់ដំបងនិងសៀមរាបដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ប៊ីហ៊ីប អ៊ីនហ្វីនីធី ខុនវិនហ្សិន ២០១៩ ដែលជាព្រឹត្តិការណ៍ប្រចាំប្រទេសកម្ពុជាមួយនេះ បានរៀបចំធ្វើតាំងពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ឌឹ គ្រីត ឌុក ភ្នំពេញ។

លោក ថុង សុធារិទ្ធ ដែលជាអ្នកតំណាងក្រុមហ៊ុន បានលើកឡើងថា ភាពជោគជ័យ ដែលទទួលបាននៅពេលនេះ គឺយើងបានធ្វើឱ្យអតិថិជន មានការជឿជាក់ ហើយរាល់ផលិតផល ដែលនាំចូលមកលក់ នៅលើទីផ្សារកម្ពុជា គឺមានការទទួលស្គាល់ ដោយច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ឬ បរិស្ថាន ប៉ុន្តែបានធានាចំពោះសុវត្ថិភាពនិងសុខភាព ពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ ចំពោះអ្នកចែកចាយ ក៏ត្រូវបានទទួលការ បណ្តុះបណ្តាលនូវជំនាញ វិជ្ជាជីវៈ យ៉ាងត្រូវត្រូវផងដែរ។ ទន្ទឹមគ្នានេះ លោកបានអះអាងផងដែរថា ប៊ីហ៊ីន នៅតែបោះជំហានទៅមុខដោយការទទួលខុសត្រូវផងដែរ។

ចំណែកលោក ម៉ៅ រតនា អ្នកដឹកនាំក្រុម វ័នធីម យូណាយធីតបានឱ្យដឹងថា ដោយភាពជោគជ័យ យើងតែងបង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នា ធ្វើយ៉ាងណារកវិធីសាស្រ្តល្អៗនិងមុខទំនិញថ្មី សម្រាប់ផ្គាប់ចិត្តអតិថិជន។

លើសពីនេះក៏មានការលើកទឹកចិត្ត តាមរយៈការប្រគល់ពានកត្តិយស ដល់ដៃគូរចែកចាយឆ្នើម ដែលបានខិតខំប្រឹងប្រែងលក់ និងបង្វិកក្រុមលក់ រហូតទទួលបានដំណែង នឹងដំណើរកំសាន្តនានាទៅក្រៅប្រទេស។សម្រាប់ឆ្នាំនេះនឹងមានដំណើរកំសាន្តលក្ខណ: VIP ដ៏អសា្ចរ្យ មួយគឺការជិះកប៉ាល់ដ៏ធំ នៅក្នុងតំបន់អាស៊ី ឆ្លងកាត់ប្រទេស3 គឺប្រទេស សិង្ហបុរី ម៉ាឡេស៊ី និង ថៃឡង់ នាចុង ខែ មិថុនាឆ្នាំ 2019 ខាងមុខនេះផងដែរ៕

ភ្លើងឆេះអស់តូបមួយខ្នងក្នុងផ្សារចំការគ(ផ្សារថ្មី) ក្រុងសិរីសោភ័ណ(Video)

បន្ទាយមានជ័យ ៖ តូបមួយខ្នងដែលស្ថិតនៅក្នុងផ្សារចំការគ(ផ្សារថ្មី)នៃខេត្តបន្ទាយមានជ័យត្រូវបានរងនូវការឆាបឆេះបង្កជាការភ្ញាក់ផ្អើល។ហេតុការណ៍នៃការឆាបឆេះនេះកើតឡើងនៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០១៩ចំនុចផ្សារចំការគហៅផ្សារថ្មីស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថាតូបដែលរងការឆាបឆេះនោះជាតូបដែលលក់គ្រឿងជ័រ។លោកថាគ្មានសម្ភារៈណាមួយដែលនៅសេសសល់ពីការឆេះនេះទេតែវាសំណាងល្អបំផុតដែលអគ្គីសភ័យមានរីករាលដាលនិងឆ្លងទៅតូបដទៃដែលនៅក្បែរនោះ។អ្វីដែលមិនរីករាលដាលគឺបណ្តាលមកពីតូបមានឃ្លប់បិទជិតភ្លើងឆេះតែក្នុងរង្វង់ឃ្លប់ហើយពិសេសជាងនេះនោះគឺមានអ្នកឃើញនិងរាយការណ៍ទាន់ពេលវេលានិងជួយអន្តរាគមន៍ទាន់ហេតុការណ៍។

