All posts by មេគង្គ ប៉ុស្តិ៍

រកឃើញ​រណ្តៅ​កប់​សាកសព​មួយចំនួន​នៅ​តំបន់​ដែល​ដណ្ដើមបាន​ពី​ក្រុម ISIS

​អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រី​នៅ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា រណ្ដៅ​កប់​សាកសព​មួយចំនួន​ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់​មួយ​ដែល​ទើប​ដណ្ដើមបាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នោះ​អាចមាន​សាកសព​រហូតដល់​ចំនួន​៤០០​នាក់​។​
​អភិបាលខេត្ត​គើ​គូក (Kirkuk) បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា សាកសព​ជន​ស៊ីវិល​និង​កងសន្តិសុខ​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅ​មូលដ្ឋាន​ដែល​គេ​បោះបង់ចោល​មួយកន្លែង​នៅ​ជិត​ទីក្រុង​ហា​វី​ចា​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ដែល​គេ​ទើប​ដណ្ដើមបាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​កាលពី​ខែតុលា​។​
​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្លាប់បាន​នាំ​ចំណាប់ខ្មាំង​ទៅ​កន្លែង​នេះហើយ​បាញ់ប្រហារ​ឬ​ចាក់​សាំង​ដុត​ពួកគេ​ទាំង​រស់ ហើយ​គេ​បានឃើញ​អ្វីៗ​នៅក្នុង​រណ្ដៅ​ទាំងនេះ​មាន​សណ្ឋាន​ដូចជា​ខោអាវ​ដាច់​រហែក និង​បំណែក​ឆ្អឹង​ព្រមទាំង​លលាដ៍ក្បាល​មនុស្ស​។​
​កងកម្លាំង​អ៊ីរ៉ាក់​បាន​វាយ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​ដែនដី​ដែល​ក្រុម​ជ្រុលនិយម​នេះ​បាន​ធ្លាប់បាន​គ្រប់គ្រង​កន្លងមក​ស្ទើរតែ​ទាំងអស់ ហើយ​អាជ្ញាធរ​បាន​រកឃើញរ​ណ្ដៅ​កប់​សាកសព​មួយចំនួន​នៅ​តំបន់​ដែល​គេ​ទើប​រំដោះ​បាន​ថ្មីៗ​នេះ​ជា​បន្តបន្ទាប់​ផងដែរ​៕


​

គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៥​រវាង​រថយន្ត និង​រថយន្ត​

​បាត់ដំបង ៖ នៅ​ម៉ោង​១០ និង​៣៥​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុម​២ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី លើផ្លូវ​ជាតិ​លេខ​៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​រថយន្ត​។​
​រថយន្ត​បង្ក​ម៉ាក​កូរ៉េ Frontier ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2S 9723 ធ្វើដំណើរ​ពី​ទិស​បាត់ដំបង​ទៅ​ភ្នំពេញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​( គេចខ្លួន )​លុះ​មកដល់​ចំណុច កើតហេតុ បាន​រ៉េ​ចង្កូត​ទៅបុក រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​សាំង​យ៉ុង ពណ៌ ស្លែ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ជាយ ចាន់​រិត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ បើកបរ​មាន​ទីលំនៅ ភូមិ បឹង​ស្មុក ឃុំ​ស្វាយស ស្រុក​បាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរ ច្រាស់ទិស​គ្នា បណ្តាលអោយ​របួស​មនុស្ស​ម្នាក់​ឈ្មោះ អឿន អុល ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​( របួសធ្ងន់ ) ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេល​បង្អែក​ស្រុក​មោង​ប្ញ​ស្សី ចំណែក​រថយន្ត​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ព្រៃតូច រង់ចាំ​ដោះស្រាយ​នៅពេល​ក​ក្រោយ​៕

​

រថយន្ត​កាមរី​ដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវ​រដ្ឋបាល​ព្រៃឈើ​បង្រ្កាប​

​ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ឃាត់​ចាប់​កាមរី​គូទ​ស្វិត​កាត់​គូទ​១​គ្រឿង ខណៈ លួច​ដឹកឈើ​ប្រណីត ប្រភេទ​ធ្នង់ នាងនួន​ពេញ​រថយន្ត​បំរុង​លោតឆ័ត្រ​ដឹកចេញទៅ​ក្រៅ​ខេត្ត នៅត្រង់ចំណុច​ផ្លូវលំ​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង កាលពី​ល្ងាច ថ្ងៃទី​១២ ខែ​វិច្ចិកា​នេះ ។​
​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​គូទ​ស្វិត​កាត់​គូទ​ដឹកឈើ​ប្រណីត​ខាងលើនេះ ពណ៌​ប្រផេះ​បិទ​ស្កុ​ត​ពណ៌​ខៀវ​មួយ​កំណាត់​ខាងក្រោយ ស្លាក់​លេខ (​ង 4950 ភ​) ចំណែក​តៃកុង​រថយន្ត និង​ព្រូ​បាន​រត់​គេចខ្លួនបាត់​។​
​បច្ចុប្បន្ន​ទាំង​រថយន្ត និង​ឈើ​ប្រណីត​ទាំងអស់នោះ​ត្រូវបាន​សម​ត្ថិ​កច្ច​ជំនាញ​អូស​យកមក​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ដោយឡែក​ចំនួន​ឈើ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​ជំនាញ​ធ្វើការ​វាស់វែង​តាម​ក្រោយ​៕

​

ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​ឃាតកម្ម​អារ​-​ក​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​រាជធានី​ភ្នំពេញ ៖ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ជា សុវណ្ណ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ឃាតកម្ម​អារ​-​ក​សម្លាប់ ហើយរ​ត់ទៅ​ចងក​ខ្លួនឯង​តាម​ក្រោយ​នោះ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​ថា អ្នក​ទាំង​២​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ប៉ុន្ដែ​ក្រោយ​ការស្រាវជ្រាវ គឺ​មិនមែន​នោះទេ ដោយ​គ្រាន់តែ​ជា​ស្រី​កំណាន់​ប៉ុណ្ណោះ ហើយ​មូលហេតុ​វិញ​ដោយសារតែ​ឥទ្ធិពល​ភ្លើង​ប្រច័ណ្ឌ​។​
​លោក​អធិការរង​បាន​បញ្ជាក់ថា បុរស​ជា​ជនបង្ក​ឈ្មោះ សោម កាន់ ហៅ​តា​ខ្លី អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ដុល​ពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង និង​ស្ដ្រី​ដែលជា​ស្រី​កំណាន់​នោះ ឈ្មោះ​ហៅ​ក្រៅ​ថា ចែ ស អាយុ​ប្រហែល​៤០​ឆ្នាំ​។​
​សូមបញ្ជាក់ថា ករណី​ខាងលើនេះ​កើតឡើង និង​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅក្នុង​បន្ទប់​ជួល សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

