រាជធានីភ្នំពេញ ៖ រយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ចំថ្ងៃដែលប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម (នៅពេលយប់) និងមានខ្យល់បោកបក់ខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក។
ក្រសួងបានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០១៧ ខ្យល់មូសុងឥសាន នឹងបង្កើនឥទ្ធិពលខ្លាំង ដែលមានល្បឿនពី៥ទៅ៨ម៉ែត្រក្នុង១វិនាទី និងមានវិសម្ពាធទាបមួយ បានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង ហើយវិសម្ពាធនេះ នឹងធ្វើដំណើរចូលប៉ែកខាងក្រោមឈូងសមុទ្រថៃ ដែលឥទ្ធិពលនេះនឹងធ្វើឲ្យកម្ពុជា៖
១៖ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់ នៅតាមបណ្តាខេត្តនានា ជាពិសេសនៅតាមតំបន់ទំនាប កណ្តាលភាគខាងត្បូង និងភាគខាងកើត(ជាប់ប្រទេសវៀតណាម)។
២៖ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម (នៅពេលយប់) និងមានខ្យល់បោកបក់ខ្លាំង។
៣៖ ថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតំបន់សមុទ្រ ជាពិសេសខេត្តកំពត កែប និងព្រះសីហនុ ហើយនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀងវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕


រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងគ្រោងនឹងបញ្ឈប់ មិនឲ្យមានការចាក់ ផ្សាយស្ព័តពាណិជ្ជកម្មបរទេសលើកញ្ចក់ទូរទស្សន៍នៅឆ្នាំក្រោយ ដើម្បីជំរុញឲ្យមានការចាក់ ផ្សាយស្ព័តពាណិជ្ជកម្មក្នុងស្រុក ឲ្យបានកាន់តែច្រើនព្រោះថា យើងមានទាំងអ្នកនិពន្ធ សិល្បករ អ្នកកាត់តគ្រប់គ្រាន់ ដើម្បីផលិតស្បតតាមតម្រូវការ ។
លោក ខៀវ កាញារីទ្ធ ថ្លែងអះអាងថា បច្ចុប្បន្នក្រសួងកំពុងរៀបចំម៉ោងមាស គឺចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ ដើម្បីហាមមិនឲ្យដាក់បញ្ចាំងកុនបរទេស មានន័យថា ម៉ោងមាសនេះនឹងអនុញ្ញាតឲ្យផ្សាយជាកុន ឬស្ព័តពាណិជ្ជកម្មនានា ដែលផលិតក្នុងស្រុកតែប៉ុណ្ណោះ ៕


រាជធានីភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់តម្លើងបង្គន់សាធារណៈចំនួន៤៧៤ លើទីតាំងចំនួន២៧កន្លែង រួចរាល់ហើយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត នៅរដូវបុណ្យអុំទូកដែលខិតជិតមកដល់ នៅពេលខាងមុខ ។
គួរម្លឹកថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែររាប់លាននាក់បានចូលរួមក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះខែ ហើយកត់សម្គាល់ថា បញ្ហាដែលប្រឈមជាងគេសម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមនោះគឺបង្គន់សាធារណៈតែម្តង ៕


រាជធានីភ្នំពេញ ៖ ក្រោយការបើកសវនាការសួរដេញដោលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ តុលាការកំពូល បានសម្រេចតម្កល់សាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។
សវនាការព្រឹកមិញនេះគេក៏សង្កេតឃើញមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ មួយចំនួនផងដែរ តែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ ដោយមានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងសមត្ថកិច្ច។
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕


បារាំង ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័របានវាយប្រហារនៅតំបន់ តាឌីត (Tadine) ស្ថិតនៅចម្ងាយ១២គីឡូម៉ែត្រ ពីភាគខាងកើតនៃកោះ ញូកាឡេដូនៀ (New Caledonia) ជាដែនកោះកម្មសិទ្ធិរបស់ប្រទេសបារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី (ភាគត្បូងកោះហ្វីជី និងភាគឦសានអូស្ត្រាលី) កាលពីវេលាម៉ោង៨ និង៤២ព្រឹកថ្ងៃអង្គារនេះ។
គ្រោះរញ្ជួយដីនេះមានជម្រៅពីក្នុងដី១៤.៩គីឡូម៉ែត្រ ហើយសម្រាប់ការព្រមានពីរលកយក្សស៊ូណាមិនោះ គឺមិនមាននោះឡើយ។ ទោះបីយ៉ាងណានៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ពីចំនួនជនរងគ្រោះ និងការខូចខាតនោះដែរ។
សូមបញ្ជាក់ថា ដែនកោះ New Calendonia របស់បារាំងនេះមានប្រជាជនរស់នៅជិត៣០០,០០០នាក់៕