ក្រោយការជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាបានធ្វើអោយអគ្គីសភ័យរលត់ទៅវិញទាំងស្រុងនៅម៉ោងប្រមាណជា៥ទៀបភ្លឺព្រឹកថ្ងៃដដែល៕ ដោយ ​៖​ ស.រ

ផ្ទះទេវតាប្រគល់ជូនគ្រួសារក្រីក្រនៅស្រុកត្បែងមានជ័យ

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ ដាស មា ជិ ល គណកម្មាធិការកណ្តាល និងជា ប្រធានគណកម្មាធិការ គណប្រជាជនកម្ពុជា ខេត្តព្រះវិហារ អញ្ជើញចុះប្រគល់ផ្ទះឈើ មួយខ្នង ប្រក ស័ង្កសីទំហំ ៤ ម៉ែត្រ គុណ ៦ ម៉ែត្រ ជូនគ្រួសារក្រីក្រ ខ្វះខាត ។ ប្តី ឈ្មោះ ខិត ខេម អាយុ ៣៥ ឆ្នាំ និង ប្រពន្ធឈ្មោះ ម៉ៅ រដ្ឋ អាយុ ៣៨ ឆ្នាំមានកូន ៦ នាក់ រស់នៅ ឃុំ បុស្ស ធំស្រុក ត្បែងមានជ័យខេត្តព្រះវិហារ ។

លោក ប្រធាន មានប្រសាសន៍ថា ទីណា មានការ លំបាក ទីនោះ តែងមាន គណបក្ស ប្រជាជន កម្ពុជារួមសុខ រួមទុក្ខជាមួយ បងប្អូន ប្រជាពលរដ្ឋ យើងក្រោម គោលនយោបាយនិង មាគ៌ា ដ៏ត្រឹមត្រូវនិង ប៉ិនប្រសព្វឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុនសែន ។

យើងទទួលបាន សុខសន្តិភាព និង ការអភិវឌ្ឍ គិតគូរ ពី ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ។ ជាក់ស្តែង មិន ត្រឹមតែ ប្រគល់ជូនពេលនេះ ទេ កន្លងមក គណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានប្រគល់ផ្ទះ ទេវតា ជាច្រើនខ្នងនៅតាមបណ្តាក្រុងស្រុកទូទាំងខេត្ត ។

លោកប្រធាន ក៏បាន ផ្តាំផ្ញើរ ឲ្យ គ្រួសារ ដែលត្រូវទទួលបានផ្ទះពីគណបក្ស ប្រជាជនកម្ពុជាខិតខំ បង្កបង្កើនផល ដើម្បី បង្កើនជីវភាពគ្រួសារ ហើយកុំជឿការញ៉ុះញ៉ ង់ផ្សេងពីជនអគតិ ។ ក្នុងឱកាស នោះដែរ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ថវិកា មួយចំនួនជូនគ្រួសារក្រីក្រនោះផងដែរ ៕ ដោយ ៖ ស.ស.

