All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាល​គយ​ជប៉ុន​គ្រោង​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​ដល់​គយ​កម្ពុជា

​ភ្នំពេញ ៖ រដ្ឋបាល​គយ​ជប៉ុន​គ្រោង​នឹង​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​កំឡុង​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ រួម​និង​ការផ្តល់​គម្រោង​ជំនួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផងដែរ ដែល​ដំណឹង​ស្តីពី​ការ​ផ្តល់ជំនួយ​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​លោក លី​ហ្ស៊ុ​យ​កា អា​សឺ​ហ៊ី អគ្គនាយក​នៃ​រដ្ឋបាល​គយ​ជប៉ុន នា​ទីស្តីការក្រសួង​កាលពី រសៀល​ថ្ងៃទី​៩ មករា​។​
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ គ្រប់​វិស័យ​ក្នុង​ការជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ការ​ផ្តល់ជំនួយ​បច្ចេក​
​ទេស​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​របស់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៩​មក​។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​របស់​រដ្ឋបាល​គយ​ជប៉ុន​ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា រួម​នឹង​ការផ្តល់​ជំនួយ​លើ​គម្រោង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ជប៉ុន​ផងដែរ ដែលជា​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ដែល​បាន និង​កំពុង​ប្រើប្រាស់​ដោយ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា និង​ធុរជន​អស់​រយៈពេល​ជិត ១០​ឆ្នាំ ។ លោក​ថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​នេះ​គឺជា​របត់​មួយ​សំខាន់​ដែល​តម្រូវ​ឲ្យ​មានការ​ពិនិត្យ វាយតម្លៃ​ឲ្យ​បាន​ម៉ត់ចត់ និង​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​។ លើសពីនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ស្នើ​ព​ន្លឿ​ន​ការរៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋបាល​គយ​ទាំងពីរ ដើម្បី​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ ។​
​អគ្គនាយក​រដ្ឋបាល​គ​យ​ជប៉ុន​លោក លី​ហ្ស៊ុ​យ​កា អា​សឺ​ហ៊ី បាន​ជម្រាបជូន​លោក អូន ព័ន្ធមុនីរ័ត្ន ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​គយ​ជប៉ុន​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​គយ​មួយចំនួន​ក្នុង​គោលបំណង ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ និង​មាន​ប្រសិទ្ធភាព​រវាង​រដ្ឋបាល​គ​យ ទាំងពីរ​ផងដែរ​៕
​

សហគមន៍​ទេសចរណ៍សម្រស់​ធម្មជាតិ​ទន្លេមេគង្គ «​កោះ​ខេ​» អំពាវនាវ​សុំ​​ការគាំទ្រ​

ស្ទឹងត្រែង ៖ ​សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ​ទន្លេមេគង្គ «​កោះ​ខេ​» សុំឱ្យ​ស្លា​ប័ន​ពាក់ព័ន្ធ ផ្តល់​ការគាំទ្រ និង​លើក​ចិត្ត​ពួកគាត់ ដើម្បី​បន្ត​អភិរក្ស អភិវឌ្ឍ​តំបន់​ទេសចរណ៍​មួយ​នេះ​ឱ្យបាន​កាន់តែ​ល្អ​

​ប្រជា​សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ កោះ​ខេ ឬ ចំការ​ខេ ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​កណ្ដាល​ទន្លេមេគង្គ ក្នុងភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ដល់ ស្ថាប័ន​ពាក់ព័ន្ធ មានដូចជា មន្ទីរ​ទេសចរណ៍ ក្រសួងទេសចរណ៍ មន្ទីរ​បរិស្ថាន ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ក្នុង​ខេត្ត សុំ​ជួយ​គាំទ្រ ជា​បច្ចេកទេស បទពិសោធន៍ និង​ការណែនាំ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ក្នុង​ការបន្ត​និរន្តរភាព​អភិរក្ស និង​ទាក់ទាញ​ទេសចរ ឱ្យមក​កំសាន្ត​តំបន់​នោះ បាន​កាន់តែច្រើន​និង​ល្អប្រសើរ​ថែមទៀត នៅក្នុង​រដូវ​ប្រាំ​នេះ​។​
​

ប្រធាន​សហគមន៍​អភិរក្ស តំបន់​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ លោក ហ្វ​យ ប៊ុន​វី បានឱ្យដឹងថា តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ទើបតែ​បង្កើត​នៅក្នុង​អំឡុង​ខែមករា​ឆ្នាំ​២០១៧​កន្លងទៅនេះ ដោយ​ប្រជាជន​ក្នុង​មូលដ្ឋានចំនួន​២២​គ្រួសារ​។ ក្នុង​ឆ្នាំ​កន្លងទៅ​តំបន់​ទេសចរណ៍​មួយ​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​យ៉ាងច្រើន ជាពិសេស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​បុណ្យជាតិ​នានា ដែល​មាននៅ​ចន្លោះ​ពី​ខែ មករា ដល់​ខែឧសភា ពោលគឺ​នៅក្នុង​រដូវប្រាំង​តែម្តង​។ សហគមន៍​អភិរក្ស​តំបន់​កោះ​ខេ អាច​ចាត់ទុកថា ជា​ជំហាន​ជោគជ័យ នៃ​ការចាប់ផ្ដើម​បង្កើត​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​នេះ​។​
​

