រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ចៀសចរាចរជាបណ្តោះអាសន្ននាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦ និង០០នាទីព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងធ្វើការដង្ហែក្បួនមហាជនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចំនួនជាង១៥ម៉ឺននាក់ នៅផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖


ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយ ដោយមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដោយកម្លាំងសមត្ថកិច្ចបានចេញយុទ្ធនាការបង្ក្រាបជនជាតិចិនចំនួន១២នាក់ ដែលបានប្រើអំពើហិង្សាមកលើស្ត្រីម៉ាស្សា នៅម្តុំភ្នំខៀវ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជានារីម៉ាស្សារួចមក កម្លាំងសមត្ថកិច្ច និងអាវុធហត្ថក៌បានចុះទៅជួយអន្តរាគមន៌ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន១២នាក់៕


រតនៈគីរី ៖ ក្រុមឈ្មួញឈើល្មើសច្បាប់ កំពុងឆ្លៀតឱកាសក្នុងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧នេះ ក្រុមឈ្មួញធំ-តូច ធ្វើការដឹកជញ្ជូន ឈើប្រណីតតាមរថយន្តធុនធំៗ ឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ព្រោះនេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់ ក្រុមឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ ដែលជាឈ្មួញធំជាងគេក្នុងទឹកដីខេត្តរតនគីរី និងមន្ត្រីពាក់ព័ន្ធឆ្លៀតរកលុយចូលហោប៉ៅ មិនខុសពីត្រីងៀតឆ្លៀតពងនោះទេ ។ នេះ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានដែលគ្មានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បានឱ្យដឹងកាលចុងសប្តាហ៍កន្លងទៅនេះ។
ប្រភពព័ត៌មានបានរាយការណ៍ថា នៅពេលការឃោសបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ បានចាប់ផ្តើមមក (២០ ឧសភា ឆ្នាំ២០១៧) ឃើញចលនានៃការដឹកជញ្ជូនឈើប្រណីតខុសច្បាប់បានកើតឡើងវិញយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកកូនមុំ ខេត្តរតនគីរី ដែលក្នុងមួយថ្ងៃៗ ឃើញមានរថយន្តធុនធំ ចាប់ពី ៥ ទៅ ៦គ្រឿង បានដឹក ឈើប្រណីតចេញពីស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន ។
ប្រភពដដែលបានបន្តថា មូលហេតុដែលឈ្មួញឈើ ឆក់យកឱកាសឃោសនាបោះឆ្នោតនេះ ដើម្បីដឹកជញ្ជូនឈើ ដោយហេតុថា រង្វង់២សប្តាហ៍នេះ ទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សុទ្ធតែកំពុងផ្តោតសំខាន់លើការរក្សាការបារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ហេតុនេះសមត្ថកិច្ចមិនសូវមានពេលចាប់អារម្មណ៍ ទៅនឹងរឿងអ្វីផ្សេងប៉ុន្មានទេ ណាមួយក្រុមឈ្មួញឈើក៏បានរៀបចំសំណែនរួចរាល់ហើយដែរ ហេតុនេះចង់មិនចង់ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធខ្លះ ត្រូវសំងំបិទភ្នែក ដើម្បីទទួលលាភសក្ការៈខ្លះទាន់ឱកាសហុចឱ្យ ។
ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើ បានឱ្យដឹងថា ឈើដែលគេដឹកមកប្រមូលផ្តំទុកនៅក្នុងស្រុកកូនមុំ ដើម្បីដឹកចេញទៅវៀតណាម គឺជាឈើរបស់ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ ដែលមានរហស្សនាមថា ណាក់ក្បាលធំ ។
ប្រភពអះអាងថា អ្នកទាំងពីរសុទ្ធតែមានតួនាទីខ្ពស់ក្នុងកងកម្លាំងប្រដាប់អាវុធ ដូច្នេះគ្មានអ្នកណាហ៊ានប៉ះ ពាល់នោះទេ ម្យ៉ាងវិញទៀត គេបានដើរបំប៉ោងថា ពួកគេមានទាំងពីរមានឧកញ៉ា មានឥទ្ធិពលម្នាក់នៅពីក្រោយខ្នង ដែលសមត្ថកិច្ចណាក៏ស្គាល់មេឈ្មួញឈើ និងឧកញ៉ានោះដែរ ទើបចេះតែបិទភ្នែកបើកដៃឱ្យរថយន្តដឹកឈើប្រណីត បន្តចេញទៅប្រទេសជិតខាង ទោះបីរាជរដ្ឋាភិបាល បានហាមឃាត់ដាច់ខាតក៏ដោយ ។
ក្នុងសប្តាហ៍កន្លងទៅនេះ មានរថយន្តសាំយ៉ុង មិនតិចជាង ២០គ្រឿងទេក្នុងមួយថ្ងៃៗ បានដឹសម្រុកប្រមូលឈើពីគ្រប់ទិសទី យកទៅដាក់លាក់ទុកក្នុងទីតាំងសុវត្ថិភាពមួយនៅក្នុងស្រុកកូនមុំ បន្ទាប់ទើបឲ្យរថយន្តធុនធំចូលទៅដឹកបន្តចេញពីស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ក្រោមការចាត់ចែងរបស់ឈ្មួញធំ២នាក់ខាងលើ គឺឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ ជាអ្មករត់ការរូចជាស្រេច ហេតុនេះក្បូនរថយន្តធុនធំដឹកឈើ អាចធ្វើចរាចរណ៍ចេញពីស្រុកកូនមុំ រហូតទៅដល់ទឹកដី វៀតណាមតាមច្រកអូរយ៉ាដាវ បានដោយសុវត្ថិភាព ដោយគ្មានអ្វីឧបសគ្គនោះឡើយ ។
លោក ហូវ ជីវ៉ៃ ដែលរងការរិះគន់រឿងរកស៊ីឈើខុសច្បាប់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញនេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ប្រព័ន្ធបាន ហើយពេលខ្លះលោកមិនទទួលទូរស័ព្ទ៕




រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទី យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅខាងមុខសាលាសង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តដឹកដី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។
រថយន្តរបស់លោក ចាន់ មុនី ជាអ្នកកាសែត កម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដី បុកបណ្តាលឲ្យរបួសធ្ងន់ គាបជាប់រថយន្ត ចំណែករថយន្តរបស់លោកខូចខាតស្ទើរខ្ទេច។
រថយន្តរបស់លោក ចាន់ មុនី ដែលជាអ្នកកាសែត កម្ពុជាថ្មី ប្រចាំការនៅខេត្តកណ្តាលនោះ គឺធ្វើដំណើរតែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងផងនោះ បានបើករេចង្កូត ចូលខាងស្តាំដៃរបស់រថយន្តលោក មុនី បណ្តាលឲ្យបុកកៀបអ្នកបើកបររថយន្តអ្នកកាសែតនៅខាងក្នុងតែម្តង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅជិតនោះ បាននាំគ្នាគាស់យកអ្នកបើកបរ គឺលោក ចាន់ មុនី ចេញពីរថយន្ត រួចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីលោកស្ថិតនៅក្នុងអាការៈរបួសធ្ងន់ធ្ងរ៕


ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃអង្គារចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់១៥នាក់ហើយ ខណៈមនុស្សប្រមាណ២០០នាក់ទៀត បានទទួលរងរបួសធ្ងន់និងស្រាល និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីព្យុះកំណាចដ៏ខ្លាំងក្លាបានវាយប្រហារយ៉ាងដំណំលើទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី រួមទាំងតំបន់ជុំវិញនោះ កាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ។
កំណាចខាងលើនេះមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានបំផ្លាញអគារនានាជាច្រើនក្នុងទីក្រុង និងធ្វើដើមឈើរាប់រយដើមបាក់រលំ។ បន្ថែមពីនេះខ្សែចម្លងអគ្គិសនីជាច្រើនបានដាច់ ដែលបង្កឲ្យផ្ទះសម្បែងប្រជាជនជាង៧,៣០០ខ្នងរងផលប៉ះពាល់។
អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា ព្យុះកំណាចនេះក៏បាន បណ្តាលឲ្យមានការដួលរំលំដើមឈើ នៅតាមដងវិថីជាច្រើន ដែលជាហេតុបង្កើតជាការរាំងស្ទះដល់ចរាចណ៍ធ្វើដំណើរ និងថែមទាំងបានបង្កការខូចខាតដល់អគារមួយចំនួន នៅក្នុងទីក្រុងទៀតផង៕