តុលាការកោះហៅលោក សម រង្ស៊ី ឲ្យមកបំភ្លឺក្រោយថ្ងៃចូលឆ្នាំ ករណីញុះញង់កងទ័ព

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែមេសា ពីបទចោទ “ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព”។ នេះបើយោងតាមដីកាកោះហៅចុះថ្ងៃទី ១៤ មីនា ឆ្នាំ២០១៩ ដែល មេគង្គប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។

ដីកាកោះបានរៀបរាប់ពីសិទ្ធិទាំង ៥ របស់ជនជាប់ចោទដែលរួមមានសិទ្ធិទទួលដឹងឮនិងដីកាកោះឲ្យចូលខ្លួន សិទ្ធិបង្ហាញភ័ស្តុតាងសំអាង សាក្សី ឬធ្វើសំណូមពរផ្សេងៗ សិទ្ធិប្ដឹងបដិសេធចៅក្រមជំនុំជម្រះ សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីជួយការពារ ឬពឹងអ្នកដទៃណាមួយជួយការពារខ្លួន និងសិទ្ធិនិយាយសម្តី ចុងក្រោយបង្អស់។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២២ ខែមេសា ខាងមុខ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុក ថា «ខ្ញុំមិនខ្វល់ពីការកោះហៅរបស់តុលាការអាយ៉ងនេះទេ ហើយខ្ញុំនៅតែអំពាវនាវកាន់តែខ្លាំងឡើងៗ ហើយកាន់តែញឹកញាប់ទៅៗ។

គួររំលឹកថា លោក សម រង្ស៊ី ធ្លាប់បានថ្លែងនៅពេលមុននោះថា «សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាលកុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់»។

បើតាមមាត្រាទាំង២ នៃច្បាប់នេះ លោក សម រង្ស៊ី ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕

កម្មកររោងចក្រ​អាចឈប់សម្រាក៤ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ កម្មករ-និយោជិតទាំងអស់ នឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងរយៈពេល៤ថ្ងៃ។

តាមសេចក្ដីជូនដំណឹងស្ដីអំពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានបញ្ជាក់ជូនដល់ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅ ក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ដោយបានធ្វើការណែនាំដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំង អស់នេះ ត្រូវអនុញ្ញាត្តឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលឈ្នួលចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ១៥ ១៦ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជំនួសឱ្យថ្ងៃទី១៤ ចំនួនមួយថ្ងៃ ដោយសារត្រូវចំថ្ងៃអាទិត្យ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា បើករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលានិងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប និងមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា “។
ក្នុងសេចក្ដីជូនដំណឹង ខាងលើនេះ ក៏បានបញ្ជាក់ផងថា បើក្នុងករណីមានលទ្ធិភាពម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន គូរចាត់តាំងឱ្យមានការលែងល្បែងកំសាន្តនានា នៅតាមសហគ្រាស គ្រឹះស្ថាន របស់ខ្លួន ដើម្បីចូលរួមអបអរសាទរ ពីធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីលើកទឹកចិត្តដល់ កម្មករ និយោជិតដែលបាន បំពេញការងារកន្លងមក។

គួរបញ្ជាក់ថាប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងរហូតដល់ ១៨២ដុល្លារ នៅឆ្នាំ២០១៩ សម្រាប់កម្មករពេញសិទ្ធិ និង១៧៧ដុល្លារសម្រាប់កម្មករ និយោជិត សាកល្បង។ ប្រាក់ឈ្នួលថ្មីនេះមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតទទួលបាននោះទេហើយបើបូករួមបញ្ចូលប្រាក់បំណាច់និងប្រាក់អត្ថប្រយោជន៍ផ្សេងៗផងកម្មកម្នាក់អាចទទួលបានប្រាក់ឈ្នួលចាប់ពី២០០ដល់៣០០ដុល្លារទៀតផង៕ 

