All posts by មេគង្គ ប៉ុស្តិ៍

ពិរុទ្ធជន​ម្នាក់​ត្រូវបាន​ចាប់​មកវិញ ក្រោយ​រត់​ចេញពី​ពន្ធនាគារ​ជាង​៦​ខែ​

​ខេត្តរតនគិរី ៖ សមត្ថកិច្ចបាន​ចាប់​ពិរុទ្ធជន​ម្នាក់​ដែល​លួច​រត់​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​មកវិញហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ពិរុទ្ធជន​រូបនេះ​ឈ្មោះ កែវ ឆក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​លេខ ១៥/១៧ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ ឈុន ច័ន្ទ​សីហា នៃ​សាលាដំបូង​ខេត្តរតនគិរី​។​
​បច្ចុប្បន្ន​នគរបាល​ក្រុង​បាន​លុង​បាន​បញ្ជូន​ពិរុទ្ធជន​រូបនេះ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕

​

ពលរដ្ឋ​៣៦​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ សង្ស័យ​ប៉ះពាល់​សារធាតុ​គ្រាប់បែក​គីមី​របស់​អាមេរិក

​ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន​៣៦​នាក់ រស់នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​សង្ស័យ​រង​ការប៉ះពាល់​ពី​គ្រាប់បែក​គីមី​របស់​អាមេរិក​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង​នៅឡើយ ។​ នេះបើមន្ត្រី​សុខាភិបាល​ខេត្តស្វាយរៀង។
​យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​ខាងលើ​បាន​អះអាងថា ចំនួន​អ្នកជំងឺ​ទាំង​៣៦​នាក់​នោះ ភាគច្រើន​មាន​បញ្ហា​រមាស់​លើ​រាងកាយ​និង​បញ្ហា​ផ្សេងៗ ទៀត ដែល​សង្ស័យ​មានការ​ប៉ះពាល់​ពី​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក ៕

​

មេដឹកនាំ​កាតា​ឡូ​ណា​ជំរុញ​ឲ្យ​តស៊ូ​ប្រឆាំង​របប​គ្រប់គ្រង​ក្រុង​ម៉ា​ឌ្រី​ត​

​អេ​ស្ប៉ា​ញ ៖ មេដឹកនាំ​ចលនា​ឯករាជ្យ​តំបន់​កាតា​ឡូ​ណា លោក Carles Puigdemont បាន​ថ្លែង​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​អេ​ស្ប៉ា​ញ ដែល​បាន​បណ្ដេញ​រូបលោក​ចេញពី​តំណែង ដោយ​ជំរុញ​ឲ្យ​តស៊ូ​ប្រឆាំង​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ ចំពោះ​ការគ្រប់គ្រង​ដោយផ្ទាល់ ដែល​ត្រូវ​បានដាក់​តំបន់​នេះ ដើម្បី​បញ្ឈប់​ការប៉ុនប៉ង​បំបែក​ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​នៅក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក Puigdemont បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ត​ថា បាន​ជាន់ពន្លិច​ឆន្ទៈ​របស់​ប្រជាជន​កាតា​ឡូ​ណា​ដែល​ចង់បាន​ឯករាជ្យ​។ លោក​ថ្លែងបន្តថា ការសម្រេចចិត្ត​របស់​ក្រុង​ម៉ា​ឌ្រី​ត​ដណ្ដើម​អំណាច​ពី​តំបន់​កាតា​ឡូ​ណា​បង្កើត​ទៅជា «​ការឈ្លានពាន​»​។​
​ជាមួយគ្នា​នោះ​មេដឹកនាំ​ផ្ដាច់ខ្លួន​រូបនេះ​បាន​និយាយថា ការជំទាស់​តាមបែប​ប្រជាធិបតេយ្យ គឺជា​វិធី​ទៅមុខ​តែមួយគត់ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​ទម្រង់​នៃ​ការជំទាស់​ដែល​លោក​អាច​ប្រកាន់យក​នោះឡើយ​៕

