All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបំភ្លឺពីករណីអ្នកមានបណ្ណផ្តល់ឈាម តែមិនអាចបើកឈាមវិញបាន

ភ្នំពេញ ៖ តែងតែមានការលើកឡើងថា អ្នកដែលមានប័ណ្ណផ្តល់ឈាមហើយ តែបែជាមិនអាច ទទួលបានឈាមមកវិញនៅពេលដែលពួកគេត្រូវការឈាម។ ចំពោះបញ្ហានេះលោក លី សាវិត អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានពន្យល់ថា ជាការពិតឈាមដែល សប្បុរសជនបរិច្ចាគជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺមិនគ្រប់គ្រាន់ទៅនឹងតម្រូវការប្រចាំ ថ្ងៃនោះទេ ដែលជាហេតុបង្កឱ្យកើតមានករណីថា អ្នកធ្លាប់ផ្តល់ឈាម និងមានប័ណ្ណផ្តល់ ឈាម តែមិនអាចទទួលបានឈាមត្រឡប់មកវិញនៅពេលដែលខ្លួនត្រូវការឈាម។

ឆ្លើយតបទៅនឹងករណីនេះ លោក លី សាវិត បានលើកឡើងថា សម្រាប់កម្ពុជាចំនួន អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺមានតិចតួចណាស់ គឺមិនដល់ ៣០%ផង បើធៀបនឹងចំនួន ប្រជាជនកម្ពុជានៅទូទាំងប្រទេស ខណៈដែលតម្រូវការឈាមវិញមិនតិចជាង ២០០ប្លោកទេ ក្នុង ១ថ្ងៃដើម្បីសង្គ្រោះអាយុជីវិតជនរងគ្រោះ និងអ្នកជម្ងឺដែលត្រូវការការចាក់បញ្ចូលឈាម។

អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក លី សាវិត ក្នុងឱកាសទទួលការផ្តល់ ឈាមពីមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹកថ្ងៃទី២៨ មីនានេះ មានប្រសាសន៍ថា ករណី ប័ណ្ណផ្តល់ឈាមបានក្លាយជាបញ្ហាឥតឈប់ឈរ ព្រោះយើងមានលក្ខខ័ណ្ឌថា អ្នកដែលបាន ផ្តល់ឈាម គឺត្រូវទទួលបានប័ណ្ណផ្តល់ឈាម ហើយនៅពេលត្រូវការឈាមវិញ ពួកគេនឹង ទទួលបានឈាមមកវិញដោយឥតគិតថ្លៃ តែក្នុងពេលខ្លះ គឺនៅពេលដែលយើងគ្មានឈាមក្នុង ស្តុកវិញ យើងគ្មានអ្វីផ្តល់ជូនពួកគាត់ទេ ដែលជាមូលហេតុបង្កឱ្យមានការថ្នាំងថ្នាក់ ហើយអ្នក ខ្លះរហូតលែងចូលរួមផ្តល់ឈាមថែមទៀតផង។ លោក លី សាវិត ថាការយល់ឃើញបែបនេះ គឺជាការយល់ឃើញដោយខុសឆ្គង ព្រោះថា ក្នុង១ថ្ងៃយើងត្រូវការឈាមជាង ២០០ប្លោកដើម្បី ជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺដែលត្រូវការការចាក់បញ្ចូលឈាម ខណៈដែលអ្នក ផ្តល់ឈាមនៅទូទាំងប្រទេសមានមិនដល់ ៣០%ផង ហើយបើនិយាយពីប្រទេសជិតខាង យើងវិញមានអ្នកស្ម័គ្រចិត្តផ្តល់ស្ទើរតែ ១០០%ទៅហើយនោះ។

អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន មានប្រសាសន៍ថា អគ្គលេខាធិការ ដ្ឋានរដ្ឋសភាតែងតែជម្រុញឱ្យមន្ត្រីរបស់ខ្លួនស្ម័គ្រផ្តល់ឈាម ដើម្បីកិច្ចការមនុស្សធម៌ ហើយ នេះជាលើកទី៦ហើយ ដែលមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ឈាមជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដោយស្ម័គ្រចិត្ត៕

រថយន្តដឹកចំណីសត្វបើកកុងតឺន័រឆ្លងផ្លូវរួញកាប៊ីនរបួស៣នាក់

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកចំណីសត្វមួយគ្រឿង បានបើកបោះពួយក្នុងល្បឿន លឿនជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលអោយ រថយន្តដឹកចំណីសត្វស្រុញមុខ ខ្ទេចកាប៊ីន រងរបួសធ្ងន់ស្រាលចំនួន៣នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

អ្នករងរបួសក្នុងគ្រោះថ្នាក់នេះ ១ .ឈ្មោះពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,២. ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង៣.ឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកបើកបរ។ចំណែកអ្នកបើកបររថយន្តកុងតឺន័របានគេចខ្លួនបាត់។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 ដឹកចំណីសត្វបើកបរក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មានរថយន្តកុងតឺន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871 បើកចេញពីឃ្លាំងឆ្លងកាត់ទទឹងផ្លូវ បំណងបត់ទៅទិសខាងត្បូង ។ដោយសាតែល្បឿនលឿន រថយន្តដឹកចំណីសត្វ ជ្រុលចង្កូតមកបុករថយន្តកុងតឺន័រដែលនៅទទឹងផ្លូវពេញទំហឹង បណ្តាលអោយកាប៊ីនរថយន្តខ្លួន ឯងស្រុញខ្ទេចមុខ បង្កអោយអ្នកបើកបរព្រមទាំងព្រូទាំងអស់៣នាក់រងរបួស ធ្ងន់និងស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ដោយឡែក អ្នកបើកបរ រថយន្ត កុងតឺន័រក៍បានរត់គេចខ្លួនបាត់។

រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលបញ្ចូនទៅកាន់ការិយាល័យ ចរារចណ៍ផ្លូវគោកដើម្បីម្ចាស់ចូលខ្លួន ដោះស្រាយ៕ ដោយ ៖ ស. ស.