រមណីយដ្ឋាន​ធម្មជាតិ​កោះ​ខេ ភ្ញៀវ​ទេចរ​អាចធ្វើ​ដំណើរ​ទៅ​កំសាន្ត តាមរយៈ រថយន្ត ឬ ម៉ូតូ ពី​ទី​រួម​ខេត្តស្ទឹងត្រែង ឆ្លងស្ពាន​សេកុង តាមផ្លូវ​ជាតិ​លេខ​៧​អា ប្រមាណ​ជា​២០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ទៅដល់​ចំណុច សង្កាត់​សាមគ្គី មាន​ផ្លូវបត់​ឆ្វេង ចូលទៅ​កាន់​ដង​ទន្លេមេគង្គ ក្នុងភូមិ​ខេ​។ នៅ​តំបន់​នោះ មាន​ទីប្រជុំ​កោះ​តូចៗ​ជាច្រើន នៅ​កណ្ដាល​ទន្លេមេគង្គ ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ពី​ច្រាំងទន្លេ​ខាងកើត​។ ភ្ញៀវទេសចរ​អាច​ឆ្លងទៅ​កាន់​កោះ​នោះ តាមរយៈ​មធ្យោបាយ កាណូត ឬ​ទូក​ដឹកជញ្ជូន​របស់​សហគម​ន៍​។​
​

លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា តំបន់​រមណីយដ្ឋាន​មួយ​នេះ មាន​សក្ដានុពល​ទាក់ទាញ​អ្នកទេសចរ​យ៉ាង​ល្អប្រសើរ ក្នុងនោះ ភ្ញៀវ​អាច​កំសាន្ត​ឆ្នេរ​ខ្សាច់​តូចៗ ដែលមាន​ពន្លឺ​ប្លេ​កៗ ដូច​កំរាល​មាស អាច​គយគន់​ទេសភាព​ធម្មជាតិ និង​ហ្វូងបក្សី​ជាច្រើន​ប្រភេទ ដែលជា​ផ្នែក​មួយ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជា​សហគមន៍​នៅ​តំបន់​នេះ​។
​សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ខេ បានទទួល​ការអនុញ្ញាតិ​ពី មន្ទីរ​ទេសចរណ៍​ខេត្ត និង​បាន​អប់រំ ផ្សព្វផ្សាយ​សហគមន៍ ឲ្យ​យល់ដឹង​ពី​ការគ្រប់គ្រង​អនាម័យ និង​សេវាកម្ម ដើម្បី​លើ​កម្ពស់​សេវាកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​។ ក្រៅពីនេះ​សហគមន៍ ក៏មាន​សម្ភារៈ​សង្គ្រោះ មាន​ប្រជា​ការពារ ដែលមាន​កិច្ចសហការ ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សហគមន៍​មួយ​នេះ នៅមាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​ការគាំទ្រ ឱ្យបាន​ខ្លាំងក្លា ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​
​

លោក ហ្វ​យ ប៊ុន​វី ក៏បាន​បញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​បាន​បង្កើតជា​សហគមន៍​រួចមក សហគមន៍​មួយ​នេះ ហាក់ដូចជា​ពុំមាន​ការយកចិត្តទុកដាក់ ពី​ស្ថាប័ន​ជំនាញ​ណាមួយ ផ្តល់​កិច្ច​គាំទ្រ និង​លើកទឹកចិត្ត​នោះឡើយ ពោលគឺ​មានតែ​សមាជិក​សហគមន៍​ប្រមាណ​ជា​២២​គ្រួសារ​ប៉ុណ្ណោះ ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​។
​លោក​បន្តថា សហគមន៍​គ្រោង​នឹង​រៀប​ផែនការអភិវឌ្ឍន៍​បន្ថែ​ម​ទៀត នូវ​សេវា​ដឹកជញ្ជូន​រួមជាមួយ​សេវា​រក្សា​សុវត្ថិភាព ជូន​អ្នកទេសចរ ដើម្បី​ធានា​សុខ​សុវត្ថិភាព ជូន​ទេសចរ ដែល​មកលេង​នៅ​តំបន់​នោះ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ សហគមន៍​បាន​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រ​រដូវ​កាល​ថ្មី ឱ្យ​មកលេង​កំសាន្ត ចាប់​ពីថ្ងៃ​បុណ្យជាតិ​៧​មករា តទៅ​។​