មនុស្សជិត១រយនាក់ចាញ់ល្បិចបោកថ្មី លក់ឡាន«ខ្យល់»បង់រំលោះ

ភ្នំពេញ ៖ អ្នកទិញរថយន្តបង់រំលោះ ប្រមាណជាង៣០នាក់ អះអាងថា ក្នុងចំណោមប្រមាណជិត ១០០ នាក់ បានលើកគ្នា ទៅឃ្លាំង ទិញលក់រថយន្ត បន្ទាប់ពីពួកគេ បាន ទិញ រថយន្តបង់រំលោះ ដោយកក់ប្រាក់ម្នាក់ៗ ៣ពាន់, ៥ពាន់ និងខ្លះទៀត ១ម៉ឺនដុល្លារ រាប់ខែមកហើយ ថៅកែគ្មាន រថ យន្តប្រគល់អោយនៅឡើយទេ ដោយប្រមូលប្រាក់កក់ជិត ១លានដុលារ រត់គេចខ្លួនបាត់។

ការចាញ់បោកដោយទិញរថយន្តខ្យលបង់រំលោះនេះនបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ដោយអ្នកចាញ់បោកគេ លើកគ្នា ទៅ កាន់ឃ្លាំង លក់រថយន្តយីហោ សេង ហួត ដែលស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នេះជាល្បិចបោកថ្មី ដែលថៅកែ រថយន្តធ្វើនំអត់ម្សៅ បានជួលរថយន្តគេមកដាក់តាំងក្នុងឃ្លាំង ជាការបញ្ឆោតនិងបោកប្រាស់ ដើម្បីឲ្យអ្នកទិញទុកចិត្ត យកលុយទៅកក់ប៉ុណ្ណោះ។តាមអ្នកដែល ចាញ់បោកគេ បានអោយដឹងថា មានអ្នករងគ្រោះ ប្រមាណជិត ១០០នាក់ ដែលបានចាញ់បោក នាំគ្នាទៅទិញរថយន្តបង់រំលោះពីម្ចាស់ទីតាំងនោះ ដោយអស់ប្រាក់ម្នាក់ខ្លះ ៣ពាន់ដុល្លារ ,៥ពាន់ ដុល្លារ និងខ្លះទៀតរហូតដល ១ម៉ឺនដុល្លារ ទៅតាមប្រភេទរថយន្ត រួមមានប្រភេទរថយន្ត ហាយ ឡេនឌ័រ ឡិចស៊ីស ៣៣០ និង៣៥០ តែកក់លុយខ្លះប្រមាណជាង ១ខែ ខ្លះរហូតដល់ ៣ខែ មិន ទាន់បានរថយន្តយកមកប្រើនោះទេ ដោយម្ចាស់តីតាំងបានប្រើល្បិច ពន្យារពេលជាបន្តបន្ទាប់រហូត មកដល់ថ្ងៃផ្ទុះរឿងនេះតែម្តង ។

ប្រភពព័ត៌មានអោយដឹងទៀតថា ចំណែកអ្នកខ្លះទៀត ប្រគល់លុយគ្រប់បានរថយន្តយកទៅ ជិះ រយៈពេលខ្លី ហើយត្រូវបានថៅកែឃ្លាំងនេះ យករថយន្តត្រឡប់ទៅវិញ ដោយកុហកថា រថយន្តនោះ ដាច់ប្រព័ន្ធតាមដាន GPS ហើយក្រុមហ៊ុនត្រូវយកទៅវិញ ដើម្បីតភ្ជាប់ប្រព័ន្ធតាមដាន GPS ឲ្យ បានត្រឹមត្រូវឡើងវិញ ហើយក៍យកទៅបាត់រហូតទាក់ទងលែងចូលទើបដឹងថា ឃ្លាំងលក់រថយន្ត នោះ បោកប្រាស់ ពុំមានរថយន្តលក់ពិតប្រាកដនោះទេ គឺជួលរថយន្តគេមកដាក់តាំងប្រមូលលុយ កក់ដែលសរុបតាមចំនួនអ្នកមកតវ៉ាប្រមាណជាជិត ១លានដុល្លារ ហើយរហូតមកដល់ពេលនេះ រត់ គេចបាត់ស្រមោល មិនអាចទាក់ទងបានឡើយ ចំណែក ឃ្លាំងលក់រថយន្តដែលមានទីតាំងស្ថិតនៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ គេឃើញមានតែសំបកទទេ ប៉ុណ្ណោះ ។

