អភិបាល​រាជធានី ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ដើម្បី​កែលម្អ​សហគមន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

​ភ្នំពេញ ៖ ទិ​កា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​នេះ បានរៀបចំ​ធ្វើ​នៅ​មហោស្រព​ចេនឡា សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដើម្បី​ស្តាប់​នូវ​អ្វីដែល​កង្វល់ និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ក្នុងកា​កែលម្អរ​សហគមន៍​ឱ្យ​កាន់តែ​ល្អប្រសើរ លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន​និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​
​វេទិកាសាធារណៈ​នេះ​បានធ្វើ​ឡើង​ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក លី ណា​រុន អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខណ្ឌទួលគោក និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ជាច្រើនរូប​ទៀត​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា វេទិការ​ថ្ងៃនេះ​បាន​ដោះស្រាយ​នូវ សំនួរ សំណើរ និង​សំណូមពរ​ផ្ទាល់ មាត់​ចំនួន​១៣ ស្មើ​និង​១៧​បញ្ហា ហើយ​នៅសល់ សំណួរ សំណូមពរ ជា​លេខ​លាក់​អក្សរ​ចំនួន​៧៤​ទៀត នឹងត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់ តែ​ទាមទា​ឱ្យមាន​ការពិនិត្យ ពិភាក្សាគ្នា ឱ្យបាន​ហ្មត់ចត់ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់មូលដ្ឋាន​។
​ជាមួយគ្នា​នោះ លោក​អភិបាល ស្នើឱ្យ​ប្រជាពលរដ្ឋ ចូលរួម​លើក​ជា​មតិយោបល់​អំពី​អ្វី​ដែលជា​កង្វល់​រប​ស់បង​ប្អូន​ឱ្យបាន​ច្រើន ជាង​ការលើកឡើង​របស់​មេភូមិ ឬ ចៅសង្កាត់ វា​អាច​នឹងមិន​ត្រូវចិត្តរ​បស់​ប្រជាពលរដ្ឋ ហើយ​បញ្ហា​មួយចំនួន​គឺ​សង្កាត់ ឬ ខណ្ឌ ជា​អ្នកសម្របសម្រួល និង​ដោះស្រាយ​ជូន ប៉ុន្តែ​បើ​អាជ្ញាធរ​មូលដ្ឋាន​ដោះ​មិន​ចេញ អាច​លើក​មក​នៅពេលនេះ ដើម្បី​យើង​ដោះស្រាយ​នៅ​ចំពោះមុខ​ទាំងអស់គ្នា តែ​យ៉ាងណា​សុំ​កុំ​យក​វេទិការ​នេះ កេងចំណេញ​ផ្នែក​នយោបាយ ឬ ផលប្រយោជន៍​បក្សពួក និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។
​លោក ឃួ​ង ស្រេង បញ្ជាក់ថា វេទិការ​សាធារណៈ​នេះ គឺមាន​គោលបំណង បង្កើត​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ លើក​នូវ​ចំណុច​អវិជ្ជា​មាន មក​កែលំអរ រដ្ឋបាល​ថ្នាក់ក្រោម ពិសេស​លើ​ការបំរើ សេវាសាធារណៈ និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ឱ្យបាន​ល្អ​។ លោក ស្នើឱ្យ​មន្ត្រី​ទាំងអស់​យកចិត្ត​ទុក​បំរើ​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​លទ្ធភាព និង​ដោយ​សុទ្ធចិត្ត និង​មិន​យកប្រាក់ ព្រោះនេះ​ជា​បទបញ្ជា​និង​ជា​គោល​ការ​របស់​រាជរដ្ឋាភិបាល​។ ដោយឡែក ពាក់ព័ន្ធ​នឹង​ការកសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ការកកស្ទះ​ចរាចរ នោះ​ជា​រឿង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកដោះស្រាយ​។​

​ទាក់ទិន​និង​បញ្ហា​នេះ លោក ម៉ប់ សារិន បានអោយដឹងថា វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​
​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ទោះ​ទិទាន រិះគន់​យ៉ាងណាក៏ដោយ គឺ​ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នាពេល​កន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​៕