រាជធានីភ្នំពេញ ៖ នៅក្នុងព្រះរាជពីធីបុណ្យអុំទូកឆ្នាំ២០១៧នេះនឹងមានបវកញ្ញាមកពីជាង៦០ប្រទេសមកចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាថ្ងៃផ្តាច់ព្រ័ត្យ ពោលគឺនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះបើយោងមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃនេះ។
មន្ត្រីដដែលរូបនេះបន្តថា ការមកទស្សនាពិធីបុណ្យអំុំទូកនេះ ដែលក្រសួងទេសចរមានតួនាទី សម្របសម្រួលក្នុងការឲ្យទៅមើលពិធីប្រណាំងទូកង នៅខាងមុខព្រះបរមរាជវាំង ដោយមានការអញ្ជើញមករៀបចំពិធីផ្សេងៗទៀត ពីសំណាក់ក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕


រាជធានីភ្នំពេញ ៖ ប្រធានខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានធ្វើការបដិសេធ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានច្រានចោលលិខិតចំហជូនសមាជិក សមាជិកាអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាលោក កឹម សុខា ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ។
យោងតាមលិខិតចំហរមួយច្បាប់ដែលមានចុះហត្ថលេខាដោយលោក កឹម សុខា អមដោយ ចំណារគ្រីសរបស់លោក អ៊េង ឆៃអ៊ាង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដែលផ្ញើរជូនទៅសមាជិក សមាជិកាអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានសរសេរថា នាពេលថ្មីៗនេះ មានចរន្តបំបែក សម្លេងអ្នកប្រជាធិបតេយ្យក្នុងគណបក្សសង្គ្រោះជាតិ ដែលទង្វើនេះត្រូវបានបង្ហាញច្បាស់តាម រយះវីដេអូក្លីបរបស់លោក សម រង្ស៊ី ដែលអំពាវនាវមិនឲ្យទទួលស្គាល់នូវរាល់សេចក្តីសម្រេច របស់ខ្ញុំក្នុងនាមប្រធានគណបក្សសង្គ្រោះជាតិ ដែលស៊ីសង្វាក់គ្នានឹងលិខិតលាលែងពីមន្ត្រីស្និទ្ធ នឹងលោក សម រង្ស៊ី ពីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
ខ្ញុំសូមប្រកាសជាឱឡារឹកថា ខ្ញុំ កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ស្រប ច្បាប់ហេតុនេះ ខ្ញុំមានសិទ្ធិសម្រេចក្នុងនាមប្រធានគណបក្សនូវរាល់កិច្ចការរបស់គណបក្ស សង្គ្រោះជាតិ និងសូមអំពាវនាវលោក សម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់បំបែក បំបាក់សម្លេងអ្នកប្រជាធិបតេយ្យតទៅទៀត ។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយខ្ញុំ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តជំហររឹងមាំជាមួយបងប្អូនអ្នកប្រជាធិបតេយ្យក្នុងគោលបំណងរបស់យើងគឺការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតនាពេលខាងមុខ ។
លោក មុត ចន្ថា ក្នុងនាមជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះលិខិតនេះ ។ លោកថា នេះជាលិខិតក្លែងក្លាយយ៉ាងពិតប្រាកដ ព្រោះ លោក កឹម សុខា ពុំដែលបានចេញលិខិតបែបនេះឡើយ។ ច្បាស់ជាងនេះទៀត លិខិតនេះបានបន្លំហត្ថលេខាខ្លី ឬគ្រីហ្វរបស់ ឯកឧត្តម អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគាត់ពេលនេះពុំមានវត្តមាននៅក្នុង ប្រទេសឡើយ ៕

