All posts by មេគង្គ ប៉ុស្តិ៍

EDC ​ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី​៣​ថ្ងៃ នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី​ចំនួន​៣​ថ្ងៃ​នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មូលហេតុ ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​៕
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា​ទាំងស្រុង​៖

​

ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀតហើយ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ ខណៈ​ចូលទៅ​កាប់​ឈើ​

​ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀតហើយ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ខណៈ​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​នួន​កិន​ដែង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ស្ថិតក្នុង​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។​
​តាម​ព័ត៌មាន​បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​ថៃ​ចាប់ខ្លួន ខណៈពេលដែល​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​នួន​កិន​ដែង ដែល​ឈម​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ពេល​ចាប់​ក៏មាន​ឈើ​គ្រញូង​ជាច្រើន​ដុំ និង​រណារ​ដៃ​ធំ​១​គ្រឿង​សម្រាប់​លួច​កាត់ឈើ​គ្រញូង​ផងដែរ ។ ប្រភព​ដដែល​បានបញ្ជាក់​ពលករ​ខ្មែរ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ​សាំង ជា ទី​២-​ជា ចួន ទី​៣-​រួម រើ​ត​។​
​គួររំលឹកថា កាលពី​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា បញ្ហា​ច្រករបៀង​ខុសច្បាប់​ត្រូវតែ​បិទ​ឱ្យអស់ មិន​ឱ្យមាន​បើសិន​មាន​អ្នក​ដែល​ទទួលខុសត្រូវ គឺ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​យោធា​ការពារ​ព្រំដែន ។ បញ្ហា​ច្រករបៀង​ខុសច្បាប់​តែង​កើតមាន ដោយសារ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បាន​លួច​បើក​ឃុ​ប​ឃឹ​ត​ជាមួយ​មេខ្យល់ នាំ​ពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​ប្រទេសជិតខាង​ដោយ​ខុសច្បាប់ ។​
​រឿង​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ ជា​រឿង​ចាស់​ដដែល នៅ​ដដែល មិនអាច​លុបបំបាត់បាន​ឡើយ ទោះបី​ត្រូវ​ថៃ​បាញ់​ស្លាប់​និង​របួស​រាប់មិនអស់ និង​ចាប់​ដាក់​ច្រវាក់ ដាក់គុក​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ រឿង​ពិត​នោះ​គឺ វា​មាន​អ្នក​ប្រគល់​ប្រាក់​ឱ្យទៅ​កាប់ និង​អ្នក​ចាំ​ទិញ ។ សុទ្ធតែជា​រឿង​ផលប្រយោជន៍ ទាំង​អ្នក​បើកផ្លូវ ទាំង​អ្នកធ្វើ​ចោរ និង​ទាំង​អ្នក​ចាំ​ទិញ​ផល​ចោរកម្ម ៕

​

ពលរដ្ឋ​ខ្មែរ​ជាង​៥០​ម៉ឺន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥០៧,៤៣៨​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​អ្នក​ត្រូវ​លុបឈ្មោះ​ចោល​មាន​ចំនួន​ជាង​១.៧​ម៉ឺន​នាក់ និង​អ្នក​សុំ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន​ជាង​៥​ពាន់​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​ជាមួយគ្នានេះ គ​.​ជ​.​ប ក៏​សូម​អំពាវនាវ​បងប្អូន​ដែល​គ្រប់​អាយុ​បោះឆ្នោត​, បងប្អូន​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ហើយ តែ​មិនទាន់​ចុះឈ្មោះ សូម​រួសរាន់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ខណៈ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​។​
​សូមបញ្ជាក់ថា ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​រយៈពេល​៧០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕

​

ខេត្តសៀមរាប​នឹង​សង់​ព្រលានយន្ត ហោះ​អន្តរជាតិ​ថ្មី​តម្លៃ​ជាង​៩០០​លាន​$ នៅ​ឆ្នាំ​២០១៨

