All posts by មេគង្គ ប៉ុស្តិ៍

បុណ្យ​អុំទូក​ឆ្នាំនេះ​មាន​ប្រជា​ពល​ដ្ឋ​ចូលរួម​ប្រមាណ​៣,២​លាន​នាក់​

​រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ឆ្នាំនេះ ប្រជាពលរដ្ឋ ប្រមាណ​៣,២​លាន​នាក់ កើនឡើង​ប្រមាណ ១៥% បើ​ប្រៀបធៀប​ឆ្នាំមុន ។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ រួមទាំង​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។​
តាម​របាយការណ៍​បាន​បញ្ជាក់ថា គោលដៅ​សំខាន់ៗ ដែល​ទទួលភ្ញៀវ​ទេសច​រណ៍ រួមមាន​តំបន់​សៀមរាប​អង្គរ ទទួលភ្ញៀវ​ទស​ចរណ៍​ប្រមាណ​២៨១.៩៣៩​នាក់ កើនឡើង​ជិត​៤០% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៣១.៩៣៨​នាក់ កើនឡើង​០,៣៥% បើ​ប្រៀបធៀប​ឆ្នាំមុន ។ ចំណែក​ខេត្ត​ព្រះសីហនុ សរុប​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន ៨៥.០០០​នាក់ កើនឡើង​ជិត ៦% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ ១១.០៥០​នាក់ កើនឡើង​១៤,៥០% ខណដែល​ខេត្តកំពត ទទួលភ្ញៀវ ទេសចរណ៍​ប្រមាណ ៧៦.៦៥៨​នាក់ កើនឡើង​២៩,១៧% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១.៦៨៧ កើនឡើង​ប្រមាណ​៧,២៥% ។​
ចំពោះ​ខេត្ត​ភូមិភាគ​ឥសាន ភ្ញៀវ​ទេសចរណ៍​ទៅកាន់​តំបន់​នោះ​ក៏មាន​ការកើនឡើង​គួរ​ឲ្យ កត់សម្គាល់​ផងដែរ ដូចជា ខេត្ត​រតនគីរី ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ១២.៧៤៤​នាក់ កើនឡើង ២៩,០៤% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៣១​នាក់ កើនឡើង​១៥,៣៣% ។ ចំណែក​ខេត្ត​មណ្ឌល គី​រី ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៣.៣៧២​នាក់ កើនឡើង​២២,៨៣% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ ចំនួន​២៩៦​នាក់ កើនឡើង​ប្រមាណ​៣៤,៥៤% ៕

​

មេធាវី​ចូល​បំភ្លឺ​តុលាការ​នា​រសៀល​នេះ​ករណី​ប្តឹង​លោក លឺ ឡាយស្រេង

​រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​លោក គី តិច មេធាវី​តំណាង​ដោយ អាណត្តិ​របស់​សម្តេច ហ៊ុន សែន នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា​នេះ​ករណី​ប្តឹង​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ប្រមាថ ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ។
​សូមបញ្ជាក់ថា តាម​បណ្តឹង​របស់​សម្តេច ហ៊ុន សែន គឺ​ប្តឹង​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក លឺ ឡាយស្រេង តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ចំនួន ៥០០​លាន​រៀល ៕

​

ទារក​ច្រើន​នាក់​ស្លាប់​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ឥណ្ឌា

​​ឥណ្ឌា ៖ ក្រុមគ្រូពេទ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​បានបញ្ជាក់​ពីថ្ងៃ​អាទិត្យ​ថា កូនក្មេង​ទើបនឹង​កើត​ចំនួន​៣០​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​នៅ​រដ្ឋ​អ៊ូ​តា​ប្រា​ដិ​ស​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។​
​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឌី​ខេ ស្រី​វ៉ា​ស្តា​វ៉ា (DK Shrivastava) មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​បាន​និយាយថា កូនក្មេង​ចំនួន​១៥​នាក់​បាន​ស្លាប់​នៅ​ផ្នែក​ថែទាំ​ទារក ហើយ​ចំនួន​១៥​នាក់​ទៀត​បាន​ស្លាប់​នៅ​ផ្នែក​ថែទាំ​កូនក្មេង​នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅក្នុង​រដ្ឋ​នេះ​។ លោក ស្រី​វ៉ា​ស្តា​វ៉ា បាន​បន្ថែមថា ក្នុងចំណោម​ក្មេង​ដែល​ស្លាប់​ទាំងនេះ​គឺមាន​ក្មេង​ចំនួន​៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺរលាកស្រោមខួរ​ក្បាល ហើយ​ទារក​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​មូលហេតុ​មួយចំនួនទៀត​។​
​សូមបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រយៈពេល​២​ខែ​មកហើយ​ក្រោយពី​មាន​មនុស្ស​យ៉ាងតិច​១០៥​នាក់​ភាគច្រើន​ជា​ទារក និង​កូនក្មេង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដដែល​នេះ ខណៈ​មន្ទីរពេទ្យ​នេះ​គ្មាន​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដោយសារ​គ្មាន​ចំណូល​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខឹងសម្បា​ពី​បញ្ហា​នេះ​៕