​សូមបញ្ជាក់ថា នៅ​តំបន់​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ អ្នកទេសចរ​អាច មុជទឹក​លេង​កំសាន្ត​ឆ្នេរ​ខ្សាច់ ទស្សនា​រុក្ខជាតិ​ដុះ​ចេញពី​ផ្ទៃ​ទឹក​ដ៏​ស្រស់ស្អាត និង​សម្រាក​ពិសា​ម្ហូបអាហារ​លើផ្ទះ​ទឹក ជា​លក្ខណៈ​ជួបជុំ​គ្រួសារ មិត្ត​ភ័ក្ដិ អមដោយ​ខ្យល់​បរិសុទ្ធ​នៅ​កណ្ដាល​ទន្លេមេគង្គ ដែលជា​សម្រស់​ធម្មជាតិ​ពិតៗ​។ សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ កោះ​ខេ ឬ ចំការ​ខេ​នេះ អាច​ទទួល​ភ្ញៀវទេសច​រ​មកលេង​កំសាន្ត​បានតែ​ក្នុង​រដូវប្រាំង​តែប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ខែមករា រហូតដល់​ខែឧសភា ឬ ខែមិថុនា តែប៉ុណ្ណោះ​។ ចំណែក​រដូវវស្សា​គឺ​ទឹក​ជ្រៅ ហូរ​ខ្លាំង មិនអាច​មកលេង​កំសាន្ត​បានឡើយ​៕
​

កងទ័ព​កម្ពុជា ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​នៅ​ទីលាន​កោះ​ពេជ្រ​

​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជា​ការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី​កីឡា​កងទ័ព នៅ​ទីលាន​កោះ​ពេជ្រ ហើយ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​នាយទាហាន ពលទាហាន សិល្បករ សិល្បការិនី ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងច្រើន​ចូលរួម​ផងដែរ​។
​

សូមជម្រាបថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា នៅ​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ នឹងមាន​ការ​ចល័ត​យុទ្ធោបករណ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ទៅកាន់​មជ្ឈមណ្ឌល​មណ្ឌល​កោះ​ពេជ្រ ដើម្បី​ដាក់តាំង​ពិព័រណ៍​បង្ហាញ​ដល់​សាធារណជន​។ សាលា​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ​។​​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ គឺ​ដើម្បី​យកទៅ​តាំងពិព័រណ៍​ក្នុងឱកាស​ដែល​កងយោធពល​ខេមរភូមិន្ទ​រៀបចំ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ​។​
​បើតាម​ការជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ចល័ត​យុទ្ធោបករណ៍​នេះ​ចែកចេញជា​ពី​គោលដៅ​។ ក្នុងនោះ​មួយ​គោលដៅ នឹងធ្វើ​ចេញពី​កងពលតូច​ថ្មើរជើង​លេខ​៧០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​វេ​ង​ស្រេង មហាវិថី​ម៉ៅ​សេទុង ឆ្ពោះ​មក​វិថី​សម្តេច​សុធារស ហើយ​ឆ្លងទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​ដោយឡែក​មួយ​គោលដៅ​ទៀត គឺ​ចល័ត​ចេញពី​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​២១ កាត់​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ហើយ​ឆ្ពោះទៅ​វិថី​សម្តេច​សុធារស រួច​បន្តទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕

​

លោក ម៉ម សូណង់ដូ ឆ្លើយតប​នឹង​តុលាការ​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​បរទេស

​ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានបង្ហាញ​អំពី​មូលហេតុ​ដែល​លោក​មិនអាច​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ជុំវិញ​សំណុំរឿង​របស់លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​តាមរយៈ​លិខិត​មួយ ដែល​ទើបនឹង​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​លោក​ម៉ម សូណង់ដូ បាន​អះអាងថា ពេលនេះ​លោក​កំពុងមាន​វត្ត​មាននៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព ហើយ​លោក​ក៏បាន​ស្នើសុំ​អភ័យទោស​ពី​សំណាក់​តុលាការ​ផងដែរ ដែល​ខ្លួន​អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​តាម​ការកោះហៅ​ជា​លើក​ទី​៣​។​
​លោក​ម៉ម សូណង់ដូ បានបញ្ជាក់​ក្នុង​លិខិត​នេះ ថា គ្រូពេទ្យ​ទើបបាន​បញ្ជាក់ថា ការពិនិត្យ​សុខភាព​របស់ខ្ញុំ​នៅ​ប្រទេស​បារាំង នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ខ្ញុំ​នឹង​ជម្រាបជូន​លោក​ចៅក្រម​ម្តងទៀត នៅពេល​ខាងមុខ​យ៉ាងខ្លី ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​មកដល់​ស្រុក​ខ្មែរ​។​
​សូម​ជម្រាប ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ​លោក​គី ឫទ្ធី កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក​ម៉ម សូណង់ដូ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនាម​ជា​សាក្សី​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់លោក​កឹម សុខា​។​
​ដីកាកោះ​របស់លោក​គី ឫទ្ធី បាន​តម្រូវ​ឲ្យ​លោក​ម៉ម សូណង់ដូ ចូល​បំភ្លឺ​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​នៅ​បន្ទប់​”​គ​#​ជាន់​ទី​៣ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​ដំណើររឿង ស​ន្និ​ដ្ឋិ​ភាពជា​មួយ​ប្រទេស ប្រព្រឹត្ត​ដោយ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ម៉ម សូណង់ដូ ត្រូវ​ចូលខ្លួន​ឲ្យ​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿងនេះ ទៅជា​មួយ​ផង​៕