​សៀមរាប ៖ តាម​ការគ្រោងទុក ខេត្តសៀមរាប នឹងមាន​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិតក្នុង​ស្រុក​សូទ្រ និគម ដែល​នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៨ ខាងមុខនេះ ។​
​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា​នេះ ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ កំពុង​ដុតដៃដុតជើង​សាងសង់​ផ្ទះ​ស្នាក់នៅ​សម្រាប់​វិស្វករ ស្ថាបត្យករ និង​កម្មករ នៅក្បែរ​ព្រលានយន្តហោះ​នេះ មុនពេល​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅពេល​ខាងមុខ​។ លោក​បន្តថា បច្ចុប្បន្ន​គ្រឿងចក្រ​នានា​បាន​យកទៅ​រៀបចំ​រួចរាល់​ហើយ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រលានយន្តហោះ​ថ្មី និង​ដ៏​ទំនើប​មួយ​នេះ​។​
​ ​សូមជម្រាបថា ក្រុមហ៊ុន YUNAN Development Group ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​វិនិយោគ​លើ​ព្រលាន​យន្ត ហោះ​នេះ គ្រោង​បោះទុន​ប្រមាណ​៩០០​លាន​ដុល្លារ អាមេរិក ដើម្បី​សាងសង់ ព្រលានយន្តហោះ​ដ៏​ទំនើប​នេះ​ជា​៣​ដំណាក់កាល និង​ប្រើប្រាស់​រយៈពេល​៣​ឆ្នាំ​។
​លោក សិរី​វុត្ថា បាន​បន្តទៀតថា ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១​គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ ដែល​អាច​បម្រើ​ដល់ ការ ចុះចត​យន្តហោះ​ខ្នាត​មធ្យម សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី​២​ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​បន្ថែមទៀត​។ លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ អាច​ចំណាយពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី​២៕

​

រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​នឹង​ឈប់​ឲ្យ​បត់​ឆ្វេង​ទាំង​៤​ទិស នៅ​ចំណុច​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ

​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​មិន​អនុញ្ញាត ឲ្យ​បត់ ឆ្វេង​ត្រង់ចំណុច​ផ្លូវខ្វែង នៅ​ភ្លើងស្តុប ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ខណៈដែល​កំពុង​ដំឡើង ពុម្ព​ចាក់ ត ភ្ជាប់​កម្រាល​ស្ពាន​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ថា រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ នឹងត្រូវ​ហាមឃាត់ បត់​ឆ្វេង​ទាំង ៤​ទិស នៅ​ទីតាំង​ភ្លើងស្តុប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដោយសារ​ស្ថានភាព​ទីតាំង​បត់​តូចចង្អៀត និង​ចៀសវាង​បង្ក​ការប៉ះពាល់​ដល់​សសរ​ទ​ម្រ ដែល​ត្រូវបាន និង​កំពុង​ដំឡើង​ពុម្ព​សសរ​ទម្រ និង​ពុម្ព​កម្រាល​ដែល​កំពុងដំណើរការ ត ភ្ជាប់​តួ​ស្ពាន​ផ្នែក​កណ្តាល នៅ​ចំណុច​ទីតាំង​ភ្លើងស្តុប ។​
ជាមួយគ្នា​នោះដែរ សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ តាម​ចំណុច​ហាមឃាត់​ខាងលើ ចូលរួម​សហការ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​ធ្វើដំណើរ​ជិត​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​ខាងលើនេះ​​។
​សូម​រំឭកថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បាន​សាងសង់​សម្រេចបាន ៧០​ភាគរយ​ហើយ គិត​មកទល់ពេលនេះ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា ឆ្នាំ​២០១៦​។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម៉ែត្រ ទទឹង ១៦,៦​ម៉ែត្រ​។ យោងតាម​គម្រោង ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ខែធ្នូ ឆ្នាំ​២០១៧៕

​

ពលរដ្ឋ​កូរ៉េខាងត្បូង​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​វត្តមាន​លោក ដូ​ណា​ល់ ត្រាំ​