​

ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​នៅ​រដ្ឋ​តិច​សាស់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​

អាមេរិក ៖ ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​មួយកន្លែង (Sutherland Springs) នៅ​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​បាញ់សម្លាប់ ក្រោយពី​ប៉ូលិស​បាន​ដេញតាម​នៅពេល​ជនល្មើស​បាន​រត់​ចូលទៅក្នុង​ស្រុក​មួយ​នៅជាប់​នឹង​តំបន់​កើតហេតុ​នេះ​។​
មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ត្រូវបាន​សម្លាប់ ហើយ​ជាង​២០​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ​។ ប៉ូលិស​បាន​បញ្ជាក់ថា ស៊ូ​ឌឺ​ឡេ​ន​ស្ព្រី​ង​គឺជា​សហគមន៍​មួយ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ប្រហែល​៤០០​នាក់ ហើយ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រ​នៅ​ភាគ​អាគ្នេយ៍​នៅ​ទីក្រុង​សាន​អង់​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ជនល្មើស​បាន​ស្លាប់​ដោយសារ​ប៉ូលិស​បាញ់ប្រហារ ឬក៏​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​នោះទេ​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា បុរស​ម្នា​ក់បាន​ដើរចូល​ទៅក្នុង​ព្រះវិហារ​មួយកន្លែង​នៅ​តំបន់​ស៊ូ​ឌឺ​ឡេ​ន​ស្ព្រី​ង ទោះបីយ៉ាងណា​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ ខណៈ​មន្ត្រី​ពាក់ព័ន្ធ​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​៕


​

លោក ជា ប៉ូច តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញទៅ​ក្រៅប្រទេស​

​ភ្នំពេញ ៖ លោក ជា ប៉ូច តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ប​ង្អា​ក់ ដំណើរ​ជាង​មួយ​ម៉ោង មុនពេល​អនុញ្ញាតឱ្យ​បន្ត​ចាក​ចេញពី​កម្ពុជា នៅ​ព្រលានយន្តហោះ​យន្ត អន្តរ ជាតិ​ភ្នំពេញ​។​
បើតាម​ការបញ្ជាក់​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​នៅឯ​ក្រៅប្រទេស​ដែរនោះ​បាន​ឲ្យ​ដឹងថា លោក ជា ប៉ូច តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទី​៣​ហើយ ដែល​អាជ្ញាធរ​ច្រកទ្វារព្រំដែន បង្អាក់ដំណើរ​មិន​ឲ្យ​ចាក ចេញ បន្ទាប់ពី​លោក ងឹ​ម ញេ​ង និង​លោក អ៊ុច សេរី​យុទ្ធ​។​
​ ​ការចេញដំណើរ​ទៅ​ក្រៅប្រទេស​របស់លោក ជា ប៉ូច ពេលនេះ ធ្វើឡើង​ក្រោយពេល លោក សម ង្ស៊ី ធ្វើការ​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​នេះ ពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់ជាតិ គេចខ្លួន​ទៅ​ក្រៅប្រទេស ប្រសិនបើ​ទ្រាំ​នឹង​គំនាប​មិនបាន​។
​ ​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១៧ នេះ លោក ជា ប៉ូច ជា​អ្នកតំណាងរាស្ត្រ របស់​គណបក្សប្រឆាំង បាន​ចេញទៅ​ក្រៅប្រទេស​តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​។​ប៉ុន្តែ​លោក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បង្អាក់ដំណើរ​រយៈពេល​ជាង​មួយ​ម៉ោង ដើម្បី​សាកសួរ​ព័ត៌មាន​ផ្សេងៗ​ហើយ​រួចរាល់ ទើប​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​កម្ពុជា​៕

