លោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង បង្កើតប៉ុស្តិ៍ជជុះថ្លឹងរថយន្តលើផ្លូវជាតិលេខ3
ខេត្តកំពត៖ម្ចាស់រថយន្តធ្វើដំណើរ និងរថយន្តដឹកទំនិញផ្សេងៗនៅលើផ្លូវជាតិលេខ៣បានរាយការណ៍មកថាភាពអនាធិបតេយ្យបានកើតឡើងនៅលើផ្លូវជាតិលេខ៣ តាំងពីឆ្នាំ២០១៥មកម៉្លេះ ដោយសារតែមន្ត្រីខិលខូចមួយចំនួនបំពេញការងារមិនត្រឹមត្រូវ។
ប្រតិកម្មខាងលើនេះ ត្រូវគេមើលឃើញថា បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីគ្រប់គ្រងប៉ុស្តិ៍ថ្លឹងរថយន្តបំពេញការងារមិនត្រូវតាមជំនាញរបស់ខ្លួន ដោយពួកគេខំប្រឹងប្រមូលលុយក្រៅផ្លូវច្បាប់ឲ្យបានច្រើន តែមិនបានត្រួតពិនិត្យរថយន្តដឹកលើចំណុះឡើយ។
ប្រភពស្និទ្ធនឹងមន្ត្រីនៃមន្ទីរសាធារណៈការខេត្ត បានរៀបរាប់ថា លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ ខេត្តកណ្តាល បានឃុបឃិតជាមួយលោក ជួរ ឈុនឡេង ជាអនុប្រធានមន្ទីរ ផ្តល់ឲ្យបក្ខពួករបស់ខ្លួន បង្កើតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលលុយតាមរបៀបពុករលួយ។
ប្រភពដដែលបានបន្តថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តរបស់ក្រុមមន្ត្រីខិលខូចខាងលើ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្តដឹកថ្ម ក្រួសខ្សាច់ និងរថយន្តដឹកទំនិញ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ មិនឲ្យរួចមួយគ្រឿងនោះទេ។
ម្ចាស់រថយន្តម្នាក់បានបញ្ជាក់ថា រថយន្តដឹកថ្ម និងដឹកដីខ្សាច់ ដែលឆ្លងកាត់ជញ្ជីងនោះ ត្រូវបង់លុយចាប់ពី ២ម៉ឺនរៀល រហូតទៅដល់ ១០ម៉ឺនរៀល ក្នុងមួយគ្រឿង ដូច្នេះក្រុមជញ្ជីងអាចប្រមូលប្រាក់ក្នុងមួយថ្ងៃៗបានរាប់លានរៀល។
ម្ចាស់រថយន្តធ្វើដំណើរ និងរថយន្តដឹកទំនិញផ្សេងៗ នៅលើផ្លូវជាតិលេខ៣ បានបញ្ជាក់ស្រដៀងគ្នាថា ក្រុមការងារដាក់ប៉ុស្តិ៍ជជុះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមន្ត្រីក្រសួង និងមន្ត្រីមន្ទីរសាធារណៈការខេត្តកណ្តាល រួមសហការជាមួយមន្ត្រីសាលាខេត្តកណ្តាល បង្កើតជាប៉ុស្តិ៍ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់ដើម្បីផាកពិន័យ តែតាមការសង្កេតជាក់ស្តែងមិនដែលឃើញមន្ត្រីទាំងនោះ ធ្វើការពិនិត្យ និងថ្លឹងរថយន្តទៅតាមលក្ខណៈបច្ចេកទេសនោះទេ គឺគ្រាន់តែបញ្ជាឲ្យរថយន្តឈប់ចូលទៅបង់លុយជាការស្រេច។
ម្ចាស់យានយន្ត និងក្រុមអាជីវករបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៅសាលាខេត្តកណ្តាលមេត្តាត្រួតពិនិត្យ ភាពមិនប្រក្រតីខាងលើនេះឡើងវិញ ដើម្បីសម្រួលដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់នៅកម្ពុជាដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ។
ដើម្បីឆ្លើយតបនឹងករណីដាក់កុងត្រូលជជុះខាងលើនេះ មេគង្គប៉ុស្តិ៍ បានព្យាយាមទាក់ទងលោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង ដើម្បីសុំ ការពន្យល់ដែរ ប៉ុន្តែទូរស័ព្ទមិនអាចភ្ជាប់ប្រព័ន្ធបាន កាលពីរសៀលម្សិលម៉ិញនេះ៕ ដោយ៖សហការី