កងទ័ព​កម្ពុជា ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​កងទ័ព​នៅ​ទីលាន​កោះ​ពេជ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជា​ការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី​កីឡា​កងទ័ព នៅ​ទីលាន​កោះ​ពេជ្រ ហើយ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​នាយទាហាន ពលទាហាន សិល្បករ សិល្បការិនី ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងច្រើន​ចូលរួម​ផងដែរ​។

សូមជម្រាបថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា នៅ​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ នឹងមាន​ការ​ចល័ត​យុទ្ធោបករណ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ទៅកាន់​មជ្ឈមណ្ឌល​មណ្ឌល​កោះ​ពេជ្រ ដើម្បី​ដាក់តាំង​ពិព័រណ៍​បង្ហាញ​ដល់​សាធារណជន​។ សាលា​រាជធានី​ភ្នំពេញ បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ​។​​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ គឺ​ដើម្បី​យកទៅ​តាំងពិព័រណ៍​ក្នុងឱកាស​ដែល​កងយោធពល​ខេមរភូមិន្ទ​រៀបចំ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ​។​
​បើតាម​ការជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ចល័ត​យុទ្ធោបករណ៍​នេះ​ចែកចេញជា​ពី​គោលដៅ​។ ក្នុងនោះ​មួយ​គោលដៅ នឹងធ្វើ​ចេញពី​កងពលតូច​ថ្មើរជើង​លេខ​៧០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​វេ​ង​ស្រេង មហាវិថី​ម៉ៅ​សេទុង ឆ្ពោះ​មក​វិថី​សម្តេច​សុធារស ហើយ​ឆ្លងទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​ដោយឡែក​មួយ​គោលដៅ​ទៀត គឺ​ចល័ត​ចេញពី​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​២១ កាត់​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ហើយ​ឆ្ពោះទៅ​វិថី​សម្តេច​សុធារស រួច​បន្តទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​៕