All posts by មេគង្គ ប៉ុស្តិ៍

ចិន សន្យា​ជួយ​បោសសម្អាត​មីន​នៅ​កម្ពុជា​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សន្យាថា រដ្ឋាភិបាល​ចិន នឹង​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ឱ្យបាន​ឆាប់រហ័ស ។​
​នៅក្នុង​ជំនួប​ទ្វេភាគី រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ លោក លី កឺ​ជាំ​ង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន ភាគី​ទាំងពីរ បាន​ជំរុញ​កិច្ចការ ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដែល​បាន​បន្សល់ទុក​ពី​សង្គ្រាម​រាំ​រ៉ៃ​នៅ​កម្ពុជា​រាប់​ទស្សវត្ស​កន្លងមកហើយ​។ លោក លី កឺ​ជាំ​ង បាន​បញ្ជាក់ថា ការដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អទិភាព​មួយ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការជួយ​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​នេះ​។ ក្នុង​បរិ​ការ​នេះ រដ្ឋាភិបាល​ចិន​សន្យាថា នឹង​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ និង​សម្រេច​។ ជារួម​គឺត្រូវធ្វើ​អោយបាន​មុនពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​។ ទន្ទឹមនេះ លោក លី កឺ​ជាំ​ង បានបញ្ជាក់​សាជាថ្មី​ថា នឹង​ការគាំទ្រ ដល់​កម្ពុជា ក្នុងការ​ថែរក្សា​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បានបញ្ជាក់​បន្ថែម​ផងដែរ នូវ​ការប្តេជ្ញា​រួមគ្នា ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យដល់​កម្រិត​ខ្ពស់​មួយ​ថែមទៀត​។ ក្នុងន័យនេះ ភាគី​ចិន​បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការកសាង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា អោយបាន​ស​ម្រ​ច​ទៅ​យ៉ាង​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះដែរ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី លី កឺ​ជាំ​ង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី ២ នៅ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ​ផងដែរ​៕

​

ភ្លើង​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ា​កា​ឡូត​ហ្គា​មិន​ខូ អស់ទាំង​ស្រុង​

​ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ម៉ា​កា​ឡូត ហ្គា​មិន ខូ​អិ​ល​ធី​ឌី ស្ថិតក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍន​អគារ​អូ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង នៅ​ព្រឹក​ព្រលឹង​ថ្ងៃទី​១៤ វិច្ឆិកា នេះ តែ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ពិត រហូតដល់​អគ្គីភ័យ​នៅឡើយ​ទេ​។​
​អគ្គីភ័យ​បាន​លេប​ត្របាក់​អគារ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ម៉ា​កា​ឡូត ហ្គា​មិន ខូ​អិ​ល​ធី​ឌី​ទាំងស្រុង និង​បាន​បំផ្លាញ​សម្ភារៈ​រោងចក្រ​ជាច្រើន​ក្នុង​រោងចក្រ​តាំងពី​ម៉ោង ៤ និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង ៨ និង ៣០​នាទី​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិការ​នេះ ពោល​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​បាន​ប្រើពេល​រហូតដល់​ជាង ៤​ម៉ោង ដើម្បី​ពន្លត់​អគ្គី​ភ័​នេះ​។ រោងចក្រ​ដែល​ឆាបឆេះ មាន​ទំហំ​ប្រមាណ​៤៨​ម៉ែត្រ​គុណ​១២០​ម៉ែត្រ មាន​ចំនួន​២ អគារ​ជាប់​គ្នា​មាន​កម្មករ​បម្រើ​ការងា​រ​ជាង​១០០០​នាក់​ធ្វើការ ។ ទោះយ៉ាងណា មូលហេតុ​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ខណៈ​ពេលនេះ​ក្រុម​ជំនាញ កំពុងធ្វើការ​ពិនិត្យរ​ក​មូលហេតុ​។
​បើតាម​សន្តិសុខ​យាម​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​កំពុងតែ​យាមល្បាត សុខៗ​ស្រាប់តែ​បានលឺ​សំលេង​ផ្ទុះ​ចេញពី​បរិវេណ​ខាងក្រោយ​រោងចក្រ ដោយសារតែ​លឺ​សំលេង​ផ្ទុះ​ខ្លាំង ហើយ​ពួកគាត់​ជា​សន្តិសុខ​បានរ​ត់ទៅ​មើលឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ចេញ​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ ហើយ​ពួកគាត់​បាន​រត់​ទៅយក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជាច្រើន តែ​ភ្លើង​មិន​រលត់​កាន់តែ​ឆេះ​ខ្លាំង​ទៅៗ ។ ពួកគាត់​បានផ្តល់​ដំណឹង​នេះ​ទៅប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បានមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​។
​ប៉ុន្តែ​បើតាម​លោក យឹម សារ៉ាន់ អធិការដ្ឋាន​បានដឹងថា នៅពេល​ល្ងាច​មុន​ថ្ងៃកើតហេតុ មាន​ជាងដែក​មក​ផ្សា​ជួសជុល​ដំបូល ហើយ​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ស្រាប់តែ​ផ្កាភ្លើង​ដែល​ជាងដែក​ផ្សា​បាន​ធ្លាក់​កម្ទេច​ធ្លា​ក់មក លើ​កម្ទេច​ក្រណាត់​ធ្វើ​ឲ្យ​ឆាបឆេះ​ម្តង​រួចមកហើយ តែ​បាន​ពន្លត់​រលត់ទៅវិញ ។ រោងចក្រ​បាន​បិទ ទ្វារ​ស្រាប់តែ​វេលា​ទាបភ្លឺ​នេះ​ក៍កើត​អគ្គិភ័យ​តែម្តង​។
​ក្រោយ​ប្រតិបត្តិ​រយៈពេល​បួន​ម៉ោង គឺ​ចាប់ពី​ម៉ោង ៤ និង​៣០​នាទី​រហូតដល់​ម៉ោង ៨​និង​៣០​នាទី​ទើប​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​បន្ត​បាញ់​ទឹក​ពន្លត់​រហូតដល់​ម៉ោង ១០​ព្រឹក​។ នគរបាល បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣២​គ្រឿង និង​បាន​បាញ់​ទឹក​ពន្លត់​អស់ ១៣៤​គ្រឿង ក្នុងនោះ​រថយន្ត​របស់​នគរបាល​ក្រុង ២០​គ្រឿង រថយន្ត​របស់ ង ៧០ ចំនួន​៥​គ្រឿង រថយន្ត​របស់​ក្រុង​រណប​ចំនួន​៤​គ្រឿង រថយន្ត​របស់​ស្រ​បៀរ​កម្ពុជា ចំនួន​១​គ្រឿង និង​រថយន្ត​របស់​កា​ណ​ឌី​យ៉ា​ចំនួន​២​គ្រឿង​។​គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​នៃ​អគ្គីភ័យ​នៅឡើយ​ទេ​៕

​

វង់ល្បែង​ស៊ីសង​អាប៉ោង​ពីរ​កន្លែង នៅ​ស្រុក​សង្កែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​បាត់ដំបង ៖ កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​ខុសច្បាប់​ចំនួន​១​កន្លែង​ដកហូត​មេអាប៉ោង​២​គ្រាប់​ឃាត់ខ្លួន​មនុស្ស​៧​នាក់​។​
លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​អោយដឹងថា​៖​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​ក៏ដូចជា​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​បានដាក់​បទបញ្ជា​រ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​អោយបាន​រាល់​បទល្មើស​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​
ជា​លទ្ធផល​ជាក់ស្ដែង​នៅវេលា​ម៉ោង​១១-០០​នាទី​ថ្ងៃទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​លើ​ទីតាំងនៅ​ត្រង់ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ដោយបាន​ប្រតិបត្តិ​ការបង្ក្រាប​នូវ​ល្បែងស៊ីសង​អាប៉ោង ចំនួន​១​កន្លែង​។​
លោក​បន្តថា​៖​នៅក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ក្រុមអ្នកលេង​ល្បែងស៊ីសង​ចំនួន​៧​នាក់​រួម​និង​វត្ថុតាង​រួមមាន​៖ គ្រាប់​អាប៉ោង​ចំនួន​២​គ្រាប់ -​ចាន​អាប៉ោង​ចំនួន​១​ឈុត​-​កំរាល​ចាក់​អាប៉ោង​ចំនួន​១​ផ្ទាំង​-​ប្រាក់​មួយចំនួន​រួម​និង​សម្ភារៈប្រើប្រាស់​សំរាប់​លេង​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ក្រុមអ្នកលេង​ទាំង​៧​នាក់​រួម​និង​វត្ថុតាង​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​យកទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​នៅ​ស្រុក​កំពង់ស្វាយ​

