រឿង​ចិន «​ឥទ្ធិពល​ស្នេហ៍​» ដែល​ថត​នៅ​កម្ពុជា​ត្រូវ​ផ្អាក​ដោយ​តួ​ប្រុស​ជាប់គុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

​ភ្នំពេញ​: ជា​អកុសល ល្ខោន​ទូរទស្សន៍​របស់​ចិន​ចំណងជើង​ថា «​ឥទ្ធិពល​ស្នេហ៍​» ដែល​ចាប់ផ្ដើម​ថត​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំទៅនឹង​គ្មាន​ឱកាសបានបង្ហាញ​ឲ្យ​ទស្សនិក ជន​ចិន​បាន​ទស្សនា​ឡើយ ក្រោយពី​តួឯក​ប្រុស​ដែល​ធ្លាប់បាន​សម្ដែង​រឿង​ភាគច្រើន​កន្លងមក​បាន​ជាប់ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពេស្យា​កម្ម​នៅ​ខែឧសភា​កន្លងទៅ​។​

ដំណឹង​ល្អ​ហៀបនឹង​កើតឡើង​ទៅហើយ​ដោយ​ការនាំយក​ទិដ្ឋភាព​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន និង​ត្រៀម​មកវិញ​នូវ​កំណើន​ទេសចរ រឿង​ឥទ្ធិពល​ស្នេហ៍ ដែលជា​រឿង​ស្នេហា​មាន​៣០​ភាគ​បាន​ផ្ដើម​ថត​នៅ​ទីតាំង​នានា​ក្នុង​ខេត្ដ សៀមរាប និង​ភ្នំពេញ បន្ទាប់ពី​ការធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ​នៅ​សណ្ឋាគារ Nagaworld​។​

លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន មន្ដ្រី​ផ្នែក​ទេសចរណ៍​ជាន់ខ្ពស់ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានមក​ចូលរួម​ដើម្បី​ស្វាគមន៍​ដល់​ក្រុម​ផលិតករ និង​តារា​សម្ដែង រួមទាំង​តួ​ប្រុស​មានរឿង​អាស្រូវ ហួង ហៃ​បូ​។​

លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន BuJianguo បាន​ថ្លែង​នៅពេល​បើកសម្ពោធ​ការថត​ថា​៖ «​តាមរយៈ​ល្ខោន​ភាគ​នេះ ប្រជាជន​ចិន​នឹង​កាន់តែ​ស្គាល់​ច្បាស់​ពី​វប្បធម៌ និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ថែមទៀត​។ ខ្ញុំ​មាន​ជំនឿ​ចិ​ត្ដ​ថា ប្រជាជន​ចិន​កាន់តែច្រើន​នឹង​មក​កម្សាន្ដ​នៅ​កម្ពុជា ក្រោយពី​ពួកគេ​បាន​ទស្សនា​រឿងនេះ​»​។​

​ប៉ុន្ដែ​នៅក្នុង​ខែឧសភា តារាភាពយន្ដ ហៃ​បូ ដែល​ល្បី​ជា​តួ​គួរ​ឲ្យ​ស្រឡាញ់​ប្រចាំ​ទូរទស្សន៍ ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​ពីបទ​ទិញ​ពេស្យា​កម្ម​នៅ​សណ្ឋាគារ មួយ​ក្នុង​ទីក្រុង​ប៉េកាំង និង​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៦​ខែ ពីព្រោះ​ការរក​សេវាកម្ម​ផ្លូវភេទ​នៅ​ប្រទេស​ចិន​គឺជា​ទង្វើ​ខុសច្បាប់​។​
​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​អំពី​ការ ផលិត​ល្ខោន​ភាគ​នោះ​ទៀត​ទេ ប៉ុន្ដែ​វា​ច្បាស់​ណាស់​ថា វា​នឹង​មិនអាច​ទាន់ពេលវេលា​កំណត់​បានឡើយ​ដោយសារតែ​ត្រូវមាន​គម្រោង​ថត នៅ​ប្រទេស​ចិន​ក្នុង​ខែ​នេះ​ទៀត​។​

