All posts by មេគង្គ ប៉ុស្តិ៍

កំពូល​មេ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​

​ម៉ិ​ក​ស៊ិ​ក ៖ ក្រុម​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​កបាន​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​កំពូល​មេ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ម្នាក់​ដែលជា​កូនប្រុស​របស់លោក ហ្គូ​ស្មាន់ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ស៊ីណា​ឡៅ (Sinaloa) នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
​កូនប្រុស​របស់លោក ហ្គូ​ស្មាន់ បាន​ឡើងកាន់តំណែង​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បន្ត​ពី​ឪពុក​របស់លោក​បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់ខ្លួន​ឪពុក​របស់លោក​កាលពី​ឆ្នាំមុន ហើយ​បញ្ជូនទៅ​សហរដ្ឋអាមេរិក​។​
​ការិយាល័យ​អគ្គមេធាវី​បាន​និយាយថា លោក វិចទ័រ ម៉ា​ញូ​ល ហ្វេ​លិ​ក ត្រូវបាន​ចាប់ខ្លួន​ពីថ្ងៃ​ម្សិលមិញ​នេះ​នៅ​បរិវេណ​ផ្ទះល្វែង​មួយ​នៅ​ជាយ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
​សូមបញ្ជាក់ថា លោក ហ្វេ​លិ​ក ត្រូវបាន​ប្រកាស​តាម​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​តាម​ការស្នើសុំ​ពី​សហរដ្ឋអាមេរិក ហើយ​លោក ហ្វេ​លិ​ក ក៏​រង​ការចោទប្រកាន់ថា មានការ​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់​តាម​រូប​ជា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តំណាង​ឲ្យ​បងប្អូន​មួយចំនួនទៀត​ផងដែរ​៕


​

ផ្ទុះ​រោងចក្រ​កាំជ្រួច​នៅ​ឥណ្ឌូណេស៊ី​សម្លាប់​មនុស្ស​៣០​នាក់ របួស​៤៦​នាក់​

​ហ្សា​ការ​តា ៖ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​និយាយថា មនុស្ស​៣០​នាក់ និង​របួស​៤៦​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​កាំជ្រួច នៅក្នុង​ក្រុង​តាង​ហ្គឺ​រ៉ាង (Tangerang) ក្បែរ​រដ្ឋធានី​ហ្សា​ការ​តា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​មន្ត្រីប៉ូលិស​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ប្រចាំ​ទីក្រុង Tangerang ដែល​ស្ថិតនៅ​ភាគ​និរតី​រដ្ឋធានី​ហ្សា​ការ​តា ឈ្មោះ Saduni បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នក​ដែល​បានទទួល​របួស​ទាំងអស់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ចំនួន ០៣​កន្លែង នៅក្បែរៗ​នោះ​។ អាជ្ញាធរ​រូបនេះ​បាន​បន្ថែមថា ចំនួន​មនុស្ស​ស្លាប់​នាពេលនេះ គឺ ៣០​នាក់ និង​របួស ៤៦​នាក់​។​
​បើតាម​មេបញ្ជាការ​ប៉ូលិស​ក្រុង Tangerang លោក Hari Kurniawan ហេតុការណ៍​ខាងលើ​សង្ស័យថា ត្រូវបាន​បង្កឡើង​ដោយសារតែ​បញ្ហា​ផ្នែក​ចរន្ត​អគ្គីសនី​៕

​

ព្រឹកនេះគណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​ទៅលើរ​បៀ​វារៈ​សំខាន់​មួយចំនួន​។​
​របៀបវារៈ​ដែល​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ​រួមមាន​៖
១- សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​
២- សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិការ​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ។​
៣- បញ្ហា​ផ្សេងៗ ៖​សំណើរ​សុំ​ការ​យស់​ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​ិ​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៣.១- កិច្ចព្រមព្រាង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សិ​ង្ហឹ​បុរី ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣.២- កិច្ចព្រមព្រាង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣.៣- កិច្ចព្រមព្រាង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌិ​ពើរ​តួន​នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣.៤- កិច្ចព្រមព្រាង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣.៥- ធម្មនុញ្ញ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​(ADPC)៕