​

រុស្ស៊ី និង​អ៊ីរ៉ង់ នឹង​ចាប់ផ្តើម​ទំនាក់ទំនង​ដោះដូរ​ប្រេង​ក្នុងពេល​ឆាប់ៗ​នេះ​

​តេ​អ៊ីរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ថាមពល​អ៊ីរ៉ង់ ថា ប្រទេស​អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​នាំ​ប្រេង​ចេញទៅ​ប្រទេស​រុស្ស៊ី ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រោម​ផែន​ការណ៍​នាំចេញ​ប្រេង​ដោះដូរ​នឹង​ទំនិញ​។
​ដោយឡែក​បើតាម​អនុរដ្ឋមន្ត្រី​ប្រេង​ប្រទេស អ៊ីរ៉ង់ លោក Ali Kardor ថា កន្លងមក​បញ្ហា​ធនាគារ​ដែល​បាន​បង្ក​ការរាំងស្ទះ ដល់​ការនាំចេញ​ប្រេង​ពី​ប្រទេស អ៊ីរ៉ង់ ទៅកាន់​ប្រទេស រុស្ស៊ី ប៉ុន្តែ​ក្រោយមក​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ដែល​អាចឱ្យ​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ទំនាក់ទំនង​នេះ​ឡើងវិញ​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅនេះ ប្រទេស អ៊ីរ៉ង់ និង​រុស្ស៊ី បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដោយ​រដ្ឋាភិបាល​ក្រុង ម៉ូស្គូ នឹង​ទិញ​ប្រេង​អ៊ីរ៉ង់​ចំនួន ៥០០,០០០​បារ៉ែល​ក្នុង​មួយថ្ងៃ ជា​ថ្នូរ​នឹង​ការផ្គត់ផ្គង់​ជា​សម្ភារៈ និង​ទំនិញ​ដល់​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​វិញ​៕

​

បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋធានី Mogadishu នៃ​ប្រទេស​សូ​ម៉ាលី​សម្លាប់​មនុស្ស​២៥​នាក់​

សូ​ម៉ាលី ៖ អាជ្ញាធរ​សូ​ម៉ាលី​បានឱ្យដឹងថា មនុស្ស​យ៉ាងហោចណាស់​ចំនួន​២៥​នាក់​បាន​ស្លាប់​នៅ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ពីរ នៅក្នុង​រដ្ឋធានី Mogadishu ពោលគឺ​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី មនុស្ស​៣៥៨​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ដ៏​អាក្រក់​បំផុត នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​យោងតាម​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​ថ្លែងថា ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​បាន​ដឹកនាំ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បង្កៃ​ក្នុង​រថយន្ដ កាលពី​ថ្ងៃ​សៅរ៍ សំដៅ​ទៅលើ​សណ្ឋាគារ​មួយកន្លែង ខណៈ​គ្រាប់បែក ទី​ពីរ​ត្រូវគេ​បំផ្ទុះ នៅក្បែរ​អតីត​វិមាន​សភា​នៅ​ជិត​នោះ ដោយបាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​២៥​នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។
​ភ្លាមៗ​នោះដែរ​ក្រុម​ឧទ្ទាម al-Shabab មាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា បានចេញ​អះអាងថា ខ្លួន​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ទាំងពីរ​លើក​នេះ ហើយ​ថា​ខ្លួន​ជ្រើសរើស​គោលដៅ​នៃ​ការវាយប្រហារ​នេះ ពីព្រោះ​វាទី​ប្រជុំជន​សម្បូរ​មន្ត្រី​សន្តិសុខ និង​អ្នកនយោបាយ​៕


​

ពលរដ្ឋ​ខ្មែរ​ជាង​៤៥​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤៥៤,១១៦​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​ការចុះឈ្មោះ​ឆ្នោត​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​សូមបញ្ជាក់ថា តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​៕

​

គ​.​ជ​.​ប ចេញផ្សាយ​ប្រតិទិន​ថ្មី នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចេញផ្សាយ​នូវ​ប្រតិទិន​ថ្មី នៃ​ការបោះឆ្នោត​ជ្រើស តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ បន្ទាប់ពី​រាជរដ្ឋាភិបាល សម្រេច​លើក​ថ្ងៃ​បោះឆ្នោត​ពីថ្ងៃ​ទី​១៤ ខែមករា ទៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​វិញ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​ដោយ​កែសម្រួល​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ទៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​វិញ​៕