​

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្ប ទាន​ ដល់​កម្ពុជា​ប្រមាណ​១៨០​លាន​ដុល្លារ​

ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ និង​លោក Samiuela T.Tukuafu នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់​គម្រោង​ចំនួន​៣ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៨០ លាន​ដុល្លារ​អាមេរិក​ដែល​គម្រោង​ទាំង​៣​នោះ​រួមមាន​៖ ១) គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ​, ២)​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ហិរញ្ញប្បទាន​បន្ថែម​), និង ៣) គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត ។​

បើតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​៖ ចំពោះ​​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៧៦,៩៤ លាន​ដុល្លារ​អាមេរិក​សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ ១ និង​លេខ ៦ ប្រវែង​ប្រមាណ ១៤៧ គ​.​ម ក្នុង​គោលដៅ​ចូលរួម​សម្រេច គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដឹកជញ្ជូន និង​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ។​

​រីឯ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១១៩​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១០ លាន​ដុល្លារ​អាមេរិក (​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា​) សម្រាប់​បង្កើន​ការ ផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ក្រុង​នៅក្នុង​ខេត្តបាត់ដំបង​, កំពង់ចាម​, ព្រះសីហនុ និង​សៀមរាប ដើម្បី​ចូលរួម​សម្រេច យុទ្ធសាស្ត្រ ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឆ្នាំ​២០១៤-២០២៥​។ ចំណែក​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ហិរញ្ញប្បទាន​បន្ថែម​) គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៦៦ លាន​ដុល្លារ​អាមេរិក សម្រាប់​កែលម្អ​លក្ខ​ខ​ណ្ខ​សេដ្ឋកិច្ច​-​សង្គម និង​ការរស់នៅ​របស់​កសិក​រ​ខ្នាតតូច​ចំនួន ៦៥​ម៉ឺន​គ្រួសារ ក្នុង​ឃុំ​គោលដៅ ចំនួន ២៧១ នៃ​ខេត្ត​ចំនួន ៧ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ។​

បន្ថែម​ទៅនឹង​គោលដៅ​ខាងលើ គម្រោង​ទាំង​៣​នេះ សុទ្ធ​តែមាន​គោលដៅ​រួម គឺ​ការកាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ទាំង​នៅ​ទីប្រជុំជន និង​ទាំង​នៅ​ជនបទ ។​

​លោក​បណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនា គារ​អភិវឌ្ឍន៍អាស៊ី និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់ គម្រោង​ទាំង​៣​ខាងលើ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​៕

​

តុលាការកំពូលនឹងបើកសវនាការរឿង លោក គឹម សុខ ចោទ CPP ថា ជាអ្នកសម្លាប់លោក កែម ឡី

ភ្នំពេញ ៖ តាមការគ្រោងទុក តុលាការកំពូល នឹងបើកសវនាការរឿងក្តីជនជាប់ចោទលោក គឹម សុខ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ លើសំណុំរឿងប្តឹងជំទាស់ ទៅនឹងការសម្រេច របស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថា គណបក្សប្រជា ជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី ។
យោងតាមដីកាកោះហៅជនជាប់ចោទលោក គឺម សុខ ដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករា នេះ បានឱ្យដឹងថា សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
សូមជម្រាបថា បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធនឹងករណីដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ។
គួររំឭកថា លោក គឹម សុខ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរ ណ៍ សម្រេចចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារ ណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដោយផ្តន្ទាទោសដាក់ ពន្ធនា គារ លោក គឺម សុខ ចំនួន១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និងសងជំងឺចិត្តដល់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន ៨០០លានរៀល ៕

តុលាកាrនឹង​ជម្រះក្តី​លោក លឺ ឡាយ ស្រេង ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​នាយករដ្ឋមន្ត្រី​

​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលមាន​អាយុ ៧៧​ឆ្នាំ ឲ្យ​បង្ហាញខ្លួន​ជា​កំហិត ក្នុង​សវនាការ នាពេលខាងមុខ​។​

​យោងតាម​ដីកា​កោះហៅ លោក សៀង សុខ បាន​បញ្ជូន​សំណុំរឿង​របស់លោក លឺ ឡាយស្រេង ទៅ​ជំនុំជម្រះ​ដោយផ្ទាល់​តែម្តង ពោលគឺ មិន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​ស៊ី​ប​សួរ​នោះទេ​។ បច្ចុប្បន្ន លោក លឺ ឡាយស្រេង បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ ចាប់​តាំង​មាន​ក្តីក្តាំ​នេះ​នៅ​តុលាការ​។

​ ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ពាក្យបណ្តឹង​នេះ កើតឡើង គឺ​ដោយសារតែ​លោក លឺ ឡាយស្រេង បាន​និយាយ​កាលពីដើម​ខែតុលា ឆ្នាំ​២0១៧ ថា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ថ្នូរ​នៃ​ការប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅក្នុង​ពាក្យបណ្តឹង លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន បានចាត់ទុក ការលើកឡើង​បែបនេះ​របស់លោក លឺ លាយ​ស្រេង ថា​ជា​អំពើ​ទុច្ចរិត និង​ជាការ​បំផ្លើស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សម្តេច ហ៊ុន សែន​។​