​

ព្យុះ​ទី​ហ្វុ​ង​ដំរី​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​សម្លាប់​មនុស្ស​២៧​នាក់ និង​២២​នាក់​បាត់​ខ្លួន​

​ហាណូយ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថា ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​ដែលមាន​ឈ្មោះថា ដំរី បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​សម្លាប់​មនុស្ស​២៧​នាក់ ខណៈដែល​មនុស្ស ២២​នាក់​ទៀត នៅក្នុង​ខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh កំពុង​បាត់​ខ្លួន​។
​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹងថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ នៅក្នុង​ខេត្ត​ភាគ​កណ្តាល​ទាំង​បួន​ខាងលើនេះ នាវា​ដឹកទំនិញ​តូច​-​ធំ និង​ទូក​នេសាទ​ប្រមាណ ២២៨​គ្រឿង ក៏ត្រូវ​បាន​ព្យុះ​ដំរី​មួយ​នេះ បោក​ពន្លិច​ទៅក្នុង​សមុទ្រ​ដោយ​រលក​ធំៗ និង​ខ្យល់​បោកបក់​ខ្លាំងក្លា​ផងដែរ​។​
​ជាមួយគ្នា​នោះ​ព្យុះ​នេះ​ក៏បាន​បំផ្លាញ​ផលដំណាំ ៣០,០០០​ហិកតា ត្រូវបាន​លិចលង់​ទៅក្នុង​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក ខណៈ​ផ្ទះ ៦២៦​ខ្នង បាន​ដួលរលំ​ទាំងស្រុង ឬ​រង​ការបំផ្លាញ និង​ប្រជាជន ៣៣,០០០​នាក់ ត្រូវបាន​ជម្លៀស​។​
​គួរ​បញ្ជាក់ថា សម្រាប់​តំបន់​ដែល​កំពុង​ទទួលរង​គ្រោះ​ធ្ងន់​ជាងគេ​នោះ គឺ​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​៕

​

បាញ់ប្រហារ​លើ​វិហារ​សាសនា​គ្រឹ​ស្ត​មួយកន្លែង នៅ​រដ្ឋ​តិច​សាស់​សម្លាប់​មនុស្ស​ជាង​២០​នាក់

​អាមេរិក ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​នៅមុននេះ​បន្តិច​ថា មាន​បាញ់ប្រហារ​ករណី​ដ៏​សាហាវ​មួយទៀត​បានកើត​ឡើង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ដោយ​ខ្មាន់កាំភ្លើង​បាន​ចូលទៅក្នុង​វិហារ​សាសនា​គ្រឹ​ស្ត​មួយកន្លែង ក្នុង​រដ្ឋ​តិច​សាស់ បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​ជាង​២០​នាក់ និង​របួស​ជាង​២០​នាក់​ផងដែរ​។​
​ទោះជា​យ៉ាងណា​នៅ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ជុំវិញ​ហេតុការន៍​ខាងលើ​នៅឡើយ​ទេ​៕

​

សម្ដេច ហ៊ុន សែន ប្រកាស​ទិញ​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​នៅ​ខេត្តកោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់

រាជធានីភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ផ្ដល់ជូន​ជនរួមជាតិ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​រាជរដ្ឋាភិបាល​បានប្រកាស​ទិញ ស្ពាន​ឆ្លងកាត់​ដៃ សមុទ្រ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ នៅ​ខេត្តកោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ មក​គ្រប់គ្រង​វិញ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ប្រាក់​ទៀតឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់​សម្ដេច​នា​ប៉ុន្មាន​នាទី​មុននេះ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់ នឹង​ធ្វើឡើង​នៅវេលា ម៉ោង​០០៖០០​នាទី​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​និយាយ​ជារួម និង​និយាយ​ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេច​ទិញយក​ត្រឡប់មកវិញ ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង ទៅ​ប្រទេស​ថៃ​ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន លី យ៉ុង​ផាត់ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក​។​
​ចំពោះ​កិច្ច​ការដែល​នៅ​សេសសល់ សូម​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដោះស្រាយ​នៅពេល​ក្រោយ​។​
​ខ្ញុំព្រះករុណា ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការសម្រេច​នេះ​៕

