ក្រសួងបរិស្ថាន​រឹតបន្តឹង​ការផលិត និង​នាំចូល​ថង់​ប្លា​ស្ទីក ចាប់ពី​ឆ្នាំ​២០១៨​តទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2017 ក+ ក-

​ភ្នំពេញ ៖ អនុក្រឹត្យ​លេខ ១៦៨​អនក្រ បក​ចុះ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧ ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទីក ត្រូវបាន​ក្រសួងបរិស្ថាន ជូនដំណឹង កាលពី​ថ្ងៃទី​២៨ ខែធ្នូ​ឆ្នាំ​២០១៧ អំពី​ការអនុវត្ត​អនុក្រឹត្យ ស្តីពី ការគ្រប់គ្រង​ថង់​ប្លា​ស្ទីក​ស្តើង​មាន​ដៃ​យួរ​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នាំចូល និង​ក្រុមហ៊ុន ផលិត​ថង់ ប្លា​ស្ទីក និង​អាជីវករ អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទីក​ស្តើង មាន​ដៃ​យូរ ក្នុងការ​វេច​ខ្ចប់​ឥ​វ៉ាន់​ត្រូវគោរព តាម លក្ខខណ្ឌ ក្នុង​អនុក្រឹត្យ​នោះ រួមមាន​៖
​ថង់​ប្លា​ស្ទីក​ស្តើង​មាន​ដៃ​យួរ អាច​ឲ្យ​នាំចូល​ប្រើប្រាស់​បាន ត្រូវមាន​កម្រាស់​ចាប់ពី​០,០៣​មី​ល្លី​ម៉ែត្រ ឡើងទៅ និង​មាន​ទទឹង​បាត​ក្រោម ចាប់ពី​២៥​សង់ទីម៉ែត្រ ឬ​១០​អ៊ីង​ឡើងទៅ​។ ការនាំ​ចូល ថង់ ប្លា​ស្ទីក ស្តើង​មាន​ដៃ​យួរ និង​ការផលិត​ក្នុងស្រុក​ត្រូវគោរព​តាម​លក្ខខណ្ឌ ក្នុង​អនុក្រឹត្យ នេះ​ឲ្យ​បាន​ទាំង​កម្រាស និង​ទទឹង​បាត​ក្រោម​។​ការផលិត​ក្នុងស្រុក ឬ​នាំចូល ថង់​ប្លា​ស្ទីក​ស្តើង​មាន​ដៃ​យួរ ដែល គោរព​តាម​លក្ខខណ្ឌ ក្នុង​អនុក្រឹត្យ​១៦៨​អនក្រ បក ហើយ​ត្រូវសុំ​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​។ ប៉ុន្តែ​អាច​អនុញ្ញាត​ឲ្យ​នាំចូល មិនបាច់​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​បាន គឺ​បរិមាណ​តិច ជា​១០០ គីឡូក្រាម​។​
ក្រុមហ៊ុន និង​អាជីវករ ដែល​ចង់​នាំចូល​ថង់​ប្លា​ស្ទីក​ស្តើង​មាន​ដៃ​យួរ សម្រាប់​វេច​ខ្ចប់​សម្ភារៈ​ដែល មាន ទាំង​កម្រាស​និង​ទទឹង​បាត​ក្រោម​ដូច​ក្នុង​អនុក្រឹត្យ​ណែនាំ ត្រូវដាក់​ពាក្យស្នើសុំ​មក ក្រសួង​បរិ ស្ថាន ដោយមាន​ភ្ជាប់​ឯកសារ​ថតចម្លង បោះត្រា​ក្រុមហ៊ុន​ផង មាន​វិញ្ញាបនបត្រ បញ្ជាក់​ការ ចុះ បញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​(​អាករ​លើ​តម្លៃបន្ថែម​) ប័ណ្ណ​ពន្ធ ប៉ាតង់ វិ​ក័យ​ប​ត្រ និង ប​ញ្ចី​វេច​ខ្ចប់ ដែល​បញ្ជាក់​ពី​កម្រាស់ និង ទំហំ​ទទឹង​បាត​ថង់​ប្លា​ស្ទីក​។​ក្រុម​អ្នកលក់ដូរ​អាហារ ភេសជ្ជៈ និង​ម្ចាស់​ភោជនីយដ្ឋាន​ខ្លះ បាន​ថ្លែង​ស្រដៀង​គ្នា​ថា​ពួកគេ​គាំទ្រ នឹង​ការអនុវត្ត​អនុក្រឹត្យ លេខ​១៦៨ អនក្រ បក របស់​ក្រសួងបរិស្ថាន​។ ព្រោះ​ពួកគេ ជា​អ្នក​វេច​ខ្ចប់ ច្រក​អាហារ ភេសជ្ជៈ បាន​ប្រើប្រាស់​ច្រើន នូវ​ថង់​ប្លា​ស្ទីក កំប៉ុង​ប្លា​ស្ទីក ប្រអប់​ស្នោរ ដប​ជ័រ ទុយោ​បឺត ក្នុង​១​ថ្ងៃៗ​ច្រើន គីឡូក្រាម​។ ពួកគេ​បានស្នើ​សុំ ឲ្យ​ក្រសួងបរិស្ថាន បង្ហាញ​កន្លែង​លក់​ថង់ ប្រភេទ​ថ្មី​ដែល​ប្រើ​ទៅ មិនសូវ​ប៉ះពាល់​បរិស្ថាន ឲ្យ​ពួកគេ បាន​ស្គាល់​ងាយស្រួល​ទៅ​ទិញយក​មកប្រើប្រាស់ ដើម្បី​ចួ​ល​រួម ថែរក្សា​បរិស្ថាន ទាំងអស់គ្នា​។​
ក្រសួងបរិស្ថាន ក៏បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​និង​អាជីវករ បន្តទៀតថា ការផ្តល់​ថង់​ប្លា​ស្ទីក​ស្តើង​មាន ដៃ​យួរ ដល់​អតិថិជន​នៅតាម​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប នឹងត្រូវ​គិត​កម្រៃ​បន្ថែម​ចាប់ ពីថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០១៨​តទៅ​៕