​ ​ក្នុង​ពាក្យបណ្តឹង​នោះ​ដដែល លោក​មេធាវី គី តិច មិន​ត្រឹមតែ​ស្នើ​ឲ្យ​តុលាការ ផ្តន្ទាទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ថែមទាំង​ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង បង់ប្រាក់​ចំនួន ៥​រយ​លាន​រៀល ដល់​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង ផងដែរ​។ លោក គី តិច បាន​យក​ខ្សែអាត់​សំឡេង​របស់លោក លឺ ឡាយស្រេង ដែល​បែកធ្លាយ ហើយ​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា ធ្វើជា​អង្គហេតុ​នៃ​ការប្តឹង​។

​ក្នុង​ពាក្យបណ្តឹង​នោះ​ដដែល លោក​មេធាវី គី តិច មិន​ត្រឹមតែ​ស្នើ​ឲ្យ​តុលាការ ផ្តន្ទាទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ថែមទាំង​ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង បង់ប្រាក់​ចំនួន ៥​រយ​លាន​រៀល ដល់​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង ផងដែរ​។ លោក គី តិច បាន​យក​ខ្សែអាត់​សំឡេង​របស់លោក លឺ ឡាយស្រេង ដែល​បែកធ្លាយ ហើយ​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា ធ្វើជា​អង្គហេតុ​នៃ​ការប្តឹង​។

​ ​លោក លឺ ឡាយស្រេង មិន​បដិសេធ​នោះទេ ចំពោះ​សំឡេង​បែកធ្លាយ​នេះ​។ ក្រោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សីហា បង្ហោះ​សំឡេង​របស់លោក លឺ ឡាយស្រេង ដែល​សន្ទនា​គ្នា​តាម​ទូរ​សព្ទ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ គី លំអង ដែលជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរនោះ លោក ក៏​ចេញមក​សារភាព និង​សុំទោស​ចំពោះ​សម្តេច ហ៊ុន សែន​។ លើសពីនេះ លោក ក៏បាន​សុំ​ព្រះរាជទាន​លើកលែងទោស ពី​ព្រះមហាក្សត្រ ផងដែរ ដ្បិត​លោក បាន​ប្រើ​ពាក្យពេចន៍​ខ្លះ ដែលមាន​លក្ខណៈ​ប្រមាថ ដល់​ព្រះមហាក្សត្រ​។

​ទោះជា​យ៉ាងនេះ​ក្តី បច្ចុប្បន្ននេះ លោក លឺ ឡាយស្រេង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​បរទេស​បាត់ទៅ​ហើយ ដោយ​ប្រកាស​ពី​ចម្ងាយ​ឆ្លើយតប​ទៅនឹង​ដីកាកោះ​របស់​តុលាការ ថា លោក​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅក្រៅ​ប្រទេស​៕

​

ក្រុម​មេធាវី​គ្រោង​ដាក់​សំណើសុំ​ដោះលែង​លោក កឹម សុខា នៅក្រៅ​ឃុំ

​ភ្នំពេញ​៖ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គ្រោង​ដាក់សំណើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ប្រាប់​អ្នកការ​សែត​ថា ក្រុម​មេធាវី ពិភាក្សាគ្នា​ម្តងទៀត​ទាក់ទង​នឹង​ការរៀបចំ​សំណើសុំ​នៅក្រៅ​ឃុំ ដើម្បី​សម្រេច​ជា​ផ្លូវការ​នឹងដាក់​សំណើ​នេះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​សូមជម្រាបថា លោក កឹម សុខា បន្ទាប់ពី​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២0១៧ រួចមក ក្រុម​មេធាវី​បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ និង​ឈានដល់​តុលាការ​កំពូល ដើម្បី​សុំ​ជំទាស់ ប៉ុន្តែ​បរាជ័យ​ក្នុង​ការតវ៉ា ស្នើសុំ​។​

​ទោះជាយ៉ាងណាក្តី ​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ កន្លងមក លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ចំនួន​បី​លើក​រួចមកហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ តុលាការ​មិនទាន់​ប្រកាស​ជា ផ្លូវការ​នៅឡើយ​ទេ​៕

​

កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី២ នៅភ្នំពេញ

ភ្នំពេញ ៖ កម្ពុជាជាម្ចាស់ផ្ទះ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលកិច្ ចសហប្រតិបត្តិការប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង លើកទី២ ដែលមានប្រទេសសម្ព័ន្ធមិត្តចំនួន៥ នឹងចាប់ផ្តើមនៅថ្ងៃទី ១០ មករា ឆ្នាំ២០១៨ នេះ ។នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកនៅមុនថ្ងៃបើកកិច្ចប្រជុំនេះ ដោយបានចាត់ទុកថា ជាមោទនភាពមួយសម្រាប់ជាតិកម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំកំពូលលើកទី២នៅភ្នំពេញ ដែលធ្វើឡើងក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”នេះ ត្រូវបានគេរំពឹងថា ឯកសារចំនួន៤នឹងត្រូវអនុម័ត រួមមាន៖