​

ប្រទេស​៣​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​

​អាល្លឺម៉ង់ ៖ នៅក្នុង​ស​ន្ទ​ស្សន៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា ប្រទេស​ហៃ​ទី​ដែល​ត្រូវបាន​រង​ការវាយប្រហារ​ពី​ខ្យលព្យុះ​កំបុតត្បូង​ដ៏​មាន​ឥទ្ធិពល​កាលពី​ឆ្នាំមុន​នោះបាន​ស្ថិតក្នុង​លេខ​រៀង​ទី​១​នៃ​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ឆ្នាំ​២០១៦​។​
​ប្រទេស​ស៊ីម​បា​វ៉េ​ដែល​បានទទួល​រងគ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​បាន​ស្ថិតក្នុង​លេខ​រៀង​ទី​២ ហើយ​ប្រទេស​ហ្វ៊ី​ជី​ដែល​បាន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ស៊ីក្លូន​ត្រូពិច​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ដែន​កោះ​របស់គេ​នោះបាន​ស្ថិតក្នុង​លេខ​រៀង​ទី​៣​នៅក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​ដែល​ចេញផ្សាយ​ប្រចាំឆ្នាំ​ដោយ​អង្គការ​ជឺ​មេន វ៉​ច (Germanwatch) ដែលជា​អង្គការ​បរិស្ថាន​មិន​រកប្រាក់​ចំណេញ​មាន​មូលដ្ឋាន​ក្នុងប្រទេស​អាល្លឺម៉ង់​។​
​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​បានបង្ហាញ​ថា សហរដ្ឋអាមេរិក​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១០ ដោយមាន​អ្នកស្លាប់​ចំនួន​២៦៧​នាក់ ហើយ​ទំហំ​ទឹកប្រាក់​នៃ​ការខូចខាត​ដែល​បណ្តាលមកពី​អាកាសធាតុ​មាន​ចំនួន​៤៧.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​យោងតាម​របាយការណ៍​នោះ​, នៅ​ចន្លោះ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០១៦, មនុស្ស​ជាង​៥២​ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​បញ្ហា​អាកាសធាតុ​ជាង​១​ម៉ឺន​១​ពាន់​ករណី​ដែល​រួមមាន​ដូចជា​ព្យុះ​, ទឹកជំនន់ និង​រលក​កំដៅ​នៅ​ទូទាំង​ពិភពលោក​។ ហើយ​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន​ប្រហែល​៣.១៦​ទ្រី​លាន​ដុល្លារ​អាមេរិក​។​
​គួរ​បញ្ជាក់ថា ប្រទេស​ហ្វ៊ី​ជី​គឺជា​ប្រធាន​នៅក្នុង​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​ទៅលើ​បញ្ហា​អាកាសធាតុ​នៅក្នុង​ឆ្នាំនេះ ហើយ​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​កំពុង​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការបញ្ចេញ​កម្តៅ​ភពផែនដី​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ក​ឲ្យ​មាន​ព្យុះ​, ទឹកជំនន់ និង​គ្រោះរាំងស្ងួត​កើតឡើង​កាន់តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​៕

​

រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​១​គ្រឿង​ត្រូវបាន PM ខេត្តស្ទឹងត្រែង​បង្ក្រាប

ខេត្តស្ទឹងត្រែង ៖ កម្លាំង PM ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង ម៉ាក់​កាមរី​ស្វិត ពណ៌​ស​ពាក់​ស្លាក់​លេខ កណ្ដាល ២A-3449 ដែល​បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​រថយន្ត ចូលមកក្នុង​ទី​រួម​ខេត្ត រួច​បម្រុង​បន្ត ទៅកាន់​ប្រទេស​វៀតណាម ។ ប្រតិបត្តិ​ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំនុច​ក្បែរ កាឡាក់ស៊ី សង្កាត់​ស្រះ​ឫស្សី នា​យប់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​តាម​សេចក្ដីរាយការណ៍​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ បានធ្វើ​សកម្មភាព​ដឹកឈើ ចេញពី​ស្រុក​សៀម​ប៉ាង ស្ទើរតែ​រាល់​យប់ តែ​មិនមាន​សមត្ថកិច្ច នៅតាម​គោលដៅ​ធ្វើការ​បង្ក្រាប​ទាល់តែសោះ បែរជា​បណ្ដោយ​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណីត ទាំងនេះ ទៅបាន​ដោយ​រលូន​ទៅវិញ​។​
​បច្ចុប្បន្ន ទាំង​រថយន្ត និង​ឈើ​ប្រណីត ត្រូវ​កម្លាំង​អាវុធហត្ថ​អូស​យកមក​រក្សាទុក​នៅ​បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅកាន់​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្តទៀត ៕

​

អ្នកយកព័ត៌មាន CNC ៣​នាក់​របួសធ្ងន់​ស្រាល​ដោយសារ​ក្រឡាប់ឡាន

ខេត្តសៀមរាប ៖ ក្រុម​អ្នកយកព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ CNC ៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ ខណៈពេល​កំពុងធ្វើដំណើ​រ​ទៅយក​ព័ត៌មាន​តំបន់​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧១ ក្នុង​តំបន់​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​គឺ​បង្ក​ឡើយ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ពោលគឺ​ពេល​កំពុង​បើកបរ​ស្រាប់តែ​រេ​ចង្កូត​ប្រ​ឡាប់​ធ្លាប់​ផ្លូវ​តែម្ដង​។ ប្រភព​បន្តថា ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស រួមមាន ៖ លោក ថាំង ចាន់ថា​រ៉ា​ន់ អ្នក​អធិប្បាយ​ព័ត៌មាន រងរបួស​ធ្ងន់​, លោក ង៉ាន់ សំណាង រងរបួស​ធ្ងន់ និង​លោក លោក ទេព ពិសិដ្ឋ អ្នកបើកបរ​រងរបួស​។​
​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យផងដែរ​៕