​សេ​អ៊ូ​ល ​៖ ក្រុម​អ្នកប្រឆាំង​លោក ត្រាំ រាប់សិប​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) មកកាន់​ប្រទេស​កូរ៉េខាងត្បូង​។​
​ក្រុមអ្នកតវ៉ា​បាន​ថ្កោលទោស​លោក ត្រាំ ចំពោះ​សង្គ្រាមពាក្យសម្ដី​របស់លោក​ប្រឆាំង​ប្រទេស​កូរ៉េខាងជើង​ដោយបាន​និយាយថា​ពាក្យសម្ដី​របស់លោក ត្រាំ អាច​នាំអោយ​កើតមាន​សង្គ្រាម​ម្ដងទៀត​នៅលើ​ឧបទ្វីប​កូរ៉េ​។ ទន្ទឹម​នោះ​ក្រុមអ្នកតវ៉ា​ក៏បាន​រិះគន់​លោក ត្រាំ ចំពោះ​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​មកលើ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។​
​សូមបញ្ជាក់ថា លោក ត្រាំ នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ក្នុងនោះ​រួមមាន​ទាំង​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​៕

​

អ្នកពាក់ព័ន្ធ​នឹង​បណ្តឹង​បាត់​បច្ច័យ​បុណ្យសព​លោក កែម ឡី ចូល​បំភ្លឺ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញ​លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និង​ជា​គណៈកម្មការ​បុណ្យសព​បណ្ឌិត កែម ឡី បាន​ចូល​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​បណ្តឹង​បាត់​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី ។​
​ការចូល​បំភ្លឺ​នេះ ពាក់ព័ន្ធ​ការគ្រប់គ្រង​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុកចិត្ត ក្រោយពី​មាន​បណ្ដឹង​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ចូលរួម សាងសង់​ចេ​តី​យ៍ លោក​បណ្ឌិត កែម ឡី កន្លងទៅនេះ​។​
​ចំណែក​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ត្រូវបាន​កោះហៅ​ចូល​បំភ្លឺ​ក្នុងនាម​ជនសង្ស័យ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

​

លោក ប៉ុល ហំ​ម អះអាងថា នឹងចូលនិវត្តន៍​ក្រោយ​គណបក្ស​ត្រូវ​រំលាយ

​រាជធានី​ភ្នំពេញ ៖ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅឯ​វិមាន​រដ្ឋសភា​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​មិន​ខ្វល់​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ​លោក​អះអាង យ៉ាងច្បាស់​ថា លោក​នឹង​លាឈប់​ពី​នយោបាយ ហើយ​ចូលនិវត្តន៍​ពី​នយោបាយ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​នាពេលខាងមុខ​។​
​បើតាម​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​បាន​បន្ថែម​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​ប្រជុំគ្នា​ពិភាក្សា​អំពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ​៕

​

រដ្ឋសភា​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​លើ​របៀបវារៈ​ចំនួន​៥

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើ​របៀបវារៈ​ចំនួន​៥ ខណៈដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​
​របៀបវារៈ​នៃ​ក​ច្ចិ​ប្រជុំ​នេះ​រួមមាន​៖
​ទី​១៖ ការពិនិត្យ​បញ្ជី​ឈ្មោះ​តំ​ណាយ​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ជា​បេក្ខជន​សម្រាប់​ជ្រើសតាំង​បន្ថែម​ក្នុង​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋសភា​។
​ទី​២៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
* កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
* កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌី​ពើរ​គួ​ន​នៃ​ប្រទេស​ប្រ៊ុ​ណេ​ដា​រូ​សា​ឡឹម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
* កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ចក្រ​ថៃ ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
​ទី​៣៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ នៃ​ម​ជ្ឈ​ម​ណ្ឌ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​។​
​ទី​៤៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិការ​ទូទៅ​របស់​រដ្ឋ​សភា​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦​។​
​ទី​៥៖ ការពិនិត្យ​សំណើ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨៕
​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​នានា​របស់​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មានតែ លោក ប៉ុល ហំ​ម ម្នាក់​ប៉ុណ្ណោះ​៕

​

ក្រុមប្រឹក្សាសន្តិសុខ​UN ថ្កោលទោស​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

