អភិបាលក្រុងភ្នំពេញ ផ្តាំផ្ញើឱ្យក្រុម​យុវជន បន្តថែទាំ និងការពារសិទ្ធិកម្មករ កម្មការិនី ឱ្យបានល្អ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

ភ្នំពេញ ៖ ដើម្បីការងារ កម្ពុជាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងការពារផលប្រយោជន៍ និងសិទ្ធរបស់បងប្អូនកម្មករ និយោជិត ដោយចេះស្រលាញ់គ្នា ទុកដូចជាបងប្អូន ជួយការពារ ថែទាំពួកគាត់ឱ្យបានល្អបំផុត តាមតែអាចធ្វើទៅបាន។
ការផ្តាំផ្ញើនេះបានធ្វើឡើងក្នុងពេល ដែលលោក ឃួង ស្រេង បានអនុញ្ញាតិឱ្យក្រុមការងារ សហភាពស្មារតី យុវជន ដើម្បីការងារកម្ពុជា ដឹកនាំដោយ លោក មុំ សៀក ប្រធានសហភាពស្មារតី យុវជន ដើម្បីការងារកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី២៩សីហានេះ នៅសាលារាជធានីភ្នំពេញ ។
នៅក្នុងជំនួបនោះលោកអភិបាល បានលើកឡើងពីការខិតខំប្រឹងប្រែងអភិវឌ្ឍរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបង្ខិតសេវាសាធារណៈឱ្យទៅគៀក ជាមួយប្រជាពលរដ្ឋ និងទីកន្លែងធ្វើការ ដោយជួយបំពេញតម្រូវការគ្រប់បែបយ៉ាង ធ្វើយ៉ាងដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងការការពារ សុខដុមនីយកម្ម រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ របស់រាជធានីភ្នំពេញ ក៏ដូចជាគ្រប់គ្រងនូវរាល់សភាពការមួយចំនួនដែលបានកើតឡើង បានល្អប្រសើរ ដោយទទួលបានការសាទរ ពីប្រជាពលរដ្ឋក្នុងរាជធានីទាំងមូល។
លោក មុំ សៀក ប្រធានសហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា បានថ្លែងឱ្យដឹងនៅក្រោយជំនួបនោះថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ សហភាព ស្មារតី យុវជន ដើម្បីការងារកម្ពុជា ក៏ដូចជាក្នុងមានកម្មករ កម្មការិនី ជាង៩ម៉ឺននាក់ ដែលជាសមាជិករបស់ខ្លួនមកសម្តែងការអបអរសាទរ និងអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងតែបានដាក់ក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងដោះស្រាយនូវរាល់បញ្ហា ដែលកើតមានឡើង នៅតាមបណ្តារោងចក្រសហគ្រាសបានទាន់ពេលវេលា ដូចជា ការណី បាតុកម្ម កូដកម្ម និងការងារពាក់ព័ន្ធជាមួយក្រសួងការងារជាដើម។
សូមបញ្ជាក់ផងដែរ សហភាព ស្មារតីវ យុវជន ដើម្បីការងារកម្ពុជា ធ្វើការងារផ្តោតជាសំខាន់លើការងារការពារសិទ្ធិ កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងស្បែកជើង ជាពិសេស ការងារត្រួតពិនិត្យទៅលើក្រុមរថយន្តដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមរោងចក្រកាត់ដេរ ដែលមាន អង្គការ សមាគម ជាច្រើនជាសមាជិក៕