ប្រភពដដែលបន្តថា បច្ចុនប្បន្ននេះ ក្រុមអ្នកដែលអះអាងថា ចាញ់បោកគេ កំពុងស្វះស្វែងរក អន្តរា គមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមរកម្ចាស់ឃ្លាំងលក់រថយន្តខាងលើ មកដោះស្រាគ្នាតាម ផ្លូវច្បាប់៕

កញ្ញា យិន ម៉ាណា ដែលបើករថយន្តបុកនិស្សិតស្រីស្លាប់ ​ប្រឈមជាប់ពន្ធនាគារពី១ ដល់៣ឆ្នាំ

ភ្នំពេញ ៖ នារីឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា ដែលបើករថយន្តបុកនិស្សិតឆ្នើមម្នាក់ស្លាប់ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ និងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ តែមួយបទល្មើសប៉ុណ្ណោះ គឺបើកបរធ្វេសប្រហែស ខ្ជីខ្ជារ បណ្ដាលឱ្យស្លាប់អ្នកដទៃ ផ្អែកតាមមាត្រា៨៥ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរ ដោយ ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ ចរាចរណ៌ផ្លូវគោកហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”។

សូមជម្រាបថា លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកវរសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយ ទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យតុលាការចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ចំពោះជនបង្ករូបនេះ ។

កញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ពណ៌ ខ្មៅបុកជនរងគ្រោះឈ្មោះ ឌុំ រីដា បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ។ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥.០០០ដុល្លារ។ បន្ទាប់មកលោក យិន ហ្គិច បាននាំកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។

គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុកនិស្សិតស្រីម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពីក្រោពេញទំហឹងប៉ើងដូចក្រដាស នៅចំណុចផ្លូវបំបែកជាបួនមួយកន្លែងក្នុងខណ្ឌទួលគោក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយបង្កហេតុភ្លាមៗ អ្នកបើករថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែដោយសារមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្ត រហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តនិងស្រាវជ្រាវរកឃើញនាពេលនេះ។

បើតាមមាត្រា៨៥ ដែលត្រូវបានតុលាការលើកយកមកធ្វើការចោទប្រកាន់នេះ នារី យិន ម៉ាណា នឹងប្រឈមការជាប់ពន្ធាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យប្រាក់ពី៤លាន ទៅ១៥លានរៀល៕

ភ្លើងឆេះអគារស្តុកសម្ភារៈរោងចក្រផលិតស្បែកជើង ជូហ៊ួយ នៅស្រុកជើងព្រៃ(Video)

ខេត្តកំពង់ចាម ៖ អគ្គិភ័យដ៏កំណាចមួយបានឆាបឆេះបំផ្លាញអគាររោងចក្រផលិតស្បែកជើងមួយកន្លែង យីហោ« ជូហ៊ួយ» មានទីតាំងស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ក្នុងស្រុកជើងព្រៃ អស់ទាំងស្រុងនៅម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

មន្ត្រីនគរបាលបានឲ្យដឹងថា អគារ១ខ្នង និងសម្ភារមួយចំនួនរបស់រោងចក្រផលស្បែកជើងមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅថ្ងៃនេះ ប៉ុន្តែ គ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

លោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃ បានប្រាប់ឲ្យដឹងថា អគាររោងចក្រផលិតស្បែកជើង ជូហ៊ួយ ភ្លើងបានឆាបឆេះអស់នៅម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ហើយត្រូវបានអន្តរាគមន៍ពន្លត់ជាស្ថាពរវិញនៅម៉ោងប្រហែល ១០ព្រឹក ក្នងថ្ងៃដដែល។

