វាយកម្ទេច​ផ្ទះ​បី​ខ្នង​យក​ដី​ឲ្យ​អ្នកឈ្នះ​ក្តី ក្រោម​សំឡេង​ទ្រហោយំ​កងរំពង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2017 ក+ ក-

​ខេត្តកណ្ដាល​៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​អាជ្ញាសាលា​របស់​តុលាការ​ខេត្តកណ្ដាល ចុះ​អនុវត្ត​សាលក្រម តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី​៨​កញ្ញា នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ។ ការអនុវត្ត​សាលក្រម​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ត្រូវបាន​ជាន់​កម្ទេច​ដោ​យ​គ្រឿងចក្រ បន្ទាប់មក​ប្រគល់​ដី​ទៅអោយ​ភាគី​ឈ្នះក្តី​។​
​ការអនុវត្ត​សាលក្រម​នេះ​បាន​ជោគជ័យ​ទាំង​ក្តី​សោកសង្រេង​របស់​ប្រជាពលរដ្ឋ​ចាញ់ក្តី ដោយ ការសោកស្តាយ​ទ្រព្យសម្បត្តិ​របស់ខ្លួន ជាមួយ​ក្រុមគ្រួសារ​ដួលសន្លប់​ចំនួន​ពីរ​នាក់​( ស្រី​មួយ​នាក់ ) ផ្ទះ​បី​ខ្នង​ដែល​ត្រូវបាន​ជាន់​កម្ទេច​នោះ ធ្វើ​អំពី​ឈើ​បក​រក់ស​ង្គ័​សី មួយ​ខ្នង និង​ផ្ទះ ថ្ម​ប្រក់ស​ង្គ័​សី ពីរ​ខ្នង ហើយ​ការអនុវត្ត​សាលក្រម​នេះដែរ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​នៅវេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ។​
​បើតាម​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ដែល​ដឹកនាំ​កំលាំងចម្រុះ មក​អនុវត្ត​សាលក្រម របស់​តុ​ុ​លា​ការ​កំពូល​បានឱ្យដឹងថា រឿងក្តី នេះ​គឺ​កើតមាន​តាំងពី​ឆ្នាំ​២០០៤ មក ដែលមាន​ដើមបណ្ដឹង ឈ្មោះ​មី​ុ ក​ល្យា​ញ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នក​ឈ្នះក្តី ចាប់​តាំង ពី​លា​លា​ដំបូង​ខេត្តកណ្ដាល សាលា​ឩ​ទ្ធ​រណ៍ រហូតដល់​តុលាការ​កំពូល ។ ចំណែក​ភាគី​ចាញ់ក្ដី ទី​១ ឈ្មោះ​ប៉ុន ថន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ទី​២​ឈ្មោះ អ៊ុង អ៊ី​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ និង​ទី​៣ ឈ្មោះ សែ គឹម​អូន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ អ្នក​ទាំងបី​នាក់​មាន​ទី​លំនៅ​ភូមិ​ទួល​ក្រសាំង ឃំ​ុ​រកា​ខ្ពស់​ស្រុក​ស្អាង ។​
​ដី​ដែល​អនុវត្ត​សាលក្រម អោយទៅ​ភាគី​ឈ្នះក្តី មាន ទំហំ ២៥​គុណ​និង​១០​ម៉ែត្រ ពីរ​ប្លង់ និង​ដី​ទំហំ ២០​គុណ​និង​១០០​ម៉ែត្រ មួយ​ប្លង់ ។
​សាលក្រម របស់​តុលាការ​កំពូល បាន បង្គាប់​អោយ​ភាគី​ចាញ់ក្តី រុះរើ​ផ្ទះ ចេញ​ប្រគល់​ដី​អោយ​ភាគី ឈ្នះក្ដី និង​ជួយ​ដោះស្រាយ សំណង ពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ចំនួន​១​ពាន់​ដុល្លារ និង មួយ​គ្រួសារ​ទៀត ២ ពាន់​ដុល្លារ តែ​ភាគី​ចាញ់ក្ដី​មិន​ព្រម​រុះរើ តាម​សាលដីការ ។​
