តុលាការ​ចោទប្រកាន់​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ករណី​ផ្ទុះអាវុធ​​របួសមនុស្ស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2017 ក+ ក-

​ភ្នំពេញ​៖​រហូតមកទល់​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា​២១៩​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​មន្ត្រី​តុលាការ ថ្លែងថា នៅ​ថ្ងៃទី​២១ ខែធ្នូ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ អ៊ិត ពិសិដ្ឋ​រង្ស៊ី ។​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ឃាត់ខ្លួន​ផ្លូវការ​ក្រោយ​បាញ់​យុវជន​ម្នាក់​ឱ្យ​របួស​និង​គំរាម​បាញ់​យុវជន​ម្នាក់ទៀត ដែលជា​ការគំរាមកំហែង​អាយុជីវិត​។ អំពើ​ល្មើស​នេះ ទំនង​កើតចេញពី​ភាពស្រវឹង និង ចរិត​ក្រអឺតក្រទម កោងកាច ដែល​មិត្តភក្តិ​ជនសង្ស័យ​លួច​បង្ហើប​ប្រាប់ ។ មជ្ឈដ្ឋាន​មួយចំនួន សង្ឃឹមថា វប្បធម៌​និ​ទណ្ឌ​ភាព​ឬ​ភាព​គ្មាន​ទោស​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្ត គួរ​បញ្ឈប់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ។​
​ហេតុការណ៍​បាញ់​យ៉ាង​គ​ន្លើ​ន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០ ថ្ងៃទី​១៨ ខែធ្នូ នៅ​ជិត​ភូមិគ្រឹះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​លេខ​២១១​កែង​ផ្លូវ​លេខ​២១៧ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​ក្រោយ​ហេតុការណ៍​បាញ់​នេះ ជនរងគ្រោះ​ពីរ​នាក់​ជា​និស្សិត​សាលា​ច្បាប់ បានដាក់​បណ្តឹង​ប្តឹង​ជនសង្ស័យ អ៊ិត ពិសិដ្ឋ​រង្ស៊ី ដែល​ធ្វើឱ្យ​ពួកគេ​របួស និង រង​ការគំរាមកំហែង​ដល់​អាយុជីវិត ។​
​របាយការណ៍​នគរបាល បង្ហាញថា ជនសង្ស័យ​ចេញពី​ហូប​ការ​គេ​នៅ​វិមាន​ចរណៃ រួច​ជួបជុំ​មិត្តភក្តិ​ហូប​បន្ត​នៅ​ចំណុចកើតហេតុ ។ ពេល​ហូប​នោះ មានការ​ទាស់សម្តី​គ្នា ទើប​ជនសង្ស័យ​ចូលក្នុង​រថយន្ត យក​កាំភ្លើង​ម៉ាក​ទំនើប​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា បណ្តាលឱ្យ​របួស​ជើង​ខាងស្តាំ​និង​បន្ត​យក​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ខុន បញ្ញា​សិទ្ធិ ។​
​អ្វី​ជាការ​កត់សម្គាល់ គឺ នៅពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី បោះពាក្យ​សម្តី​យ៉ាង​ព្រហើន​ថា​“​គេ​ចង់​បាញ់​ប៉ុន្មាន​គ្រាប់​ទៀត ក៏​គ្មាន​បញ្ហា​ដែរ “​។​
​ការប្រព្រឹត្ត​របស់​មេធា​វី អ៊ិត ពិសិដ្ឋ​រង្ស៊ី បាន​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​វិជ្ជាជីវៈ​មេធាវី តែ​ទោះបីយ៉ាងណា នៅ​ថ្ងៃទី​១៩ ខែធ្នូ នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​មេធាវី យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។​
​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ។ ប៉ុន្តែ​ដោយសារ​ជន​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​យក​តួនាទី​ប្រព្រឹត្ត​បទល្មើស ពិសេស​ការបាញ់បោះ​សេរី ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​ផ ។ មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ពុំ​ត្រូវ​រង​សម្ពាធ​ណាមួយ​ឡើយ ៕