លោក ចេង ហុង​បូ អ្នកនាំពាក្យ​ស្ថា​ត​ទូត​ចិន​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិនដឹងថា ភាពយន្ដ​នេះ​នឹងត្រូវ​បន្ដដំណើរ​ការ​ទៀត ឬក៏​យ៉ាងណាទេ​? ខ្ញុំ​គិតថា​ហៃ​បូ គឺជា​ជន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ល្មើសច្បាប់​នាពេលនេះ​»​។​
​លោក ហុង​បូ និយាយថា លោក​សង្ឃឹមថា យោងតាម​ហេតុផល​មួយចំនួន​ផលិតកម្ម​នេះ​នៅតែ​អាច​បន្ដការងារ​របស់​ខ្លួន​ទៅមុខទៀត​។​

លោក​បន្ថែមថា​៖ «​និយាយ​ពី​រឿង​ភាគ​នេះ​ខ្ញុំ​គិតថា វា​ពិតជា​ល្អ ហើយ​បើ​វា​អាច​ត្រូវបាន​ផលិត​ឲ្យ​ចប់​ចុង​ចប់​ដើម នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​ពេញនិយម​ខ្លាំង​»​។​

ប៉ុន្ដែ​លោក ឡុង ហ្ស៊ូ (Long Zhou) ជា​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ទេសចរណ៍​ក្រៅ​ស្រុក​របស់​ចិន មាន​សុទិដ្ឋិនិយម​តិចតួច​បំផុត​ដែលថា គម្រោង​នេះ​នៅតែ​បន្ដ​ទៅមុខទៀត​។​

លោក​បាន​ឲ្យ​ដឹង​ក្នុង​អ៊ីមែល​មួយ​ថា​៖ «​តាំងពី​លោក ហៃ​បូ ជួប​បញ្ហា​ក្នុង​ខែឧសភា ការថត​ភាពយន្ដ​ភាគ​នោះ​ត្រូវបាន​ផ្អាក​ក្នុង​ខែមិថុនា​ដោយ​គ្មាន​កំណត់ ពេល​បន្ដ​ជាថ្មី​ឡើយ​»​។​

សម្រាប់​រយៈពេល​៨​ខែ​ដំបូង កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិចិន​ជិត​៣៦៥០០០​នាក់ ដែលមាន​ចំនួន​កើនឡើង​រហូតដល់​១៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ ចិន​គឺជា​ប្រភព​ភ្ញៀវទេសចរ​ក្រៅ​ស្រុក​ដែល​កើនឡើង​ច្រើន​បំផុត​ក្នុងប្រទេស កម្ពុជា​។​

លោក ហូ វណ្ឌី សហប្រធាន​ក្រុមការងារ​ទេសចរណ៍​វិស័យ​ឯកជន​ជា​អ្នក​ផ្ដួចផ្ដើម​ជំនួញ​ជាមួយ នឹង​រដ្ឋាភិបាល​មាន​ជំនឿ​ចិ​ត្ដ​ថា ឱកាស​ផ្នែក​សិល្បៈ​កម្សាន្ដ​នឹង​បន្ត​ហូរហែ​ទៀត​។​

លោក​ថា​៖ «​យើង​នឹងមាន​តួ​សម្ដែង​ជាច្រើន​។ ក្រុមហ៊ុន​ភាពយន្ដ​ជាច្រើន​ទៀត​អាចម​កថត​នៅ​កម្ពុជា​។ វា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​»៕ ប៉ុស្តិ៍​ខ្មែរ

Untitled-6​លោក ហួង ហៃ​បូ ជា​តួឯក​ក្នុង​រឿង​ឥទ្ធិពល​ស្នេហ៍​ក្នុងពេល​សម្ពោធ​នៅ​សណ្ឋាគារ Nagaworld