តារា​កូនកាត់​ខ្មែរ អាល្លឺម៉ង់ កញ្ញា ម៉ៃ​យ៉ា តួឯក​លើកដំបូង​រឿង “​ហង្ស​បាក់​ស្លាប​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

 

ដោយ៖រតនៈ

​ភ្នំពេញ​៖ តារា​សាច់​សខ្ចី​សម្តីទន់​ជា កូនកាត់​ខ្មែរ អាល្លឺម៉ង់ កញ្ញា ម៉ៃ​យ៉ា​(Ruger Maiya-Saraya Matha) ឆក់​បាន​តំណែង​តួឯក​ស្រី​ជា​លើកដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥​គឺ​រឿង “​ហង្ស​បាក់​ស្លាប​”​។ ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង ក្នុង​កម្មវិធី​ក្រុង​ពាលី​ចេញ​ថត​ខ្សែភាពយន្ត​ភាគ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​១៧​មីនា​នេះ​នៅក្នុង​បរិវេណ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។​
​ ​ ​
កញ្ញា ម៉ៃ​យ៉ា បាន​បញ្ជាក់ថា ក្នុង​ខ្សែភាពយន្ត​រឿង​”​ហង្ស​បាក់​ស្លាប​”​នេះ​នាង​សម្តែង​ជា​តួអង្គ​កូនស្រី​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ជាមួយនឹង​ជីវិត​ស៊ីវីល័យ​ហ៊ឺហា​។ នាង​លើកឡើងថា​នេះ​គឺជា​ខ្សែភាពយន្ត​ដំបូង​ដែល​នាង​ទទួលបាន​ហើយ​ក្នុង​តំណែង​តួឯក​ស្រី ក្រោយពី​នាង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។ តារា​ស្រី​ដែលមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ និង​ម្តាយ​ជា​ជនជាតិខ្មែរ​រូបនេះ​បាន​បញ្ជាក់ថា កន្លងមក​នាង​សម្តែង​តែ​ក្នុង​បទ​ចម្រៀង ការថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ខ្លីៗ ជា​អ្នក​បង្ហាញ​ម៉ូត និង​ពិធីករ​តែប៉ុណ្ណោះ​។ ទោះបីជា​ស្នាដៃ​ដូង​ក្នុង​អាជីព​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​មែន ប៉ុន្តែ​នាង​មាន​ទំនុកចិត្ត​ក្នុងការ​ចូលរួម​សម្តែង​ខណៈដែល​កន្លងមក​នាង​ធ្លាប់បាន​ប្រឡូក​នឹង​ការសម្តែង​មួយចំនួន​ហើយ​ដែរ​។ តារា​ស្រី​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា នាង​នៅតែ​ដាក់​ក្តី​រំបឹង​ខ្ពស់​ជាមួយនឹង​ខ្សែភាពយន្ត​ខាងលើនេះ​ព្រោះតែ​សាច់រឿង ពិសេស​ក្រុមការងារ​ផលិត​សុទ្ធ​តែមាន​ស្នាដៃ បទពិសោធន​ក្នុង​ការផលិត​ខ្សែភាពយន្ត​ភាគ​។​

តារា​កូនកាត់​រូបនេះ​នឹងត្រូវ​ជួប​ជាមួយនឹង​តួឯក​ប្រុស​លោក​មុំ សុទ្ធា​រ៉ា ហើយ​ក្រៅពី​តារា​សម្តែង​ទាំងពីរ​រូបនេះ​ក៏មាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​មួយចំនួនទៀត​ដូចជា​កញ្ញា អ៊ុន អា​លីហ្សា កញ្ញា​ហេង ស្រី​ពេជ្រ កញ្ញា​គីម ប័​រលី​និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​។​

​លោក Supit Rattichunhachot អ្នកគ្រប់គ្រង​ការផលិត​របស់​ក្រុមហ៊ុន Premier Entertainment Co.,Ltd​បាន​បញ្ជាក់ថា​តាម​ការគ្រោងទុក​ខ្សែភាពយន្ត​ភាគ រឿង “​ហង្ស​បាក់​ស្លាប​” នឹងត្រូវ​ចំណាយ​ការផលិត​ប្រមាណ​២​ខែ ដែល​នឹងត្រូវ​ចេញ​ថត​នៅ​តំបន់​ជាច្រើន​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន ពិសេស ខេត្តសៀមរាប​។ លោក​បាន​បញ្ជាក់ដែរថា ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នក​និយម​ទស្សនា​ខ្សែភាពយន្ត​ភាគ​។​
​ ​
លោក Supachai Verapuchong អគ្គនាយក​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​បញ្ជាក់ថា​ស្ថានីយ​ទូរ​ទ្សន៍​លោក​បាន​បង្កើន​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​ដោយ​សហការ​ជាមួយ​ដៃគូ​ជា​ជាមួយនឹង​ផលិតករ​មកពី​ព្រះរាជាណាចក្រ​ថៃ ប្រយោជន៍​ផលិត​ខ្សែភាពយន្ត​ភាគ​យ៉ាងតិច​២៤​រឿង​ក្នុង​មួយឆ្នាំ​។ លោក​បញ្ជាក់ដែរថា រហូតមកដល់​ពេលនេះ​ស្ថានីយ​បានបញ្ចប់​ការថត​ចំនួន​៣​រឿង​ហើយ​ហើយ​ខ្សែភាពយន្ត​រឿង​”​ហង្ស​បាក់​ស្លាប​”​នេះ​គឺជា​រឿង​ទី​៤​។ លោក​បន្តថា​ក្រុមការងារ​ផលិត​នឹង​ផលិត​ខ្សែភាពយន្ត​គ្រប់បែប​ទាំង​បុរាណ​និង​សម័យ ប៉ុន្តែ​អ្វីដែល​ខ្សែភាពយន្ត​យកចិត្តទុកដាក់​គឺ​ខ្សែភាពយន្ត​មានគុណ​ភាព​និង​បង្កប់​ដោយ​ទស្សនៈ​អប់រំ​។ លោក​បញ្ជាក់ដែរថា បើទោះបីជា​ខ្ទង់ចំណាយ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ព្រះរាជាណាចក្រ​ថៃ មានការ​ខុសគ្នា​ខណៈ​នៅ​ថៃ​ការចំណាយ​ក្នុង​មួយ​ភាគ​រហូតដល់​៣​ទៅ​៤​ម៉ឺន​ដុល្លារ​អាមេរិក​ខណៈ​នៅ​កម្ពុជា​ត្រឹម​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​នៅតែ​ស្ថិតក្នុង​គុណភាព​មួយ​ដែល​អាច​ទទួលយកបាន​។

លោក​បញ្ជាក់ថា វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការដណ្តើម​ទីផ្សារ​ភាពយន្ត​ព្រោះតែ​សិល្បករ សុទ្ធ​តែមាន​សមត្ថភាព​ទេពកោសល្យ​ក្នុងការ​សម្តែង ហើយ​លោក​រំពឹងថា ទីផ្សារ​ភាពយន្ត​ភាគ​ខ្មែរ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា​និង​ប្រទេសជិតខាង​នៅពេល​ខាងមុខ​៕ ​

1aj11aj21aj31aj4