ភ្លើងប្រចណ្ឌឡើងកម្តៅ យកកាំបិតចៀរ លើប្រដាប់ភេទប្រពន្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

ក្រចេះ ៖ ទីបំផុតស្រ្តីជាប្រពន្ឋបានសម្រេចប្តឹងទៅនគរបាលឲ្យចាប់ខ្លួនបុរសជាប្តីដៃ ឆៅដែលបានប្រើហិង្សា ដោយយកកូនកាំបិតចៀរលើប្រដាប់ភេទរហូតដាច់រយៈជាង១០ថ្នេរ ដោយសារតែស្រ្តីរងគ្រោះ ខ្លាចភាពអសន្តិសុខបែបនេះ នៅបន្តលើខ្លួន និងកូនដោយមិនអាចទ្រាំនិងការគំរាមរបស់ជនដៃដល់ជាប្តីតទៅទៀត។
ជនដៃដល់ជាប្តីឈ្មោះ អ៊ន ឆាយ អាយុ៥៤ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ខែសីហាហើយបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៩ ខែសីហានេះ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាល ប្រឆាំងការជួញដូរមនុស្ស។
នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សលោកវរសេនីយ៍ត្រី ឌុច អ៊ុច បាន បញ្ជាក់ថា ការចាប់ឃាត់ខ្លួនបុរសដៃដល់ជាប្តី គឺបានធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ ស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះ ឈុំ ច្រឹប អាយុ៣៤ឆ្នាំ។ លោកបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីបង្ក ហេតុស្រ្តីរងគ្រោះមិនហ៊ានដាក់ពាក្យបណ្តឹងមកនគរបាលនោះទេ ដោយខ្លាចការគំរាម របស់ប្តី។ ក្រោយពីរងការបង្កហិង្សាពីជនដៃដល់ជាប្តីដែលបានយកកូនកាំបិតចៀរលើ ប្រដាប់ភេទបណ្តាលឲ្យដាច់រយៈជាង១០ថ្នេរ និងបានព្យាបាលមានរយៈពេលជិត ១ខែមក នេះស្ថានភាពរបួសរបស់ស្រ្តីជាប្រពន្ឋនៅមិនទាន់បានធូរស្បើយនៅឡើយទេ។
នគរបាលស្រុកព្រែកប្រសព្វបាននិយាយថា អំពើហិង្សាមួយនេះ គឺបានកើតឡើងតាំង ពីចុងខែកក្កដា មកម្លេះ ទៅលើគ្រួសារក្រីក្រ នៅតំបន់ដាច់ស្រយ៉ាលក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ តែពេលកើតហេតុភា្លមៗ ស្រ្តីរងគ្រោះជាប្រពន្ឋមិនប្តឹងផ្តល់ឲ្យនគរបាលចាប់ខ្លួនបុរសជាប្តីដើម្បីអនុវត្តតាមច្បាប់នោះទេ ហើយក៏ថែមទាំងអង្វរមកនគរបាលមិនឲ្យចាប់ចងជនដៃដល់ជាប្តីមកដាក់ទោសទៀតផង ដោយសារអាណិត និងគ្មាននណាជួយមើលចិញ្ចឹមថែទាំកូន។
អំពើហិង្សាមួយនេះ ត្រូវបាននគរបាលសន្និដ្ឋានថា គឺអាចផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយបុរសដៃដល់ជាប្តី មានការខឹងសម្បារនៅពេលស្រ្តីជាប្រពន្ឋដែលមានប្រើទូរសព្ទដៃ និងចោទថា ទូរសព្ទនេះ ទុកទាក់ទងជាមួយប្រុស។ មិនតែប៉ុណ្ណោះជនដៃដល់ជាប្តី បានចាប់ ស្រ្តីជាប្រពន្ឋសម្រាតខោ និងបានយកកូនកាំបិតចាប់ចៀរលើប្រដាប់ភេទបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗក្រោយពីបង្កហេតុ បុរសជាប្តីដៃដល់ ក៏ បានជួយដឹកស្រ្តីរងគ្រោះជាប្រពន្ឋមកសង្រ្គោះព្យាបាលនៅមណ្ឌលសុខភាពដែរ។
អ្នកស្រុកបានឲ្យដឹងថា កន្លងគ្រួសារនេះតែងតែកើតមានទំនាស់ក្នុងគ្រួសារជាបន្ត បន្ទាប់ នៅពេលដែលពួកគេទាំងពីរនាក់តែងតែស្រវឹងស្រាដូចគ្នា ហើយមួយរយៈនេះដែរស្រ្តីជាប្រពន្ឋ និងកូនក៏មិនហ៊ានទៅស្នាក់នៅផ្ទះនោះទេ ព្រោះតែខ្លាចប្តីធ្វើបាបម្តងទៀត និងបានដើរសុំផ្ទះអ្នកស្រុកស្គាល់គ្នា ស្នាក់នៅបណ្តោះអាសន្ន ៕