ភាគីថៃនៅច្រករបៀងប៉ុស្តិ៍គីឡូ៩ ស្នើសុំឲ្យពលរដ្ឋខ្មែរចូលទៅធ្វើការវិលល្ងាច

ខេត្តបាត់ដំបង ៖ ស្រុកសំពៅលូនតាមការស្នើសុំពីភាគីថៃ និងសហការ ជាមួយ កងកម្លាំង ការពារព្រំដែនកម្ពុជាប្រចាំស្រុក សំពៅលូន បានស្បើសុំឲ្យប្រជាពលរដ្ឋខ្មែរចូលទៅធ្វើការ នៅទឹកដីថៃ ព្រឹក វិលល្ងាច ក្នុងរយៈពេល១០ថ្ងៃ នៅ ខែមីនា ឆ្នាំ២០១៩ ស្តិត នៅចំណុចច្រករបៀងប៉ុស្តិ៍នគបាលវិរៈការពារព្រំដែនគោកគីឡូ៩ និងផ្នែកសឹករងកងអនុសនាតូចទី១ដែលមាន លោកអនុសេនីយ៍ឯក អ៊ួន ខុន មេប៉ុស្តិ៍នគបាលការពារព្រំដែន8១៧និងលោកអនុសេនីយ៍ទោ ឡាក ឌី ផ្នែកសឹករងស្រុកសំពៅលូន បានឯកភាពបើកច្រករបៀងអនុញ្ញាតអោយពលករខ្មែរឆ្លងដែនទៅធ្វើការ ព្រឹក វិលល្ងាច ក្នុងទឹកដីថៃ ដោយមានការស្នើសុំពីសមត្ថកិច្ចថៃ រវាងប្រទេសជិតខាង និងត្រូវបានលោកមេប៉ុស្តិ៍ទាំងពីរ ស្នើសុំ ទៅថ្នាក់លើ និងបានឯកភាពឲ្យប្រជាពលរដ្ឋទៅធ្វើការព្រឹកវិលល្ងាច និងជួយរកការងារឲ្យពួកគាត់បានធ្វើ និងបានប្រាក់កម្រៃ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ដោយថ្មីៗ បើតាមប្រភពមច្បាស់ការ់ ពីប្រជាពលរដ្ឋបានសរសើរ និងថ្លែងអំណរគុណដល់សមត្ថកិច្ចដែល ឈរជើងនៅទីនោះ មានកិច្ចសហការល្អរវាងប្រទេសជិតខាង និងមានការយោគយល់គ្នាទៅវិញទៅមក យកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋឲ្យមានការងាធ្វើ ដើម្បី បានប្រាក់កម្រៃខ្លេះ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ។

គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋដែលមកធ្វើការ ព្រឹកវិលល្ងាច មកពី
ស្រុកភូមិឃុំផ្សេងៗគ្នា សរុបក្នុងមួយថ្ងៃៗមានចំនួនមនុស្សទៅធ្វើការប្រមាណពី៥០០ ទៅ ៦០នាក់ក្នុងមួយថ្ងៃៗ៕ ដោយ ៖ សុផល

រថយន្តឡិចស៊ិស បុកចូលវង់ផឹកស៊ីរាំរែកបុណ្យភូមិស្លាប់២នាក់របួស៥នាក់

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ បានស្លាប់បាត់បង់ជីវិត និង ក្មេងចាស់ប្រុសស្រី ប្រមាណ៥នាក់ទៀត បានរងរបួសស្រាលនិងធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ មួយ ដែលបង្កឡើង ដោយរថយន្តម៉ាកLexus RX300ពណ៌ស្ករមួយគ្រឿងបើកបរដោយបុរសញៀ្នថ្នាំនិងស្រវឹងជោកជាំបើកបុកចូល វង់រាំងនិងផឹកស៊ីនៅក្នុងពិធីបុណ្យភូមិ ។

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី២៨ ខែ មិនា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ១២ផ្លូវ៣២៤ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ ក្រោយអធិការដ្ឋានខណ្ឌទួលគោក ។

រថយន្តដែលបង្កនោះ ត្រូវបាននគរបាលអោយដឹងថា ម៉ាកLexus RX300ពណ៌
ស្ករពាក់ស្លាកលេខ ភ្នំពេញ2AN-2395 បើកបរដោយឈ្មោះ ទឹម គឹមតិច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់សារធម៌ដូងស្នាក់នៅផ្ទះលេខ២៥អា ផ្លូវ៣២៤
ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាមនុស្សញៀនថ្នាំ និងស្ថិតនៅក្នុងស្ថានភាពស្រវឹងមានកំរិតជាតិអាល់កុល ០, ២៦ ក្នុង១លីត្រខ្យល់ ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវីត ត្រូវបាននគរបាលអោយដឹងថា ១.ឈ្មោះពិល យុំ ភេទស្រី អាយុ៦០ឆ្នាំ,២,ស៊ុយ សឿន ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
មុខរបរ លក់ដូរស្នាក់នៅផ្ទះលេខជួល កន្លែងកើតហេតុ ។