ទី១.សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ទី២.ផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីឆ្នាំ១០១៨-២០២។ ទី៣.បញ្ជីរួមនៃគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទី២ និងចុងក្រោយ គឺរបាយការណ៍នៃក្រុមការងាររួមតាមវិស័យអាទិភាពចំនួន។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នឹងធ្វើឡើងនៅក្នុងប្រទេសឡាវ។
យោងតាមឯកសារ ឡានឆាង គឺជាឈ្មោះនៃទន្លេមួយស្ថិតនៅក្នុងប្រទេសចិន។ ចំណែកឯ មេគង្គ ក៏ជាទន្លេដ៏ធំហើយវែង ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រភពមកពីខ្ពង់រាបទីបេប្រទេសចិន ដោយហូរកាត់ប្រទេសចំនួន៦ រួមមាន ប្រទេសចិន ម៉ីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។ មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងជាង៤,៨៨០គីឡូម៉ែត្រ ដែលមានផ្ទៃស្ដុកទឹក ៧៩៥,០០០ គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕

ក្មេងស្ទាវ​មួយក្រុម​កាប់​ចាក់​សម្លាប់​យុវជន​ម្នាក់​នៅ​សង្កាត់​ចោមចៅ

​ភ្នំពេញ​៖​យុវជន​ម្នាក់​ត្រូវ​ក្រុមក្មេងស្ទាវ​មួយក្រុម​នាំគ្នា​ដេញ​ចាក់ និង​កាប់ បណ្តាលអោយ​រងរបួស​ធ្ងន់​ហើយ​ស្លាប់​បាត់បង់​ជីវី​ត នៅក្នុង​មន្ទីរពេទ្យ ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ហើយ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៦​ព្រឹក ។
ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ប៉ុន​ធឿន ធារ៉ា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រងរបួស​ពេញ​ខ្លួន និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ឯកជន​ក្បែរ​នោះ​។
តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ជនរងគ្រោះ​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១​យប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​រត់ និង​ស្រែក​អោយ​អ្នកភូមិ ជួយ បន្ទាប់ពី​មាន​ក្មេងស្ទាវ​មួយក្រុម ប្រដាប់​ដោយ​កាំបិត និង​ដែកឆាប​ដេញ​ចាក់​បណ្តាលអោយ​រងរបួស​។​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ជនដៃដល់​បា​នាំគ្នា​គេច​បាត់ ហើយ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​កាន់​មន្ទីរពេទ្យ ឯកជន​នៅក្បែរនោះ ហើយ​ដាច់ខ្យល​ស្លាប់​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹងថា​ជនរងគ្រោះ​មានរឿង​អ្វី​នោះទេ បានជា គេ​ដេញ​ចាក់​បែបនេះ ។
​តាម​ព័ត៌មាន​អោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​០៨ ខែមករា ទើប​គ្រួ​សារបាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ព្រមទាំង​ស្រាវជ្រាវ​រកមុខ ឃាតករ
​សព​ត្រូវបាន​នគរបាល​ប្រគល់អោយ ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​

សមត្ថកិច្ច​រឹតបន្តឹង​ការនាំយក​សម្ភារៈ​ចូល​ឱ្យ​អ្នកទោស​ក្នុង​ពន្ធនាគារ​

​សៀមរាប ៖ អាជ្ញាធរខេត្ត​សៀមរាប​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​សម្ភារៈ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជន​ជាប់ឃុំ​រក្សាទុក ប្រើប្រាស់ នៅក្នុង​បន្ទប់​ឃុំឃាំង ជៀសវាង​មានការ​ដាក់​បន្លំ​វត្ថុ​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅក្នុង​បន្ទប់​ឃុំឃាំង ឬ​អ្នក​ជាប់ឃុំ​។​​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​នៅ​ព្រឹក​ច័ន្ទ​៧​រោជ​ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ដើម្បី​ធានា​ដល់​ការរក្សាសន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ សុខភាព និង​មនុស្សធម៌​ក្នុងការ​គ្រប់គ្រង​ពន្ធនាគារ និង​ដើម្បី​ធានា​ដល់​ការអនុវត្ត​កម្មវិធី​អប់រំ​កែប្រែ ស្តា​នីតិសម្បទា និង​ការធ្វើសមាហរណកម្ម​ជន​ជាប់ឃុំ​ទៅក្នុង​សង្គម​វិញ ក្រសួងមហាផ្ទៃ​បានកំណត់​អំពី​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​ថ្មី​។​

