កម្ពុជា​-​ក្រុមហ៊ុន KrisEnergy ចុះ​កិច្ចព្រមព្រៀង​បូម​ប្រេង​នៅ​ប្លុក A
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រេង​ដ៏​ធំ​របស់​អាមេរិក​ដកថយ​ទៅវិញ លើ​ការអភិវឌ្ឍ​ប្រេង​នៅ​កម្ពុជា ពេលនេះ ក្រុមហ៊ុន របស់​សាំង​ហ្កា​ពួរ KrisEnergy បាន​ចុះ​កិច្ច​ព្រម​ពៀង​ថ្មី​មួយ​ជាមួយ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក​A នៅ​ឈូង​សមុទ្រ​កម្ពុជា ។ ព្រឹត្តិការ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ តុលា នេះ នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដោយមាន​ការចូលរួម​ពី ស៊ុយ​សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក អូន ព​ន្ធ័​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ ។
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ប្រេងកាត​នេះ ត្រូវបាន​ចុះហត្ថលេខា​ជា​លើកដំបូង ជាមួយ​ក្រុមហ៊ុន Chevron និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន គ្រី​ស​អ៊ិ​នើ​ជី (KrisEnergy )​ក្នុង​ឆ្នាំ ២០១១ ឆ្នាំ ២០១៤ និង​ឆ្នាំ​២០១៦ បន្តបន្ទាប់ រហូតដល់​ក្រុមហ៊ុន KrisEnergy បាន​ក្លាយជា​ប្រតិបត្តិ​ករ ណិ​ង​មាន​ភាគហ៊ុន​សរុប​ចំនួន​៩៥% ។
​លោក បន្តថា ការចរចា​ត្រូវ​អូសបន្លាយ​ពេល​ជា​យូរ ក្នុងការ​ធ្វើឱ្យ​ការអភិវឌ្ឍ​ប្រេងកាត​លេច​ជា​រូបរាង​ឡើង ។ ការអូសបន្លាយ​នេះ គឺ​ដោយសារតែ​ភាគី​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុង​នោះបាន​ខិតខំ​ចរចា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុមហ៊ុន ពិនិត្យ​សិក្សា​មូលដ្ឋាន​ច្បាប់ និង​បច្ចេកទេស​ច្បាស់លាស់ ដក​បទពិសោធន៍​ពី​ប្រទេស​ផលិត​ប្រេង​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឱ្យ​បានជា​អតិបរិមា ធានាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព ហើយ​ម្យ៉ាងទៀត​ដោយ​តែ​ភាពមិន​អំណោយផល​នៃ​សេដ្ឋកិច្ច​សកលលោក ជាពិសេស​តម្លៃ​ប្រេង​ឡើង​ចុះ​មិនអាច​ប៉ាន់ស្មាន​បាន ។
​លោក ខេ​វីន តាំង ( Kevin Tang ) អគ្គនាយករង​ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា នៅក្នុង​កិច្ចព្រមព្រៀង​នេះ គ្រាន់តែ​បង្ហាញ​ឱ្យដឹងថា ក្រុមហ៊ុន​លោក​មាន​ភាគហ៊ុន​៩៥% ហើយ​រាជរដ្ឋាភិបាល​មាន​ភាគហ៊ុន​៥% តែ​ចំពោះ​ទុន​នៃ​ការវិនិយោគ​ប៉ុន្មាន​នោះ មិនអាច​បង្ហាញ​អោយដឹង​នោះទេ តែ​យ៉ាងណា​ការវិនិយោគ​នេះ​វា​មាន​ទំហំ​ធំ​ណាស់ ។
​គួរ​បញ្ជាក់ថា តំបន់​កិច្ចសន្យា​ប្លុក A កម្ពុជា មាន​ទំហំ​ប្រមាណ​៣​គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិតនៅក្នុង​អាង​សមុទ្រ​កម្ពុជា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដែលមាន​ជំរៅ​ទឹក​ចន្លោះ​ពី ៥០​ម៉ែត្រ ទៅ ៨០​ម៉ែត្រ ។ ដំណាក់កាល​ទី​១​នៃ​គម្រោង​អភិវឌ្ឍន៍​អណ្ដូងប្រេង​អប្សរា រួមមាន​ផ្លាត​ហ្វ​ម​ក្បាល​អណ្ដូង​ផលិតកម្ម​ដែល​បញ្ជា​ពី​ចំងាយ មួយ​ទ្រទ្រង់​ដល់​អណ្ដូង​បូម​ប្រេង​ចំនួន​២៤ ដែល​បញ្ជូន​សន្ទនីយ ដែល​បូម​បាន​ក្នុង​បរិមាណ ៣​ម៉ឺន​បារ៉ែល ក្នុង​មួយថ្ងៃ ទៅកាន់​នាវា​ផលិតកម្ម​មួយ​ដែល​អាច​ប្រព្រឹត្តិកម្ម​ប្រេង ដោយ​ញែក​យក​ឧ​ស្ម​ន័ ប្រេង និង​ទឹក​ចេញពី​គ្នា ។ ប្រេង​ឆៅ​ដែល​ញែក​នឹង​ទទួលបាន​ប្រមាណ ៨​ពាន់​បារ៉ែល ក្នុង​មួយថ្ងៃ នេះ​បើ​យោងតាម​ក្រុមហ៊ុន KrisEnergy ហើយនឹង​ត្រូវបញ្ជូន​តា​ម​បំពង់​បង្ហូរ​ប្រវែង ១,៥​គីឡូម៉ែត្រ​ទៅកាន់​នាវា​បណ្ដែត​ផ្ទុក និង​ផ្ទេរ​ប្រេង ៕