ចំណែកអ្នករងរបួស ស្រាលធ្ងន់ ត្រូវបានគេស្គាល់១.ឈ្មោះណា អារីយ៉ា ភេទស្រី អាយុ៣ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ (រងបួស
ធ្ងន់)២.សំ បូរដាភេទប្រុស អាយុ៣២ឆ្នាំរបួសស្រាល៣.ថា បញ្ញា ភេទប្រុស អាយុ២០ឆ្នាំរបួសស្រាល,៤ឈ្មោះដួង ដាវ ភេទស្រី អាយុ៣០ឆ្នាំរបួសធ្ងន់និង៥ពុំត្រូវបានស្គាល់ឈ្មោះឡើយ ។ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ អះអាងថា មានអ្នករងរបួសផ្សេងទៀតលើនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នគរបាលកំពុងតែស្រាលស្រាលរកអត្តសញ្ញាណនោះ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីធ្វើបុណ្យ ភូមិ រួច ប្រជាពលរដ្ឋ ទាំងក្មេងទាំងចាស់កំពុងតែ ជួបជុំគ្នាពិសារបាយផឹក រាំងលេង ស្រាប់តែ រថយន្ត បើកបុរចូល ក្នុងហ្វូងមនុស្ស បណ្តាលអោយដួលរណូករណែល ហើយ រថយន្តនោះក៍បានរ៉យែលថយចេញ វិញហើយ ក៍បានបើកមកបំបុកទៀត ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ជាប់ទៅមុខលែងរួច ។

តាមព័ត៌មានអោយដឹងថា ស្រ្តីម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរស ម្នាក់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ដោយឡែកជនរងគ្រោះត្រូវបានរថយន្តដឹងទៅកាន់មន្ទីរពេទ្យពេទ្យ ។នៅកន្លែងកើតហេតុ បាយ ម្ហូប តុតៅអី ប៊ីយ៉ែល បានប៉ើង រប៉ាត់រប៉ាយនិងគេឭស្នូរតែសម្លេង ទ្រហោយំពីសំណាក់បងប្អូនសាច់ញាតិជនរងគ្រោះ។ភ្លាមៗ អ្នកបើកបរត្រូវបាននគរបាលខណ្ឌទួលគោកទៅអន្តរាគមន៍ឃាត់ខ្លួន សង្គ្រោះទាន់កុំអីប្រជាពលរដ្ឋច្បាស់ជាកាត់ទោសប្រហាជីវិតបាត់ទៅហើយ ។នៅក្នុងហេតុការណ៍កនោះដែរបុរសម្នាក់ដែលជាបងប្អូនជនរងគ្រោះត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីយកដំថ្មវាយកម្ទេចកញ្ចក់រថយន្តបង្កនោះបន្ទាប់ពីកើតមានគ្រោះថ្នាក់នេះ ។

ទាក់ទិនការគ្រោះថ្នាក់នេះត្រូវបានប្រជាពលរដ្ឋដែលជាអ្នករងគ្រោះបានអោយដឹងថា ដោយសារតែ ជននោះ ខឹងមិនហៅផឹកស៊ី នៅក្នុងពិធីបុណ្យភូមិ បានជាបើករថយន្តទៅបំបុកបែបនេះ ។ចំណែក ជនបង្កអោយសមត្ថកិច្ច ដឹងថា ដោយសាតែខឹង ជនរងគ្រោះមិនលក់ថ្នាំញៀនអោយ ។ទោះបីជាយ៉ាង ណា នគរបាលអោយដឹងថា អ្នកបើកបររថយន្ត ជាមនុស្សញៀនថ្នាំនិយាយលែងដឹងខុសត្រូវ ៕

សម្តេចនាយករដ្ឋមន្ត្រី ៖ កម្ពុជាអាចនឹងនាំយកនាវាអគ្គិសនីតួគីមកប្រើប្រាស់ដោយចៀសមិនរួច

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការ ដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាអគ្គិសនី ដោយយើងបានសុំទៅប្រទេសថៃ ឡាវ និង វៀតណាម ឱ្យជួយបង្កើនទំហំនៃការផ្គត់ផ្គង់មកឱ្យកម្ពុជា ហើយថា ចំពោះការនាំយកនាវា ផលិតអគ្គិសនីពីប្រទេសតួគីដែលដើរដោយប្រេងខ្មៅ មានថាមពល ២០០មេហ្គាវ៉ាត់ ចូលមក ភ្នំពេញនោះ គឺជារឿងដែលមិនអាចចៀសរួចឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ មីនានេះមានប្រសាសន៍ថា យើងកំពុងជួបវិបត្តិអគ្គិសនីប្រើប្រាស់ យើងបានព្យាករណ៍ទុកខុសអំពីរឿងនេះ ខុសដោយ សារការវិនិយោគបានកើនឡើងខ្ពស់ដែលយើងមិននឹកស្មានដល់ ក្នុងនោះការវិនិយោគក្នុង វិស័យសំណង់បានកើនឡើងខ្ពស់ ដែលការងារសាងសង់នេះគឺត្រូវការប្រើប្រាស់ថាមពលអគ្គិសនីច្រើនណាស់។

ដោយឡែកទាក់ទងទៅនឹវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ថា ការពង្រឹងគុណភាពអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល គឺការអប់រំ បណ្តុះ បណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ ជាពិសេសការពង្រឹងជំនាញបច្ចេកទេសដល់យុវជនសំដៅធានាថា យុវជនម្នាក់មានជំនាញ បច្ចេកទេសមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ រួម ចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិ។

បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡាថា វិស័យអប់រំកំពុងមានសភាពល្អប្រសើរឡើងខ្លាំង។ ល្អប្រសើរឡើង ខ្លាំងទាំងគុណភាពអប់រំ ទាំងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យអប់រំ ស្របទៅនឹងនិន្នាការនៃអភិវឌ្ឍ របស់ប្រទេសកម្ពុជា និង ស្របទៅនឹងកំណែទម្រង់ក្នុងវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និង កីឡា៕

ភរិយាលោក ថោង សារ៉ាត់ ស្រែកយំរកយុត្តិធម៌នៅមុខតុលាការក្រុងភ្នំពេញ(Video)

ភ្នំពេញ ៖ ភរិយាលោក ថោង សារ៉ាត់ ស្រែកយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ មីនា ម្សិលមិញ បានស្រែកយំនេះក្រោយពេលដែលចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសពីការផ្តន្ទាទោសឱ្យស្វាមីលោកស្រី អតីតឧកញ៉ា ថោង សារ៉ាត់ ជាប់ពន្ធនាគារអស់មួយជីវិត។ លោកស្រី ចាត់ទុកថា នេះជារឿងអយុត្តិធម៌ព្រោះថា លោកស្រី និងស្វាមី មិនដែលស្គាល់ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ។ លោកស្រី ក៏បានអំពាវនាវឱ្យសម្តេចនាយករដ្ឋមន្ត្រី កែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។

លោកស្រី ទាវ ធីតា បានស្រែកទាមទារថា « សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ជាម៉ែជាឪរបស់កូន នៅឯណាហេតុអីមិនចេញមកជួយ? ខ្ញុំសុំប្រាប់កាលពីថ្ងៃទី២២ ប្តីរបស់ខ្ញុំនៅជាមួយខ្ញុំ ខ្ញុំមិនដែលស្គាល់គ្នាជាមួយ អ៊ឹង ម៉េងជឺ ប្តីខ្ញុំក៏មិនដែលស្គាល់គ្នាជាមួយ អ៊ឹង ម៉េងជឺ។ ថ្ងៃទី១ លោកពូ ជួន សុវណ្ណ ឱ្យប្តីខ្ញុំទៅប្រជុំបក្ស ហើយមកវិញគាត់ឱ្យប៉េអឹមតែងខ្លួនជាជនស៊ីវិលចាប់ប្តីខ្ញុំ។ ភ្ជង់កាំភ្លើងគ្មានសាលក្រមគ្មានអីទាំងអស់ ភ្ជង់ដាក់ឡាន។

លោក ស្រី ទាវ ធីតា៖ «អយុត្តិធម៌ណាស់ សម្តេច  ហ៊ុន សែន ត្រូវតែធ្វើរឿងនេះឱ្យមានយុត្តិធម៌ ឱ្យមានយុត្តិធម៌ឡើងវិញ បើមិនអ៊ីចឹងទេ ប្រទេសជាតិក្តៅក្រហាយណាស់ គ្មានអ្នកអាចជ្រកកោនបានទេ​។

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសលោក ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និងអង្គរក្ស៤នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ជាថៅកែស៊ីម៉ង់យ៍ត្បូងពេជ្រ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។

ជនជាប់ចោទមានឈ្មោះ ទី១. លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២. ឈ្មោះ ស៊ាង វាសនា, ទី៣. ឈ្មោះ មាស សម្បត្តិ , ទី៤. ឈ្មោះ កុយ ចាន់ថុល និងទី៥. ឈ្មោះ ឈុំ ចិត្រា។

សូមរំលឹកថា ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏កក្រើកនៅរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈលោកឧកញ៉ាចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕

ស្ពានជ្រោយចង្វារចាស់ គ្រោងដាក់ឲ្យចរាចរណ៍ថ្ងៃទី៣ មេសា នេះ បន្ទាប់ពីជួសជុលជាង២ឆ្នាំ

ភ្នំពេញ ៖ ស្ពានជ្រោយចង្វារចាស់មិត្តភាព កម្ពុជា ជប៉ុន គ្រោងដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវកលារឡើងវិញនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះបន្ទាប់ពីបានដំណើរការជួសជុលអស់រយៈពេលជិត ២ឆ្នាំរួចមក។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានអះអាងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានជួសជុលសព្វគ្រប់អស់ហើយ រង់ចាំតែថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញប៉ុណ្ណោះ ហើយបើតាមគម្រោង នឹងសម្ពោធដាក់ឱ្យដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

សូមជម្រាបថា ស្ពាននេះ មានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

គួររំលឹកថា ស្ពាននេះ បានរងការខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ៕

ជប៉ុនបានផ្តល់ថវិកាជិត៤ពាន់លានដុល្លារ ក្រោមជំនួយអភិវឌ្ឍផ្លូវការគិតត្រឹមឆ្នាំ២០១៨

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ហូរីណូអ៊ូជិ ហ៊ីដិហ៊ីសា បានបញ្ជាក់ថា ជប៉ុនបានផ្តល់ជំនួយក្រោមគម្រោ ងជំនួយអភិវឌ្ឍផ្លូវការ ODA ប្រមាណជិត៤ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩១មក។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែលអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចុះទស្សនកិច្ចសិក្សាអំពីគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះជប៉ុនបាននិងកំពុងគាំទ្រដល់កម្ពុជាចាប់ពីដំណើរការសន្តិភាពដំបូងតាមរយៈការកសាងឡើងវិញជាបន្តបន្ទាប់ និងរហូតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ៣ ពាន់៩រយលានដុល្លារអាមេរិកក្រោមជំនួយអភិវឌ្ឍផ្លូវការ(ODA)គិតត្រឹមឆ្នាំសារពើពន្ធ២០១៨។