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងទទួលរងឥទ្ធិពលសម្ពាធទាប ខណៈចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើកម្ពុជាផងដែរ៕


ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសបានចំនួន៩៣នាក់ពីបទលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។ ប្រត្តិបត្តិការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងការដ្ឋានសំណង់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឧត្តមសេនីយ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីបានបញ្ជាក់អោយដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកម្មករដែលជាជនបរទេសកំពុងធ្វើការទីនោះ បានខ្លួនជនបរទេសសរុបចំនួន ៩៣នាក់/ស្រី០៧នាក់មានចំនួន២សញ្ជាតិ ក្នុងនោះ ជនជាតិ ចិនដីគោក ចំនួន ៥១នាក់/ស្រី០១នាក់ និងជនជាតិ វៀតណាម ចំនួន ៤២នាក់/ស្រី០៦នាក់ ។
ក្រោយពេលពិនិត្យនៅការដ្ឋានខាងលើជនបរទេសដែលគ្មានលិខិតត្រឹមត្រូវ បាននាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់៕


ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខនៅក្នុងបុរីពិភពថ្មីធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនព្រមទាំងដកហូតទាំងវត្ថុតាង ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងបុរីយ៉ាងសកម្មណៅពេលយប់ ជាក់ស្តែងជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងចូលទៅក្នុងបុរីពិភពថ្មីបានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត “លុច្សស៊ិច 470” បានសម្រេចតែត្រូវបានកម្លាំងសន្តិសុខដេញតាមប្រផិតប្រផីងបង្កអោយមានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មីវ៉េងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ លុះរហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃខែដដែលទើបឃាត់បានរួចប្រគល់ទៅអោយសមត្ថកិច្ចតែម្តង។
ជនសង្ស័យដែលធ្វើការឃាត់ខ្លួនខាងលើនោះមានឈ្មោះ អ៊ុំ ម៉ៅ អាយុ២១ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិប្រាកដ ក្នុងខណ្ឌដូនពេញ និងមានស្រុកកំណើតនៅឃុំប្រាសាទ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។ក្រោយពេលចាប់ខ្លួនក្រុមសន្តិសុខ បានដកហូតបានកន្តាប មួយដែលនៅក្នុងនោះមានដែកកាប់ ទួណាវីស កន្ត្រៃកតាត់ក្រចក ដែលជាឧបករណ៏សម្រាប់ធ្វើសកម្មភាព និងកញ្ចក់រថយន្តឡិចស៊ីសដែលធ្វើសកម្មភាពលួចកាច់បាន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហើតុជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្ទេបពណ៏សលាយខ្មៅ ពាក់ស្លាកលេខ ផ.7172 ភព ចូលទៅក្នុងបុរីពិភពថ្មី បន្ទាប់មកបានធ្វើសកម្មភាពកាច់យក កញ្ចក់រថយន្តម៉ាកឡិចស៊ីស១គ្រឿង ដែលម្ចាស់គេចតនៅមុខផ្ទះ។ ខណៈ នោះត្រូវបានក្រុមសន្តិសុខប្រទះឃើញក៏បានធ្វើការដេញចាប់ខ្លួនបាន ហើយរហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ទើបនាំយកទៅប្រគល់ឲ្យនគរបានប៉ុស្ដិ៍ចោមចៅដើម្បីសាកសួរ និងចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ និងបានកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕



រាជធានីភ្នំពេញ ៖ យុវជនរងគ្រោះដោយសារក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេនោះ បានសម្រេចដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ។
បុរសរងគ្រោះឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិវាលម្លម ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងបច្ចុប្បន្នស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានមុខរបរជាអ្នកបើកគ្រឿងចក្រកាយដី។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ បាននាំគ្នាព្រួតវាយយុវជនម្នាក់ក្នុងឯសណ្ឋានធម្មតាយ៉ាងដំណំនៅទីសាធារណៈតាមដងផ្លូវព្រះមុនីរ៉េត ខណៈកំពុងហែឃោសនារកសំឡេងឆ្នោត នៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ៕