​ខេត្តកំពង់ធំ ៖ កាលពី​ម្សិលមិញ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង នៅ​ចំណុច​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ហើយ​រកឃើញ​ឈើ​ប្រភេទ​ធ្នង់​ប្រមាណ​៦២​ដុំ ។​
​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជា​ប្រភេទ​រថយន្ត​សាំង​យ៉ុង ពណ៌​ស ស្លាក​លេខ សៀមរាប​2A-4506 ។ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ភ្លាមៗ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ទៅដល់​ចំណុច​ខាងលើ ៕

​

ប្ដឹង​លោក លឺ ឡាយស្រេង ទៀតហើយ​រឿង​ប្រមាថ​សម្ដេចក្រុមព្រះ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ អ្នកនាំពាក្យ​គណបក្ស ហ្ទ៊ុ​ន​ស៊ិនប៉ិច បាន​អះអាងថា គណបក្ស​បានដាក់​ពាក្យបណ្ដឹង​ទី​២ ប្ដឹង​លោក លឺ ឡាយស្រេង ពីបទ​ចោទប្រកាន់ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ថា​បានទទួល​សំណូក ចំនួន​១០​ម៉ឺន​ដុល្លារ ក្នុងការ​ផ្ដល់​តំណែង​ជា​អភិបាលខេត្ត ដល់​មន្ត្រី​ម្នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នា​អំឡុង​ឆ្នាំ​១៩៩៣​កន្លងទៅ ។​
​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចាត់ទុក​សម្តី​លោក លឺ ឡាយស្រេង ដែល​បានផ្តល់​បទសម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ីសេរី​នាពេល​ថ្មីៗ​នេះ ដោយ​ចោទ​សម្តេចក្រុមព្រះ​ថា បានទទួល​សំណូក​ជា​ថ្នូរ​នឹង​ការប្រគល់​តំណែង​នោះ គឺជា​ការប្រមាថ និង​បរិ​យា​កេរ្តិ៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិយស​របស់​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។​
​គួ​រម្លឹកថា មេធាវី​ការពារ​ក្តី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ម្តង​រួចហើយ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​លោក លឺ​ឡាយស្រេង ពីបទ​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ និង​សម្តេចក្រុមព្រះ​៕

