បង្ហាញមុខ​ក្រុមចោរប្លន់​១៥​នាក់​ដែល​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​មាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ ឆក់​ប្រដាប់អាវុធ និង​អំពើចោរកម្ម បាន​កើតឡើង​ផ្ទួនៗ ស្ទើរ​ជា​រៀងរាល់​យប់ ក្នុង​រាជធានី​ភ្នំពេញ​មក​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដល់​កងកម្លាំង​នគរបាល​ពាក់ព័ន្ធ បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ឈានទៅ ដល់​ការចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនេះ​ឲ្យ​ខាងតែបាន ។​
​ក្រោយ​មាន​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​នគរបាល​ទាំង ១២​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​តាម​បង្ក្រាប ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ បាន​ចំនួន​២​ក្រុម មាន​គ្នា​១៥​នាក់ ចាប់តាំងពី​ថ្ងៃទី​០២ រហូតដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​។​
​លោក អេង សោភា បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​១៥​នាក់ ដែល​ត្រូវបាន​បង្ក្រាប បានជា​បន្តបន្ទាប់​នេះ មាន​២​ក្រុម ដោយ​ក្រុមទី​១ ជា​ក្រុម​ប្លន់​ម៉ូតូ មាន​ចំនួន​១០​នាក់ ក្នុងនោះ​ខ្លះ​មាន​មុន​របប​មិន​ពិតប្រាកដ មាន​របប​ជា​បុគ្គលិក​នៅ​ណាហ្គា​វើ​ល និង​ជា​អ្នកបើករថយន្ត និង​មាន​២​នាក់​ទៀត​ជា អ្នកទទួលផល​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ​។​
​លោក​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរ​ទាំងនេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​១៤​គ្រឿង អាវុធខ្លី​២​ដើម ម៉ាក​កា​៥៤​គ្រឿងញៀន​៧១​កញ្ចប់ ក្នុងនោះ​៤៤​កញ្ចប់​ធំ ស្លាក​លេខ​ម៉ូតូ​ចំនួន ៧ កាំបិត​ប័ង​តោ និង​ទូរស័ព្ទដៃ ១​គ្រឿង​ផងដែរ​។​
​យ៉ាងណាក៏ដោយ ក្រុមចោរ​ទាំង​២​ក្រុម​នេះ បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​១៣​ករណី​នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នៅ​សង្កាត់​ផ្សារ​ដេ​ប៉េ​៣ ខណ្ឌទួលគោក នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ៕

20161206_110043photo-2-320161206_110407