All posts by មេគង្គ ប៉ុស្តិ៍

UN ៖ យេ​មែន​នឹង​ប្រឈមមុខ​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​

​យេ​មែន ៖ ប្រមុខ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ប្រទេស​យេ​មែន​នឹង​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​មួយ​ដែល​នឹង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់លាន​នាក់​លុះត្រាតែ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បញ្ចប់​ការរារាំង​ហើយ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​ជំនួយ​ចូលទៅ​ក្នុងប្រទេស​នេះ​។​
​លោក Mark Lowcock អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា “​វា​នឹង​ក្លាយជា​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​បំផុត​ដែល​ពិភពលោក​ជួបប្រទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​ហើយ​មាន​ជនរងគ្រោះ​រាប់លាន​នាក់​”​។​
​មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ​បាន​និយាយ​បែបនេះ​ទៅកាន់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​សម័យប្រជុំ​បិទទ្វារ​រ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​វិបត្តិ​នៅ​យេ​មែន​ដែលជា​កន្លែង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើ​យុទ្ធនាការ​យោធា​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម Huthi ចាប់តាំងពី​ខែ​មិនា​ឆ្នាំ​២០១៥​មក​។​
​ក្រុមប្រឹក្សា​នេះ​បានទាមទារ​ឲ្យ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បើក​ច្រក​អាកាស​និង​សមុទ្រ​របស់​យេ​មែន​ចំពោះ​ការ​ចែកចាយ​ជំនួយ​នៅក្នុង​ប្រទេសមួយ​នេះ​ដែល​ប្រជាជន​ចំនួន​៧​លាន​នាក់​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​រួចទៅហើយ​។​
​ក្រុមចម្រុះ​នេះ​បាន​បិទ​ព្រំដែន​យេ​មែន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​មួយ​ពី​សំណាក់​ពួក​ឧទ្ទាម Huthi របស់​ប្រទេស​យេ​មែន​ដែល​ត្រូវបាន​ស្ទាក់ចាប់​នៅក្បែរ​ព្រលានយន្តហោះ​ក្រុង Riyadh កាលពី​ថ្ងៃអាទិត្យ​។​
​ប៉ុន្តែ​អង្គការសហប្រជាជាតិ​ដែល​ធ្លាប់បាន​ចុះបញ្ជី​យេ​មែន​រួចមកហើយ​ថា​ជា​ប្រទេស​មាន​វិបត្តិ​មនុស្សធម៌​លេខ​១​នៅលើ​ពិភពលោក​គឺ​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​នេះ​ទាំង​មិន​ពេញចិត្ត​ដោយបាន​ព្រមាន​ថា ស្ថានភាព​នេះ​គឺជា “​មហន្តរាយ​” រួចទៅហើយ​នៅក្នុង​ប្រទេស​នេះ​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត Adel al-Jubeir កាលពី​ថ្ងៃ​ពុធ​និង​បាន​ទទួលយក​ការចង្អុល​បង្ហាញថា ពួកគេ​នឹង​ពិនិត្យមើល​ការបើក​ឡើងវិញ​នៃ​ចំណុច​ចូលទៅ​ក្នុងប្រទេស​យេ​មែន​។​
​ប្រជាពលរដ្ឋ​យេ​មែន​ប្រមាណ​១៧​លាន​នាក់​កំពុង​ត្រូវការ​ស្បៀងអាហារ​ទាំងអស់​សង្ឃឹម​ដែល​ក្នុងនោះ​មាន​៧​លាន​នាក់​ដែលមាន​គ្រោះថ្នាក់​នៃ​គ្រោះ​ទុរ្ភិក្ស​និង​ជំងឺ​អាសន្នរោគ​រួចទៅហើយ​ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២,០០០​នាក់​ស្លាប់​៕

​

ព្យុះ​ទី​ហ្វុ​ង​ដំរី​នៅ​ភាគខាងត្បូង​វៀតណាម​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់​១០៦​នាក់​