​

ប្រតិបត្តិ​ការចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​

​ភ្នំពេញ ៖ លោក សេង ឈួន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ បាន​ដឹកនាំ​កម្លាំង​ឆ្មក់​ចុះទៅ​ចាប់​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ២៩​គ្រឿង ពេល​កំពុង​ធ្វើ​ចរាចរណ៍​ដឹក​ដី​នៅលើ​ដងផ្លូវ​សាធារណៈ ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ប្រតិបត្តិការ​ត្រួតពិនិត្យ​ទម្ងន់​រថយន្ត​ទាំងនេះ បាន​រកឃើញថា រថយន្ត​ដឹក​ដី ចំនួន ២៩​គ្រឿង ដឹក​លើស​ទម្ងន់​ចន្លោះ​ពី ៥​តោន រហូតដល់​ទៅ ៣៣​តោន​។
​បន្ទាប់ពី​ថ្លឹង​រកឃើញថា ដឹក​លើស​ទម្ងន់​កំណត់​ហើយ​នោះ រថយន្ត​ទាំងអស់ ត្រូវបាន​ឃាត់ទុក​រង់ចាំ​ម្ចាស់​រថយន្ត ចូលខ្លួន​ដោះស្រាយ​ទៅតាម​នីតិវិធី ជាពិសេស​ត្រូវ​បង់​ការផាកពិន័យ​ទៅតាម​ច្បាប់​ដឹកជញ្ជូន ដែលមាន​ជា​ធរមាន​។​
​លោក សេង ឈួន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា រថយន្ត​ដឹក​លើស​ទម្ងន់​ទាំង ២៩​គ្រឿង ត្រូវ​រង​ការផាកពិន័យ​សរុប ២០០​លាន​រៀល ៕

​

កម្ពុជា​នឹង​រៀបចំ​ការប្រកួត​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ នៅ​ដើមខែ​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឲ្យដឹងថា ដើម្បី​ស្វែងរក​អ្នកទទួល​ជ័យលាភី​អង្ករ ដែល​មានគុណ​ភាពល្អ​បំផុត យកទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​ក្នុង​កម្មវិធី​ការប្រកួត​អង្ករ​ល្អ​បំផុត​ពិភពលោក​លើក​ទី​៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​អង្ករ​ល្អ​បំផុត​ប្រចាំឆ្នាំ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភោ​ជនី​ដ្ឋា​ន អ៊ុយ គុយទាវ (​បឹង​កេងកង​)​។​
​សហព័ន្ធ​ស្រូវ​អង្ករ​បាន​ឲ្យ​ដឹងថា ចំពោះ​អង្ករ​ដែល​នឹងត្រូវ​យកមក​ប្រកួត​ស្វែងរក​ជ័យលាភី​មាន ៣​ប្រភេទ​ដូចខាងក្រោម ៖ ១. ជ័យលាភី​លើ​អង្ករ​ក្រអូប​ប្រណិត (Premium Fragrant Rice)​។ ២. ជ័យលាភី​លើ​អង្ករ​ក្រអូប (Fragrant Rice)​។ ៣. ជ័យលាភី​លើ​អង្ក​រស​គ្រាប់​វែង (Long Grain White Rice)៕

​

ពលរដ្ឋ​ថៃ​ជាច្រើន​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះមហាក្សត្រ

​បាងកក ៖ ​ប្រទេស​ថៃ​បានចាប់ផ្ដើម​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះមហាក្សត្រ ភូមិបុល​អាឌុលយ៉ាដេត រយៈពេល​៥​ថ្ងៃ ហើយ​ថ្ងៃនេះ​គឺ​ថ្ងៃ​ដែល​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សព​ហើយ​។​
​ព្រះមហាក្សត្រ ភូមិបុល បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំមុន​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា ហើយ​ព្រះ​សព​ព្រះអង្គ​នឹងត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ទីវាល​ព្រះមេរុ​នៅខាងមុខ​ព្រះរាជវាំង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​គេ​រំពឹងថា ព្រះរាជ​ពិធី​នេះ​នឹងមាន​អ្នកចូលរួម​ប្រហែល​២៥​ម៉ឺន​នាក់​។​
​នៅថ្ងៃនេះ​ព្រះ​សព​ព្រះមហាក្សត្រ​នឹងត្រូវ​រំកិល​ចេញពី​ព្រះបរមរាជវាំង​ដង្ហែ​ទៅកាន់​ព្រះមេរុ​តម្កល់​ព្រះ​សព​នៅ​ទីលាន​សាធារណៈ​មួយ​នៅខាងមុខ​ព្រះរាជវាំង​ជាទី​ដែលមាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាននាំគ្នា​បោះតង់​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះ​។​
​សូម​រំលឹកថា អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​គ្រងរាជ្យ​អស់​រយៈពេល​៧០​វស្សា ហើយ​ព្រះអង្គ​បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៨​វស្សា​កាលពី​ឆ្នាំ​២០១៦ ហើយ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម ម៉ា​ហា វ៉ា​ជី​រ៉ា​លុង​កន បាន​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ​៕


