ក្រសួងបរិស្ថាន ផ្ទេរ​ការគ្រប់គ្រង​តំបន់ ការពារធម្មជាតិ ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2017 ក+ ក-

​ភ្នំពេញ ៖ ​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​បញ្ជាក់​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​សមត្ថកិច្ច​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលមាន​មន្ទីរ​បរិស្ថាន​ជា​សេនាធិការ​។
​ ​លោក រដ្ឋមន្ត្រី សាយ សំ​អាល់ បញ្ជាក់ថា តាមរយៈ​យុទ្ធនាការ​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​។ ទោះជា​យ៉ាងណាក៏ដោយ​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​មួយចំនួន ដូចជា ការ​លួច​កាប់​ឈើ និង​ការកាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​បន្ត​កើតមាន ហើយ​ការរុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ ក៏ដូចជា ការប្រើប្រាស់​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ​សម្រាប់​ជា មូល ដ្ឋា​ន​កងទ័ព នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ទាមទារ​ឱ្យ​ក្រសួង ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ បន្ត​រួមគ្នា​ចាត់វិធានការ​គ្រប់គ្រង ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