​

វ៉ៃខ្នោះ​បុរស​ម្នាក់​ក្រោយ​រំលោភ ហើយ​ប៉ុនប៉ង​សម្លាប់​កុមារី​អាយុ​៩​ឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ម្សិលមិញ​សមត្ថកិច្ច​បាន​សហការ​ចាប់​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ន្ថ​វៈ និង​វាយ​ប៉ុនប៉ង​សម្លាប់ កុមារី​រងគ្រោះ អាយុ​៩​ឆ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង​១៩,៣០​នាទី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូ​តិ៍ ទំនេ ផ្លូវលំ ភូមិ ព្រែក​ទាល់​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ញ៉ នាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅ​ឃ្លាំង​ឡាន​ដឹកទំនិញ ផ្លូវលំ ភូមិ ព្រែក​ទាល់​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​កុមារី​រងគ្រោះ​អាយុ​៩​ឆ្នាំ​) ឈ្មោះ ស លហ ភេទ​ស្រី អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នា​នៅ​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នោះ​យើង​ដកហូត​បាន​វត្ថុតាង ដែល​បន្សល់​នៅ​កន្លែង​កើត ហេតុ​រួមមាន​៖ ស្បែកជើងផ្ទាត់​ជ័រ​ពណ៌​ខ្មៅ ចំនួន​១​គូ​, ស្បែកជើង​ស៊ក (​របស់​ក្មេង​) ឆ្នូត​ពណ៌​ស លាយ​ខ្មៅ ចំនួន​មួយ​ចំហៀង​,​ខោ​ង​ជើង​ខ្លី​ចំនួន​២, ដុំឥដ្ឋ​ប្រឡាក់​ឈាម​ចំនួន​២​ដុំ​, សំបកបាវ​ស៊ីម៉ង​តិ៍ ប្រឡាក់​ឈាម​ចំនួន​១ និង សម្ភារៈ​មួយចំនួនទៀត ៕

 

​

មនុស្ស​ប្រមាណ​២០០​នាក់​ស្លាប់​ករណីបាក់​រលំ​រូង​ក្រោម​ដី​នៅ​កូរ៉េខាងជើង

​កូរ៉េខាងជើង ៖ យ៉ាងហោចណាស់​មនុស្ស ២០០​នាក់ បាន​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​បាក់​រលំ​រូង​ក្រោម​ដី​នៅ​ទីតាំង​នុយក្លេអ៊ែរ Punggye-ri របស់​កូរ៉េខាងជើង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​តាំង​ថ្ងៃទី​១០ ខែតុលា​មក​ម្លេះ ប៉ុន្តែ​ទូរទស្សន៍​របស់​ជប៉ុន Asahi ទើបតែ​ចេញផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​
​គ្រោះមហន្តរាយ​នេះ​បាន​បង្កឱ្យមាន​ការភ័យខ្លាច​នៃ​ការ​លេច​ធ្លាយ​វិទ្យុសកម្ម​ដ៏​ធំ​ដែល​អាច​បង្កឱ្យមាន​គ្រោះមហន្តរាយ​ផ្ទុះ​នុយក្លេអ៊ែរ ដូច​នៅ​ជប៉ុន​ទៀតផង​។​
​មន្ត្រី​កូរ៉េខាងជើង​ម្នាក់​បាន​និយាយថា​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​ថា ការបាក់​រលំ​នេះ​បានកើត​ឡើង​នៅក្នុង​ការសាងសង់​ផ្លូវ​ក្រោម​ដី​មួយកន្លែង​។​មន្ត្រី​ដដែល​បាន​អះអាងថា​មនុស្ស​ប្រមាណ​១០០​នាក់​អាច​ជាប់គាំង​ក្នុង​រូង​ក្រោម​ដី​ខណៈដែល​មនុស្ស ១០០​នាក់​ទៀត​បាន​បាត់បង់​ជិវិត​នៅក្នុង​ការដួលរលំ​ជា​លើក​ទី​ពីរ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ជួយសង្គ្រោះ​។​
​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​គេ​ជឿថា​ត្រូវបាន​បង្កឡើង​ដោយ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៦​របស់លោក លោក គីម ជុង​អ៊ុន នាពេល​ថ្មីៗ​នេះ ដែល​បានធ្វើ​ឲ្យ​ភ្នំ​ដែលជា​ទីតាំង​នុយក្លេអ៊ែរ​នោះ មិន​រឹងមាំ​ដូច​មុន ទើប​ធ្វើ​ឲ្យ​មានការ​បាក់​រលំ​យ៉ាង​ដូច្នេះ​៕