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញខាងក្រោម៖



ម៉ាឌ្រីត ៖ សារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយថា អគ្គរដ្ឋអាជ្ញាអេស្ប៉ាញកំពុងរៀបចំឯកសារដើម្បីធ្វើការចោទប្រកាន់ចំពោះករណីបង្កការបះបោរទៅលើអតីតមេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ដែលត្រូវរដ្ឋអំណាចអេស្ប៉ាញទម្លាក់ពីតំណែង បន្ទាប់ពីបានចូលរួមក្នុងការចេញសេចក្តីប្រកាសឯករាជ្យ ដោយឯកតោភាគីរបស់ សភានៃតំបន់ស្វយ័តកាតាឡាន (Catalonia) កាលពីថ្ងៃសុក្រសប្តាហ៍មុន។
បើតាមច្បាប់របស់ប្រទេសអេស្ប៉ាញ ការបះបោរគឺជាបទឧក្រិដ្ឋមួយ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេលរហូតដល់ទៅ ៣០ឆ្នាំ ហើយពាក្យបណ្តឹងចោទប្រកាន់ពីបទល្មើសនេះ នឹងត្រូវធ្វើឡើងប្រឆាំងនឹងលោក Puigemont នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានសម្រេចប្រើអំណាច គ្រប់គ្រងដោយផ្ទាល់ទៅលើតំបន់កាតាឡាន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសដកមុខតំណែង លោក Carles Puigdemont និងរដ្ឋាភិបាលតំបន់កាតាឡាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់តំបន់ស្វយ័តនេះ នាថ្ងៃទី២១ ខែធ្នូខាងមុខ។ ជុំវិញរឿងនេះ លោក Puigdemont បានអះអាងមិនទទួលស្គាល់ ការចេញបញ្ជាឲ្យដកហូតសិទ្ធិអំណាចរបស់លោកនេះឡើយ ហើយរូបលោក ក៏ថែមទាំងបានប្រកូកប្រកាស ឲ្យមានការតស៊ូប្រឆាំងក្នុងលក្ខណៈប្រជាធិបតេយ្យ តបតនឹងទង្វើរបស់រដ្ឋាភិបាលអេស្ប៉ាញផងដែរ៕

រាជធានីភ្នំពេញ ៖ តុលាការកំពូលបានចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិមកចូលរួមសវនាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១) លើកម្មវត្ថុបណ្តឹងសុំប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ។
តាមលិខិតអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអញ្ជើញ ប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការ៖ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូល រួមសវនាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១) កម្មវត្ថុបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
ដូច្នេះ គេអាចនឹងទស្សន៍ទាយបានថា ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ នឹងបានដឹងពិតប្រាកដនៅថ្ងៃបើកសវនាការនោះហើយ ប៉ុន្តែមតិភាគច្រើនអះអាងថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយដោយពិតប្រាកដ ៕


រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីតុលាការបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ តុលាការកំពូលបានបើកសវនាកាត់ក្ដីរំលាយគណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ មូលហេតុដែលតុលាការកំពូលសម្រេចកាត់រំលាយគណបក្សនយោបាយទាំងនេះ ព្រោះថាគណបក្សខ្លះមិនបានធ្វើសកម្មភាពនយោបាយទាល់តែសោះ ហើយខ្លះទៀតមិនមានអាសយដ្ឋានពិតប្រាកដ ពិសេសមិនបានធ្វើរបាយការណ៍ប្រចាំឆ្នាំ មកកាន់ក្រសួងមហាផ្ទៃ និងមិនបានបំពេញកាតព្វកិច្ចជាគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សនយោបាយចំនួន៩ ដែលបានកាត់រំលាយនោះរួមមាន៖
ទី១៖ គណបក្សសង្គមថ្មី ដែលមានប្រធានឈ្មោះ ឡួយ លឹមភូង ភេទស្រី អាយុ៦៨ឆ្នាំ
ទី២៖ គណបក្សស្ដ្រីសង្គ្រោះកម្ពុជា ដែលមានប្រធានឈ្មោះ នូ សេនមុំ ភេទស្រី អាយុ៧១ឆ្នាំ
ទី៣៖ គណបក្សនាងនាគនារីខ្មែរ ដែលមានប្រធានឈ្មោះ ឌួង សុខខឿន ភេទស្រី អាយុ៦៦ឆ្នាំ
ទី៤៖ គណបក្សពលរដ្ឋខ្មែរ ដែលមានប្រធានឈ្មោះ ខៀវ សេងគីម ភេទប្រុស អាយុ៧២ឆ្នាំ
ទី៥៖ គណបក្សខ្មែរជាតិនិយម ដែលមានប្រធានឈ្មោះ ឃឹម ភុនវិហាន ភេទប្រុស អាយុ៦៥ឆ្នាំ
ទី៦៖ គណបក្សសង្គមខ្មែរនិយម ដែលមានប្រធានឈ្មោះ អឿន សារ៉ាត់ ភេទប្រុស អាយុ៦០ឆ្នាំ
ទី៧៖ គណបក្សពន្លឺសេរីភាពលោក ថាច់ រ៉េង ដែលមានប្រធានឈ្មោះ ថាច់ រ៉េង ភេទប្រុស អាយុ៨១ឆ្នាំ
ទី៨៖ គណបក្សសេរីបង្រួបបង្រួមជាតិ ដែលមានប្រធានឈ្មោះ សំរិន រេត អាយុ៧៦ឆ្នាំ
ទី៩៖ គណបក្សប្រជាជាតិខ្មែរ ដែលមានប្រធានឈ្មោះ ស៊ុម ស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ៕

