ពលករខ្មែរ៥នាក់ដែលជាប់ឃុំត្រូវថៃ ដោះលែងឱ្យមកកម្ពុជាវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៥​នាក់​មកឱ្យ​អាជ្ញាធរ​កម្ពុជា​បន្ទាប់ពី​រួច​ជាប់ឃុំ​នៅក្នុង​ប្រទេស​ថៃ​
​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង និង​ប្រគល់​មកឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារតែ​ពួកគាត់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន ខណៈដែល​ពួកគាត់​បាន​ព្យាយាម លួច​ឆ្លងដែន​ខុសច្បាប់ និង​លួច​កាប់​ឈើ​គ្រញូង ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៥​នាក់ ដែល​ថៃ​បាន​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ​កាល​វេលា​ម៉ោង​១ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ដែល​ទី​១​ឈ្មោះ មិន មាស ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ ទី​២​ឈ្មោះ អ៊ី ជីន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ ទី​៣​ឈ្មោះ កែវ រឿន ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ទី​៤​ឈ្មោះ បាន សុក ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ ភូមិ​អូរ​ទឹកថ្លា ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយ​ត្រូវ​ទាហាន​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ឈុន ទីន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​អ្នក​ទាំង​៤​ខាងលើ ដែល​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ច្រក​វាល​ខ្សាច់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ កាត់ទោស​ចោទ ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង ដោយ​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មកឱ្យ​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ច្រក​អន្តរជាតិ​ជាំ និង​ច្រករបៀង​ជប់​គគីរ ដែល​ភាគច្រើន សុទ្ធតែជា​អ្នកទោស ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ ដោយ​ជាប់ចោទ​ពីបទ​ឆ្លងដែន ខុសច្បាប់ និង​លួច​កាប់​ឈើ​គ្រញូង​៕