​

កម្ពុជា​២​រូប​ចាញ់​ចិន​ទាំង​២ ក្នុង​ព្រឹត្តិការណ៍ One FC ​យប់មិញ

​កីឡា ៖ ការប្រកួត​ព្រឹត្តិការណ៍ One FC នៅ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​យប់មិញ កីឡាករ​កម្ពុជា​២​រូប ប្រកួត​ចាញ់​កីឡាករ​ចិន​ទាំង​២​នាក់​។​
​ក្នុងនោះ​កីឡាករ ថៃ រិទ្ធី បាន​គោះ​កំរាល​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​១ ក្រោយ​ជាប់​ក្លេ​ករ​បស់​កីឡាករ​ចិន ខណៈ ផាត់ សូ​ដា បាន​របួស​ក្បាល​និង​ក ធ្ងន់ធ្ងរ ព្រោះ​ត្រូវបាន ដោយ​កីឡាករ​របស់​ចិន​បាន​ចាប់​បោក​ក្បាល​មក​មុន​ដែល​នេះ គឺជា​ការបំពានច្បាប់ ដែល one fc បានកំណត់ ហើយ ផាត់ សូ​ដា ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ផ្នែក សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​៕

​

សាហាវណាស់​! ​អារ​-​ក សម្លាប់​ប្រពន្ធ រួច​ចងក​សម្លាប់ខ្លួន

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បុរស​ជា​ប្ដី​បាន​អារ​-​ក​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ចោល រួចរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ នៅក្នុង​បន្ទប់​ជួល​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ សមត្ថកិច្ច​បានដាក់​ការសង្ស័យថា ប្ដី​ជា​អ្នក​អារ​-​ក​សម្លាប់​ប្រពន្ធ រួច​បាន​ទៅ​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ ដោយ​ស្ថានភាព​ស្លាប់​វិញ ប្រពន្ធ​ដេកស្លាប់​នៅក្នុង​មុង​ស្លៀក​សា​រ៉ុង​ចង់ពុង ហើយ​ប្ដី​វិញ​ស្លាប់​ទាំង​អាក្រាតកាយ នៅជាប់​នឹង​ចំរឹង​បង្អួច​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​ជា​ប្ដី​ឈ្មោះ​ហៅថា តា​ខ្លី អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​ប្រពន្ធ​ឈ្មោះ​ហៅថា ចែ ស អាយុ​ប្រហែល​៤០​ឆ្នាំ​។​
​ទោះបីយ៉ាងណា​នៅ​មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ច្បាប់​នៅឡើយ​ទេ ជុំវិញ​ករណី​ខាងលើនេះ​៕

​

​បញ្ជូន​មន្ត្រីនគរបាល​ដែល​បើក​រថយន្តបុក​យោធា​ស្លាប់ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៧​នេះ នគរបាល​កា​រិ​យ​ល័យ​ចរ​ចរណ៍​ផ្លូវគោក​បាន​បញ្ជូន​មន្ត្រីនគរបាល​ម្នាក់​ឡើង​តុលាការ ពាក់ព័ន្ធ​ករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​
​ជនបង្ក​ឈ្មោះ ឈាង វិជ្ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល មាន​លំនៅស្ថាន​លេខ​២៩៩២ ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​អ្នកបើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ 1434​។ ជនរងគ្រោះ​ឈ្មោះ មា​ជ រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​យោធា មាន​លំនៅស្ថាន​លេខ ៤៩ ផ្លូវលំ ដ​ង្កា​ត់​ស្រះចក ខណ្ឌដូនពេញ ជា​អ្នកជិះ​ម៉ូតូ​មាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S 3398​។​
​សូមជម្រាបថា កាលពី​វេលា​ម៉ោង​១ និង​៥​នាទី​យប់​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ ១០៦​កែង​ផ្លូវ​លេខ​៥១ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ដែល​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បាន​បុក​ម៉ូតូ​ធ្វើដំណើរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​ដោយ​ស្ថានភាព​អ្នករបួស​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​៕