​វៀតណាម ៖ ព្យុះ​ទី​ហ្វុ​ង​ដំរី​បានសម្លាប់​មនុស្ស​កើន​ដល់​១០៦​នាក់​ខណៈដែល​អាង​ស្តុក​ទឹក​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បាន​បញ្ចេញ​ទឹក​ស្រប​ពេលដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​មួយ​។​
​គណៈកម្មាធិការ​ស្វែងរក​និង​ជួយសង្គ្រោះ​របស់​ប្រទេស​នេះ​បាន​និយាយថា គិត​ត្រឹម​ថ្ងៃ​ពុធ មនុស្ស​ចំនួន​១០៦​នាក់​ត្រូវបាន​គេ​ដឹងថា​ស្លាប់​ដោយសារតែ​ព្យុះ​ធំ​ទី​១២​ក្នុងឆ្នាំនេះ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២៥​នាក់​បាត់​ខ្លួន​និង​១៩៧​នាក់​ទៀត​រងរបួស​។​
​អាជ្ញាធរ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ត្រូវបាន​ធ្វើឡើង​ដើម្បី​ចៀសវាង​ការ​ជន់​លិច​នៅ​ជុំវិញ​ទីក្រុង Danang ដែល​នឹង​ទទួល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump, លោក Xi Jinping នៃ​ប្រទេស​ចិន​និង​លោក Vladimir Putin របស់​រុស្ស៊ី​ក្នុងចំណោម​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ដទៃទៀត​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​សប្តាហ៍​នេះ​។​
​គណៈកម្មាធិការ​បង្ការ​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ទឹក​កំពុង​ត្រូវបាន​បញ្ចេញ​ពី​អាង​ស្តុក​ទឹក​យ៉ាងហោចណាស់​ចំនួន​៤៩​ដែលមាន​កម្រិត​គ្រោះថ្នាក់​។​ទឹកភ្លៀង​កម្ពស់​១,៧០០​មី​លី​ម៉ែត្រ​ត្រូវបាន​កត់ត្រា​នៅ​ស្ថានីយ​អាកាសធាតុ​មួយ​។​ភ្លៀង​ធ្លាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​មុនពេល​ថយចុះ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​
​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ដោយ​លោក Trump, Xi និង Putin នឹងចូលរួម​ជាមួយ​មេដឹកនាំ​ថ្នាក់​តំបន់​ផ្សេងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ភ្លៀង​មិនបាន​រំខាន​ដល់​កាលបរិច្ឆេទ​នៃ​ការជួបប្រជុំ​នេះ​ទេ​ប៉ុន្តែ​ប្តី​ប្រពន្ធ​របស់​មេដឹកនាំ​អាច​នឹងមិន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Hoi An ដែលជា​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ UNESCO បានទេ​ដែល​គ្រោងទុក​នៅ​ថ្ងៃ​សៅរ៍​៕