​

គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជំនាន់​១៩៩០​ជាង និង​២០១៧​នៅតែ​ជា​កន្លែង​រកស៊ី​ផ្លូវភេទ​ដដែល

​ភ្នំពេញ ៖ ក្រុម​បុរស​ដែល​ចូលចិត្ត​សេវា​ផ្លូវភេទ​មួយចំនួន​តែងតែ​ស្គាល់​ថា គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដែលមាន​ព្រំប្រទល់​ជាមួយ​ខណ្ឌមានជ័យ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ជាប់​នឹង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​មាន​ហាង​កាហ្វេ​៤​កន្លែង និង​ហាង​កោស​ជប់​មួយកន្លែង​ដែល​បើក​រកស៊ី​សេវា​ផ្លូវភេទ​ដែលមាន​នារីៗ​វៀតណាម​ជាច្រើន​នាក់​តុបតែង​ខ្លួន​ផាត់មុខ​ផាត់​មាត់​ស្លៀកសំពត់​ខោខ្លីៗ​អង្គុយ​ទាក់ទាញ​ម៉ូយ​វាយ​ស៊ិ​ច​ដោយ​គេ​ដាក់ឈ្មោះថា​កាហ្វេ​១​កែវ​៣២០០០​រៀល​ហ្វ្រី​១​ស៊ុ​ច ហើយ​ទីតាំង​ខាងលើនេះ​បាន​បើក​ដំណើរ​យ៉ាង​សុខ​សប្បាយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​រំខាន​នោះទេ​ជាពិសេស​នៅពេល​រាត្រី​គឺមាន​ក្រុម​បុរសៗ​ជាច្រើន​នាក់​ក្រោយពី​ផឹកស៊ី​ស្រវឹង​រួច​ពួកគាត់​តែងតែ​នាំគ្នា​មករក​សេវា​ផ្លូវភេទ​ដើម្បី​បន្សាប​ការ​ស្រវឹង​។​
​ចំណែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែល​ចុះ​ល្បាត​ការពារ​បទល្មើស​ទាំង​ប៉ុស្តិនគរបាល​ស្ទឹង​មាន​ជ​យ័​និង​នគរបាល​ប៉ុស្តិ​បឹង​សាឡាង​បានត្រឹមតែ​ចុះទៅ​អង្គុយ​លើ​បង់​មើល​ពួកនាង​ចេញចូល​បំរើសេវា​ផ្លូវភេទ​ប៉ុណ្ណោះ​ដោយ​គ្មាន​បទបញ្ជា​ពី​មេៗ​របស់គាត់ ហើយ​ពួកគាត់​លួចខ្សឹប​ប្រាប់ថា​ទីតាំង​ខាងលើនេះ​ជា​ចានឆ្នាំង​របស់​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​ផ្លូវភេទ​រាជធានី​ភ្នំពេញ ចាំមើល​លោក​វរសេនីយ៍ឯក​កែវ ធា​ប្រធាន​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​ផ្លូវភេទ​មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​ទីតាំង​ខាងលើនេះ​៕

​

សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​ក្បែរ​ច្រមុះ​លោក​អធិការ តែ​គ្មាន​វិធានការ