​

កម្មករ​ខ្មែរ​៧​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ខណៈ​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​

​ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​កម្មករ​ខ្មែរ​ចំនួន​៧​នាក់ ដែល​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៦៧ និង​៦៨ ជាប់​នឹង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ​។​
​អាជ្ញាធរ​ថៃ​បាន​រាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ទី​១-​ឈ្មោះ ខ្លឹម ចិត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​២-​ឈ្មោះ ហ៊ុន សុខសាន្ដ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៣-​ឈ្មោះ យ៉ាប់ ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៤-​ឈ្មោះ អឹម ភី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទាំង​៤​នាក់​រស់នៅក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន​។ ទី​៥- ឈ្មោះ ទិ​ត រិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ទី​៦- ឈ្មោះ រ៉ុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ទី​៧-​ឈ្មោះ សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទាំង​២​នាក់ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន​។​
​តាម​របាយការណ៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ ត្រូវបាន​ទាហាន​ថៃ​បញ្ជូនទៅ​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ដ​ចាន់​បូរី ប្រទេស​ថៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

​

លោក សម រង្ស៊ី ចាប់ផ្តើម​សង្ស័យ​លោក កឹម សុខា រឿង​ល្បែង​នយោបាយ​

​រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ បានចេញ​នូវ​វីដេអូ​ឃ្លី​ប​មួយ ខណៈដែល​ខ្លឹមសារ​ខ្លះៗ ដែល​លោក​បាន​និយាយ​ធ្វើ​ឲ្យ​គេ​កត់សម្គាល់ថា លោក​ចាប់ផ្តើម​សង្ស័យ​លើ​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​។​
លោក សម រង្ស៊ី បាន​និយាយថា « ឥឡូវនេះ​លោក កឹម សុខា គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង ។ ដូច្នេះ​រាល់​សេចក្តីសម្រេច ឬ​សេចក្តីប្រកាស​អ្វីមួយ​របស់លោក កឹម សុខា យើង​ជឿ ជាក់​ថា មិនមែនជា​សេចក្តីសម្រេច​របស់គាត់​ពិតប្រាកដ​នោះទេ » ។ លោក​បន្តថា បើ​គាត់​មាន​សេរីភាព​ពេញលេញ គឺ​គាត់​ច្បាស់​ជា​មិន​ធ្វើ​អ្វី​តាម​គេ​បង្គាប់បញ្ជារ​ឲ្យ​គាត់​ធ្វើ​នោះទេ ។ លោក​ថា មាន​អ្នកខ្លះ​កំពុង​យក ឈ្មោះ​លោក កឹម សុខា ទៅប្រើ​ប្រាស់ ដើម្បី​ទាក់ទាញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចុះចូល ជាមួយ​បក្ស​កាន់អំណាច​!….​។​
លោក សម រង្ស៊ី បាន​និយាយថា យើង​មិន​ព្រម​ដាច់ខាត​រាល់​ការសម្រេច​ទាំងឡាយណា របស់លោក កឹម សុខា នៅពេលដែល​លោក កឹម សុខា ពុំមាន​សេរីភាព​គ្រប់គ្រាន់ ។​លោក​ថា រាល់​ការសម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានតែ​គណកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ទើប ធ្វើ​សេចក្តីសម្រេច​ចិត្តបាន ។​
ការប្រកាស​របស់លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់ពី​ចរន្ត​នៃ​ការចុះ​ចូល​របស់​មន្ត្រី​ថ្នាក់លើ និង​មន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ CPP កាន់តែ​ច្រើនឡើងៗ បើទោះជា​មន្ត្រី​មួយចំនួន​បានធ្វើ​ការរារាំង​តាម​គ្រប់​រូបភាព​ក៏ដោយ ។​
តាម​ព័ត៌មាន​ទទួលបាន​មន្ត្រី​ភាគច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​សារ​ណែនាំ​ពី​មន្ត្រី​ជំនិត​របស់លោក កឹម សុខា ដែល​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ទៅ ដើម្បី​រក្សា​តំណែង និង​អនាគត​នយោបាយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ​នៅពេល​ឆាប់ៗ ខាងមុខ​នេះហើយ​រឿង​ក្បត់ជាតិ ។​
ព័ត៌មាន​ខាងលើនេះ បានធ្វើ​ឲ្យ​លោក សម រង្ស៊ី កើត​មន្ទិល​យ៉ាងខ្លាំង ចំពោះ​លោក កឹម សុខា ដែល​អាច​និយាយថា លោក កឹម សុខា កំពុងតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​កាន់ អំណាច ហើយ​បង្កើត​ឆាកល្ខោន​នយោបាយ​នេះ​ឡើង ដោយ​លោក កឹម សុខា សុខចិត្ត​ទទួល​យកទោស​ក្បត់ជាតិ ជា​ថ្នូរ​នឹង​អ្វីមួយ ។​
ទាក់ទង​ព័ត៌មាន​នេះ គេ​គួរតែ​រម្លឹក​ទៅ​អតីតកាល​បន្តិច​នៅពេលដែល Facebook សីហា បាន​ទម្លាយ​សម្លេង​ឆ្លើយឆ្លង​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ក្នុងការ​រៀបចំ​សេណា នី​យោ ទាញ​ទម្លាក់​លោក សម រង្ស៊ី ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តំណែង​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដណ្តើម​កាន់កាប​ដោយ​លោក កឹម សុខា ។ បើ​យើង​បាន​ស្តាប់ និង​ពិចារណា​ទៅលើ​សម្លេង​ឆ្លើយឆ្លង​នោះ គឺ​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ជា​មនុស្ស​ក្នុង​ក្រុម​ជាមួយគ្នា ហើយ​រួមគ្នា​កម្ចាត់​លោក សម រង្ស៊ី ៕