​

សត្វព្រៃ​រាប់រយ​គីឡូក្រាម ត្រូវ​កងរាជអាវុធហត្ថ ខេត្តបាត់ដំបង​ស្ទាក់​ចាប់បាន​

​បាត់ដំបង ៖ សត្វព្រៃ​រាប់រយ​គីឡូក្រាម ត្រូវបាន​កង​រាជ​អា​ហត្ថ​ខេត្តបាត់ដំបង​ស្ទាក់​ចាប់បាន​ដូចជា​ពស់វែក អណ្តើក កន្ធាយ​និង​សត្វ​ស្លាប​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ភ្នុំពេញ​ជាប់អន្ទាក់​អាវ​ធ​ហត្ថ​ខេត្តបាត់ដំបង​ក្រសោប​ជប់​ទាំង​តៃកុង​ព្រូ​និង​ម្ចាស់​ប្រាំ​នាក់​ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​ការចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វី​រះ​ប៊ុន​ថាំ​ដឹក​សត្វព្រៃ​នេះ​ធ្វើឡើង​កាលពី​យប់​ម៉ោង​០០ និង​៣០​នាទី​ថ្ងៃទី​១៣​វិ​វិច្ឆិកា​២០១៧​លើ​កំណាត់​ផ្លូវជាតិ​លខ​ស្ថិតនៅក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។
លោក សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​នៃ​អាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា​អនុវត្តតាម​ផែនការ​ណែនាំ​របស់​នា​ឧ​ត្ត​ម​ស​នី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​និង​តាម​បញ្ជា​ពី​លោក​ឧ្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​សមត្ថកិច្ច​របស់លោក​បាន​ប្រិប​ត្តិ​ការឃាត់​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន វី​រះ​ប៊ុន​ថាំ​ចំនួន​២​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នុំពេញ​៣C3901​និង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​កោះកុង​3A0492​ដែល​ផ្ទុក​ទៅដោយ​សត្វព្រៃ​រួមមាន​សត្វ​អណ្តើក​រស់​ចំនួន​បី​ការុង​ពីរ​កេស​ស្មើ​២៤០​គីឡូក្រាម​, សត្វ​ពស់វែក​រស់​ចំនួន​មួយ​កេស​ស្មើ​និង​២៧​គីឡូក្រាម​, សត្វ​ព​ស់ចន់​ល្មម​មួយ​កេស​១៤​គីឡូក្រាម​, សត្វ​កន្ធាយ​រស់​បួន​កេស​ស្មើ​៩៥,៥​គីឡូក្រាម ,​សត្វ​ប្រវឹក​ង៉ា​ប់​មួយ​កេស​៤៦​គីឡូក្រាម​និង​ឃាត់ខ្លួន​អ្នកបើកបរ​និង​ព្រូ​ព្រមទាំង​ម្ចាស់​សរុប​ចំនួន​៥​នាក់ រួម​ម​មាន​៖
១​ឈ្មោះ អ៊ឹម សុជា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខ​បរ​បើកបរ​
២​ឈ្មោះ​ប៉ុ​ម សាវុធ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខ​បរ​បើកបរ​
៣​ឈ្មោះ​សឿង រដ្ឋា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខ​ព្រូឡាន​
៤​ឈ្មោះ​សៀង​ហ៊ុយ​សុជា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខ​ព្រូឡាន​
៥​ឈ្មោះ​ជូ ហន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជា​ម្ចាស់​សត្វព្រៃ​។​
​តាម​ចំលើយ​របស់​អ្នកបើក​និង​ម្ចាស់​សត្វ​បាន​សា​ភាព​ថា​សត្វ​ទាំងអស់​ដឹក​ចេញពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​រាជធានី​ភ្នុំពេញ​ហើយ​កា​ដឹក​នេះ​បាន​២០​ជើង​មកហើយ​។​
​បច្ចុប្បន្ន​សត្វព្រៃ​ទាំងអស់​បានប្រគល់​អោយ​ជំនាញ​ខ័​ណ្ណ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមច្បាប់​៕

​

បង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ម៉ាក និង​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​១១​តោន

​រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា (​ម៉ាក​) និង​គ្មាន​ច្បាប់​អនុ​ញ្ញា (​រំលោភច្បាប់​កម្មសិទ្ធិបញ្ញា​) ជាង​១១​តោន នៅផ្ទះ​លេខ ០៩Eo ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ល្មើសច្បាប់​ខាងលើនេះ មានឈ្មោះ តៅ ប្រសិទ្ធ អាយុ​៣៨​ឆ្នាំ ប៉ុន្តែ​ក្នុងពេល​ចុះ​ឆែកឆេរ​នោះ ម្ចាស់​ហាង​មិន​នៅ​នោះទេ នៅតែ​អ្នកមើលការខុសត្រូវ​ម្នាក់​ឈ្មោះ ញឹម ស៊ីណា​។ សមត្ថកិច្ច​បន្តថា ក្រោយ​ការឆែកឆេរ​ជាក់ស្តែង​រួចមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន​៖ សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង​ម៉ាក Lavita ចំនួន​១៣​កេះ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ពេជ្រ ប៊ី ធី ហើយ​ថែមទាំង​រកឃើញ​សាប៊ូ​ជាង ១០​មុខ​ទៀត ដែល​សង្ស័យថា គ្មាន​ច្បាប់​អនុញ្ញាត​ជិត ៨០០​កេះ​ទៀត ស្មើនឹង​ជាង ១០​តោន សរុប​ផលិតផល​ខុសច្បាប់​ទាំងអស់​មាន​ជាង ១១​តោន​។​
​ចំពោះ​វត្ថុតាង​ទាំងអស់ លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដកហូត​សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេះ យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រៅពីនោះ កម្លាំង​សមត្ថកិច្ច​បាន​វិច​ខ្ចប់​ទុកដាក់​ក្នុង​ហាង​ខាងលើ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​៕