​ខេត្តកំពង់ចាម ៖ សង្វៀន​បញ្ជល់មាន់ នៅតាម​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម នៅតែ​កើតមានទ្បើង​ដូច​ផ្សិត មាន​ទីតាំង​ខ្លះ​កើត​នៅក្បែរៗ អធិការដ្ឋាន​នគរបាល​ស្រុក​ទៅទៀត ដូចជា​នៅក្នុង​ស្រុក​ចំការលើ និង​ស្រុក​ជើងព្រៃ ជាដើម​។​
ទោះបី​រាជរដ្ឋាភិបាល បានដាក់​កំហិត រឹតបន្តឹង​អោយ មន្ត្រី​មាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ប​ង្រា្ក​ប បទល្មើស ទាំងនោះ​ក្តី ក៏​អស់លោក​មាន​សមត្ថកិច្ច​មួយចំនួន​បានធ្វើ​ព្រងើយកន្តើយ និង​បាន​ប្រើប្រាស់​សារាចរ​ណែនាំ របស់​ថ្នាក់ដឹកនាំ​ខេត្ត ឬ​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើជា​ដាវអាជ្ញា​សឹក ដើរ​ប្រុ​មូល​លុយ​ពីបទ​ល្មើស​គ្រប់ជំពូក ដូចជា​ពី​ម្ចាស់​សង្វៀន​ជល់​មាន់ ឬ​ល្បែងស៊ីសង​នានា​ទៅវិញ​។
​ករណី​ជាក់ស្តែង​មួយ ស្ថិតនៅ​ទល់មុខ​អនុ​វិទ្យា​ល​យ័ ស្គន់ ខាងក្រោយ​ហាង​សាំង តា​សារឹម ចំងាយ​ប្រហែល ៥00 ម៉ែត្រ មាន​សង្វៀន​បញ្ជល់មាន់​មួយកន្លែង បាន​បើក​លេង​យ៉ាង​ចំហ​យ៉ាង​អនាធិបតេយ្យ និង​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ទៀត ស្ថិតនៅ​ចំណុច​ដី​ថ្មី ក្នុងភូមិ​ដី​ថ្មី ឃុំ តា​ប្រ៉ុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​បើក​លេង​គគ្រឹកគគ្រេង​ដែរ ហាក់​ក្លាយជា​ល្បែង​ប្រជា​ប្រិ​យ៏​ទៅហើយ​។​
ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ផ្លូវ​ចូលទៅ​សង្វៀន​ទាំងនោះ បាន​ប្រាប់​ឱ្យដឹងថា ពលរដ្ឋ​ក្នុង​តំបន់​នេះ គ្មាន​ជំនឿ​ទុកចិត្ត​លើ​សមត្ថកិច្ច​ទៀត​ទេ ព្រោះ​កន្លងមក គេ​ឃើញ​មន្ត្រីនគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍ ពេល​ចុះ​ប​ង្រា​ប​ម្តងៗ មិនដែល​ឃើញ​ចាប់បាន​អ្នកលេង ឬ​ម្ចាស់​សង្វៀន​នោះ​ទ្បើ​យ សម្បី​តែ​ម៉ូតូ ឬ​រថយន្ត ដែលជា​មធ្យោបាយ របស់​អ្នកញៀន​ល្បែង​ជិះ​មកលេង ក៏​មិនដែល​ចាប់​បានដែរ​។ ប្រភព​ដដែល បន្តថា នៅក្នុង​ជួរ​សមត្ថកិច្ច មាន​រនុកក្នុង​របស់​មេស​ង្វៀន ដូច្នេះ អ្នកលេង​ទាំងអស់​ត្រូវបាន​មន្ត្រី​ខិលខូច​លួច​បោះដៃ​ឱ្យ​រត់គេចខ្លួន​អស់​តាំងពី​មុនពេល​សមត្ថកិច្ច​ទៅដល់​ម្ល៉េះ​។ ចំណែក​សមត្ថកិច្ច​បាន​ត្រឹមតែ​រុះ​ដំបូល​រោង​ប្រក​តង់​កៅស៊ូ និង​កៅអី​ជ​រ័ ៥ ទៅ​១០ កៅអី មក​ដុតចោល បង្ហាញ​ថ្នាក់លើ និង​បំភ័ន​ភ្នែក​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើឱ្យ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក ក្រួច ចំរើន អភិបាលខេត្ត​កំពង់ចាម មេត្តា​ត្រួតពិនិត្យ​មន្ត្រី​ថ្នាក់ក្រោម និង​មាន​វិធានការ​លើ​ករណី​ដូច​បាន​រៀបរាប់​ខាងលើ​ផង ព្រោះ​បទល្មើស​ជាច្រើន រួមទាំង​អំពើហិង្សា​ក្នុង​គ្រួសារ​ផង បានកើត​ចេញពី​អ្នកចាញ់​ល្បែង​នេះឯង​៕