មន្ត្រីនគរបាលរូបនេះ អះអាងថា គ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែ លោកថា មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំនៃខូចខាតនៃរោងចក្រនោះនៅឡើយទេ ហើយថា សមត្ថកិច្ចកំពុងស្រាវជ្រាវលម្អិតនៅឡើយ។

សមត្ថកិច្ច ឲ្យដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ មានចំនួន ១០គឿង នៅក្នុងនោះមានរថយន្តអគ្គីភ័យរបស់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ១គឿងផងដែរ និងបានប្រើប្រាសទឹកអស់ចំនួន ៣០រថយន្ត៕ ដោយ ៖ សុផល

ឃាត់ខ្លួនជនជាតិចិនជាង១៦០នាក់ ក្នុងការបង្ក្រាបល្បែងស៊ីសងតាម អ៊ិនធឺណេត

ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ដែលស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានចំនួនពីរទីតាំង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនសរុបចំនួន ១៦៣នាក់ ក្នុងស្រីចំនួន៤០នាក់ និងរឹបអូសកុំព្យូទ័រប្រមាណ ១៥០គ្រឿង ដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ។

នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណេត (Internet Game online) ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។

ប្រភពដដែលនេះ បានបន្តថា សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យទាំងនោះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើនិតិវិធីបន្ត។

គួររំលឹកថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ ជនជាតិចិនជាង ៦០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ និងបញ្ជូនទៅប្រទេសចិនវិញ ក្រោយពួកគេបានប្រព្រឹត្តិបទល្មើសមួយចំនួនដូចជា ល្បែងស៊ីសងតាមអនឡាញ ជំរិតយកប្រាក់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ជាដើម៕
(រូបភាព ៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

អាជ្ញាធរខេត្តព្រះសីហនុបិទប្រឡាយបង្ហូរទឹកកខ្វក់ចូលសមុទ្រ​តំបន់ឆ្នេរសុខា

ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានថ្លែងកាលពីម្សិលមិញថា រដ្ឋបាលខេត្ដបានរំពឹងថា ទៅអនាគតបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងអាចដោះស្រាយបាន។

លោក ឃាង ភារម្យ បានបញ្ជាក់បែបនេះ នៅបន្ទាប់ពី រដ្ឋបាលខេត្ដព្រះសីហនុ បានចាប់ផ្ដើមបិទប្រឡាយទឹកកខ្វក់មួយកន្លែងនៅចំណុចឆ្នេរសុខាដើម្បីកុំឲ្យបង្ហូរទឹកកខ្វក់ចូលសមុទ្រដោយផ្ទាល់បន្ដទៀត តែត្រូវបង្វែរឲ្យធ្លាក់ទៅស្ថានីយចម្រោះជាមុនសិនទើបអាចបង្ហូរចូលសមុទ្របាន ខណៈស្ថានីយប្រព្រឹត្ដិកម្មចម្រោះទឹកកខ្វក់ ចំនួន ៤ ក្នុងខេត្ដនេះ បានសាងសង់រួចរាល់និងកំពុងដំណើរការសាកល្បង។

លោក ជាវ វិជ្ជាក់ អភិបាលរង និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ ខេត្ដព្រះសីហនុ បានថ្លែងថា៖ «ការសម្រេចបិទទំនប់បង្ហូរទឹកកខ្វក់នៅចំណុចឆ្នេរសុខានេះដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយទម្លាក់ទៅស្ថានីយបូមទឹកកខ្វក់ទី ៣ ដោយបូមបញ្ចូលទៅស្ថានីយចម្រោះនៅអូរឈើទាលដើម្បីច្រោះទឹកកខ្វក់មុនឲ្យបង្ហូរទៅសមុទ្រ ព្រោះថា ស្ថានីយបូមទឹកកខ្វក់ទើបសាងសង់រួច និងកំពុងដំណើរការសាកល្បងផងដែរ»។