​

អគ្គិភ័យ​កំពុង​ឆេះ​រោងចក្រ​ ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ខណៈ​នេះ​មាន​គ្រោះ​អគ្គិភ័យ​បាននិងកំពុង​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដ៏​ធំ​មួយកន្លែង ឈ្មោះ ម៉ា​កា​ឡូត ហ្គា​មេន ដែលមាន​ទីតាំង​ស្ថិតក្នុង សួន​ឧស្សាហកម្ម​វឌ្ឍនៈ ភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បើតាម​សេចក្តីរាយការណ៍​ករណី​ឆេះ​រោងចក្រ​នេះ កើតឡើង​តាំងពី​ម៉ោង​ប្រមាណ​៤​ជាង​ទៀបភ្លឺ យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតមកដល់​ម៉ោង​៧​ព្រឹក អគ្គិភ័យ​នេះ​មិនទាន់​រលត់​នៅឡើយ​ទេ ខណៈ​ការខូចខាត​រោងចក្រ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។​
​ជាមួយគ្នានេះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ចំនួន​២៥​គ្រឿង ធ្វើ​ប្រតិបត្តិ​ការបាញ់ទឹក​ពន្លត់ ហើយ​ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ​៕

​

គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ព្រំដែន​អ៊ីរ៉ង់​-​អ៊ីរ៉ាក់​សម្លាប់​មនុស្ស​កើន​ដល់​៤០២​នាក់

​តេ​ហេ​រ៉ង់ ៖ មនុស្ស​ស្លាប់​កើន​ដល់​៤០២​នាក់​ហើយ ខណៈ​មនុស្ស​ជាង​៦,៦៥០​នាក់​ទៀត​រងរបួស គិត​ចាប់តាំងពី​ថ្ងៃអាទិត្យ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ ដ៏​កក្រើក​មួយ​បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN​។​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ីរ៉ង់ ចំណុច​រំ​ញ័រ​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើ បានកើត​ឡើង​នៅ​ចម្ងាយ​ប្រមាណ ១០៣​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង Sulaymaniyah នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ជះឥទ្ធិពល​យ៉ាង​កក្រើក​ដល់​ខេត្ត​ចំនួន ១៤ ឯណោះ​របស់​អ៊ីរ៉ង់ ដែល​នៅជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​។ អាជ្ញាធរ​អ៊ីរ៉ង់​បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​មនុស្ស​ស្លាប់ និង​របួស​ទាំង​ជិត ៦,៦៥០​នាក់ ខាងលើនេះ គឺ​ភាគច្រើនបំផុត ស្ថិតនៅក្នុង​ប្រទេស​អ៊ីរ៉ង់​តែម្តង ខណៈ​នៅ​អ៊ីរ៉ាក់​គឺ​មនុស្ស​ស្លាប់មាន​ចំនួន ០៨​នាក់ និង​រងរបួស ប្រមាណ​ជាង ២០០​នាក់​។ ក្រៅពី​មនុស្ស​បាត់បង់​ជីវិត អគារ​ជាច្រើន​ខ្នង ក៏បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​ក៏ដូចជា​ដួលរលំ​ផងដែរ​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០០៣ តំបន់​ទីក្រុង​បុរាណ Bam ដែល​ស្ថិត​នៅក្បែរ​តំបន់​រងគ្រោះ​ពេលនេះ ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ ផ្តាច់ជីវិត​មនុស្ស​ដល់​ទៅ ២៦,០០០​នាក់ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ និង​កាលពី​ខែសីហា ឆ្នាំ​២០១២ គ្រោះ​រញ្ជួយ​ដី​បានកើត​មាននៅ​ខេត្ត​ភាព​ខាងកើត​ប្រទេស អា​ហ្សែ​បៃ​ហ្ស​ង់ ស្លាប់​មនុស្ស​ជាង ៣០០​នាក់​៕

