ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើឱ្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​ជនជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ​៖​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ឥរិយាបថ​របស់​អ្នកបើកបរ​ជាពិសេស គឺ​ជន​ជាតិចិន នៅតាម​ផ្លូវ​សាធារណៈ ដែល​បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន នគរ បាល​ចរាចរណ៍​ផ្លូវគោក ជាដើម ដែល​បាន​ទុក​បណ្តោយ​ឲ្យ​ជនជាតិ​ចិន អាច​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មើសច្បាប់​ចរាចរណ៍​កម្ពុជា ប៉ុន្តែ​គ្មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​។​
​ប្រជាពលរដ្ឋ​ច្រើន​អ្នក អះអាងថា ការបើកបរ​របស់​ជ​ន​ជាតិចិន ភាគច្រើន​នៅតាម​ផ្លូវ​សាធារណៈ​នាទី​ប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺមាន​ល្បឿន​លឿន និង​ក្នុង​អាកា​រៈ​ស្រវឹង ពិសេស​នៅពេល​រាត្រី​។ ប្រជាពលរដ្ឋ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ពិនិត្យ​ការបើកបរ​របស់​ជន​ជាតិចិន នា​មូលដ្ឋាន​នេះ​។​

​ឆ្លើយតប​បញ្ហា​នេះ ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ធ្លាប់មាន​ប្រសាសន៍ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយកន្តើយ​ការងារ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ទេ​។ លោក​បន្តថា ការត្រួតពិនិត្យ​ការបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រាល់ថ្ងៃនេះ គឺ​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​ជាប្រចាំ ដោយ​មិន​កំណត់ថា​ជនជាតិខ្មែរ ឬ​បរទេស​នោះទេ​៖ «​ពាក់ព័ន្ធ​ជនបរទេស​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​នៅតាម​ផ្លូវ​សាធារណៈ នា​ខេត្ត​ព្រះសីហនុ ខ្ញុំ​សំណូមពរ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ចេញ​ជា​លិខិតស្នាម​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ពួក​ខ្ញុំ​ចុះ​អនុវត្ត​ការងារ​ឲ្យ​ស្របតាម​គោលការណ៍​ដែល​ថ្នាក់ដឹកនាំ​បានដាក់​ចេញ​។ ករណី​ជូន​បរទេស​បើកបរ​រថយន្ត​គ្មាន​ច្បាប់ ឬ​ប័ណ្ណបើកបរ​នោះទេ គឺ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ទាំងអស់ មិនថាតែ​ជនបរទេស​នោះទេ ជនជាតិខ្មែរ​ក៏​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​»​។​

ជារឿយៗ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ នៅ​ខេត្ត​ព្រះសីហនុ សង្កេតឃើញថា ចាប់ពី​ដើមឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ មកនេះ វត្តមាន​ជនជាតិ​ចិន មាន​ចំនួន​កើន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហើយ​ភាគច្រើន​នៃ​ជន​ជាតិចិន ទាំងនោះ មិនសូវ​គោរព​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ អាច​នឹង​កើតមានឡើង​ជាថ្មីទៀត​។​រដ្ឋបាល ខេត្ត​ព្រះសីហនុ បង្ហាញថា ជនជាតិ​ចិន ដែល​បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ គឺជា​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទៅលើ​វិស័យ​សំណង់​អគារ​ធំៗ រួមមាន​សណ្ឋាគារ កាស៊ីណូ ភោជនីយ ដ្ឋា​ន និង​ក្លឹប​កម្សាន្ត ជាដើម​៕