​

ឆែកឆេរ​ផ្ទះ​បើកអាជីវកម្មអត់ច្បាប់​​មួយកន្លែង រកឃើញ​ម៉ូតូ​២៦​គ្រឿង​

​ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​កាលពី​ម្សិលមិញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយកន្លែង​ដែល​សង្ស័យ​ទទួល​ទិញ​ផល​ចោរកម្ម​។ ផ្ទះ​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នោះ​ជា​របស់​ឈ្មោះ ជ្រូ គីម​ស្រ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្ថិត​ក្នុងភូមិ តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ្រូ គីម​ស្រ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​សមត្ថកិច្ច​ក៏បាន​ដកហូត​ម៉ូតូ​ចំនួន​២៦​គ្រឿង រួមមាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​៩០ ជ្រុង​ចំនួន ០១​គ្រឿង​២-​ម៉ាក ស៊ុយ​ស៊ី​គី​ស្មាស់ ចំនួន ០៤​គ្រឿង​៣-​ម៉ាក ហុងដា អ៊ែ ប្លេ​ត ចំនួន ០១​គ្រឿង​៤-​ម៉ាក ហុងដា ស្កូ​ពី ចំនួន ០១​គ្រឿង ៥-​ម៉ាក ហុងដា MSX ចំនួន ០១​គ្រឿង​៦-​ម៉ាក ហុងដា សេ​៥០ ចំនួន ០៤​គ្រឿង​៧-​ម៉ាក ហុងដា សេ​១២៥ ចំនួន ០២​គ្រឿង​៨-​ម៉ាក ស៊ុយ ស៊ី​គី​ណូ​វ៉ូ ចំនួន ០១ គ្រឿង​៩-​ម៉ាក ហុងដា អាយ​ខុន ចំនួន ០១​គ្រឿង​១០-​ម៉ាក យ៉ាម៉ាហា ចំនួន ០១​គ្រឿង​១១-​ម៉ាក ស៊ុយ ស៊ី​គី​វីវ៉ា ចំនួន ០១​គ្រឿង​១២-​ម៉ាក ហុងដា សេ​៩០ មូល ចំនួន ០២​គ្រឿង​១៣-​ម៉ាក ហុងដា STR ចំនួន ០១​គ្រឿង​១៤-​ម៉ាក ហុងដា វ៉េង ចំនួន ០១​គ្រឿង​១៥-​ម៉ាក សេ​១០០ កូរ៉េ ចំនួន ០២​គ្រឿង​១៦-​ម៉ាក ហុងដា សេ​៧០ ចំនួន ០១​គ្រឿង​១៧-​ម៉ាក ហុងដា សេ​៩០ ចំនួន​០១​គ្រឿង ។​
​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ជ្រូ គីម​ស្រ៊ី បាន​ឆ្លើយ​សារភាពថា ខ្លួន​ទទួល​ទិញ​ម៉ូតូ​គ្រប់​ប្រភេទ​ដូចខាងលើ​នេះ ក្នុងតម្លៃ ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ទៅ ១០០,០០០០​រៀល (​មួយ​លាន​រៀល​) ក្នុង​០១​គ្រឿង ទៅតាម​ប្រភេទ​ម៉ូតូ ដោយ​គ្រាន់តែ​ធ្វើលិខិត ទិញ​លក់​តែប៉ុណ្ណោះ​។ ហើយ​បើ​ហួសកំណត់​តាម​កិច្ចសន្យា​គឺ​ខ្លួន​នឹង​លក់​ម៉ូតូ​នេះ​បន្តទៀត ។ ឈ្មោះ ជ្រូ គីម​ស្រ៊ី ក៏បាន​អះអាង​បន្តថា​-​ខ្លួន​ពិតជា​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​ឲ្យ​ប្រក​មុខរបរ​អាជីវកម្ម នេះ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល ៕

​

ប៉ូលិស​កូ​ឡុំ​ប៊ី​រឹបអូស​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ជាង​១២​តោន​

​កូ​ឡុំ​ប៊ី ៖ ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក ចូ​ន ម៉ា​នុយ​អែល សាន​តូ​ស (Juan Manuel Santos) បាន​និយាយថា ប៉ូលិស​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ជាង​១២​តោន​ពី​ក្រុម​ឧក្រិដ្ឋកម្ម​កំពូល​របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នេះ​គឺជា​ការ​រឹបអូស​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការជួញដូរ​ថ្នាំញៀន​នៅក្នុង​ប្រទេស​នេះ​។​
​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ទាំងនោះ​ត្រូវបាន​រកឃើញ​លាក់ទុក​ក្រោម​ដី​នៅក្នុង​កសិដ្ឋាន​ចំនួន​៤​ដែល​ស្ថិតនៅ​ជិត​ព្រំដែន​ប្រទេស​កូ​ឡុំ​ប៊ី​ជាមួយ​ប្រទេស​ប៉ា​ណា​ម៉ា ហើយ​ត្រូវបាន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រហែល​៣៦០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ទីផ្សារ​អាមេរិក​។​
​លោក សាន​តូ​ស (Santos) បាន​និយាយថា ថ្នាំញៀន​កូកាអ៊ីន​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ឧក្រិដ្ឋកម្ម​ជួញដូរ​ថ្នាំញៀន​មួយក្រុម​ដែល​បានក្លាយ​ជាការ​គំរាមកំហែង​ធំ​បំផុត​មួយ​ទៅដល់​សន្តិសុខ​ក្នុង​តំបន់ ចាប់តាំងពី​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ហ្វា​ស់ (FARC) កាលពី​ឆ្នាំមុន​មក​។​
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​, មនុស្ស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​ក្នុងអំឡុង​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ​ដែល​ឈានទៅដល់​ការ​រឹបអូស​ថ្នាំញៀន​នេះ​៕

​

រួមរ័ក​ជាមួយ​សង្សារ​មិនទាន់​គ្រប់​អាយុ​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​ចាប់​វ៉ៃខ្នោះ​យុវជន​ម្នាក់ ដែល​បាន​រួមភេទ​ជាមួយ​សង្សារ មិនទាន់​គ្រប់​អាយុ ក្នុង​ថ្ងៃបុណ្យ​អុំទូក ហើយ​ត្រូវ​ក្រុមគ្រួសារ​ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់ខ្លួន​។​
​ជនសង្ស័យ​ឈ្មោះ សន ឧត្ដម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លូ​៥ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ពីបទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ​៣៤១ ក្នុង​រាជធានី​ភ្នំពេញ ៕