​

រត់​ម៉ូតូឌុប​មិនសូវ​កាក់កប បែកគំនិត​ឆក់​ទូរស័ព្ទ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​មួយគ្រឿង​ម៉ាក Iphone5 ពី​យុវតី​២​នាក់​ខណៈ​អង្គុយ​លើ​បង់​លេង​ជាមួយ​មិត្តភក្តិ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បរិវេណ​កោះ​ពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​
​បើ​យោងតាម​សម្តី​យុវតី​រងគ្រោះ​ខាងលើ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបនាង​និង​មិត្ត​ភ​ក្រ័​ម្នាក់ទៀត​បាន​អង្គុយ​ចុច​ទូរស័ព្ទ​លេង ស្របពេលនោះ​ក៏​លេចមុខ​ជន​ស​ង្ស​យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125 សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1A0159​បាន​ជិះ​មក​ក្បែរ​នាង ហើយ​សួរថា មេច ហើយ​មក​អង្គុយលេង​តែ​២​នាក់​ទេ​ហ្អ៊ែ ហើយក៏​បាន​ឆក់​ទូរស័ព្ទ​ពី​ដៃ​នាង ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវបាន​សន្តិសុខ និង​ប្រជាពលរដ្ឋ​ចាប់វាយ​បែកក្បាល​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ ភុ​ន អាក់ អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​យុវតី​រងគ្រោះ​ខាងលើ​មានឈ្មោះ គុណ ណាវី​អាយុ​១៦​ឆ្នាំ​ស្នាក់នៅ​ម្តំ​ផ្សារ​រាត្រី​។​
​បច្ចុប្បន្ន​ជនសង្ស័យ​លើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