ខេត្តបន្ទាយមានជ័យ ៖ គេសង្កេតឃើញអាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿ ឋិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីមន្ត្រីយោធា និងផ្នែកពាក់ព័ន្ធ ចូលទៅបោសសម្អាតដកហូតទំនិញ ដែលល្មើសកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងរបស់អាជីវករខ្មែរ ធ្វើឲ្យការងារនៃទិដ្ឋភាពរួម របស់ផ្សារខាងលើកំពុងសោកសៅ ដោយសារមិនមានភ្ញៀវទេសចរណ៍ ឬអ្នកលក់ទំនិញធ្វើដំណើរមកទិញរបស់របរ ក្នុងផ្សាររោងគ្លឿ ហើយបច្ចប្បន្ន មានការពង្រីកផ្សារចេញ ទៅក្រៅបរិវេណជុំវិញផ្សាររាប់រយរ៉ៃ ដោយពីមុនមានរថយន្តចតយ៉ាងច្រើន និងបរិមាណការចរាចរណ៍ ហូរហែតាំងពីព្រឹក រហូតដល់ល្ងាច។ តែសភាពផ្សាររោងក្លឿបច្ចុប្បន្ន ស្ទើរតែគ្មានមនុស្សដើរ មានតែអ្នកលក់ មិនមានអ្នកទិញ។
បន្ទាប់ពីការពិនិត្យតំបន់ជុំវិញស្ទើរគ្រប់ផ្សារ ភាគច្រើនមានតែអ្នកលក់ មានតែតូបមួយចំនួនតូចដែលមានអតិថិជន ទិញទំនិញហាមឃាត់ នៅពេលសាកសួរទៅគ្រប់គ្នាតប ដោយសំឡេងដូចគ្នាថា ស្ងាត់ណាស់ ជាពិសេសតំបន់លក់ទំនិញប្រភេទ២ និងល្មើសកម្មសិទ្ធិបញ្ញា ជាអាថ៌ កាបូប ស្បែកជើង។ល។នៅក្នុងផ្សាររោងក្លឿ សព្វថ្ងៃភាគច្រើនបានបិទតូបស្ទើរអស់ ដោយពួកគេសំអាងថា សមត្ថកិច្ចល្មើសកម្មសិទ្ធិបញ្ញា នឹងចុះពិនិត្យរាល់ថ្ងៃ ទើបពួកគាត់សម្រេចបិទតូបល្អជាងលក់។ ដោយឡែកតូបដែលបើកលក់ ក៏បំពាក់ស្លាកបញ្ចុះតម្លៃ ដើម្បីលក់ទំនិញចេញពីតូបរបស់គេឲ្យបានច្រើនបំផុត។
ស្ត្រីម្នាក់វយ័៥២ឆ្នាំ ជនជាតិខ្មែរ ម្ចាស់តូបលក់សម្លៀកបំពាក់ក្នុងផ្សាររោងគ្លឿ តាំងពីឆ្នាំ២០០០បានថ្លែងថា រយៈពេល១៧ឆ្នាំ ដែលលក់ទំនិញក្នុងផ្សារខាងលើ ឃើញភាពខុសគ្នាដាច់ស្រឡះ ថ្ងៃនេះមានតែអ្នកលក់ មិនមានអ្នកទិញទំនិញនោះឡើយ។
ស្ត្រីរួបនោះបន្តថា កាលពីដប់ឆ្នាំកន្លងទៅ មានមនុស្សច្រើនចេញ ចូលទៅទិញរបស់របស់ក្នុងផ្សារខាងលើ ហើយការលក់ដូរមានភាពសប្បាយក្នុង១ថ្ងៃអាចរកចំណូលបានរាប់ម៉ឺនបាត តែបច្ចុប្បនលក់ក្នុងមួយថ្ងៃមិនបានប្រាក់ពីរពាន់បាត (ប្រាក់ថៃ)ផ ងបើគិតជាប្រាក់រៀលជា២០ម៉ឺន ។ គាត់បញ្ជាក់ថាៈផ្សាររោងក្លឿនឹងបរាជ័យទៅថ្ងៃខាងមុខ បើសភាពស្ងប់ស្ងាត់គ្មានភ្ញៀវមកទិញ មានតែអ្នកលក់ ដោយរកចំណូលបង់ថ្លៃតូបមិនបាន៕