​

វាយប្រហារ​ភេរវកម្ម​នៅ​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក សម្លាប់​មនុស្ស​៨​នាក់​

​ញូវយ៉ក ៖ អាជ្ញាធរ​អាមេរិក​និយាយថា មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត​រងរបួស​នៅ​ហេតុការណ៍​រថយន្ត​មួយគ្រឿង​បើកចូលទៅ​ខាង​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​នៅក្នុង​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក​កាលពី​រសៀល​ថ្ងៃ​អង្គារ ខណៈដែល​ប៉ូលិស​បានចាត់ទុក​គ្រោះថ្នាក់​នេះ​ថា ជាការ​វាយប្រហារ​ភេរវកម្ម​។​
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​ថា អ្នកបើកបរ​ដែលមាន​អាយុ​២៩​ឆ្នាំនេះ​ត្រូវបាន​ប៉ូលិស​បាញ់​ត្រូវ​ពោះ និង​បញ្ជូនទៅ​ឃុំខ្លួន​ក្រោយពី​បុរស​រូបនេះ​បាន​បើករថយន្ត​បំ​បុក​រថយន្តក្រុង​របស់​សាលារៀន​មួយគ្រឿង​និង​បាន​រត់គេច​ពី​រថយន្ត​របស់ខ្លួន​។​
​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​សហរដ្ឋ​សហរដ្ឋអាមេរិក​បាន​ហៅ​គ្រោះថ្នាក់​នេះ​ថា ជា​អំពើ​ភេរវកម្ម​យ៉ាងពិត​ប្រាកដ ហើយ​ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​តំបន់​អឺរ៉ុប​កាលពី​ឆ្នាំមុន​។​
​លោក អាន​ឌ្រូ គ្យូ​ម៉ូ (Andrew Cuomo) អភិបាលក្រុង​ញូវយ៉ក​បាន​និយាយថា ជនសង្ស័យ​ទំនងជា​ធ្វើអំពើ​នេះ​តែម្នាក់ឯង ហើយ​ថា អាមេរិក​នឹងមិន​ខ្លាចញញើត​ចំពោះ​ការវាយប្រហារ​បែបនេះ​ទេ​។​
​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ជនសង្ស័យ​បាន​បើករថយន្ត​ចូលទៅ​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ម៉ាន់​ហា​តាន់​ក្រោម​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ម្សិលមិញ ហើយ​ថា បុរស​នេះ​បាន​កាន់​កាំភ្លើង​បាញ់​សត្វ​ផងដែរ​។​
​ហើយ​នៅពេល​ជនសង្ស័យ​បាន​បើករថយន្ត​បំ​បុក​រថយន្ត​របស់​សាលារៀន វា​បានធ្វើ​ឲ្យ​ក្មេង​ចំនួន​២​នាក់​និង​យុវជន​២​នាក់​ទៀត​រងរបួស​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា ជនសង្ស័យ​បាន​ជួល​រថយន្ត​គេ​ជិះ ប៉ុន្តែ​មិនបាន​ដឹងថា បាន​ជួល​ពេលណា​នោះទេ ហើយ​ជនសង្ស័យ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ស្ថិតនៅ​តំបន់​អាស៊ី​កណ្ដាល ហើយ​បុរស​នេះ​បាន​ចូលទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១០​។​
​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៨​នាក់​គឺ​ចំនួន​៦​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ចំនួន​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​ការវាយប្រហារ​នេះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​១១​នាក់​ទៀត​រងរបួស​ផងដែរ​៕


​

ពលរដ្ឋ​ខ្មែរ​ជាង​៤៧​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បាន​ជាង​៤៧២,៨៧៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន ១៣,៨៦០​នាក់ និង​អ្នក​ខុស​កែតម្រូវ​មាន​ចំនួន ៤,៩១៥​នាក់​។ នេះ​បើ​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​។​
​សូមបញ្ជាក់ថា ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕

​

កូរ៉េខាងជើង​ច្រានចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​ករណី​វាយប្រហារ​តាម​អ៊ីនធឺណិត​