រាជធានីភ្នំពេញ ៖ តាមព័ត៌មានតុលាការនឹងបើកសវនាការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីជំនុំជម្រះបណ្ដឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែសវនាការនោះពុំមានវត្តមានលោក កឹម សុខា នោះទេ ។
មន្ត្រីតុលាការកំពូលមួយរូបសុំមិនបញ្ចេញឈ្មោះបានអះអាងប្រាប់អ្នកសារព័ត៌មានថា សវនាការនេះគឺជារឿងមុនអង្គសេចក្តី ពុំចាំបាច់មានវត្តមាជនត្រូវចោទ ចូលរួមសវនាការក៏បានដែរ ពោលគឺមានត្រឹមវត្តមានក្រុមមេធាវីគឺគ្រប់គ្រាន់ ព្រោះសវនាការនេះសួរដេញដោលពាក់ព័ន្ធតែអង្គច្បាប់ប៉ុណ្ណោះ ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធី សូត្រមន្តក្រុងពាលី សុំសេចក្តីសុខ សុភមង្គល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ ។
មន្ត្រីសាលារាជធានីភ្នំពេញ បានថ្លែងថា ពិធីនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ មុនពេលពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាព្រះរាជពិធីបុណ្យតាមបែបប្រពៃណីដីធំ សម្រាប់ប្រទេសកម្ពុជា៕



តេហេរ៉ង់ ៖ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) បានអះអាងថា អ៊ីរ៉ង់នឹងបន្តផលិតមីស៊ីលទុកសម្រាប់ការពារខ្លួនឯង ត្បិតការធ្វើបែបនេះមិនមែនជាការរំលោភបំពានលើ កិច្ចព្រមព្រៀងអន្តរជាតិឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការថ្លែងបែបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាអាមេរិក បានបោះឆ្នោតលើទណ្ឌកម្មថី្មមួយ ប្រឆាំងនឹងកម្មវិធីមីស៊ីលអ៊ីរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។
លោក Rouhani បានបញ្ជាក់ថា «យើងបាននិងកំពុងបន្តផលិត គ្រាប់មីស៊ីលទុកសម្រាប់ការពារខ្លួនឯង ព្រោះថា ការធ្វើបែបនេះមិនមែនជាការរំលោភបំពាន លើកិច្ចព្រមព្រៀងអន្តរជាតិអ្វីនោះទេ… មួយវិញទៀត អ្នក (សហរដ្ឋអាមេរិក) មិនបានយកចិត្តទុកដាក់ ចំពោះកិច្ចចរចា និងកិច្ចព្រមព្រៀងនាពេលកន្លងមក ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ដូច្នេះតើអ្នកគិតថា មានអ្នកដទៃឯណានឹងចរចាជាមួយ អ្នកទៀត? ហើយដោយសារតែចរិករបៀបនេះ សហរដ្ឋអាមេរិកគួរតែបំភ្លេចរាល់ការប៉ុនប៉ង ស្វែងរកកិច្ចចរចាជាមួយបណ្ដាប្រទេសដទៃ»។ ទន្ទឹមនោះប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានចំអកដែរថា បើនៅតែប្រកាន់ចរិកដូចសព្វថ្ងៃ សហរដ្ឋអាមេរិកគួរតែបំភ្លេចរាល់ការប៉ុនប៉ងស្វែងរកកិច្ចចរចា ជាមួយបណ្ដាប្រទេសដទៃដូចជាកូរ៉េខាងជើងជាដើម៕


រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើននាក់រងរបួស ក្នុងករណីផ្ទុះឡកម្ដៅរោងចក្រយីហោ «គ័ងស៊ីន» ផលិតសរសៃអំបោះមួយកន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍ដដែលបន្តថា ស្ថានភាពផ្ទុះមានកម្លាំងខ្លាំងបណ្តាលឲ្យខ្ទាតទៅត្រូវរោងចក្រមួយដែលជាប់របងគ្នានោះ បណ្ដាលឲ្យបាក់ជញ្ជាំង និងបែកកញ្ចប់អស់ជាច្រើនផ្ទាំង និងត្រូវកម្មការិនីដែលកំពុងធ្វើការរងរបួសដូចគ្នាផងដែរ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