​

ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស លោក ហុង សុខហួរ​

​រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជ​ក្រិ​ត្យ ព្រះរាជទាន​លើកលែងទោស​លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ទ្បើង​វិញ​ហើយ​។ ការលើកលែងទោស​នោះ​បន្ទាប់ពី​លោក ហុង សុខ​ហួរ ធ្វើលិខិត​សុំទោស​សម្តេច ហ៊ុន សែន ចំពោះ​កំហុសឆ្គង​របស់ខ្លួន​ទាក់ទង​បញ្ហា​ព្រំដែន ៕

​

សមត្ថកិច្ច​បញ្ជូន​សក​ម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​

​ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន CNRP ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ទៅកាន់​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម្សិលមិញ ពាក់ព័ន្ធ​ពាក្យបណ្ដឹង​លួច​ថតរូប និង​ថត​សំឡេង​ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​សិទ្ធិ​បុគ្គល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឈុន សិទ្ធី អាយុ​៣៨​ឆ្នាំ ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ។ ជនសង្ស័យ​រូបនោះ​ត្រូវបាន​ស្មៀន និង​សមាជិក​ក្រុមប្រឹក្សា​ផ្សេងទៀត ដាក់ពាក្យ​ប្ដឹង ដោយសារតែ​ជននេះ​នៅពេល​ប្រជុំ​ម្ដងៗ បាន​លួច​ថតរូប និង​ថត​សំឡេង​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ៕

​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៤​នាក់​​ដែល​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ដែនដី និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះជួល​លេខ​៣៧៧ ផ្លូវ​លេខ​៣៦៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយបាន​ការអនុញ្ញាត​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់ថា ជា​លទ្ធផល​កម្លាំង​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ជនបរទេស​ចំនួន​១៤​នាក់ ស្រី​០៥​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​ស្នាក់នៅ​មិន​ត្រឹមត្រូវ​។
​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​១៤​នាក់​នោះ ត្រូវបាន​សម្រេច​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​៕

​

ចាប់ខ្លួន​សកម្មជន​ប​ក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ពីបទ​បង្ហោះ​វីដេអូ​ញុះញង់​

​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ឃាត់ខ្លួន សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់ នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​សកម្មជន​រូ​ប​នោះ បង្ហោះ​វីដេអូ​មួយ ដោយ​ជាប់​សង្ស័យថា​ជាការ​ប្រមាថ និង​ញុះញង់​ឱ្យមាន​ការរើសអើង​។​
​ជនសង្ស័យ​ម្នាក់​នោះ មានឈ្មោះ ឈុន សិទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ការឃាត់ខ្លួន​នេះ ដោយសារតែ​ជាប់​ព័ន្ធ​នឹង​នឹង​ករណី​សង្ស័យ​២​ករណី រួ​មាន​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ស្តាប់ រឺ​ថត​ពាក្យសម្តី​ឯកជន នៅ​ចំណុច​សាលាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ និង​ញុះញង់​ឱ្យមាន​ការរើសអើង​ក្នុងសង្គម ៕

​

សម្ព័ន្ធមិត្ត​ទាំង​៣​ធ្វើ​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​ផ្លោង​កូរ៉េខាងជើង​