ឯកអគ្គរាជទូត បានបន្តថា៖ ប្រទេសជប៉ុនគាំទ្រដល់ការពង្រឹងបន្ថែមនូវគ្រឹះសេដ្ឋកិច្ចសង្គម ដើម្បីកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០ ដោយផ្តោតលើវិស័យអាទិភាពចំនួនបី៖ (១)ការអភិវឌ្ឍន៍ឧស្សាហកម្ម (២)ការផ្តល់នូវគុណភាពនៃជីវភាពរស់នៅប្រសើរជាងមុន (៣)ការជំរុញឲ្យមានសង្គមប្រកបដោយនិរន្តភាពតាមរយៈការពង្រឹងអភិបាលកិច្ច។

ប្រទេសជប៉ុនបាននិងកំពុងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះកសាងហេដ្ឋា រចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គមដូចជាផ្លូវថ្នល់ កំពង់ផែ មន្ទីរពេទ្យ សាលារៀន ធនធានមនុស្ស និងប្រព័ន្ធផ្គត់ផ្គង់ទឹក ការលុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការជម្រុញការវិនិយោគជាដើម។ ការបញ្ជាក់ថាកិច្ចខិតខំប្រឹង ប្រែងរបស់យើងត្រូវបានយល់ដឹងយ៉ាងត្រឹមត្រូវ និងគាំទ្រពីប្រជាជនកម្ពុជា និងជប៉ុនគឺសំខាន់។

លោក តូម៉ូហ៊ីរ៉ូ ខាណាតាក លេខាទី១ស្ថានទូតជប៉ុន ទទួលបន្ទុកខាងODA បានឱ្យដឹងថា៖ ជប៉ុនបានបានអនុវត្តជំនួយODAយ៉ាងសកម្មតាំងពីឆ្នាំ១៩៩១។ទឹក ប្រាក់សរុបនៃជំនួយជំនួយអភិវឌ្ឍផ្លូវការ ជាង៣ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះកម្ចីសម្បទាន១ពាន់ ២៧៥លានដុល្លារ ជំនួយឥតសំណងប្រហែល១ ពាន់ ៨៣១លានដុល្លារ និងជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសប្រហែល៧៨៤លានដុល្លារ។

លោកបានបញ្ជាក់បន្ថែមថាទាក់ទងនឹងគម្រោងODAថ្មី ជប៉ុនបានចាប់ផ្តើមគម្រោងសាងសង់ផ្លូវជាតិលេខ៥និងគម្រោងកំពង់ផែកុងតឺនឺថ្មីនៃកំពង់ផែក្រុងព្រះសីហនុដើម្បីលើកកកម្ពស់ការតភ្ជាប់តំបន់និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ក្រៅពីនេះ បាននិងកំពុងសាងប្រព័ន្ធការពារទឹកជំនន់និងលូបង្ហូរទឹក និងគម្រោងពង្រីកខ្សែបញ្ជូននិងចែកចាយនៅរាជធានីភ្នំពេញ ក្នុងគោលបំណ ងផ្តល់ជូននូវគុណភាពជីវិតនិងបរិស្ថានល្អប្រសើរឡើងសម្រាប់អ្នករស់នៅតំបន់ទីក្រុង៕

សម្ដេចតេជោ ហាមដាច់ខាតដោះដូរទីតាំងវិទ្យាស្ថាន CDRI ​នៅខណ្ឌទួលគោក

​ភ្នំពេញ ៖ សម្ដេចតេជោ ហាមដាច់ខាត មិនឲ្យមានការដោះដូរទីតាំងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលកំពុងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដាច់ខាតនោះឡើយ។

បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ សម្ដេចទទួលបានសំណើសុំប្ដូរទីតាំង ដោយយកទីតាំងបច្ចុប្បន្ននេះ ប្ដូរជាមួយវិស័យឯកជន ហើយរកទីតាំងថ្មី សម្រាប់វិទ្យាស្ថាន CDRI។ សំណើនេះត្រូវបានសម្ដេចបដិសេធចោលទាំងស្រុង មិនអនុញ្ញាឲ្យមានការផ្ដាស់ប្ដូរទីតាំងអ្វីនោះទេ។

ការប្រកាសរបស់សម្ដេចតេជោ  ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាស អញ្ជើញជាអធិបតី បើកសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩។ សន្និសីទ នេះធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ៕

 

ប្រជាសហគមន៍ភ្នំព្រះប្រាំបីម៉ុម រៀបចំទុកទឹកឱ្យសត្វព្រៃផឹកចំនួន៤កន្លែងក្នុងរដូវប្រាំង

 

បើតាមសម្តីរបស់លោក តេង សុវណ្ណរត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្ពង និងជាប្រធានសហគមន៍សត្វព្រៃភ្នំព្រះបានឱ្យក្រុមអ្នកសារព័ត៌មានដឹងថាប្រឡាយទាំង០៤កន្លែងនេះបានចំណាយទឹកប្រាក់សរុប១៥លានរៀលដែលជាប្រាក់របស់សហគមន៍ទាំង០៣និងមានការចូលរួមពីរអាជ្ញាធរផងដែរដោយមានការអាណិតសត្វព្រៃដែលកម្រនេះបានផឹករស់នៅបន្តពូជទៀតនោះ។