​

ទង្វើ​ក្លែងបន្លំ​របស់​ទណ្ឌិត សម រង្ស៊ី ជា​បទល្មើស​ថ្មី​ទៀត​

​រាជធានី​ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ម៌​បាន​ឲ្យ​ដឹងថា ទង្វើ​ក្លែងបន្លំ​របស់ ទណ្ឌិត សម រង្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ បង្កើតបាន ជា​បទល្មើស​ព្រហ្មទណ្ឌ​សម្រាប់​ខ្លួនឯង​ផង និង​នាំឱ្យ CNRP ប្រឈមមុខ​នឹង​ច្បាប់ គណបក្ស នយោបាយ​ថែមទៀត ។ លោក​ថា អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​លោក សម រង្ស៊ី បាន​ជម្រុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆាប់​រំលាយ​តែម្តង ។​
​សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា ក្នុងនាម​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅលើ​សេចក្តីថ្លែងការណ៍​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស កាលពី​ម្សិលមិញ​ដែល​បង្ហាញ​អំពី​ជំហរ​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា រួមទាំង​ជំហរ​ដ៏​រឹងមាំ​របស់​គណបក្ស​ទាំងមូល​ផងដែរ ។ ប៉ុន្តែ​មន្ត្រី​អ្នកច្បាប់ បាន​អះអាងថា លោក សម រង្ស៊ី បាន​ក្លែងបន្លំ​ចុះហត្ថលេខា​ក្នុងនាម​តំណាងរាស្ត្រ​ក្នុងពេលដែល លោក​បាន​លាលែង​ចេញ​ទាំង​អស់ពី​គណបក្ស​សង្គ្រោះ​ជាតិ ។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាលែង​ទាំងអស់ ចេញពី​គណបក្ស​នេះ​រួចហើយនោះ បាន​ក្លែងបន្លំ​ខ្លួន​ចុះហត្ថលេខា​ធ្វើជា​តំណាង រាស្ត្រ​មួយរូប ក្នុងចំណោម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លើ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បានជា​សំឡេង​បង្ហាញ​ជំហរ ប្តេជ្ញាចិត្ត​នៅ​ជាមួយ​គណបក្សប្រឆាំង​។​
​សូមជម្រាបថា បើតាម​ច្បាប់​គណបក្សនយោបាយ​ថ្មី រាល់​គណបក្សនយោបាយ​ទាំងអស់ មិន​អនុញ្ញាតឱ្យ ប្រើប្រាស់​សំឡេង ឬ​សេចក្តីថ្លែងការណ៍​របស់​ទណ្ឌិត ដើម្បី​ជា​ប្រយោជន៍ គណបក្ស នយោបាយ​ឡើយ​។ គណបក្សនយោបាយ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ នឹងត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕

​

ថ្ងៃ​នេះជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​

​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ ។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មានឱកាស​តែមួយ​ថ្ងៃនេះ​ប៉ុណ្ណោះ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ។​
​តាម​របាយការណ៍​រប​ស់ គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ខ្មែរ បាន​ទៅ​ចុះ ឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៥​ម៉ឺន​នាក់ ៕

​

កម្ពុជា​ប្រារព្ធ​ខួប​៦៤​ឆ្នាំ​នៃទិវា​ឯករាជ្យជាតិ​៩​វិច្ឆិកា

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្ពុជា​ប្រារព្ធ​ព្រះ​រាជពិធី​ឯករាជ្យ​៩​វិច្ឆិកា ខួប​៦៤​ឆ្នាំ​នៃ​ការដណ្តើម​បាន​ឯករាជ្យ​ពី​បារាំង (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) យ៉ាង​មហោឡារិក ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។ ពិធី​អបអរសាទរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមានឯករាជ្យ ដែលជា​និមិត្តរូប​នៃ​ការទាមទារ​បាន​នូវ​ឯករាជ្យ​ពី​បារាំង​៕