គួរជម្រាបថា ការសម្រេចបិទប្រឡាយទឹកកខ្វក់នេះ ធ្វើឡើងកាលពីថ្ងៃអង្គារបន្ទាប់ពីស្ថានីយបូមឆ្នេរសុខាបានបំពាក់ម៉ាស៊ីនបូមទឹកកខ្វក់ ដើម្បីបង្ហូរទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅចំណុចអូរឈើទាល វិញ បន្ទាប់ធ្វើការសាងសង់រួចនាពេលថ្មីៗនេះ៕

(រូបភាពហ្វេសប៊ុក ៖ ទិដ្ឋភាពមើលពីលើ ឃើញប្រឡាយបង្ហូរទឹកកខ្វក់ចូលសមុទ្រដែលត្រូវបិទ)

កម្មវិធីប្រកួត Freshie girl and Boy ជំនាន់ទី១៨ ចាប់ផ្តើមជាផ្លូវការ

ភ្នំពេញ ៖ មានបេក្ខជនជាង ៣ពាន់នាក់ បានដាក់ពាក្យចូលរួមប្រកួត Freshie girl and Boy ជំនាន់ទី១៨ តែក្រោយការជម្រុះមកគឺនៅសល់ត្រឹម ៣៦នាក់ប៉ុណ្ណោះ ដែលត្រូវចូលរួមប្រកួត នៅក្នុងសប្តាហទី១ ដែលបានចាប់ផ្តើមជាផ្លូវការនាពេលនេះ ហើយបើតាមការបញ្ជាក់ពីអ្នក រៀបចំថា កម្មវិធីប្រកួត Freshie girl and boy នេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ជាប្រចាំ ឆ្នាំ ដោយឆ្នាំនេះគឺជាឆ្នាំទី១៨ ហើយ។

កម្មវីធីប្រកួតនេះបានចាប់ផ្តើមដំណើរការដោយប្រកាសទទួលពាក្យពីយុវជន យុវតីខ្មែរ គ្រប់ៗរូបតាមរយៈបណ្តាញទំនាក់ទំនងសង្គម ឬហៅថា facebook ផ្លូវការរបស់កម្មវិធី ដែល មានឈ្មោះថា Freshie Cambodia ដោយឆ្នាំនេះមានបេក្ខភាពដាក់ពាក្យប្រមាណជាង ៣ពាន់ នាក់ ដែលចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាម ការលើកឡើងរបស់លោក ប៊ុនកើដ អាំងអាំនួយសិរិ ម្ចាស់គំរោងកម្មវិធី Freshie girl and boy ក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកការប្រកួតជាផ្លូវការកម្មវិធី Freshie girl and boy ជំនាន់ ទី១៨ នេះ។

លោកថា អ្នកជាង ៣ពាន់នាក់ដែលបានដាក់ពាក្យចូលរួមប្រកួតនេះ ក្រោយការជម្រុះ យ៉ាងសម្រិតសម្រាំងគឺនៅសល់បេក្ខជនតែ ៣៦នាក់ប៉ុណ្ណោះគឺ ប្រុស១៨នាក់ និង ស្រី១៨នាក់ ត្រូវចូលរួមប្រកួតក្នុងសប្តាហ៍ទី១ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ តទៅ។ ដោយឡែកការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ខាង មុខ។