​

សម្ដេច ហ៊ុន សែន ៖ ប្រទេស​ណា​មិន​ទទួលស្គាល់ លទ្ធផល​បោះឆ្នោត​កម្ពុជា​ជា​រឿង​របស់គេ​

​រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា ប្រទេស​ទាំងឡាយណា ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កម្ពុជា គឺជា​រឿង​របស់​ប្រទេស​នោះ សំខាន់​ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ ទទួលស្គាល់​ទៅបាន​ហើយ ហើយ​កម្ពុជា ក៏​មិនបាន​ចាប់បង្ខំ​ឲ្យ​ទទួលស្គាល់​នោះដែរ​។​
​សម្តេច​ថ្លែង​បែបនេះ​នាឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គ្មាន​ប្រទេស​ណាមួយ នៅក្នុង​ពិភពលោក​គ្មាន​បញ្ហា​នោះទេ ហើយ​ចង់​ឲ្យ​ប្រទេស​នីមួយៗ ធ្វើ​កិច្ចការ​របស់​ប្រទេស​ខ្លួនឯង​ទៅ កុំមក​ជ្រៀតជ្រែក​លើ​កិច្ចការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​។​
​សម្ដេច​តេ​ជោ​បញ្ជាក់ថា “​យើង​នឹង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា ២៥ កុម្ភៈ បោះឆ្នោត​សភា ២៩ មករា​។ ទោះ​អ្នក​មិន​ទទួលស្គាល់ ជា​រឿង​របស់​អ្នកឯង សំខាន់​ពលរដ្ឋ​របស់​យើង ទទួលស្គាល់​ហើយ ការបោះឆ្នោត​បាន​ហើយ​”​។​
​សម្ដេច​តេ​ជោ សង្ឃឹមថា បញ្ហា​ប្រទេស​របស់​កម្ពុជា ទុក​ឲ្យ​កម្ពុជា ដោះស្រាយ កុំមក​ជ្រៀតជ្រែក ហើយ​កម្ពុជា ប្តេជ្ញា​គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ សម្ដេច​ថា កម្ពុជា អត់​មាន​អញ្ជើញ​ឲ្យ​ប្រទេសក្រៅ មក​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ទេ​
​សូមបញ្ជាក់ថា ការប្រកាស​របស់​សម្តេច​តេ​ជោ បែបនេះ បន្ទាប់ពី​លោក ថិ​ដ គ្រូ​ស៍ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ម្សិលមិញ បាន​លើកឡើងថា បើ​គ្មាន​ការដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៨​នោះទេ សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត មិន​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​កម្ពុជា ជាដាច់ខាត​៕

​

ល្ងាច​នេះ​! កីឡាករ​កម្ពុជា​២​រូប​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ One FC

​កីឡា ៖ នៅ​ម៉ោង​៦​ល្ងាច​នេះ​កីឡាករ​វាយ​ដាក់​ទ្រុង​របស់​កម្ពុជា​ចំនួន​២​រូប​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ ONE Championship នៅលើ​សង្វៀន Mall of Asia Arena នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​ប៉ះ​កីឡាករ​ចិន​ទាំង​២​នាក់​។​
​ក្នុងនោះ​កីឡាករ ថៃ រិទ្ធី ប៉ះ កីឡាករ Zhao Zhi Kang ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម ខណៈ ផាត សូ​ដា ជួប Peng Xue Wen ក្នុង​ទម្ងន់ ៥២,២ គីឡូក្រាម ៕

​

ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​នៅ​ផ្លូវជាតិ​លេខ​៦ បណ្តាល​ឲ្យ​រងរបួស​១០៣​នាក់