​

លោក ត្រាំ ព្រមាន​​កូរ៉េខាងជើងដែលប្រឆាំង និងមើល​ងាយ​អាមេរិក​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ដល់ របប​ផ្តាច់ការ​ដ៏​សាហាវឃោរឃៅ របស់​កូរ៉េខាងជើង​ប្រឆាំងនឹង​ការ​មើលងាយ​សហរដ្ឋអាមេរិក​ប៉ុន្តែ​បានលើកឡើង​ថា មេដឹកនាំ គីម ជុង​អ៊ុន នឹងមាន​អនាគត​ដ៏​ល្អប្រសើរ​ប្រសិនបើ​គាត់​បោះបង់ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​របស់គាត់​។​
​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា​កូរ៉េខាងត្បូង​ដែល​នេះ​ជា​លើកដំបូង​សម្រាប់​ប្រធានាធិបតី​អាមេរិក​ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ​, លោក ត្រាំ បាន​ហៅ​ក្រុង​ព្យុងយ៉ាង​ថា​ជា​របប​សង្កត់សង្កិន​និង​ជិះជាន់​។​
​គាត់​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ធ្វើ​សកម្មភាព​ដូចជា​ប្រទេស​រុស្ស៊ី​ជាដើម​និង​ជាពិសេស​គឺ​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​គឺ​ប្រទេស​ចិន​ដែលជា​កន្លែង​គាត់​នឹងធ្វើ​ដំណើរ​ទៅ​នៅ​ថ្ងៃ​ពុធ​។​
​មេដឹកនាំ​អាមេរិក​រូបនេះ​បានប្រកាសថា “​កូរ៉េខាងជើង​គឺជា​ប្រទេសមួយ​ដែល​គ្រប់គ្រង​ដូចជា​សាសនា​មួយ​”​។ នៅ​ចំ​កណ្តាល​នៃ​ការគោរព​ផ្នែក​យោធា​នេះ​គឺជា​ជំនឿ​ដែល​រារាំង​ដល់​ជោគវាសនា​របស់​មេដឹកនាំ​ក្នុងការ​គ្រប់គ្រង​ដូចជា​អ្នកការពារ​ឪពុកម្តាយ​លើ​ឧបទ្វីប​កូរ៉េ​”​។​
​ក្រុមអ្នកវិភាគ​បាន​និយាយថា ការរិះគន់​នេះ​អាច​បង្ក​ឲ្យ​មានប្រតិកម្ម​ពី​ប្រទេស​កូរ៉េខាងជើង​។​ប៉ុន្តែ​អ្នកតាក់តែង​ច្បាប់​កូរ៉េខាងត្បូង​បាន​អបអរសាទរ​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ប្តេជ្ញា​មិន​បំភិតបំភ័យ​និង​បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង​ថា ខ្លួន​មិនគួរ​សាកល្បង​ជាមួយ​ដំណោះស្រាយ​របស់​អាមេរិក​ឡើយ​។​
​កូរ៉េខាងជើង​បានធ្វើកា​រសាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន​ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​ខែកញ្ញា​ហើយ​បាន​បាញ់​មី​ស៊ី​ល​រាប់សិប​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​ក្នុងនោះ​មាន​ពីរ​គ្រាប់​បាន​ហោះ​លើ​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ហើយ​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​អាចដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​លើ​គ្រាប់​រ៉ុក្កែត​ដែល​អាច​ឈានដល់​ដីគោក​អាមេរិក​។​
​មុន​នោះ លោក ត្រាំ ត្រូវ​បង្ខំចិត្ត​លុបចោល​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​តំបន់​គ្មាន​យោធា (DMZ) ដែល​បែងចែក​កូរ៉េ​ទាំងពីរ​ដោយសារតែ​អាកាសធាតុ​មិនល្អ​ដែល​ធ្វើ​ឲ្យ​គាត់​មានការ​ខកចិត្ត​យ៉ាងខ្លាំង​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សេត​វិមាន​។​
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដែល​បាន​ហោះហើរ​មុនពេល​ចុះ​អ័ព្ទ​គឺ​បាន​រង់ចាំ​គាត់​នៅឯ​ប៉ុស្តិ៍​យាម​ព្រំដែន​មួយ​ដែលមាន​ព័ទ្ធ​ដោយ​របង​អគ្គីសនី ចម្ការមីន​និង​របាំង​ប្រឆាំង​រថក្រោះ​។​
​នៅក្នុង​សុន្ទរកថា​របស់គាត់​, លោក ត្រាំ បាន​ហៅ DMZ ថា​ជា “​បន្ទាត់​មួយ​ដែល​បែងចែក​រវាង​ការជិះជាន់​និង​សេរីភាព​” នាពេល​បច្ចុប្បន្ន​៕

