ខេត្តកំពង់ឆ្នាំង ត្រៀម​បញ្ជូន​ទូក​២៩ និង​កីឡាករ​ជិត​១.៥០០នាក់ មកប្រកួត​នៅ​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

​ភ្នំពេញ ៖ ទូកប្រណាំង​មាន​៣​ប្រភេទ គឺ​ទូក​ចែវ ទូក​អុំ និង​ទូក​ខ្នាត​អន្តរជាតិ របស់​ខេត្តកំពង់ឆ្នាំង ចំនួន ២៩ ទូក រួម​នឹង​ក្រុម​កីឡាករ​សរុប​ចំនួន​១.៤៩០​នាក់ បានរៀបចំ​រួចជាស្រេច នឹងត្រូវ​ធ្វើ​ពិធី​ជូន​ដំណើរ នៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២ ដល់ទី ខែវិច្ឆិកា ខាងមុខ នេះ នៅ​រាជធានី​ភ្នំពេញ ហើយ​ពិធី​នេះដែរ​នឹងធ្វើ​ឡើង​នៅ​វត្ត​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែលជា​ទីតាំង​ធ្លាប់​ប្រារ​ព្ឋ​ធ្វើជា​រៀងរាល់ឆ្នាំ ។
​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មការ​រៀបចំ​បុណ្យ​អំ​ទូក​ខេត្ត​បានអោយដឹងថា ទូក ទាំង ២៩ របស់​ខេត្តកំពង់ឆ្នាំង មាន​ទូក​ចែវ​បុរស​១៤​ទូក , ទូក​ចែវ​នារី ១​ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង ១​ទូក ,​ទូក​អុំ​នារី​ខ្នាត វែង​១​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​១២​ទូក​, គឺ​បាន​កើនឡើង​ចំនួន​៨​ទូក ច្រើន ជាង​ឆ្នាំ​២០១៦ ដែល​មានតែ​២១​ទូក ។ ចំណែក​កីឡាករ​ដែល​ត្រូវ​ប្រកួត​មាន​ចំនួន ១០៤១​នាក់ ស្រី ៩៩​នាក់ ,​និង​កីឡាករ​បំរុង​មាន​៤៤៩​នាក់ ស្រី ៣៤​នាក់ សរុប​កីឡាករ​ទាំងអស់​មាន​ចំនួន ១.៤៩០ នាក់ ស្រី​១៣៣​នាក់ ហើយ​ចំនួន​កីឡាករ​ក៍បាន​កើនឡើង​ជាង​ឆ្នាំ​២០១៦ ចំនួន ៤០២​នាក់​ដែរ ព្រោះ ឆ្នាំ​២.០១៦​មានតែ ១.០៨៨​នាក់ ។ ទូក​ទាំង​២៩​ទូក នោះ​មាន​៖ ទូក​មកពី ស្រុក​បរិបូរ​ណ៌​ចំនួន​៣​ទូក ជា​ប្រភេទ​ទូក​ចែវ​បុរស​- ទូក​មកពី ស្រុក​រលាប្អៀរ​មាន​ចំនួន​៤​ទូក ជា​ប្រភេទ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ -​ទូក​មកពី​ស្រុក​កំពង់ត្រឡាច​មាន​៨​ទូក ក្នុងនោះ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​មាន​៤​ទូក , ទូក​អុំ​បុរស ខ្នាត វែង​១​ទូក ,​ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក ,​និង​ទូក​ចែវ​បុរស​ចំនួន​២​ទូក​-​ទូក​មកពី​ស្រុក​កំពង់​លែងមាន​១​ទូក ជា​ទូក​ចែវ​បុរស – ទូក​មកពី​ក្រុង​កំពង់ឆ្នាំង​មាន​១​ទូក ជា​ទូក​ចែវ​បុរស -​និង​ទូក មកពី ស្រុក​ជល​គី​រី​មាន ចំនួន​១២​ទូក ក្នុងនោះ​មាន​ទូក​ចែវ នារី​១​ទូក​,​ទូក​ចែវ​បុរស​៧​ទូក​និង​ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន​៤​ទូក​។
​សូម​បញ្ជាក់ដែរថា នៅ​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​មាន ទូក​នៅតាម​បណ្តា​ស្រុក​មួយចំនួន បាន​ទម្លាក់​ចូល​ទឹកជា​បណ្តើ​រហើយ ដូចជា ទូក​ឈ្មោះ​សម្តេចចៅហ្វា​វាំង​គង់​,​ទូក​ឈ្មោះ ទួល​ពិ​ស្រី​ជ័យ សូរ​វង្ស កំពង់ព្រះ​,​ទូក​ឈ្មោះ​ព្រះទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ និង​រួម​ទូក​មួយចំនួនទៀត ។ ដោយឡែក​ទូក​ឈ្មោះ កំពង់លែង​សែន​ជ័យ​បារ​ម៉ី​ពោធិ​អណ្តែត របស់​ស្រុក​កំពង់លែង ទើបនឹង​ទម្លាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ​ទេ ចំណែក​ទូក​ឈ្មោះ ទេពធីតា​សែន​ជ័យ​បារ​ម៉ី​មាន​រិ​ទ្ឋ របស់​ក្រុង កំពង់ឆ្នាំង ក៏​ទើប​នឹងធ្វើ​ពិធី​ទម្លាក់​ទឹក​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា នេះដែរ ៕