​

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​មិន​ខ្លាច​ទណ្ឌកម្ម​ពី​បរទេស​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ដកស្រង់​ប្រសាសន៍​សម្តេច មក​បញ្ជាក់ថា «​សម្តេច​តេ​ជោ គ្មាន​ទ្រព្យសម្បត្តិ​ណា​ទុក​នៅក្រៅ​ប្រទេស​ទេ គឺមាន​តែ​ថវិកា​កសាង​សាលារៀន កសាង​ជាតិ​តែប៉ុណ្ណោះ ។ សម្តេច​បញ្ជាក់ថា ការចូល​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​មិន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សម្តេច​នោះទេ សម្តេច​គ្មាន​ពេលធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ទាល់តែ​សោះ ក៏ប៉ុន្តែ​មន្ត្រី​ណាមួយ​ប៉ះពាល់​ជា​រឿង​ដាច់ដោយឡែក​តែប៉ុណ្ណោះ​»​។​
​សម្តេច ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា គ្មានអ្វី​អាច​បង្វែរ​ទិសដៅ​នៃ​ការ​បេ្ត​ជ្ញា​ការពារ​កម្ពុជា មិនអោយ​វិល​ត្រលប់​ទៅកាន់​អតីតកាល នៃ​សោ​កដ​នា​កម្ម​កម្ពុជា ដែល​បំផ្លាញ​ដោយ​បរទេស​នោះទេ​។​
​សម្តេច ហ៊ុន សែន បានបង្ហាញ​ជំហរ​រឹងមាំ​ក្នុង​កិច្ចការ​ការពារ និង​ថែរក្សា សន្តិភាព សន្តិសុខ​ជាតិ និង​វិបុលភាព សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងអស់ ទោះជា​តម្លៃ​ណាក៏ដោយ គឺ​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​វិលត្រឡប់​ទៅកាន់​សភាព​ការ​អាក្រក់​ដូច​ឆ្នាំ​១៩៧០ ដែល​បំផ្លាញ​អនាគត​កម្ពុជា​ជាច្រើន​ទសវត្សរ៍​នោះឡើយ​៕

​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ធ្វើដំណើរ​ទៅដល់​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង​

​កូរ៉េខាងត្បូង ៖ នៅ​ថ្ងៃ​សុក្រ​នេះ​រដ្ឋមន្ត្រី​ការពារ​សហរដ្ឋអាមេរិក​លោក ជេ​ម ម៉ា​ទី​ស (James Mattis) បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ការធ្វើដំណើរ​ដ៏​សំខាន់​នៅ​តំបន់​អាស៊ី​ក្នុង​បំណង​បញ្ជាក់​ពី​កិច្ចប្រឹងប្រែង​ការទូត​ដោះស្រាយ​វិបត្តិ​អហិង្សា​នូវ​ភាព​តានតឹង​ដែល​ចេះតែ​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កូរ៉េខាងជើង​។​
​ក្នុង​ដំណើរ​មកដល់​របស់រ​ដ្ឋ​មន្ត្រី​ការពារ​អាមេរិក​នៅថ្ងៃនេះ​ត្រូវបាន​គេ​រំពឹងថា លោក​នឹងធ្វើ​ដំណើរ​ជាមួយ​រដ្ឋមន្ត្រី​ការ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង​លោក សុង យុង​មូ ទៅ​តំបន់​គ្មាន​កងទ័ព ឬ​ហៅថា តំបន់ស (DMZ) ដែលជា​បន្ទាត់​ចែក​ព្រំដែន​រវាង​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លោក ម៉ា​ទី​ស បានធ្វើការ​រិះគន់​ខ្លាំងៗ​ជាថ្មីទៀត​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​លពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​ដោយ​និយាយថា ប្រទេស​នេះ​កំពុង​គំរាមកំហែង​សន្តិសុខ​តំបន់​និង​ពិភពលោក​។​
​សូមបញ្ជាក់ថា លោក ម៉ា​ទី​ស បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មក​តំបន់​អាស៊ី​រយៈពេល​១​សប្ដាហ៍​ដោយ​ចាប់ផ្ដើម​ធ្វើដំណើរ​មុនគេ​គឺ​ទៅកាន់​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​៕