​

សម្តេច ហ៊ុន សែន អះអាងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

​រាជធានី​ភ្នំពេញ ៖ សមេ​ច​តេ​ជោ ហ៊ុន សែន បានប្រកាស​និង​អះអាង​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​នឹង ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​គម្រោង​នេះ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះ ទេ ។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ ១៥០០០​នាក់ កាលពី​ព្រឹក​មិញ នៅ​តំបន់​ចំការ​ដូង ។​
សម្តេច ហ៊ុន សែន បាន​ថ្លែងថា មូល​ហេតុដែល​សម្តេច​មិន​សម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​មុន​ឆ្នាំ​២០២៣​នោះ ដោយសារតែ​កម្ពុជា​ត្រូវការ​ពេលវេលា ត្រូវការ​ថវិកា ដើម្បី​សាងសង់ ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​សំខាន់ៗ មួយចំនួន ។ សម្តេច​ថា ការចំណាយ​លើ​ការរៀបចំ​ស៊ី​ហ្គេម​ម្តងៗ គឺមាន​ប្រមាណ​៥០០​លាន​ដុល្លារ​ឯណោះ ។ ដូច្នេះ​យើង​ត្រូវការ​ថវិកា​ទាំងនោះ ដើម្បី​សាងសង់ ប្រទេសជាតិ​សិន ។​
យ៉ាងណាក៏ដោយ សម្តេច​ថ្លែង​អះអាងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដោយ​មិន​ផ្លាស់ប្តូរ​ទេ ហើយ​សង្ឃឹមថា សម្តេច​នឹងមាន​វត្តមាន​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ផងដែរ ។​
សូមជម្រាបថា កន្លងទៅនេះ​មាន​លេចឮ​ព័ត៌មាន​ក្រៅ​ផ្លូវ​ថា សម្តេច​បានសម្រេច​លុប ចោល​គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នោះ​ហើយ ។ ប៉ុន្តែ​ឥឡូវ​ច្បាស់លាស់ ហើយ​ថា កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ៕

​

ដំណើរ​​ទៅកាន់​តំបន់​គ្មាន​យោធា​ក្នុងប្រទេស​កូរ៉េខាងត្បូង​របស់លោក ត្រាំ ត្រូវ​លុបចោល​

​កូរ៉េខាងត្បូង ៖ ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ដំណើរ​បំពេញ​ទស្សនកិច្ច​ដែល​មិនបាន​ប្រកាស​ជាមុន​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​តំបន់​គ្មាន​យោធា​ក្នុងប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​ត្រូវបាន​ខកខាន​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ដែល​ខកខាន​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​លោក ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ងាក​មករក​តុ​ចរចា​វិញ​។​
​ស្ត្រី​អ្នកនាំពាក្យ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​នោះ​ជាមួយ​លោក ត្រាំ ផងដែរ ប៉ុន្តែ​ដោយសារ​តែមាន​ការចុះ​អ័ព្ទ​ខ្លាំង​ទើប​បង្ខំ​ឲ្យ​វិលត្រឡប់​មកវិញ​។​
​សូមបញ្ជាក់ថា ថ្ងៃ​ពុធ​នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក ត្រាំ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​របស់លោក​នៅក្នុង​តំបន់​អាស៊ី​ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​បញ្ហា​ប្រទេស​កូរ៉េខាងជើង​៕

