ភ្នំពេញ ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារសំខាន់ចំនួន២ ដែលបានរៀបចំធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅសារមន្ទីរជាតិកម្ពុជា គឺពិធីសំពះគ្រូ និងការ បើកពិព័រណ៍គ្រឿងអលង្ការលំអ បុរា ណខ្មែរធ្វើអំពីមាស និងប្រាក់ ដែលសារមន្ទីរជាតិទទួល បានជាបន្តបន្ទាប់ចាប់តាំងពីសារមន្ទីរ បាន បើកទ្វារនាឆ្នាំ១៩២០មកជាពិសេសគ្រឿងអលង្ការមាស សម្រាប់បំពាក់ព្រះបដិមានាសម័យអង្គរ ដែល ប្រទេសកម្ពុជាទើបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ថ្ងៃនេះក្រសួងបាន សម្ពោធចាប់ផ្តើមការតាំងពិព័រណ៍ពិសេសមួយដោយជ្រើសរើសគ្រឿងអលង្ការប្រណិតៗ ជាមាស និងប្រាក់ ដែលសារមន្ទីរជាតិកម្ពុជាទទួលបានពីសប្បុរសជន ពីការកំណាយស្រាវជ្រាវបុរាណវិទ្យា ដែលវត្ថុនេះមួយចំនួនធំ ក្រសួងរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពដោយកម្របានតាំងបង្ហាញជាសាធារណៈ ជាពិសេសថ្មីៗនេះប្រទេសកម្ពុជាទើបទទួលបាននូវ គ្រឿងអលង្ការធ្វើអំពីមាសសម្រាប់ បំពាក់លំអលើ ព្រះបដិមាថ្មនៃសម័យអង្គរ ដែលបានបាត់បង់ពីកម្ពុជាជាយូរណាស់ មកហើយពីចក្រភពអង់គ្លេសមក វិញដែលត្រូវដាក់តាំងបង្ហាញជូនសាធារណជនទស្សនាស្វែងយល់នៅសារមន្ទីរជាតិកម្ពុជារយៈពេលមួយខែចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ ថា គ្រឿងអលង្ការបុរាណទាំងនេះគឺជាដួងព្រលឹង របស់ខ្មែរដែល មិនអាចកាត់ថ្លៃបាន ដែលខ្មែរទាំងអស់គ្នាត្រូវចូលរួមថែរក្សាអោយបានគង់វង្ស បន្ទាប់យើងយកបាន មកវិញហើយនោះ។
ចំណែកលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា ពិព័រណ៍នាពេលនេះ បានបង្ហា ញអោយឃើញនូវវត្ថុអស្ចារ្យៗ ជាគ្រឿងអលង្ការធ្វើពីមាស និងប្រាក់ដែលជាស្នាដៃសិល្បៈ ខ្មែរបុរាណ ដ៏ល្អឯក និងគំនិតច្នៃប្រឌិតនៃគ្រូ និងសិល្បករខ្មែរពីជំនាន់មួយទៅជំនាន់មួយ ជាពិសេសគ្រឿងអល ង្ការមាសសម្រាប់បំពាក់ព្រះបដិមានាសម័យអង្គរ ដែលកម្ពុជាទើបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងបានបង្ហាញជូនដល់សាធារណជនជាតិ និងអន្តរជាតិបាន ទស្សនាស្វែងយល់ អំពីអតីត កាលនៃសម័យបុរាណរបស់ខ្មែរ ហើយជាមួយគ្នាវត្ថុទាំងនេះអាចអោយសិស្ស និងនិស្សិត កម្ពុជា ធ្វើការស្វែងយល់សម្រាប់ការសិក្សារបស់ខ្លួនថែមទៀតផង។ ជាមួយគ្នានេះលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានអំពាវនាវជាទូទៅអោយរួមគ្នាថែរក្សា និងលើកស្ទួយតម្លៃនៃសិល្បៈ វប្បធម៌ខ្មែរឱ្យបានគង់វង្សផងដែរ៕