អាល្លឺម៉ង់ ៖ នៅក្នុងសន្ទស្សន៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ប្រទេសហៃទីដែលត្រូវបានរងការវាយប្រហារពីខ្យលព្យុះកំបុតត្បូងដ៏មានឥទ្ធិពលកាលពីឆ្នាំមុននោះបានស្ថិតក្នុងលេខរៀងទី១នៃប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងឆ្នាំ២០១៦។
ប្រទេសស៊ីមបាវ៉េដែលបានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានស្ថិតក្នុងលេខរៀងទី២ ហើយប្រទេសហ្វ៊ីជីដែលបានរងការវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងដែនកោះរបស់គេនោះបានស្ថិតក្នុងលេខរៀងទី៣នៅក្នុងសន្ទស្សន៍ហានិភ័យអាកាសធាតុដែលចេញផ្សាយប្រចាំឆ្នាំដោយអង្គការជឺមេន វ៉ច (Germanwatch) ដែលជាអង្គការបរិស្ថានមិនរកប្រាក់ចំណេញមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់។
សន្ទស្សន៍ហានិភ័យអាកាសធាតុបានបង្ហាញថា សហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ ដោយមានអ្នកស្លាប់ចំនួន២៦៧នាក់ ហើយទំហំទឹកប្រាក់នៃការខូចខាតដែលបណ្តាលមកពីអាកាសធាតុមានចំនួន៤៧.៧ពាន់លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍នោះ, នៅចន្លោះឆ្នាំ១៩៩៧ និងឆ្នាំ២០១៦, មនុស្សជាង៥២ម៉ឺននាក់បានបាត់បង់ជីវិតដោយសារបញ្ហាអាកាសធាតុជាង១ម៉ឺន១ពាន់ករណីដែលរួមមានដូចជាព្យុះ, ទឹកជំនន់ និងរលកកំដៅនៅទូទាំងពិភពលោក។ ហើយការខូចខាតផ្នែកសេដ្ឋកិច្ចមានចំនួនប្រហែល៣.១៦ទ្រីលានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ប្រទេសហ្វ៊ីជីគឺជាប្រធាននៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិទៅលើបញ្ហាអាកាសធាតុនៅក្នុងឆ្នាំនេះ ហើយរដ្ឋជាច្រើននៅក្នុងប្រទេសនេះកំពុងជំរុញឲ្យមានចំណាត់ការបន្ទាន់ដើម្បីទប់ស្កាត់ការបញ្ចេញកម្តៅភពផែនដីដែលត្រូវបានគេរំពឹងថានឹងបង្កឲ្យមានព្យុះ, ទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ៕