ក្រសួង​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទប់ស្កាត់​​ការឆ្លង​ជំងឺអេដស៍​ពេល​បុណ្យអុំទូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​រដ្ឋ​ទាំងអស់​បង្កើន​ការផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ជំងឺអេដស៍​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ ដើម្បី​ផ្តល់​ជា​សារ​ជូន​ដល់​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​មានការ​ប្រុងប្រយ័ត្ន​នៃ​ការឆ្លង​មេរោគ​អេដស៍​បន្ថែមទៀត​។​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​របស់​ក្រសួង កាលពី​ព្រឹក​ថ្ងៃទី​១០ តុលា​នេះ​នៅ​ទីស្តីការក្រសួង​លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​មានប្រសាសន៍ថា​គណៈកម្មកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​របស់​ក្រសួង​ព័ត៌មាន​នឹង​រៀបចំ យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ​ដែលជា​ពិធីបុណ្យ​ដែលមាន​ប្រជា​ល​រដ្ឋ​មកលេង​កម្សាន្ត​ច្រើន​នៅ​ភ្នំពេញ​។​
ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បញ្ជា​ក់ថា បញ្ហា​អេដស៍​បច្ចុប្បន្ននេះ នៅតែ​ជា​បញ្ហា​ប្រឈម បើទោះបីជា​ជំងឺអេដស៍​នៅ​កម្ពុ​ជាមាន​ការថយចុះ​ក៏ដោយ តែ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ត្រូវ​រួមគ្នា​ទប់ស្កាត់​ជំងឺអេដស៍​នេះ​ដើម្បី​លប់បំបាត់​ជម្ងឺអេដស៍​នេះ​ឱ្យបាន​តាម​គោលដៅ​នៅ​ឆ្នាំ​២០២០​ខាងមុខ ហើយ​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ត្រូវ​បន្ត​ផ្សព្វផ្សាយ​អោយបាន​ខ្លាំងក្លា​តាមរយៈ​ជា​សារ​អប់រំ តាម​កាសែត វិទ្យុ និង​ការរត់​អក្សរ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​អោយបាន​កាន់​ច្រើន​បន្ថែមទៀត ដើម្បី​ជា ប្រយោជន៍​ដល់​សាធារណជន​បាន​យល់ដឹង​អំពី​ផលប៉ះពាល់ និង​ផលវិបាក​ដែល​បង្ករ​ឡើង​ដោយ​ជំងឺអេដស៍​។ ជាមួយគ្នានេះ​ឯកឧត្ដម​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​គ្រោង​មក​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក សូម​ការពារ​ខ្លួន និង​បង្កើន​ការប្រុងប្រយ័ត្ន​កុំអោយ​ឆ្លង​មេរោគ​អេដស៍​ឱ្យសោះ ពោលគឺ​សូមកុំ​នាំ​អេដស៍​ចូល​ផ្ទះ​៕