​

ព្យុះ​ទី​ហ្វុ​ង​ដំរី​វាយប្រហារ​ភាគខាងត្បូង​វៀតណាម​សម្លាប់​មនុស្ស​កើន​ដល់​៨៩​នាក់

ហាណូយ ៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៨៩​នាក់​ហើយ និង​ប្រមាណ​១៨​ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​ដដែល ខណៈដែល​មនុស្ស​១៧៤​នាក់​រងរបួស​ដោយសា​រ​ព្យុះ​ទី​ហ្វុ​ង​ដំរី​ដែល​បាន​វាយលុក​យ៉ាង​ចាស់ដៃ នៅតាម​បណ្តាញ​ឆ្នេរ​ភាគ​កណ្តាល និង​ភាគខាងត្បូង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ព្រឹក​នេះ​។​
​រដ្ឋាភិបាល​វៀតណាម គិត​ចាប់​តាំងតែ​ពី​ព្យុះ​កំណាច​ខាងលើ បានធ្វើ​ដំណើរ​មកដល់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​មក មនុស្ស​សរុប​កើន​ដល់​៨៩​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ព្រមទាំង​ក្នុង​ហេតុការណ៍​លិច​ទូក នៅ​ឯនាយសមុទ្រ ខណៈ​មនុស្ស​ប្រមាណ​១៨​ផ្សេងទៀត នៅតែ​បន្ត​បាត់​ខ្លួន​ដដែល និង​១៧៤​នាក់​រងរបួស​។ ក្រៅពីនេះ លំនៅឋាន​ជាង​២,០០០​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង និង​ច្រើនជាង​១១០,០០០​ខ្នង​ទៀត រង​ការខូចខាត ហើយ​សត្វ​ចិញ្ចឹម​ជិត ១០,០០០​ក្បាល​បាន​ងាប់​។​
​ព្យុះ​ទី​ហ្វុ​ង​ដំរី គឺជា​ព្យុះ​ដ៏​កំណាច​ចុងក្រោយ​គេ​បង្អស់ ដែល​បាន​បោកបក់​មកលើ​បណ្តោយ​ឆ្នេរ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧​នេះ ខណៈ​មនុស្ស​យ៉ាងតិច ២៤០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់ ឬក៏​បាត់​ខ្លួន នៅក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ចាប់​តាំងពីដើម​ឆ្នាំនេះ​។​
​សូមបញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​ដំរី​នេះ បាន​វាយប្រហារ​មកលើ​ប្រទេស​អាស៊ាន​មួយ​នេះ នៅមុន​ប្រទេស​នេះ គ្រោង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC នៅឯ​ទីក្រុង​ដា​ណា​ង នា​សប្តាហ៍​ក្រោយ​។ កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​, និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ​៕

​

​ចាប់ខ្លួនជនសង្ស័យ​២​នាក់ ករណី​ដឹកឈើ​ប្រណីត​ខុសច្បាប់

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ពញាឮ​ធ្វើការ​ចាប់ខ្លួន ខណៈដែល ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៤៥​នាទី ស្ថិតក្នុង​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​
​តាម​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចុះ​ល្បាត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង​កំពុងបើក​តាម​បណ្ដោយ​ផ្លូវ​ដោយមាន​ដឹកឈើ​ផងដែរ ដោយមាន​ការសង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏បាន​ហៅ​ឲ្យ​ឈប់ រួច​សុំ​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ឈើប្រណិត​ជា​ប្រភេទ​ឈើ​ធ្នុង​ចំនួន​២៤​ដុំ ឈានដល់​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​។
​ប្រភព​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​២​នាក់ ទី​១-​ឈ្មោះ ភិន សុខ​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទោង ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ និង​ទី​២-​ឈ្មោះ សៅ ដា​នី ហៅ​ច្រែង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទោង ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​រួមមាន ៖ ឈើប្រណិត​ប្រ​ភេ​ធ្នុង​ចំនួន​២៤​ដុំ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ចំនួន​មួយគ្រឿង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​