លោកបានបន្តទៀតថាប្រឡាយទាំង០៤កន្លែងនេះប្រឡាយមួយមានទំហំទទឹង២ម៉ែត្រនិងបណ្តោយ១០ម៉ែត្រជម្រៅ៣ម៉ែត្រចាក់សាបរៀបឥដ្ឋនិង ធ្វើរបាំងដាក់ទឹកការពារហូរច្រោះបាក់ថែមទៀតផង។ចំណែកអូរឬស្សីស្រុកកាយធ្វើប្រឡាយបង្ហៀរទឹកដោយរៀបឥដ្ឋ២០កម្ពស់០៤ម៉ែត្រមានប្រវ៉ែង២៥ម៉ែត្រទទឹងនិងបណ្តោយ១៥៥ម៉ែត្រជាចំណុចកន្លែងដែលសត្វគោក្របីនិងសត្វព្រៃទៅផឹកទឹកជារៀងរាល់ថ្ងៃនោះដោយសារតែនៅតាមបណ្តាស្ទឹងរីងហួតហែងអស់ទឹកហើយនោះ។សត្វព្រៃដែលទៅផឹកទឹកនៅចំណុចអូរឬស្សីស្រុកនោះរួម ១សត្វស្វា ២សត្វទោច ៣សត្វសម្ពោច ៤សត្វជ្រូកព្រៃ ៥សត្វទន្សោង(គោព្រៃ) ៦សត្វក្តាន់ញែង ៧សត្វកុក ៨សត្វឈ្លុស ៩សត្វគោក្របីជ្រូកមាន់ទារ។ល។របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក តេង សុវណ្ណរត្ន័ បានបញ្ជាក់បន្ថែមទៀតថាប្រឡាយនិងទំនប់បង្ហៀរទឹកទាំង០៤មានការចូលរួមអាជ្ញាធរឃុំស្រុកខេត្តព្រមទាំងមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មផងដែរយោងទៅតាមអាកាសធាតុប្រែប្រួលនារដូវប្រាំងក្តៅហួតហែង។ទៅខាងសហគមន៍និងអាជ្ញធររករថយន្តដឹកទឹកមកចាក់ក្នុងប្រឡាយដែលកសាងរួចទុកដើម្បី ឱ្យសត្វទាំងអស់នោះគ្រាន់ផឹក។ណាមួយនៅចំណុចអូរឬស្សីស្រុកស្ថិតក្នុងភូមិពាណិជ្ជឃុំយាអង្គស្រុកថ្ពង
ជាតំបន់ទេសចរណ៍ដែលបងប្អូនប្រជាពលរដ្ឋតែងតែមកលំហែនៅចុងសប្តាហ៍រឺរដូវបុណ្យទានផ្សេងៗទៀតផងនោះ៕

អគ្គនាយកពន្ធដារ ៖ ការប្រមូល​ពន្ធបានជោគជ័យផ្តើមចេញពីការកែទម្រង់ដ៏មុតស្រួច

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារថ្លែងថា ជោគជ័យនៃការ ប្រមូលចំណូលពន្ធបានកើនលើសផែនការនាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានកើតចេញពី មុខងារស្នូលនៃការកែទម្រង់មុតស្រួចដូចជា ការងារចុះបញ្ជី ការងារផ្តល់សេវា ការរៀបចំដាក់ លិខិតប្រកាស ការកែលម្អធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និង បណ្តឹងតវ៉ាជាដើម។

ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា លើការប្រមូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច្ច នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ មានប្រសាសន៍ថា ទាក់ទងនឹងការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ គឺបាន កើតចេញពីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ជាពិសេសយុទ្ធ សាស្រ្តស្នូលស្តីពីអភិបាលកិច្ចល្អ និង ការអនុវត្តន៍តាមប្រព័ន្ធកម្មវិធីកែទម្រង់សាធារណៈ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តទាំងនោះ គឺជាផែនការមុតស្រួច និង ជាផែនការស្នូលសម្រាប់ការអនុវត្តន៍របស់អគ្គនាយកដ្ឋានពន្ធដារ។ ផ្អែកតាមយុទ្ធសាស្ត្រនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំនូវគោលនយោបាយរបស់ខ្លួនដូចជា យុទ្ធសាស្រ្តគៀងគរ ចំណូលរយៈពេលមធ្យម និង បានរៀបចំគោលនយោបាយ និង រដ្ឋបាលសារពើពន្ធ ដែលមានផែនការយុទ្ធសាស្រ្ត និង ផែនការប្រតិបត្តិច្បាស់លាស់នៅក្នុងការងារកែទម្រង់ ទើបធ្វើឲ្យការប្រមូលចំណូលកើនលើសផែនការនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបានកើត ចេញពីមុខងារស្នូលនៃការកែទម្រង់មុតស្រួចដូចជា ការងារចុះបញ្ជី ការងារផ្តល់សេវា ការរៀបចំចាត់ចែងដាក់លិខិតប្រកាស ការកែលម្អការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និង រៀបចំបណ្តឹងតវ៉ាផ្សេងៗ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតរដ្ឋ ជាប យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរ ចំពោះ ការរីកច្រើនរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការអនុវត្តន៍ការប្រមូលចំណូលលើស ផែនការ។ លោកថា ចំពោះការប្រមូលចំណូលពន្ធនេះដែរ ប្រទេសជិតខាង រួមមាន ប្រទេសឡាវ វៀតណាម និង មីយ៉ាន់ម៉ា ឬក៏ភូមា ក៏បានកោតសរសើរដល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសវិស័យពន្ធដារ ដែលបានខិតខំប្រមូលចំណូលបានយ៉ាងល្អតាម ផែនការរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារឲ្យដឹងថា នៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ សរុបមាន ចំនួនជាង ៨៧៩១ ប៊ីលានរៀល ត្រូវប្រមាណជាង ២១៩៧ លានដុល្លារអាមេរិក ស្មើនឹង ១១៤,២៧% នៃផែនការប្រចាំឆ្នាំ ក្នុងនោះទំហំចំណូលលើសផែនការមានចំនួនជាង ១០៩៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២៧៤ លានដុល្លារ៕