​លោក​បាន​បន្តថា នៅក្នុង​ប្រការ​១០ នៃ​បទបញ្ជាផ្ទៃក្នុង​នេះ បានអនុញ្ញាត​ឲ្យ​ជន​ជាប់ឃុំ​រក្សាទុក សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន​ដូចជា ស្បែកជើង ក្រមា មុង ភួយ ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ​ជាដើម នៅក្នុង​បន្ទប់​ឃុំឃាំង​។ ពាក់ព័ន្ធ​សម្ភារៈ​ផ្ទាល់ខ្លួន​នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជៀសវាង​មានការ​ដាក់​បន្លំ​វត្ថុ​ហាមឃាត់​ដូចជា​គ្រឿងញៀន​ទូរស័ព្ទ​ជាដើម ជាពិសេស​នៅពេលដែល​បងប្អូន​ជន​ជាប់ឃុំ​យក​សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ​មក​ឲ្យ​ជន​ជាប់ឃុំ គឺ​ត្រូវ​ត្រួតពិនិត្យបាន​ខ្ពស់បំផុត ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​នៅក្នុង​បន្ទប់​ឃុំឃាំង និង​ពន្ធនាគារ​ទាំងមូល​។​
​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់ថា កន្លងមក​នៅតាម​ពន្ធនាគារ​មួយចំនួន​បាន​មាន​បញ្ហា​នេះ​កើតឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​មន្ត្រី​ពន្ធនាគារ​មានការ​ធ្វេស​ប្រ​ហេស​។​

​លោក តាន់ ឆ​វ័​ន្ត ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​អនុវត្ត​ការងារ​នេះ​ឲ្យ​អស់ពី​លទ្ធភាព​។​លោក​បាន​បញ្ជាក់ថា កន្លងមក​បញ្ហា​ការ​លួច​ដាក់​វត្ថុ​ហាមឃាត់ នៅក្នុង​សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ​មក​ឲ្យ​ជន​ជាប់ឃុំ ក៏​ធ្លាប់មាន​ខ្លះៗ​ដែរ​តែ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​ឆែកឆេរ​ចាប់បាន​ទាំងអស់​។​
​

នៅក្នុង​ពិធី​នេះដែរ លោក តាន់ ឆ​វ័​ន្ត បាន​ព្រមាន​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​បើ​មាន​មន្ត្រី​ណា​បណ្តោយ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​លោក​មិន​អនុគ្រោះ​ឲ្យ​នោះទេ​។​ហើយពី​ថ្ងៃនេះ​ទៅ​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​តឹងរឹង​បំផុត​៕

​

មកលេង​ផ្ទះ​មិត្តភក្តិ​នៅ​ស្រុក​កោះសូទិន បែរជា​អស់​ជីវិត​

​កំពង់ចាម ៖ បុរស​ម្នាក់​នៅ​រាជធានី ភ្នំពេញ មកលេង​ផ្ទះ មិត្តភក្តិ​នៅ​ខេត្តកំពង់ចាម បានបញ្ចប់​ជីវិត​រប​ស់​ខ្លួន កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧.៣០ នាទី ដោយសារ​លង់ទឹក​នៅ​ចំណុច​ដង​ទន្លេតូច​(​កំពង់ចម្លង​អំបែងចេះ​)​ស្ថិត​ក្នុងភូមិ​អំបែងចេះ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
ប៉ូលីស​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ក់ កែវ​តារា ភេទ ប្រុស​អាយុ​២៤ ឆ្នាំ​ជនជាតិខ្មែរ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
លោក​អធិការ នគ​បាល​ស្រុក​កោះសូទិន បានអោយដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ល្វេ បង្កើត​គណៈកម្មាធិការ ត្រួតពិនិត្យ​សព ដោយមាន​ការចូល​ពី​គ្រូពេទ្យ មេភូមិ មេឃុំ​។​
លោក​អធិការ​បាន​បញ្ជាក់ថា ផ្អែក​តាម ការធ្វើ​កោសល្យវិច័យ​ការពិនិត្យ​សព​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បាន​ថា សព​ឈ្មោះ ម៉ក់ កែវ​តារា ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ពុំមាន​ពាក់​ព​ន្ធ័​ឃាតកម្ម​ទេ​។​
ប្រភព ពត៍​មាន​ពី​កន្លែងកើតហេតុ បាន​អោ​ដឹងថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​មក​លែង​ផ្ទះ​មិត្ត​ភ​ក្រ័​(​ស្រុកកំណើត​នៅ​ភូមិ​.​ឃុំ កើតហេតុ ខាងលើ ) ហើយ​ផឹកស្រា ស្រវឹង រួច​នាំគ្នា​ទៅ​មុជទឹក​ទន្លេ​។​
នៅពេល​កំពុង​ងូតទឹក ជនរងគ្រោះ បាន​រអិល​ជើង​ចូល​ទឹក​ជ្រៅ ដោយ​ជនរងគ្រោះ​មិនចេះ​ហែល​ទឹក ក៏​លង់​ស្លាប់​។ សព​រក្សាទុក​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ សុ​ភ័​ណ្ឌ​

​

កម្ពុជា​ជា​ម្ចាស់ផ្ទះ នឹង​បើក​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង ជាមួយ​សម្ព័ន្ធមិត្ត​៥​ប្រទេស​