អ្នករៀបចំកម្មវិធីប្រកួត Freshie girl and Boy នេះដដែលបានបញ្ជាក់ថា ចំពោះ គោលបំណង គឺមិនខុសពីឆ្នាំមុនៗទេ កម្មវិធីចង់ឲ្យបេក្ខជនដែលជា យុវជន យុវតីខ្មែរ ទទួល បាននូវការបណ្តុះបណ្តាល ផ្តល់ឱកាសឱ្យពួកគេនូវវេទិកាកិត្តិយសដើម្បីឲ្យប្អូនៗបានបញ្ចេញ នូវសសមត្ថភាព ទេពកោសល្យពីធម្មជាតិ ភាពអង់អាច ក្លាហាន ការហ៊ានសម្តែងជាដើម និង ថា ចាប់តាំងពីឆ្នាំទី១ រហូតដល់ពេលនេះ កម្មវិធីប្រកួត Freshie បានរួមចំណែកជាថ្នាល បណ្តុះនូវពន្លក យុវជន យុវតីកម្ពុជា ដែលមានទេពកោសល្យ សមត្ថភាពផ្នែកសិល្បៈ ដែលជាថាមពលនៃកម្ពុជាដើម្បីចូលរួមមបន្តនូវការអភិវឌ្ឍសង្គមសិល្បៈកម្ពុជាបានជាច្រើន នាក់រួចមកហើយ៕      (រូបតំណាង)

មិនរាងមែន..! ទើបតែចេញគុកឥឡូវចូលគុកវិញទៀត

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលម៉ាឡៃធ្វើការឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានរក្សាទុកនិងចរាចរជួញដូរគ្រឿងញៀនដោយខុសច្បាប់។ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នាព្រលប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៥៩មុខវត្តរតនៈម៉ាឡៃក្នុងភូមិសាស្ត្រភូមិថ្មីឃុំ-ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

លោក បេន សំអាត អធិការនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានអោយដឹងថា ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ស្នងការក្នុងកិច្ចការពារដល់សេចក្តីសុខរបស់ពលរដ្ឋគឺនៅរៀងរាល់យប់កម្លាំងនគរបាលស្រុកតែងតែចេញល្បាតនិងឈរនៅគ្រប់គោលដៅដើម្បីត្រៀមបង្ការនិងទប់ស្កាត់រាល់សកម្មភាពល្មើស។នៅវេលាម៉ោង០៦និង៤០នាទីព្រលប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩មុខសញ្ញាជាស្ត្រីបីនាក់បានបង្ហាញខ្លួននៅចំនុចចាប់ខ្លួនខាងលើ ដោយមានការសង្ស័យកម្លាំងល្បាតក៏បានស្ទាក់ឃាត់សួរនាំនិងឆែកឃើញមានគ្រឿងនៅក្នុងដៃ។

លោក បេន សំអាត បានបន្តថាក្រោយឆែកឆេរលើស្ត្រីទាំងបីដែលមានឈ្មោះ ១- តាំង ចន្ធូ អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅ សង្កាត់់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២- សោម ច័ន្ទចំប៉ា អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ថ្មរមៀល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យនិង៣- ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ អាយុ២៥ ឆ្នាំ មុខរបរ រៀន សំអាងការ រស់នៅភូមិ ថ្នល់បត់ ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យរកឃើញគ្រឿងញៀនមេតំហ្វតាមីនប្រភេទទឹកកកមួយថង់ធំច្រករុំបិទជិត គ្រឿងញៀនហ្វតាមីនគ្រាប់ចំនួន៣,៩៦៧គ្រាប់ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់។

ក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញនិងតាមការឆ្លើយបំភ្លឺរបស់ស្ត្រីទាំងជាជនសង្ស័យកម្លាំងជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃសហការជាមួយអធិការដ្ឋានក្រុងប៉ោយប៉ែតបានបន្តឃាត់ខ្លួនបុរសម្នាក់ទៀតឈ្មោះ កែ រិន អាយុ ៤១ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតជាមេក្លោងនារសៀលថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩។

អធិការស្រុកម៉ាឡៃលោក បេន សំអាត ក៏បានបញ្ជាក់បន្ថែមផងដែរថាជនសង្ស័យប្រុសស្រីទាំង០៤នាក់នេះគឺទើបតែចេញពីគុកមិនទាន់បានប៉ុន្មានខែផង ឥឡូវជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនចូលគុកវិញដដែល ពិតជាមិនព្រមកែខ្លួនមែន។

ជនសង្ស័យទាំង០៤នាក់បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវរួចហើយ៕