​

តំណាងរាស្ត្រ CNRP ទទួលបាន​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​

​រាជធានី​ភ្នំពេញ ៖ លោក ឡុង ប៊ុ​ន្នី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​បានមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បានទទួល​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ។ នេះ​បើ​យោងតាម​ការសរសេរ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​
​លោក ផៃ ស៊ី​ផាន បានសរសេរថា ឯកឧត្តម ឡុង ប៊ុ​ន្នី ទទួលបាន​ឱកាស​ក្នុង​កិច្ច​ចូលរួម​កសាង​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាសចាក​ពី​អំពើ​ក្បត់ជាតិ​នៃ​ក្រុម​ឧទ្ទាម​ជា​ប្រព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​។​ជាមួយនេះដែរ សម្តេច​តេ​ជោ​បានបង្ហាញ​ជំហរ​រឹងមាំ ក្នុង​កិច្ចការ​ការពារ និង​ថែរក្សា សន្តិភាព សន្តិសុខ​ជាតិ និង​វិបុលភាព សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងអស់ ទោះជា​តម្លៃ​ណាក៏ដោយ​គឺ​មិន​អនុញ្ញាតអោយ​កម្ពុជា​វិលត្រឡប់​ទៅកាន់​សភាព​ការ​អាក្រក់​ដូច​ឆ្នាំ ១៩៧០ ដែល​បំផ្លាញ​អនាគត​កម្ពុជា​ជាច្រើន​ទស្សវត្ស​” ៕

​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ទទួលយក​អ​សនៈ​ក្នុង​សភា​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ លោក ញ៉េ​ម ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងថា គណបក្ស​រាជានិយម​មួយ​នេះ នឹង​ទទួលយក​អ​សនៈ​រដ្ឋសភា ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​នាពេល​ឆាប់ៗ ខាងមុខនេះ ។​
​នៅ​ព្រឹក​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស បាន​នឹង​កំពុង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្ដីពី​ស្ថាន​ការ​នយោបាយ កម្ពុជា នាពេល​បច្ចុប្បន្ន ខណដែល​គេ​រំពឹងថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ កាន់តែ​ខិត ជិត​មកដល់ ហើយ​គណបក្ស​រាជានិយម​មួយ​នេះ​នឹងត្រូវ​ទទួលបាន​អ​សនៈ​រដ្ឋសភា​ច្រើនជាងគេ ៕

​

រដ្ឋមន្ត្រី​ ៖ នៅ​កម្ពុ​ជាមាន​អ្នកជំងឺ​ឆ្កូត​ជ្រូក​ប្រមាណ​១០​ម៉ឺន​នាក់​

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា នៅ​កម្ពុ​ជាមាន​អ្នកមាន​ជំងឺ​អេ​ពី​ឡឹប​ស៊ី ឬ​ជំងឺឆ្កួតជ្រូក ប្រមាណ​១០​ម៉ឺន​នាក់ ខណៈ​នៅក្នុង​ពិភពលោក​មាន​យ៉ាងហោចណាស់ ៥០​លាន​នាក់​នោះ​។​
​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ជាការ​ឆ្លើយតប ក្នុងការ​ប្រយុទ្ធប្រឆាំង​ចំពោះ​ជំងឺ​នេះ ក្រសួងសុខាភិបាល​បានរួម​សហការ ជាមួយ​មន្ទីរពេទ្យ​សកលវិទ្យា​ល័យ វិទ្យាសាស្ត្រ​សុខាភិបាល សមាគម​ប្រសាទ​សាស្ត្រ​កម្ពុជា សមាគម​ប្រយុទ្ធប្រឆាំង នឹង​អេ​ពី​ឡឹប​ស៊ី​កម្ពុជា និង​ភាគី​បារាំង តាមរយៈ​វគ្គ​បណ្តុះបណ្តាល​គ្រូពេទ្យ អំពី​ជំងឺ​អេ​ឡឹប​ស៊ី នៅ​ទូទាំងប្រទេស ធ្វើការ​សិក្សា​អំពី​ប្រេ​វ៉ាឡង់ អំពី​អេ​ពី​ឡឹប​ស៊ី នៅ​ខេត្តព្រៃវែង និង​គម្រោង​ស្រាវជ្រាវ​ជំងឺ​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ៕

​