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម មិន ស្វេ (Myint Swe) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ដែលមាន​មូលបទ “​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹងធ្វើ​ការពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍន៍​អនុតំបន់​ទន្លេមេគង្គ ផ្តោតជាសំខាន់​ទៅលើ​ការតាំង​ចិត្ត​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុតំបន់​ទន្លេមេគង្គ​។​
​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​នេះ ក៏​នឹង​ផ្តោត​សារៈសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​អនុតំបន់ ការធ្វើ​ឲ្យ​ប្រសើរឡើង​សុខុមាលភាព​ប្រជាជន ការ​បំ​ព្រួញ​គំលាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០​របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​កិច្ចប្រជុំ​ត្រូវបាន​រំពឹងទុក​ថា​នឹង​អនុម័ត ឯកសារ​ចំនួន​៤ ដូចខាងក្រោម ៖
១.​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២
២.​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨-២០២២
៣.​បញ្ជី​រួម​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដំណាក់កាល​ទី​២ និង​
៤.​របាយការណ៍​នៃ​ក្រុមការងារ​រួម​តាម​វិស័យ​អាទិភាព​ទាំង​៦ ។​
​នៅ​មុនពេល​បញ្ចប់​កិច្ចប្រជុំ​នេះ នឹងមាន​ពិធី​ផ្ទេរ​តួនាទី​ប្រធាន​ទៅ​ប្រទេស​ឡាវ ហើយនឹង​បន្ត​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ដោយ​សហប្រធាន ផងដែរ ៕

 

 

 

 

 

 

(ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលមេគង្គ – ឡានឆាង នៅប្រទេសចិន)

​

គ ជ ប ប្រកាស​លទ្ធផល​ចាប់ឆ្នោត​កំណត់​លេខ​រៀង​បក្សនយោបាយ​

ភ្នំពេញ ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​ការចាប់​ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។​
​សម្រាប់​លទ្ធផល ដែល​សម្តេច​សង្ឃរាជ ទាំង​២​គណៈ បាន​យាង​ចាប់ឆ្នោត ដែល​រៀបចំឡើង​កាលពី​ព្រឹក​មិញ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​១, គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​លេខ​រៀង​ទី​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​៤៕
​

ទៅ​ស៊ីការ​មិត្តភក្តិ​ត្រូវ​ក្រុមក្មេងស្ទាវ​ស្ទាក់​វាយ​បែកក្បាល​

កំពង់ចាម ៖ កំ​ទ្បោះ​ជនបទ​ម្នាក់ បាន​ទៅ​ចូលរួម​ពី​ធី​ការ​មិត្ត​ភ​ក្គិ ហើយ​ត្រូវ​ក្រុមក្មេងស្ទាវ មាន​គ្នា​ប្រមាណ​៥ ទៅ​៦​នាក់ ស្ទាក់​វាយប្រហារ​បណ្តាល​អោយរ​បួស កាលពី​ថ្ងៃទី​05 ខែមករា ឆ្នាំ 2018 នៅវេលា​ម៉ោង​22:40​នាទី នៅ​ចំណុច ភូមិ​អណ្តូងច្រុះ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង​ចាម​។​
ជនរងគ្រោះ​ឈ្មោះ ហ៊ុន សុ​ភ័​ត្រា ភេទ​ប្រុស អាយុ 21 ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​បាសាក់ សំបួរមាស កំពង់ចាម កំពង់ចាម បានអោយដឹងថា នៅ​ល្ងាច ថ្ងៃទី​5 មករា ឆ្នាំ​2018 ខ្លួន​បាន​ទៅ​ចូលរួម​ពិធីមង្គលការ​មិត្ត​នៅ​ភូមិ ឃុំ​កើតហេតុ ។​
រហូតដល់​ម៉ោង 22:40 នាទី ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​ពី​5​ទៅ​6​នាក់ ក្នុងនោះ​ស្គាល់​ម្នាក់​ឈ្មោះ ផល ម៉ា​រា​ឌី ភេទ​ប្រុស អាយុ 21​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អ​ណ្តួ​ង​ច្រុះ អំពិល កំពង់សៀម កំពង់ចាម​ព្រមទាំង​បក្សពួក​មិន​ស្គាល់ឈ្មោះ​បាន​វាយ​ទៅលើ​ខ្លួន (​ហ៊ុន សុភ​ត្រា័ ) ភេទ​ប្រុស អាយុ 21​ឆ្នាំ ខ​ណះ​ពេលដែល​ខ្លួន​( ជនរងគ្រោះ )​មក​ចូលរួម​ក្នុង​ពិធីមង្គលការ​ប្អូន​មិត្ត​ភ​ក្រ័ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បណ្តាលអោយ​រងរបួស​មួយកន្លែង​ចំ​រង្វង់​ភ្នែក​ខាងស្តាំ​ឡើង​ហើមប៉ោង​។
លោក ពេជ្រ គឹម​សា៑ អធិការរង​នគរបាល​ស្រុក កំពង់សៀម បានអោយដឹងថា ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បាន​ចំនួន​មួយម្នាក់​ឈ្មោះ ផល ម៉ា​រា​ឌី និង​ដាវ​ចំនួន​មួយ​ដើម​នាំមក​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សៀម ដើម្បី រៀបចំ​សណុំ​បែបបទ តាម​នីតិវិធី​។​
ចំណែក​បក្សពួក​មួយចំនួន​ទៀត​ដែល​រត់​គេចខ្លួនបាត់​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​៕
​