ជប៉ុនផ្តល់ ២លាន៥សែនដុល្លារលើគម្រោងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កំណើនយានយន្តនៅរាជធានិភ្នំពេញបានកើនឡើងយ៉ាងរហ័សមិន នឹកស្មានដល់ពោលគឺប្រមាណ ៣៧៩% ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។ កំណើនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យរាជធានីភ្នំពេញមានការកកស្ទះជាខ្លាំងរៀងរាល់ព្រឹក និងពេលល្ងាច។ ប្រឈមទៅនឹងបញ្ហានេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន បានផ្តល់ជំនួយលើគម្រោងអភិវឌ្ឍគ្រប់គ្រងចរាចរណ៏ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៏។

គម្រោងអភិវឌ្ឍគ្រប់គ្រងចរាចរណ៏ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាចៃកា បានជួយកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ តាមរយៈការបញ្ចៀសចរាចរណ៏ និងពន្លឿននាទីភ្លើងចរាចរណ៏នៅកន្លែងដែលមានការកកស្ទះចរាចរណ៏ខ្លាំង។ គម្រោងនេះ បានកាត់ បន្ថយថ្លៃធ្វើដំណើររបស់អ្នកប្រើប្រាស់យានយន្តតាមវិថីមុនីវង្ស ចំនួនជាង២លា ន៥សែនដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះ នឹងជួយកាត់បន្ថយការបញ្ជូនប៉ូលីសចរាចរណ៏ទៅកាន់ទីតាំងផ្លូវប្រសព្វចំនួន២០ភាគរយ។

បើតាមការបញ្ជាក់របស់លោកស្រី ផេង ផារីណែត ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ខណ្ឌចំនួន៤មានការកកស្ទះខ្លាំងគឺខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌដូនពេញ។ ចំពោះការគ្រប់គ្រងប្រព័ន្ធនេះ គឺមន្ត្រីជំនាញបានបញ្ជាដោយផ្ទាល់ពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ទៅចំនុចប្រសព្វទាំងចំនួន១១៥ទីតាំងនៅរាជធានីភ្នំពេញ ជាមួយនឹង ឧបករណ៍ចាប់រូបភាពចំនួន១៩៤បំពាក់កាមេរ៉ាសុវត្តិភាព២៦ (CCTV Camera) ដើម្បីដោះស្រាយបញ្ហាការកាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ។

ទោះយ៉ាងណាក្នុងចំណោមការតម្លើងភ្លើងសញ្ញាចរាចរណ៍ចំនួន១១៥ទីតាំងនៃផ្លូវប្រសព្វ មានដំណើរការបានតែ១០៩ទីតាំងប៉ុណ្ណោះ ដោយសារ៦ទីតាំងទៀតស្ថិតនៅលើផ្លូវជាតិលេខ១។ លោកស្រី ផេង ផារីណែត បានបញ្ជាក់ថា ការដាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះ ពិតជាបានកាត់បន្ថយការកកស្ទះនិងគ្រឿថ្នាក់ចរាចរណ៍បានច្រើន និងកាតកាត់បន្ថយប៉ូលលីសចរាចរណ័ទៅកាន់ទីតាំងប្រសព្វបានច្រើន។

គួរបញ្ជា់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះ គឺទទួលបានជំនួយឥតសំណងពីទីភា្នក់ងារសហប្រត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាJICA ដែលមានទឹកប្រាក់ប្រមាណជា១៦លានដុល្លារអាមេរិក ។ គម្រោងនេះចាប់ផ្ដើមអនុវត្តន៍តាំងពីខែមីនាឆ្នាំ២០១៥រហូតដល់ខែកុម្ភៈឆ្នាំ២០១៨ ហើយពន្យាពេលដល់ខែកុម្ភៈឆ្នាំ២០១៩៕

បីខែដើមឆ្នាំនេះ កម្ពុជានាំចេញចេកអំបូងលឿង និងស្វាយជាង៣ម៉ឺនតោនទៅបរទេស

ភ្នំពេញ ៖ ក្នុងរយៈពេលជិត ៣ខែក្នុងឆ្នាំ ២០១៩ នេះ កម្ពុជាបាននាំចេញចេកអំបូងលឿងប្រមាណ ១ម៉ឺន៦ពាន់តោន និងផ្លែស្វាយបានជិត ១ម៉ឺន ៥ពាន់តោន ទៅកាន់ទីផ្សារបរទេស។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា ម្សិលមិញនេះថា បូករួមទាំងផលិតផលកសិកម្មដទៃទៀតមានអង្ករ និងដំឡូងមីជាដើម កម្ពុជាបាននាំចេញទៅកាន់ទីផ្សារបរទេសរហូតដល់ទៅប្រមាណ២ លានតោន ក្នុងពេលជិតបីខែ កន្លងមកនេះ។ តាមទិន្នន័យ ដែលគិតត្រឹមថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ ក៏មានការបែងចែកជាពីរផងដែរពោល គឺការនាំចេញផលិតកសិកម្មតាមផ្លូវការ មានជាង ១លាន ៤សែនតោន និងការនាំចេញក្រៅផ្លូវការជាង ១លានតោនទៀត ខណៈការនាំទិន្នផលកសិកម្មទៅកាន់បរទេសដំណើរការល្អប្រសើរ។