​សេ​អ៊ូ​ល ៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ចាប់​សញ្ញា និង​ស្ទាក់ចាប់ មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង នៅក្នុង​ករណី​មានការ​វាយប្រហារ​ជាយថាហេតុ​ណាមួយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Russian Today ។​
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​យោធា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា​៖ «​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​មាន​រយៈពេល​ពីរ​ថ្ងៃ បានចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ថ្ងៃ​ពុធ​នេះ នៅឯ​ឈូង សមុទ្រ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​វា​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ចាប់​សញ្ញា​អាវុធ​នុយក្លេអ៊ែរ និង​ស្ទាក់ចាប់​មី​ស៊ី​ល​កូរ៉េខាងជើង ក្នុងករណី​មានការ​គំរាមកំហែង​ណាមួយ​»​។ តាមរយៈ​សមយុទ្ធ​យោធា​នេះ ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ទុះឡើង​ជាថ្មី ខណៈ​លោក​ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី នៅ​ខែវិច្ឆិកា ខាងមុខនេះ​។​
​សមយុទ្ធ​យោធា រវាង​សម្ព័ន្ធមិត្ត​ទាំងបី ធ្វើឡើង​ក្រោម​ការចូលរួម​ពី​នាវា​ពិឃាត​អាមេរិក USS Stethem, នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ជប៉ុន JDS Kirishima និង​នាវា​ពិឃាត កូរ៉េខាងត្បូង Sejong៕

​

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​របស់​បក្ស​ន​យោ​បាត​ដែល​ត្រូវ​រំលាយ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​

​រាជធានី​ភ្នំពេញ ៖ ច្បាប់​ទាំង​៤​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​, សមាជិក​ព្រឹទ្ធសភា​, ក្រុមប្រឹក្សាឃុំ​-​សង្កាត់​, ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ដែល​ស្នើ​ធ្វើ​វិសោធនកម្ម​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​ពិភាក្សា​រួចរាល់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ​។
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ភ្លាមៗ​នោះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់ថា ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទាំង​៤​នេះ គឹ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​ទៀតថា សេចក្តីសម្រេច​របស់ខ្លួន​នេះ គឺជា​សេចក្តីសម្រេច​ជា​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អនុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​ផងដែរ​។​
​អគ្គនាយកដ្ឋាន​រដ្ឋបាល​-​ហិរញ្ញកិច្ច​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា បាន​ឲ្យ​ដឹងថា ក្រោយ​ពិនិត្យ​សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ត្រូវបាន​ប្រគល់​ជូនទៅ​រដ្ឋសភា​រួចរាល់​ហើយ ដើម្បី​រដ្ឋសភា​បន្ត​នីតិវិធី​សុំ​ការ​ឡាយ​ព្រះ​ហ​ស្ថ​ពី​ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​។​
​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​ច្បាប់បោះឆ្នោត ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤៩​រូបនោះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការបែងចែក​អាសនៈ របស់​គណបក្សនយោបាយ​ណាមួយ ដែល​ត្រូវបាន​រំលាយចោល ឬ​បោះបង់​អាសនៈ​ចោល​៕

​

អ្នកនាង ទូច ស្រី​លក្ខ បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នកនាង ទូច ស្រី​លក្ខ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW បុក​ម៉ូតូ Dream C125 អូស​ប្រហែល​ម៉ូតូ​ប្រហែល​៣០០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ កែង​និង​ផ្លូវ​វេ​ង​ស្រេង ជិត​កងរាជអាវុតហត្ថ​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​តាម​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា តារាចម្រៀង​ខាងលើ​បាន​បើករថយន្ត​ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3288 បើក​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ មាន​ម៉ូតូ Dream C125 ឆ្នាំ​២០១២ ពណ៌​ពាក់​ស្លាក​លេខ កំពង់ធំ 1D-6904 បើក​ដោយ​បុរស​ម្នាក់ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយ​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញទៅ​ម្ខាង រងរបួស​ស្រាល​។ ប្រភព​បន្តថា ក្រោយ​កើតហេតុ​រថយន្ត​មិនបាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់​អូស​ម៉ូតូ​បាន​ប្រហែល​៣០០​ម៉ែត្រ ទើប​ប្រជាព​រដ្ឋ​ដេញ​ពីក្រោយ​ឃាត់​បាន​ទាំង​រថយន្ត និង​ម្ចាស់​តែម្ដង​។​
​ក្រោយ​កើតហេតុ​ភាគី​ទាំងពីរ បាន​សំរបសំរួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ព្រម​សង​សំណង​ថ្លៃ​ព្យាបាល ទៅលើ​ជនរងគ្រោះ​ទាំងអស់ និង​ម៉ូតូ​ដែល​ខូចខាត​ផងដែរ ដើម្បី​បញ្ចប់រឿង​៕

​