ម៉ាឡេស៊ី ៖ យោងតាមសារព័ត៌មាន BBC បានចេញផ្សាយថា ស្ត្រីពីរម្នាក់ដែលរងការចោទថា សម្លាប់បងប្រុសលោក គីម ជុងអ៊ុន នៅក្នុងប្រទេសម៉ាឡេស៊ីនោះ នឹងត្រូវបញ្ជូនទៅតុលាការកាន់ទោសនៅក្នុងទីក្រុងកូឡាឡាំពួនៅថ្ងៃអង្គារនេះ។
ស្ត្រីទាំងពីរនោះគឺម្នាក់ឈ្មោះ Siti Aisyah អាយុ២៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី និង ម្នាក់ទៀតឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំជាជនជាតិវៀតណាម។ នេះបើតាមសារព័ត៌មាន BBC។
គួរបញ្ជាក់ថា លោក គីម ជុងណាម ជាបងប្រុសម្តាយផ្សេងគ្នាជាមួយ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន ត្រូវបានគេសម្លាប់ដោយប្រើថ្នាំពុល នៅព្រលានយន្តហោះនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧៕

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា មនុស្សយ៉ាងតិច០៦នាក់បានស្លាប់ និងច្រើនជាង៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីព្យុះដ៏មានឥទ្ធិពលមួយបោកបក់មកលើរដ្ឋធានីនៃប្រទេសរុស្ស៊ីនាថ្ងៃចន្ទនេះ។
តាមអភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin និយាយថា ព្យុះកំណាចនេះក៏បានបណ្តាលឲ្យមានការដួលរំលំដើមឈើនៅតាមដងវិថីជាច្រើន ដែលជាហេតុបង្កើតជាការរាំងស្ទះដល់ចរាចណ៍ធ្វើដំណើរ និងថែមទាំងបានបង្កការខូចខាតដល់អគារមួយចំនួន នៅក្នុងទីក្រុងទៀតផង៕

ខេត្តពោធិ៍សាត់ ៖ ប្រធានគណបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ ឈ្មោះ យ៉ាន់ សេងហ៊ត ដែលបើករថយន្ត បុកក្មេងប្រុសអាយុ៦ឆ្នាំ ហើយបើកគេចខ្លួនមិនឈប់ទទួលខុសត្រូវនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ ក្រោយបញ្ចប់ការសួរនាំរួចមកនោះ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ។ នេះបើតាមលោក ហេង ដូនីន អ្នកនាំាពាក្យសាលាដំបូងខេត្តពោធិ៍សាត់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចម្សិលមិញ។
លោកបន្តថា លោក យ៉ាន់ សេងហ៊ត ត្រូវបានព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ «បើកបរបណ្តាលឲ្យអ្នកដទៃ របួសមានស្ថានទម្ងន់ តាមមាត្រា៨៣ ក.២ ចំណុចឃ»។ លោកបញ្ជាក់ថា តាមច្បាប់ជននេះត្រូវប្រឈមមុខនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ហើយពិន័យប្រាក់ផងដែរ៕

