ឃុំខ្លួនថៅកែ​សិប្បកម្ម​ផលិត​ទឹកកក និង​ជាង​ដំឡើង​ម៉ាស៊ីនធ្វើ​ឲ្យ​ធ្លាយ​ធុង​ហ្គាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក យ៉ិ​ន សារឿន បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក និង​ម្នាក់ទៀត ជាជាង​តម្លើង​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ធ្លាយ​ធុង​ហ្គាស បណ្ដាល​ឲ្យ​ពលរដ្ឋ និង​សមត្ថកិច្ច​ដែល​ជួយ​អន្ដរាគមន៍ ពុល​សន្លប់​រហូតដល់​៧​នាក់​។​
​ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុក ណា​រី ភេទ​ស្រី ជនជាតិ​ខ្មែរក្រោម ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក និង​ជន​ត្រូវ​ចោទ​ម្នាក់ទៀត​ឈ្មោះ ឃាង លាភ ភេទ​ប្រុស ជនជាតិ​វៀតណាម ជាជាង​តម្លើង​ម៉ាស៊ីន​ផលិត​ទឹកកក ដែល​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ទី​បទ «​បង្ក​ឲ្យ​មាន​របួស​ដោយ​ចេតនា​» ប្រឈម​នឹង​ការដាក់​ពន្ធនាគារ ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​៤​លាន​រៀល​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃត្រង់​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​ធ្លាយ​ធុង​ហ្គាស​នៃ​រោងចក្រ​ផលិត​ទឹកកក ស្ថិត​នៅមុខ​ផ្សារ PC តាមផ្លូវ​២៧១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​បណ្តាល​ឲ្យ​ជះក្លិន​ជាតិ​អា​ម៉ូ​ញាក់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​នៅក្បែរនោះ រហូតដល់​ជម្លៀសចេញ​សិស្សសាលា​ព្រមទាំង​បណ្តាល​ឲ្យ​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​៤​នាក់ និង​ពលរដ្ឋ​៣​នាក់​ទៀត​សន្លប់​ផងដែរ​៕

fn-2016-11-08-12-22-52-0fn-2016-11-08-10-46-11-1fn-2016-11-11-21-54-08-0 fn-2016-11-11-22-09-22-0