​ប៉ុន្តែ​បើតាម​ភាគី​ចាញ់ក្តី​ទាំងបី​គ្រួសារ បាន​ប្រាប់​អោយដឹងថា ដី​នេះ ជា​ដី ពួកគាត់ រស់នៅ​តាំង ពី ឆ្នាំ​១៩៨៧ មក​ម្លិះ គឺ តាំងពី​មិនទាន់មាន អ្នក​មក​រស់នៅ​ទីនោះ​ច្រើន​មក​ម្លេះ ។​ហើយក៏​មានការ​ទទួល​ស្គាល់ ពី​ប្រធានភូមិ មេឃំ​ុ​ដែរ និង​មាន​បង្កាន់ដៃ​ដែល​ចេញ​ការិយាល័យ​សុរិយោដី​ស្រុក​ស្អាង​ទៀតផង ។ ភាគី ចាញ់ក្ដី​ថា សាលក្រម អោយ​ពួកគាត់​ចាញ់ក្ដី បែបនេះ ពិត ជា​អយុត្តិធម៌​ខ្លាំងណាស់ និង បាន លើក​រូបថត​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុត្តិធម៌ ដល់​ពួកគាត់ ទាំងអស់គ្នា ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង​។​

​នៅពេលដែល​សមត្ថកិច្ច ចម្រុះ ជាច្រើន​នាក់ ចុះ​អនុវត្ត​សាលក្រម​នេះ ក្រុមគ្រួសា​ភាគី​ចាញ់ក្ដី បាន ព្យាយាម​រារាំង ក្រុម​សមត្ថកិច្ច ដោយមាន​អ្នកខ្លះ ឡើង​អង្គុយ​លើ​ដៃ​គ្រឿងចក្រ លើ​កង់​គ្រឿងចក្រ ខ្លះ​ដេក​លើដី រារាំង​មិនអោយ​គ្រឿងចក្រ ចូលទៅ​កាយ កំទេច រុះរើ​ផ្ទះ និង បាន​ដុត សំបក​កង់ឡាន ជាច្រើន ឆេះ​ផ្សែង ខ្មៅខ្មួល​ខ្មាញ់ លើ​អាកាស​សា បង្ករ​អោយ អ្នកធ្វើដំណើរ​តាមផ្លូវ ឈប់​មើល​ត្រៀបត្រា ក្នុង​ទឹកចិត្ត អាណិត​ភាគី​ចាញ់ក្ដី ជា​ពន់ពេក​។​
ក្រុមគ្រួសារ អ្នកចាញ់​ខ្លះទៀត មាន​កាន់​ដប​សាំង នៅក្នុង​ដៃ គម្រាម ចាក់​ដុត​ផ្ទះ និង​ដុត​ខ្លួនប្រាណ ប៉ុន្តែ​ត្រូវ​ក្រុម​សមត្ថកិច្ច ចាប់ សែង គ្រាក​ចេញ មានការ​ប៉ះទង្គិច ប្រើ​អំពើ​ហឹ​ង្សា ដាក់គ្នា​ទៅវិញទៅមក​ផងដែរ តែ​មិនមាន​អ្នករងរបួស ធ្ងន់ធ្ងរ​ទេ​។ ដោយសារតែ​មានការ ស្លុតចិត្ត​ខ្លាំងពេក និង​ទ្រហោ៑យំ និង ប៉ះទង្គិច ច្រាន​គ្នា​ទៅវិញទៅមក បាន​បណ្ដាលអោយ​ភាគី​ចាញ់ក្តី​ពីរ​នាក់ បាន​ដួលសន្លប់ ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ត្រូវបាន ក្រុ ម​គ្រួសារ​បញ្ជូនទៅ មន្ទី​ពេទ្យ ដែលជា​ឱកាស​ដល់ ក្រុម​សមត្ថកិច្ច​បញ្ជា​ដោយ​មន្ត្រី តុលាការ អោយ គ្រឿងចក្រ សម្រុកចូល ទៅ​ជាន់​កម្ទេច​ផ្ទះ​ទាំងបី​ខ្នង បា​នស​ម្រ​ច​នៅវេលា​ម៉ោង ជាង​១២ ថ្ងៃត្រង់ ខ​ណះ​ដែល ក្រុមគ្រួសារ​ភាគី​ចាញ់ក្ដី នៅ​ទ្រហោយំ កងរំពង សម្លឹងមើល​ផ្ទះ​ដែល​ខ្ទេចខ្ទី​គ្នាន​សល់​នោះ ។
​គួរ​បញ្ជាក់ថា សកម្មភាព​អនុវត្ត​សាលក្រម​នោះ គេ​បានឃើញ​ម្ចាស់បំណុល​ហាក់​ខ្នះខ្នែង​បញ្ជារ​កម្មករ​ឲ្យ​រុះរើ​និង​កម្ទេច​ផ្ទះ​អ្នកចាញ់​ក្តី និង ចាប់ដៃ​ចាប់ជើង សែង​ក្មេងស្រី និង ស្ត្រី​ចាស់ៗ​ដែល​ព្យាយាម​ការពារ​ផ្ទះ​របស់ខ្លួន ។ ជាងនេះទៅទៀត គេ​សំគាល់​ឃើញ​ម្ចាស់បំណុល​បាន​បង្គាប់បញ្ជារ​មន្ត្រី​អាជ្ញាសាលា និង មន្ត្រី​តុលាការ​ទៀតផង ។ សកម្មភាព​នេះ ត្រូវបាន​គេ​វាយតម្លៃថា ការអនុវត្ត​សាលក្រម​មិនធម្មតា​គួរ​ឲ្យ​ភ័យខ្លាច ៕