សង្ឃ​មួយអង្គ​ជាប់ចោទ​បទ​ឆបោក​ប្រា​ក់ជាង​១៤​ម៉ឺន​ដុល្លារ​រឿង​រត់ការ​ចូលធ្វើ​ប៉ូលិស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017

​កំពង់ចាម​៖ ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​០៨​នាក់ ដែល​ចាញ់បោក​អស់​
​ថវិកា​ក្នុង​ម្នាក់​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ រួម​នឹង​ពលរដ្ឋ​នៅ​កន្លែង​ផ្សេងទៀត​សរុប​ចំនួន​៣១​នាក់​គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​១៤​ម៉ឺន​ដុល្លារ ដោយ​ព្រះសង្ឃ​១​អង្គ​គង់នៅ​វត្ត​នគរ​បា​ជ័យ ឃុំ​អំពិល ស្រុក​កំពង់សៀម ដែល​បាន​សន្យាថា​នឹង​ឲ្យ​កូនចៅ​របស់​ពួកគាត់ បាន​ជាប់​ជា​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​តែ​ទីបំផុត​មិនបាន​លទ្ធផល​នោះទេ ទើប​នៅ​រសៀល​ថ្ងៃទី​២៥​សីហា ២០១៧ កម្លាំង​សមត្ថកិច្ច​រួម​នឹង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​ចុះទៅ​សួរនាំ​ព្រះសង្ឃ​អង្គ​នោះ​ផងដែរ ។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹងថាៈ ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​ក្នុងនោះ​មានៈ ១-​ឈ្មោះ ស្រេង ចាន់​រី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ទួល​បី ឃុំ​រាយប៉ាយ ស្រុក​កងមាស ២-​ឈ្មោះ ស្រ៊ាង គង់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​ទី​១ ៣-​ឈ្មោះ ហាវ យ៉ា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​ទី​១ ៤-​ឈ្មោះ​នី មុន្នីរាជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​អណ្តូង​ពក ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ៥-​ឈ្មោះ​សុំ សា​រុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ៦-​ឈ្មោះ គុយ ខេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ៧-​ម៉ាន់ សារ៉េត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​នៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ៨-​ឈ្មោះ សូត្រ មូ​យ​នី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ភូមិ​គោក​គ្រៀម​ស្រុក​ជាមួយនឹង​អ្នក​ទី​៧ បាន​រងគ្រោះ​ដោយ​ចាញ់បោក​ព្រះសង្ឃ​ឈ្មោះ សេង សារី អាយុ​៣៦​ឆ្នាំ ។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្ត បាន​បន្តថា បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​វត្ត​បាន​ជួប​ជាមួយនឹង​ព្រះសង្ឃ​ផ្ទាល់ ព្រមទាំង​មានការ​អនុញ្ញាត​ពី​លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត ហើយ​ក៏បាន​ឆ្លើយ​សារភាពថា​ពិតជា​បានទទួល​លុយ ពី​ពលរដ្ឋ​ទាំងនោះ​មែនហើយ​ពាក់ព័ន្ធ​នឹង​ករណីនេះ​មន្ទីរ​ធម្មការ​ខេត្ត​បាន​ផ្សឹក និង​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត ។​
​អតីត​សង្ឃ​ឈ្មោះ សេង សារី បាន​ឆ្លើយថា ខ្លួន​ពិតជា​បានទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទាំង​០៨​នាក់​ខាងលើ​ដោយ ពិតប្រាកដ​មែន មិនតែប៉ុណ្ណោះ​ក៏បាន​ទទួល​ពី​ប្រជាពលរដ្ឋ​ផ្សេងទៀត​រហូតដល់​ទៅ​៣១​នាក់​ដែលមាន​ទឹកប្រាក់​ចំនួន​១២៩.៥០០​ដុល្លារ ហើយ​លុយ​ទាំងនេះ​បាន​យកទៅ​ប្រគល់​ឲ្យ​លោក​វរ​សេនី​យ៏​ឯក​ម្នា​ក់នៅ​នាយកដ្ឋាន​នៃ​អគ្គនាយក​រដ្ឋា​ន​អន្តោរ​ប្រវេ​ស​ន៏ រាជធានី​ភ្នំពេញ ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ​ជា​នគរបាលជាតិ​ឆ្នាំ​២០១៧ ក្រោយមក​ក៏បាន​វេរ​ប្រាក់​បន្ថែមទៀត​ឲ្យ​ទៅ​លោក​វរ​សេនី​យ៏​ឯករូប​នោះ​មាន​ទឹកប្រាក់​ចំនួន​១៤០.២៦៧​ដុល្លារ ។​
​មកដល់​រសៀល​ថ្ងៃទី​២៦ សីហា ២០១៧ អតីត​សង្ឃ​អង្គ​នេះ ត្រូវបាន​សមត្ថកិច្ច​កំពុង​បំពេញបែបបទ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ហើយ​ដែរ ៕