​ខេត្តកំពង់ចាម ៖ កម្មករ​១០៣​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយ​ក្នុងនោះ​៤​នាក់​រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​រថយន្ត​ដែល​ពួគគេ​ក្រឡាប់​ដោយសារតែ​អ្នកបើកបរ​បួង​ចង្កូត​ខ្លាំងពេក​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​។​
​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ​ខ្លួនឯង​តែម្ដង ពាក់​ស្លាក​លេខ​កំពង់ចាម 3A-4553 បើកបរ​ដោយ​ឈ្មោះ ឆៃ គីមហេង ទីលំនៅ​ភូមិ​ពោធិ៍​ស្ទាង ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម​។ លោក​បញ្ជាក់ថា មុនពេល​កើតហេតុ​រថយន្ដ​ខាងលើ បាន​ដឹក​កម្មករ​រោងចក្រ​បើក​ពី​ទិស​ខាង​លិចទៅ​កើត ចូល​រោងចក្រ​ជូ​ហួយ លុះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង​បម្រុង​ចូល​រោងចក្រ​ជូ​ហួយ ប៉ុន្ដែ​ពេល​បត់​ចូល​នោះ​អ្នកបើកបរ​បួង​ចង្កូត​ខ្លាំងពេក ក៏​បណ្ដាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​តែម្ដង​។​
​ក្រោយ​កើតហេតុ​ភា្ល​មៗ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុគន្ធ អធិការនគរបាល​ស្រុក បាន​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់​ចំនួន​៤​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​៕

​

បើក​រេ​វិចទ័រ​ថយក្រោយ​មិនបាន​មើល កិន​កូន​ខ្លួនឯង​ស្លាប់​

​ខេត្តកណ្ដាល ៖ ក្មេងប្រុស​តូច​អាយុ​៣​ឆ្នាំ​ម្នា​ក់បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោម​កង​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ខណៈ​ឪពុក​ប​ង្មើ​ត​ក្មេងរងគ្រោះ​បើក​ថយក្រោយ មិនបាន​មើល កាលពី​វេលា​ម៉ោង​៩ និង​០៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់ បាន​ឲ្យ​ដឹងថា ក្មេង​តូច​រងគ្រោះ​ឈ្មោះ ទុំ សុខ​ណា ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​កូន​ជនបង្ក​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទូក ទុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នកបើកបរ​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ត្រូវជា​ឪពុក​។ នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់ បញ្ជាក់​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ អ្នកបើកបរ​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ដែល​បើកបរ​ដោយ​ឈ្មោះ ទូក អ៊ំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​កើតហេតុ​ខាងលើ ដោយ​មិនបាន​មើល​ក្រោយ បណ្តាល​ឲ្យ​កិន​កូន​ខ្លួនឯង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​សាកសព និង​បានធ្វើ​សេចក្ដីសន្និដ្ឋាន ដោយ​ករណីនេះ ឪពុកម្ដាយ​មានការ​ធ្វេស​ប្រហែល បណ្ដាល​ឲ្យ​កូន​ខ្លួនឯង​មាន​គ្រោះថ្នាក់ រហូត​ស្លាប់​។ សព​បាន​ក្រុមគ្រួសារ​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕

​

គ​.​ជ​.​ប ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥២​ម៉ឺន​នាក់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​

រាជធានី​ភ្នំពេញ ៖ ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ រយៈពេល​៦៩​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចំនួន​៥២៥,៤៥៩​នាក់ ស្មើនឹង ៣២.៣១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដែល​សរុប​ចំនួន​ពលរដ្ឋ​ឈ្មោះ​បោះឆ្នោត​បណ្ដោះអាសន្ន​មាន​ចំនួន​៨,៣៧០,៥៨៥​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​សេចក្ដីប្រកាស​បាន​បន្ត​ថា រយៈពេល​៦៩​ថ្ងៃ​ដូចគ្នា ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ១៩,៩០៧​នាក់ និង​អ្នក​ត្រូវ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន ៥,៤៩៣​នក់​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​។​
​សូមបញ្ជាក់ថា ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ចំនួន​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕

​