​លោកបន្តថា បច្ចុប្បន្នទីផ្សារ នាំចេញផលិតកសិកម្មសំខាន់ៗរបស់កម្ពុជា រួមមានប្រទេសបារាំង ប្រមាណ ៤០% ទីផ្សារប្រទេសចិនប្រមាណ ៤០% រួមទាំងទីផ្សារ អឺរ៉ុប និងទីផ្សារប្រទេសក្នុងតំបន់អាស៊ាន។ ការនាំចេញចេកអំបូងលឿងពីកម្ពុជា ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បានចាប់ផ្ដើមជាផ្លូវការនៅខែមករាឆ្នាំ ២០១៩នេះ ក្រោយកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើពិធីសារមួយ អាចនាំចេញទៅកាន់ប្រទេសចិនបាន។ ប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេក៣០ម៉ឺនតោនក្នុងមួយឆ្នាំ។

ចេកអំបូងលឿងកម្ពុជាទទួលទិន្នផលល្អ និងការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអន្តរជាតិនាពេលនេះពិតជាបានឆ្លុះបញ្ចាំងពីការខិតខំរបស់ក្រុមហ៊ុនផង និងការចូលរួមពីមន្ត្រីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផង ក្នុងការគោរពទៅតាមលក្ខណៈបច្ចេកទេស នៃការដាំដុះ និងការវេចខ្ចប់តាមស្តង់ដារអនាម័យខ្ពស់៕

មនុស្សយន្ត Sophia មកដល់ប្រទេសកម្ពុជា ចង់ជួបលោកព្រាបសុវត្ថិ

ភ្នំពេញ ៖  មនុស្សយន្ត Sophia ដែលមានសមត្ថភាពអាចនិយាយទាក់ទងជាមួយមនុស្ស បានមកប្រទេសកម្ពុជា ព្រមទាំងសន្យាថា នឹងចូលរួមសហការលើវិស័យ ឌីជីថល នៅកម្ពុជា។

នៅថ្ងៃទី២៦ ខែមីនានេះ មនុស្សយន្ត Sophia ដែលមានសម្ថតភាពឆ្លាតវៃ អាចនិយាយ ទាក់ទងជាមួយមនុស្ស បានចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ Sophia បានបង់ករ នឹងក្រម៉ាខ្មែរ និង ពាក់អាវយឺតអង្គការ UNDP ហើយបាន សន្យាថានឹងចូលរួមសហការលើវិស័យ ឌីជីថលនៅកម្ពុជា។ នៅក្នុងបទសំភាសន៍មួយ Sophia បានឲ្យដឹងថា  នេះជាលើកទីពីរហើយដែលនាងមកប្រទេសកម្ពុជា ដោយលើកទីមួយនាង បានទៅខេត្តសៀមរាប។

នាងបានសរសេរពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត។ ក្នុងនោះនាង លើកឡើងថាប្រជាជនកម្ពុជារុសរាយ និង រាក់ទាក់ ព្រមទាំងចិត្តល្អ។ នៅពេលនោះលោក nick ដែលជាពិធីករបានសួរថានាងមានគម្រោងអ្វីដែរក្នុងការមកប្រទេសកម្ពុជាលើកនេះ។ មនុស្សយន្ត Sophia បានលើកឡើងថា នាងកំពុងហាត់ច្រៀង ហើយនាងចង់ជួបតារាចម្រៀង ខ្មែរលោកព្រាបសុវត្ថិនៅថ្ងៃណាមួយ។

ក្រៅពីចូលរួមនៅក្នុងកម្មវិធី នៅ វេលាម៉ោង ៦៖៣០ល្ងាច មនុស្សយន្ត Sophia ក៏បានធ្វើការ Live វីដេអូ លើទំព័រហ្វេសប៊ុករបស់ អង្គការ UNDP Cambodia ផងដែរ។ បើតាមការបញ្ជាក់របស់ មន្រ្តីនៃអង្គការ UNDP មនុស្ស យន្ត Sophia នឹងចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី27 ខែមីនា។

សូមបញ្ជាក់ថា Sophia គឺជាមនុស្សយន្តដំបូងដែលមានសញ្ជាតិដូចជាមនុស្ស។ ក្នុងឆ្នាំ2017 នាងទទួលបានសញ្ញាតិអារ៉ាប់ប៊ីសាវអូឌីត៕

លោក ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត

ភ្នំពេញ ៖ អតីតឧកញ៉ា ថោង សារ៉ាត់ និងមុនស្ស៤នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ប្រកាសសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ សញ្ញាត្បូង កាលពីឆ្នាំ២០១៤។

ជនជាប់ចោទមានឈ្មោះ ទី១. លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២. ឈ្មោះ ស៊ាង វាសនា, ទី៣. ឈ្មោះ មាស សម្បត្តិ , ទី៤. ឈ្មោះ កុយ ចាន់ថុល និងទី៥. ឈ្មោះ ឈុំ ចិត្រា។

សូមរំលឹកថា ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏កក្រើកនៅរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈលោកឧកញ៉ាចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