រដ្ឋបាល​ក្រុងភ្នំពេញ នឹង​បង្កើត APP ក្នុង​ទូរស័ព្ទដៃ បង្ហាញ​ពី​ខ្សែ​រត់ និង​ចំណត​រថយន្តក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្កើត APP នៅក្នុង​ទូរស័ព្ទដៃ ដើម្បី​បង្កើន​ភាពងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​រថយន្តក្រុង​សាធារណៈ ងាយស្រួល​និង​ដឹង​ពី​ពេលវេលា ទីតាំង​ចំណត តម្រាយ​ផ្លូវ​ធ្វើដំណើរ ជាមួយ​នោះ គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​ទូទាត់​បែប អេ​ឡិ​ក​ត្រូ​និក ពី​សាច់ប្រាក់​មកជា​ការ​ឆូត​កាត​ផងដែរ​។​
​លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​ក្រោយ​កិច្ចប្រជុំ ស្តីពី ស្ថាន​ភា ពនៃ​ការគ្រប់គ្រង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) កាល​ព្រឹក​ថ្ងៃ​២៨​សីហា​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។
​លោក មាស ម៉េ​ត​ភក្តី បាន​បន្ត​ឱ្យដឹងទៀតថា ក្នុង​កិច្ចប្រជុំ​ដែលមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​គ្រប់ភាគី ឯកឧត្តម ឃួ​ង ស្រេង បាន​រំលឹក​ឡើងវិញ ពី​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​បានលើកឡើង​កាលពីពេល​ពេល​កន្លងទៅ​ថ្មី​នេះ ដែល​បាន​អនុញ្ញាតិ​អោយ​កម្មករ​-​កម្មការិនី បាន​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិត​ប្រាក់​រយៈពេល​ពីរ​ឆ្នាំ់ ក្នុងនោះ​ក៏បាន​ណែនាំ​អោយ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ដើម្បី​អោយមាន​ប្រសិទ្ធិភាព​ផងដែរ​។
​គួររំលឹកថា រដ្ឋបាល​រាជធានី កាលពី​ថ្ងៃទី​២០​ខែសីហា​នេះ បានចេញ​សេចក្តី​ជូន​ដំ​ណឺង​មួយ ដល់ក​ម្មករ កម្មការិនី ដើម្បី​ជួយ​សំរួល​ដល់​ការចំណាយ​លើ​ម​ធ្យា​បាយ​ប្រចាំថ្ងៃ សំដៅ​លើកកម្ពស់ ជីវភាព​ប្រចាំថ្ងៃ តាម​ប្រសាសន៍​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​អនុញ្ញាតិ​អ​ឱ្យ​កម្មករ កម្មការិនី ជិះ​រថយន្តក្រុង គ្រប់​ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​សេវា​រយៈពេល​២​ឆ្នាំ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ការងារ​តែប៉ុណ្ណោះ ជាមួយគ្នា​នោះ លិខិត​ដដែល​ក៏បាន​ឱ្យដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ ក៏ដូចជា​សេចក្តីត្រូវកា​រលើ សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និង​កម្មករ កម្មការិនី រដ្ឋបាល​រាជធានី ក៏បាន​ធ្វើការ​កែសម្រួល​តម្រាយ​ផ្លូវ​ចាស់ ព្រមទាំង​ដាក់​ដំណើរការ​តម្រាយ​ខ្សែ​រត់​ថ្មី​បន្ថែមទៀត​។​
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី មានការ​កែសម្រួល​តម្រា​យ​ផ្លូវ​នៃ​ខ្សែ​រត់​ចាស់ ខ្សែរ​ត់ទី​២៖ ចេញពី​ចំណត​ពី​អ៊ី​អន​២( AEON2) តាមផ្លូវ​ឧកញ៉ា​មុង​ឬ​ទ្ធី រង្វង់​មូល​កាំ​កូ​ស៊ី​ធី អង់​តែង​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧(​វត្តភ្នំ​) ផ្លូវ​ព្រះ​នរោត្តម ផ្លូវជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ខ្សែរ​ត់ទី​៣៖ ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ តាមផ្លូវ​ជាតិ​លេខ​៥ ដល់​រង្វង់​មូល​គួច​កាណុង​ផ្លូវ​លេខ​៤៧(​វត្តភ្នំ​)​ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០​ផ្សារ​ធំថ្មី មហាវិថី​កម្ពុជា​ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣ ដល់​ចំណត​បុរី​សន្តិភាព​២៕