​

អ្នកនាំពាក្យ ៖ តំណាងរាស្ត្រ CNRP នឹង​បាត់បង់​ប្រាក់ខែ​ដោយ​ស្វ័យប្រវត្តិ​

​រាជធានី​ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​មិញ​ថា តំណាងរាស្ត្រ CNRP នឹង​បាត់បង់​ប្រាក់ខែ ដោយ​ស្វ័យប្រវត្តិ​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​នោះ​។ ទន្ទឹម​នោះ​ប្រាក់ខែ​របស់​ជំនួយការ និង​ទីប្រឹក្សា​ក៏ត្រូវ​កាត់ផ្តាច​ដែរ​៕

​

សន្ដិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ត្រូវ​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​កិន​ស្លាប់​

​ភ្នំពេញ ៖ រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​បុក​ម៉ូតូ​បុរស​ម្នាក់​ជា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ពីក្រោយ​ពេញ​មួយ​ទំហឹង​រួច​កោន​បែកក្បាល​ស្លាប់​ភ្លាមៗ មួយ​រំពេច​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្សារ​ជិន​ជូ​រី តាម​បណ្ដោយ​ផ្លូវ​២០១​ឯ​កែង​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ វិ​ន វឿន អាយុ​៤៥​ឆ្នាំ​មុខរបរ សន្ដិសុខ​សណ្ដា ប់​ធ្នាប់​ខណ្ឌ​សែន​សុខ មាន​ទីលំនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្ដិសុខ​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក WAVE A ពណ៌​ខ្មៅ​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-3596 ដែល​ធ្វើដំណើរ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​២០១១ កែង​និ​ផ្លូវ​សហព័ន្ធ​រុស្សី ស្រាប់​ពេលនោះ​ក៏មាន​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​5A-1583 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​បាន​បុក​ម៉ូតូ​បុរស​ដែលជា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ពី​ក្រោយពេល​មួយ​ទំហឹង​បណ្ដាលអោយ​ម៉ូតូ​ខ្ទេច​ទៅ​ច​ញ្ចើ​ម​ផ្លូវ​ចំណែក​បុរសរងគ្រោះ​ត្រូវ​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​កិន​បែកក្បាល​ស្លាប់​មួយ​រំពេច​នៅ​កន្លែងកើតហេតុ ។​
​ដោយឡែក​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​ដែល​បង្កហេតុ​នោះបាន​បើក​គរ​ច​ពី​កន្លែងកើតហេតុ​ប្រហែល​៥០០​ម៉ែត្រ​ទើប​ឈប់​រថយន្ដ​បម្រុងរ​តម​គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាមៗ ។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដោយ​ជួយ​សម្រួល​ចរាចរណ៍ និង​ទាកទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​និង​អួ​ស​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះ​ស្រា យ​គ្នា​តាមផ្លូវ​ច្បាប់​នាពេល ក្រោយ ៕

​

រសៀល​នេះ​ក្រសួងមហាផ្ទៃ​នឹងដាក់​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ

​រាជធានី​ភ្នំពេញ ៖ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ នា​រសៀល​នេះ នឹងដាក់​ភស្តុតាង​សំខាន់ៗ ចំនួន​៣​បន្ថែមទៀត ក្នុងនោះ​ក៏មាន​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​រយះពេល​៥​ឆ្នាំ ជូនទៅ​តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​
​តាម​គម្រោង​តុលាការ​កំពូល នឹង​បើកសវនាការ ទាក់ទង​បណ្តឹងសុំ​រំលាយ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ខាងមុខនេះ ។ តាម​ការកត់សម្គាល់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិន​គ្រាន់តែ​ប្រឈម​ការរំលាយ​នោះទេ ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ប្រមាណ​ជាង​១០០​នាក់ នឹងត្រូវ​ប្រឈមមុខ​កា​រហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយះពេល​៥​ឆ្នាំ​ផងដែរ ៕