ដោយ ៖ ដារ៉ា
កំពង់ចាម ៖ បុរសជាឪពុកក្លាយជាបីសាចតុណ្ហា បានប្រហារព្រហ្មចារីកូនស្រីបង្កើត២នាក់ បានសំរេចជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ២០១៦មក និងប៉ុនប៉ងរំលោភសេពសន្ថវៈ លើកូនស្រីម្នាក់ទៀត ជាកូនទី២ ក្នុងចំណោមកូនស្រីទាំង៣នាក់ តែការំលោភកូនស្រីទី២ ត្រូវបានបែកការណ៍ដោយសារនាងស្រែកឲ្យគេជួយ វេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៧ ឧសភា ២០១៧ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជនសង្ស័យត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ យូ សាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានចាប់រំលោភកូនស្រីបង្កើត៣នាក់ ទី១. ឈ្មោះ សគស អាយុ១៨ឆ្នាំ ទី២. ឈ្មោះ សសន អាយុ១០ឆ្នាំ និងទី៣. ឈ្មោះ សសភ អាយុ១៥ឆ្នាំ (មិនបានសំរេច ត្រវបែកការ)។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យូ សាន មានស្រុកកំណើតនៅេខត្តកំពង់ធំ បានមកយកប្រពន្ធនៅខេត្តកំពង់ចាម ក្រោយមកក៍នាំគ្រួសារទៅរស់នៅស្រុកកំណើតខាងប្តី ឯខេត្តកំពង់ធំ រហូតមានកូនស្រី៣នាក់ ។
កាលរស់នៅខេត្តកំពង់ធំ ឪពុកឈ្មោះ យូ សាន បាននាំកូនស្រីច្បងឈ្មោះ សគស ទៅធ្វើចំការនៅឆ្ងាយពីផ្ទះ ហើយពេលខ្លះក៍ដេកនៅខ្ទមចាំចំការ ។ ការស់នៅតែ២នាក់ឪពុកនិងកូន ក្នុងខ្ទមចាំចំការ បានធ្វើឲ្យឪពុកមានតណ្ហា ហើយក៍បានចាប់រំលោភកូនស្រីបង្កើត ជាហូរហែរហូតមក ហើយក៍បានគំរាមមិនឲ្យប្រាប់ម្តាយ បើហ៊ានប្រាប់នឹងសំលាប់ចោល ។ ក្រោយពីំលោភកូនស្រីច្បង ឆ្អែតឆ្អន់រួចមក ឪពុកតិរច្ឆាន ក៍បាននាំកូនស្រីពៅ ដែលទើបមានអាយុ៩ឆ្នាំ (កាលពី២០១៦) ទៅចំការ ដោយដេកនៅទីនោះ ក៍មានវាសនាដូចបងស្រីរបស់នាងដែរ ។
រឿងឪពុកចាប់រំលោភកូនមិនបានឡើយ ដូចពាក្យចាស់ពោលថា ដំរីស្លាប់មិនអាចយកចង្អេរបាំងមិនជិតឡើយ ។ យ៉ាងណាមិញ ទង្វើដ៍លាកម របស់ឪពុកទៅលើកីនស្រីទាំង២ ក៍បានដឹងដល់ម្តាយ ធ្វើឲយម្តាយមានទុកលំបាកយ៉ាងខ្លាំង តែមិនហ៊ានប្តឹង ឬទំលាយអាថិកំបាំងនេះប្រាប់គេឯងបានឡើយ ក៍សំរេចចិត្តវិលមករស់នៅ ស្រុកកំណើតខាងប្រពន្ធវិញ (ភូមិ-ឃុំកើតហេតុ) ។
ដោយទ្រាំនឹងការឈឺចាប់មិនបាន ប្តីនៅតែប្រព្រឹត្តជារើយៗ រហូតមក ប្រពន្ធក៍បានលាចាកលោកទៅ ទុកឲ្យកូនស្រីទាំង៣ រស់នៅជាមួយឪពុកតិរិច្ឆាន ទាំងការភ័យខ្លាច ។
ក្រោយពីប្រពន្ធស្លាប់បាន៦ខែ ឪពុកតិរច្ឆាននោះ ចាប់រំលោភកូនជាបន្តបន្ទាប់រហូតមក ។ នៅវេលាម៉ោង២២.០០នាទី ថ្ងៃទី២៧ ឧសភា ២០១៧ ឪពុកតិរិច្ឆាន បានចាប់រំលោភកូនទី២ នាងមានអាយុ១៥ឆ្នាំ មិនបានសំរេចទេ ត្រូវនាងរើបំរាស់ ស្រែកឲ្យគេជួយ ក៍ផ្អើដល់អ្នកជិតខាង ហើយបានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