​យូ​អិន ៖ ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្ដីថ្លែងការណ៍​មួយ​ដោយបាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​រត់​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​
​សេចក្ដីថ្លែងការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ចាត់វិធានការ​បន្ទាន់​មួយ​ដើម្បី​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស ហើយ​ក៏បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ពី​ការបំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ប្រទេស​មី​យ៉ាន់​ម៉ា​ចំពោះ​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​
​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការប្រើ​កងកម្លាំង​និង​ការបំភិតបំភ័យ​ជា​ប្រព័ន្ធ ការកាប់សម្លាប់​មនុស្ស​ប្រុស​ស្រី​និង​កូនក្មេង អំពើហិង្សា​ផ្លូវភេទ និង​ការដុត​បំផ្លាញ​លំនៅឋាន​ព្រមទាំង​ទ្រព្យសម្បត្តិ​ផងដែរ​។​
​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​មួយចំនួនទៀត ប៉ុន្តែ​ត្រូវបាន​ជំទាស់​ពី​ប្រទេស​ចិន​ដែលជា​សម្ពន្ធមិត្ត និង​ជា​ប្រទេសជិតខាង​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​៕


​

ប្តី​តិរច្ឆាន​អា​រក​សម្លាប់​ប្រពន្ធ ហើយ​អា​រក​ខ្លួន​តាម​ក្រោយ​

​រាជធានី​ភ្នំពេញ ៖ បុរស​ជា​ប្តី​បាន​អារ​.​ក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​បណ្តាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម បន្ទាប់មក​ប្តី​តិ​រិ​ច្ឆា​នរូ​ប​នោះបាន​អារ​.​ក​សម្លាប់​ខ្លួនឯង តាម​ក្រោយ​តែ​មិន​ស្លាប់ ត្រឹមតែ​របួសធ្ងន់​។ ករណី​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​នៅ​ជិត​វត្ត​គោក​បញ្ជាន់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ទោះបីយ៉ាងណា​មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ឈានដល់​ការសម្រេចចិត្ត​អា​.​រក សម្លាប់​ប្រពន្ធ​យ៉ាង​ដូច្នេះ​ទេ ប៉ុន្តែ​គេ​បានដាក់​ការសង្ស័យថា អាចមក​បណ្តាលមកពី​ភ្លើង​ប្រច័ណ្ឌ​៕

​

ពលរដ្ឋ​ខ្មែរ​៥០​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥០០,២៧៤​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការចុះឈ្មោះ​ត្រូវបាន​បញ្ចប់​។ នេះ​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​។​
​សូមបញ្ជាក់ថា ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​រយៈពេល​៧០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕

​

គ្រោះ​ថា្នក់​ចរាចរណ៍​ក្នុងឱកាសបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ​ថយចុះ តែ​អ្នកស្លាប់​កើនឡើង​

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រ​ខែ អកអំបុក នា​ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ពី​៦៦​លើក​កាលពី​ឆ្នាំ​២០១៦ មក​ត្រឹម​៤៨​លើក ប៉ុន្តែ​ចំនួន​ស្លាប់មាន​ការកើនឡើង​ទ្វេ​ជា​ពីរ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។​
​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូ​ក​គោក​ដែល​បូកសរុប​ដោយ នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​នគរបាល​ចរាច​ណ៍​បាន​បង្ហាញថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៤៨ លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​៣០​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​៦៣​នាក់​។ តាមរយៈ​ទិ​ន្និ​ន័យ​នេះ​បង្ហាញថា អ្នកស្លាប់​ឆ្នាំ​២០១៧ មាន​៣០​នាក់ ខណៈ​ឆ្នាំ​២០១៦​មាន​ត្រឹមតែ​១៥​នាក់​ប៉ុណ្ណោះ គឺ​កើនឡើង​គុណ​ជា​ពីរ​។​
​ប្រភពព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​, ស្រវឹង​, ប្រជែង​គ្រោះថ្នាក់​, មិន​ប្រកាន់​ស្តាំ​, មិន​គោរព​សិទ្ធិ ,​បត់​គ្រោះថ្នាក់ រួម​នឹង​មូលហេតុ​មួយចំនួនទៀត​ដូចជា កត្តា​យានយន្ត និង​កត្តា​ផ្លូវ​៕