​កូរ៉េខាងជើង ៖ ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​ចក្រភព​អង់គ្លេស​ចំពោះ​ការចោទប្រកាន់ថា ខ្លួន​កំពុង​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ជាស​កល​មួយ​ដែល​វាយប្រហារ​ទៅលើ​សេវា​សុខាភិបាល​ជាតិ​ហើយ​ហៅ​ការចោទប្រកាន់​នេះ​ថា​ជា “​ការប៉ុនប៉ង​អាក្រក់​” ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​អន្តរជាតិ​បន្ថែមទៀត​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។​
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មួយ​ភាគបី​នៃ​មន្ទីរពេទ្យ​សាធារណៈ​របស់​ចក្រភព​អង់គ្លេស​គឺ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​មេរោគ WannaCry កាលពី​ខែឧសភា​។​កុំព្យូទ័រ​រហូតដល់​ទៅ​៣០០,០០០​គ្រឿង​នៅ​១៥០​ប្រទេស​ត្រូវបាន​រង​ការវាយប្រហារ​ដោយ​មេរោគ WannaCry ដែល​បាន​រឹបអូស​ប្រព័ន្ធ​និង​ទាមទារ​ការបង់ប្រាក់​ជា Bitcoin ដើម្បី​ប្រគល់​ការគ្រប់គ្រង​ដល់​អ្នកប្រើប្រាស់​វិញ​។​
​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​ចង្អុល​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដោយនិយាយ​ថា កូដ​ដែល​ប្រើ​គឺ​ស្រដៀង​គ្នា​នឹង​ការ Hack កាលពី​អតីត​កាលដែល​ស្តីបន្ទោស​ទៅលើ​របប​របស់លោក​គីម​ជុង​អ៊ុន​។​
​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​អង់គ្លេស​លោក Ben Wallace បាន​ប្រាប់ BBC កាលពី​សប្តាហ៍​មុន​ថា ក្រុង​ឡុង​ដ៍​គឺ​ប្រាកដ​ណាស់​ថា​កូរ៉េខាងជើង​គឺជា​អ្នកទទួលខុសត្រូវ​។​ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​កូរ៉េ​-​អឺរ៉ុប​របស់​កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​នេះហើយ​បាន​ព្រមាន​អង់គ្លេស​ប្រឆាំងនឹង​ការប៉ាន់ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​។​
​អ្នកនាំពាក្យ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “​នេះ​គឺជា​ទង្វើ​ហួស​ពី​កម្រិត​នៃ​ការអត់ឱន​របស់​យើង​ហើយ​វា​ធ្វើ​ឲ្យ​យើង​ចោទសួរ​អំពី​គោលបំណង​ពិតប្រាកដ​នៅ​ពីក្រោយ​ទង្វើ​របស់​ចក្រភព​អង់គ្លេស​”​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយទៀតថា “​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ចក្រភព​អង់គ្លេស​ក្នុងការ​ភ្ជាប់​កូរ៉េខាងជើង​ជាមួយនឹង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​គឺ​មិនអាច​ត្រូវបាន​បកស្រាយ​តាម​វិធី​ណា​ផ្សេងទៀត​ទេ​ក្រៅពី​ការប៉ុនប៉ង​ដ៏​អាក្រក់​ដើម្បី​ទាក់ទាញ​សហគមន៍​អន្តរជាតិ​មិន​ឲ្យ​ទុកចិត្ត​កាន់តែខ្លាំង​ចំពោះ​កូរ៉េខាងជើង​”​។​
​យោងទៅតាម​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានបង្ហាញ​ថា កូរ៉េខាងជើង​មាន​អង្គភាព​បណ្តុះបណ្តាល​ឯកទេស​វាយប្រហារ​តាម​អ៊ីនធឺណិត​មួយ​ដែលមាន​សមាជិក​ចំនួន​៦,៨០០​នាក់​។ វា​ត្រូវបាន​គេ​ចោទប្រកាន់ថា​បើក​ការវាយប្រហារ​បណ្តាញ​អ៊ីនធឺណិត​មាន​ឥទ្ធិពល​ខ្ពស់​រួមទាំង​ការ Hack ក្រុមហ៊ុន Sony Pictures ក្នុង​ឆ្នាំ​២០១៤​ផងដែរ​៕

​

គណបក្ស​សញ្ជាតិ​កម្ពុជា​ស្នើ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ឆាប់​

​រាជធានី​ភ្នំពេញ ៖ គណបក្ស​សញ្ជាតិ​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ ស្នើ សុំ​ឲ្យ​តុលាការ​កំពូល​កាត់សេចក្តី សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​កាន់ តែ​ឆាប់​ជាទីបំផុត ។ គណបក្ស​សញ្ជាតិ​កម្ពុជា​ក៏បាន​ប្រកាស​គាំទ្រ ចំពោះ​ចំណាត់ការ រាជរដ្ឋាភិបាល​ក្នុង​ចាប់ឃុំខ្លួន​លោក កឹម សុខា ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ បម្រើ​បរទេស​ផងដែរ ៕