ទំនុកចិត្ត​លើ​លោក ត្រាំ ធ្លាក់ចុះ​ទាប​បំផុត​ក្រោយ​ដឹកនាំ​បាន​ជិត​១​ឆ្នាំ​

​អាមេរិក ៖ តាម​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍ ABC តាមរយៈ​របាយការណ៍​ស្ទង់​មតិ​មួយ​ថា ពលរដ្ឋ​អាមេរិក​ដល់​ទៅ​៦៥​ភាគរយ​បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ សម្រេច​ការងារ​បាន​តិចតួច​ប៉ុណ្ណោះ នៅក្នុង​អំឡុងពេល​កាន់អំណាច​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ​។
​ផ្ទុយទៅវិញ អ្នកឆ្លើយ​តប​តែ​៣៧​ភាគរយ​ប៉ុណ្ណោះ យល់ស្រប​ទៅនឹង​ប្រសិទ្ធភាព​ការងារ​របស់លោក ត្រាំ ដែល​នេះ​គឺជា​តួលេខ​ទាប​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បើ​ធៀប​នឹង​ប្រធានាធិបតី​ដទៃទៀត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៤៦​មក បន្ទាប់ពី​លោក ត្រាំ បាន​ឡើងកាន់តំណែង​បាន​រយៈពេល​៩​ខែ​ដំបូង​។​
​ការស្ទង់មតិ​នោះ បាន​រកឃើញ​ទៀតថា អ្នក​ឆ្លើយតប​ដល់​ទៅ​៥៥​ភាគរយ និយាយថា លោក ត្រាំ នឹងមិន​ធ្វើតាម​ការសន្យា​ដែល​លោក​បាន​ប្ដេជ្ញា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះទេ ដែល​តួលេខ​នេះ​បង្ហាញ​នូវ​ការកើនឡើង​ពី​អត្រា​៤១​ភាគរយ នៅក្នុង​ការស្ទង់មតិ​មួយ​កាលពី​ខែមេសា​កន្លងមក ពោលគឺ ១០០​ថ្ងៃក្រោយ​លោក ត្រាំ ឡើងកាន់តំណែង​។​
​ការស្ទង់មតិ​ក៏បាន​ចោទសួរ​ផងដែរ​ថា តើ​លោក ត្រាំ ជា​មេដឹកនាំ​ខ្លាំង​ម្នាក់​ឬទេ​។ ជាការ​ឆ្លើយតប ពលរដ្ឋ ៤០​ភាគរយ​ប៉ុណ្ណោះ​យល់ស្រប ប៉ុន្តែ តួលេខ​នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ​ពី​ចំនួន ៥៣​ភាគរយ នៅក្នុង​ការស្ទង់មតិ​កាលពី​ខែមេសា​កន្លងមក​។​
​សូមបញ្ជាក់ថា លោក ត្រាំ បាន​ឡើង​ដឹកនាំ​អាមេរិក​បន្ត​ពី​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃទី​២០ ខែមករា​ក្នុងឆ្នាំនេះ បន្ទាប់ពី​លោក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​៕

​

វាយប្រហារ​ស្ថានីយទូរទស្សន៍​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​មនុស្ស​៥​នាក់

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុមមន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​អ្នក​វាយប្រហារ​ចំនួន​២​នាក់ និង​ចំនួន​២១​នាក់​ទៀត​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ស្ថានីយទូរទស្សន៍​សាម​សាដ (Shamshad) នៅក្នុង​ទីក្រុង​កា​ប៊ូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នៅពេល​ក្រុម​ភេរ​វករ​ចំនួន​២​នាក់​បាន​វាយប្រហារ​ស្ថានីយទូរទស្សន៍​នេះ​ដោយ​ចោល​គ្រឿងផ្ទុះ​នៅ​ច្រកចូល​ស្ថានីយ​បន្ទាប់មក​ដើរចូល​ក្នុង​អគារ​ការិយាល័យ​ក្នុង​ម៉ោង​ធ្វើ​ការធ្វើ​ឲ្យ​បុគ្គលិក​មួយចំនួន​វាយ​កញ្ចក់​លោត​តាម​បង្អួច​គេច​ពី​គ្រោះថ្នាក់​នេះ​។​
​ក្រោយមក អ្នក​វាយប្រហារ​បាន​ក្លែងខ្លួន​ជា​មន្ត្រីប៉ូលិស​ចូល​ជ្រក​ក្នុង​អគារ​មួយ​នៅក្នុង​ស្ថានីយ៍​នេះ ហើយក៏​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​វាយប្រហារ​និង​កងកម្លាំង​ពិសេស​ដែល​បាន​ទៅដល់​ទីនោះ​ក្រោយពី​កើតហេតុ​ដោយបាន​បាញ់សម្លាប់​អ្នក​វាយប្រហារ​ទាំង​២​នាក់​នេះ​នៅ​កន្លែងកើតហេតុ​។​
​គណៈកម្មាធិការ​សុវត្ថិភាព​អ្នកកាសែត​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកកាសែត​តែង​រង​ការវាយប្រហារ​ពី​ក្រុម​បះបោរ​ដោយ​គ្រាន់តែ​រយៈពេល​៦​ខែ​ដំបូង​ក្នុងឆ្នាំនេះ​គឺមាន​បុគ្គលិក​ផ្នែក​ព័ត៌មាន​និង​អ្នកកាសែត​ចំនួន​១០​នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​នេះ​៕


​