ភ្ជង់​យក Zoomer-X មួយគ្រឿង​នៅ​សង្កាត់​ទំនប់ទឹក​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ប្រដាប់អាវុធ​៦​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer-X ពី​និស្សិត​បញ្ញា​សាស្ត្រ​ម្នាក់​ទៅ​បាត់​នៅ ខណៈ​ជិះ​ម៉ូតូ​ចេញពី​ធ្វើ​ធ្មេញ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​របង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​ជនរងគ្រោះ​មានឈ្មោះ ទ្រី​វ ជុង​គាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​បញ្ញា​សាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១០៧ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ប្រផេះ​បិទ​ស្កុ​ត​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1S-8668 ។​
​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បានចេញ​មកពី​ធ្វើ​ធ្មេញ​នៅ​ជិត​សាកល​វិ​ទ្យ​ល័យ​មេគង្គ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គោលបំណង​ទៅ​ហូប​អាហារ​នៅ​ម្តុំ​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​១៨៣ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រដាប់អាវុធ​១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ១​គ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ី​គី​និក និង​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ជិះ​មក​ជិត​ហើយ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ចូល​កៀន​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ប៉ុន្តែ​សំណាង់ល្អ​ហើយ​ដែល​ក្រុមចោរ​ទាំងនោះ​មិនបាន​បាញ់ កុំ​អី​មិនដឹង​ជា​យ៉ាងណាទេ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​ប្រដាប់អាវុធ​ដែល​ថ្លើមធំ​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​ទាំង​ក្បាល​ព្រលប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

370a87fa-e459-4fbb-8a27-ec540c48b36eb21d0fca-46c1-4072-9102-1fb0af2f05a5