​

ស្ត្រី​ម៉ាស្សា​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​រំលោភ ហើយ​សម្លាប់ចោល​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម៉ាស្សា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ​២៧ (​ហាង​កោស​ជប់​ពេញចិត្ត​ផ្លូវ​លូ​ប្រាំ​) ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈដែល​សមត្ថកិច្ច​ស​ង្ស័​យ​ជា​អំពើ​រំលោភ​ហើយ​សម្លាប់ចោល​។​
​អធិការរង​នគរបាល​ខណ្ឌមានជ័យ លោក ហួ ម៉េង​វ៉ាង បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឆន ធឿន អាយុ​៣៣​ឆ្នាំ ជា​អ្នក​កោស​ជប់​ម៉ាស្សា ស្នាក់នៅ​កន្លែងកើតហេតុ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ដោយមាន​កន្សែង​រំ​ក និង​ដែក​លួស​ជាប់​និង​ក​។ លោក​បញ្ជាក់ថា ករណីនេះ​អាច​រឿង​រំលោភ ហើយ​សម្លាប់ តែ​នៅពេលនេះ យើង​កំពុង​រង់ចាំ​ខាង​សមត្ថកិច្ច​កោសល្យវិច័យ ចុះមក​ពិនិត្យ​សព​សិន ។​
​ពេលនេះ កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនដៃដល់ យកមក​ផ្តន្ទាទោស តាមច្បាប់​៕

​

ពលរដ្ឋ​នៅ​ប៉ោយប៉ែត​បន្ត​ជួប​បញ្ហា​រឿង​សំបុត្រ​ចូល​ផ្សារ​ថៃ​

​ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​រាប់រយ​នាក់​ខកខាន​មិនបាន​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ដោយសារ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​ផ្តល់​សំបុត្រ​ចូលដល់​ពួកគាត់​បាន​ចូល​។​
​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន​ចូល​ដី​ថៃ​ទាំង​នោះបាន​ប្រាប់​នា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា ពួកគាត់​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​មុខរបរ​បស់​ពួកគាត់​។​
ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​ខឹង​ត្រ​លោត ខណៈ​ដឹងថា គាត់​ត្រូវ​ខកខាន​ចូល​បើក​អាជីវកម្ម​លក់ដូរ​នៅក្នុង​ផ្សារ​ដី​ថៃ​។ ស្ត្រី​រូបនោះ​បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគាត់​ខឹង​អាជ្ញាធរ ដោយសារ​មិនបាន​យក​ទំនិញ​ឲ្យ​ម៉ូយ​មានតម្លៃ​រាប់សែន​បាត​ប្រាក់​ថៃ ។​
​សូម​រំលឹកថា កន្លងទៅ​សំបុត្រ​ចូល​ផ្សារ​ថៃ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ប៉ោយប៉ែត​ជា​អ្នកលក់​ឲ្យ​ពលរដ្ឋ​សម្រាប់​ម្នាក់​តម្លៃ​១០​បាត​ចូល​ម្តង​ហើយ​មួយថ្ងៃៗ​ពលរដ្ឋ​ខ្លះ​ប្រើ​សំបុត្រ​អស់​៣​ទៅ​៥​សំបុត្រ ប៉ុន្តែ​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៧​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លោក​ង៉ោ​ម៉េង ជ្រូ​ន​បានចេញ​មុខ​ធនា​រាប់​រង​ក្នុងការ​បោះពុម្ព​ជូន​ពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ ។ តែ​ថា​ការចេញមុខ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លើ​បញ្ហា​សំបុត្រ​មិនបាន​ធើ្វ​ឲ្យ​ក្រុមអាជីវករ​ធូ​ស្រាល​បន្ទុក​ដូច​ការគិត​របស់​អាជ្ញា​ធរ​ទេ ព្រោះ​ថ្ងៃ​ខ្លះ​សំបុត្រ​មាន​ថ្ងៃ​ខ្លះ​សំបុត្រ​ខ្វះ ដែលជា​ហេតុ​ធើ្វ​ឲ្យ​ពួកគាត់​ប្រឈម​។​
​ទន្ទឹម​និង​នេះ​ប្រជាពលរដ្ឋ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ដោះស្រាយ​លើ​ករណី​ប័ណ្ណ​ចូល​ផ្សារ​ថៃ​ឲ្យ​បានល្អ​ប្រសើរ​ជៀសវាង​ធើ្វ​ឲ្យ​ពលរដ្ឋ​ខកខាន​ដូច​សព្វថ្ងៃ​៕

​