​

លិខិតឆ្លងដែន​របស់​លោកស្រី យី​ង​ឡាក់ត្រូវ​អាជ្ញាធរ​ថៃ​ដកហូត​

​បាងកក ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ថៃ​បាន​ដកហូត​លិខិតឆ្លងដែន​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បណ្តេញចេញ​គឺ​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​ដែល​មិនទាន់​បានចេញ​ជា​សាធារណៈ​ចាប់តាំងពី​លោកស្រី​បាន​ចាក​ចេញពី​ប្រទេស​កាលពី​២​ខែ​កន្លង​ទៅមុន​ថ្ងៃ​វិនិច្ឆ័យ​នៅក្នុង​ការជំនុំជម្រះ​ក្តី​ករណី​ធ្វេសប្រហែស​របស់លោក​ស្រី​។​
​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ដែល​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់ខ្លួន​ត្រូវបាន​ទម្លាក់​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​គឺ​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​កាលពី​ខែ​មុន​ចំពោះ​ការខកខាន​មិនបាន​ប​ញ្ឈ​ប់​អំពើពុករលួយ​នៅក្នុង​គោលនយោបាយ​ស្រូវ​អង្ករ​។​
​សាលក្រម​នោះ​ត្រូវបាន​អ្នកគាំទ្រ​របស់លោក​ស្រី​យី​ង​ឡាក់​រិះគន់ថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​របប​យោធា​ដើម្បី​បញ្ជៀ​ស​លោកស្រី​ឲ្យ​ចេញពី​ឆាកនយោបាយ​ថៃ​សម្រាប់​ផលប្រយោជន៍​។​
​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក Don Pramudwinai បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អង្គា​រថា “​លិខិតឆ្លងដែន​ទាំងអស់​របស់លោក​ស្រី​យី​ង​ឡាក់​ត្រូវបាន​ដកហូត​នៅពេលនេះ​។ យើង​មិនដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​នាង​ទេ មានតែ​របាយការណ៍​ប៉ុណ្ណោះ​ដែលថា​នាង​ស្ថិតនៅ​ចក្រភព​អង់គ្លេស​ប៉ុន្តែ​មិន​ច្បាស់​ថា​តើ​ទីក្រុង​មួយណា​នោះទេ​”​។​
​អាជ្ញាធរ​ថៃ​បាន​និយាយថា លោកស្រី​យី​ង​ឡាក់​មាន​លិខិតឆ្លងដែន​ថៃ​ចំនួន​៤​ដែល​ពីរ​ជា​របស់​ផ្ទាល់ខ្លួន​និង​ពីរ​ទៀត​ជា​របស់​ការទូត​។​
​ទន្ទឹម​នោះ អនុប្រធាន​ប៉ូលិស​ថៃ​លោក Srivara Ransibrahmanakul បាន​និយាយថា អាជ្ញាធរ​នៅតែ​កំពុងធ្វើការ​ដើម្បី​បញ្ជាក់​ពី​ទីតាំង​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ខណៈដែល​ពួកគេ​ស្វែងរក​ការធ្វើ​បត្យាប័ន​របស់​នាង​។ ប៉ុន្តែ​គាត់​បាន​និយាយថា មិនមាន​ប្រទេស​ណាមួយ​បាន​ឆ្លើយតប​ហើយ​បាន​និយាយថា ពួកគេ​បានឃើញ​លោកស្រី​យី​ង​ឡាក់​នោះទេ​។​
​គួរ​បញ្ជាក់ថា លោកស្រី​យី​ង​ឡាក់​ដែល​ធ្លាប់មាន​សកម្មភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប៉ុន្តែ​បាន​ស្ងៀមស្ងាត់​ចាប់តាំងពី​នាង​បាន​ភៀសខ្លួន​នោះ​គឺជា​បុគ្គល​ចុងក្រោយបង្អស់​មកពី​ក្រុមគ្រួសារ​នយោបាយ​ដ៏​ខ្លាំងក្លា​របស់លោក​ស្រី​ដែល​បាន​ក្លាយទៅជា​ជនរងគ្រោះ​នៃ​របប​យោធា​និង​តុលាការ​របស់​ប្រទេស​ថៃ​៕

​