​

ប្រធាន​ក្រុម​សិល្បៈ​ CNRP ​សុំចូល​រួមជាមួយ CPP

​រាជធានី​ភ្នំពេញ ៖ លោក ហេង ធារ៉ា ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ក្រុម​សិល្បៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សុំ​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​
​លោក ហេង ធារ៉ា តាមរយះ​លិខិត​ផ្ទាល់ខ្លួន​បានសរសេរថា ខ្ញុំបាទ​មិន​នឹកស្មានថា ការតស៊ូ​ដណ្តើម​អំណាច តាមរយៈ​ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ ប៉ុន្តែ​ក្រោយ​មកនេះ ខ្ញុំបាទ​បានឃើញ​សកម្មភាព​ជាក់ស្តែង ញុះញង់ ការបំបែកបំបាក់​ខ្មែរ​ជា​ពីរ ដោយ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ សុខចិត្ត​អោនក្បាល​បំរើ​បរទេស ដើម្បី​អំណាច មិន​គិតពី​ភាព​មហន្តរាយ​របស់​ជាតិ​មាតុភូមិ នេះហើយ​ជា​អំពើ​ក្បត់ជាតិ ។​
​លោក ហេង ធារ៉ា បាន​បន្តថា លោក​បាន​មើលឃើញថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដែលមាន​ការអភិវឌ្ឍ​ន៍​ក្នុងប្រទេស និង​ជឿ​លឿន​លើ​គ្រប់​វិស័យ ។ លោក សូម​ប្រកាស​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ ៕

​

គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​វាយប្រហារ​ព្រំដែន​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​សម្លាប់​មនុស្ស​១៤១​នាក់

​តេ​ហេ​រ៉ង់ ៖ សារព័ត៌មាន​រុស្ស៊ី Russia Today (RT) ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា មនុស្ស​យ៉ាងតិច​១៤១​នាក់​បាត់​បង់ជីវិត និង​ដល់​ទៅ​ជាង​១,០០០​នាក់​បាត់​បង់ជីវិត បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ច​ទ័​រ​ដ៏​កក្រើក​មួយ បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់​-​អ៊ីរ៉ង់ គិត​ចាប់តាំងពី​ថ្ងៃអាទិត្យ​ម្សិលមិញ (​តំបន់​ក្នុង​តំបន់​រង​ការវាយប្រហារ​)៕

​

កម្រិត​នៃ​ការបំពុល​បរិយាកាស​កើនឡើង​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា

​ឥណ្ឌា ៖ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​បាន​ព្យាយាម​ដោះស្រាយ​នឹង​កម្រិត​នៃ​ការបំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ទីក្រុង​នេះ​កំពុង​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​យ៉ាងខ្លាំង​។​
​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) ដែលជា​រង្វាស់​កំហាប់​ជាតិពុល​នៅលើ​អាកាស​បាន​កើន​ដល់​៦១៤​កាលពី​ថ្ងៃអាទិត្យ ហើយ​តាម​ធម្មតា​កម្រិត​គុណភាព​ខ្យល់​ជា​អតិបរមា​មាន​ចំនួន​៥០០ តែបើ​លើសពី​កម្រិត​នេះ​ត្រូវបាន​ចាត់ទុកថា ជា​សញ្ញា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដោយ​ការបំពុល​បរិយាកាស​។​
​ប្រជាពលរដ្ឋ​ថ្មើរជើង អ្នករត់ និង​អ្នកជិះ​កង់​ហាត់ប្រាណ​បាននាំគ្នា​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការដកដង្ហើម​ដោយសារ​ការបំពុល​បរិស្ថាន​នេះ​។​
​ទីលាន​ឥណ្ឌា​ហ្គេ​ត (India Gate) ដែលជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ និង​កន្លែង​មួយចំនួនទៀត​ចាប់ពី​វិមាន​ប្រធានាធិបតី​រហូតដល់​កន្លែង​វី​ចាយ​ចូក (Vijay Chowk) ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ពុល និង​ផ្សែងហុយ​ចេញពី​កន្លែង​ដុត​ដំណាំ​នៅតាម​រដ្ឋ​ធ្វើ​កសិកម្ម​មួយចំនួន និង​ការ​បំ​ភាយ​ផ្សែង​ពី​យានយន្ត​៕

​