អ្នកទិញ​ផ្ទះ​នៅបុរីពាណិជ្ជកម្ម ជីប ម៉ុង ស្នើឱ្យ​អាជ្ញាធរ​ជួយ​ឱ្យ​ម្ចាស់​បុរី​គោរព​កិច្ចសន្យា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែល​ទិញ​ផ្ទះ ហើយ​កំពុង​រស់នៅ ក្នុង​បុរី ពាណិជ្ជកម្ម ជីប ម៉ុង ប្រមាណ​ជាង ២៣៩ ល្វែងផ្ទះ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ បានស្នើ​ឱ្យ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ធ្វើ​អន្តរា​គម ដល់​ម្ចាស់​បុរី​មួយ​នេះ ឱ្យទទួល​ខុសត្រូវ​តាម​កិច្ចសន្យា ដែល​ខ្លួន​បាន​អះអាង​ជាមួយ​អតិថិជន កាលពី​ដំបូង​ទី ថា​ធានា​ឱ្យបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ភាពស្របច្បាប់ នៃ​កម្ម​សិទ្ធ​អចលនទ្រព្យ និង បរិស្ថាន​ល្អ ក្នុងការ​រស់នៅ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកឡើងថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ម្ចាស់​បុរី​ខាងលើនេះ ហាក់​មិន​ទទួលខុសត្រូវ​តាម​កិច្ចសន្យា បណ្តោយ​ឱ្យមាន​អសន្តិសុខ ក្នុង​បុរី ធ្វើឱ្យ​ការរស់នៅ មានការ​ភ័យខ្លាច មាន​ក្មេង​ទំនើង​អុកឡុក មានការ​ប្រើប្រាស់ លក់ដូរ​គ្រឿងញៀន និង​មាន​អំ​ពើត​ចោរកម្ម អំពើហិង្សា កើត​ឡើងជា​ញឹកញាប់​។ ក្រៅពីនេះ នូវ មិន​គោរព​កិច្ចសន្យា ក្នុងការ​រក្សា​អត្តសញ្ញាណ​បុរី ស្លាក​លេខ​ផ្ទះ​និ​មួយៗ បណ្ណ​កម្ម​សិទ្ធ​អចលនទ្រព្យ និង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​បុរី ពេលយប់​ងងឹត​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​។​

​ការស្នើ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​១៤​ខែមករា​នេះ ក្នុង​វេទិកាសាធារណៈ​របស់រ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ការជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន ជុំវិញ​ក្តីកង្វល់ ក៏ដូចជា​មាន​សំណើរ និង​សំណួ​ម​ពរ មួយចំនួនទៀត ដែល​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ដោះស្រាយ​នៅក្នុង​បុរី ពាណិជ្ជកម្ម ជីបម៉ុង​នេះ​។​
​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​បានស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​រង​ការខូចខាត​យ៉ាងខ្លាំង លិច​ទឹក​នៅ​រដូវវស្សា ពេលយប់​ងងឹត​ពិបាកធ្វើ​ដំណើរ និង​ស្នើឱ្យ​ស្តា​ប្រ​ឡា​មេ​មួយ​ខ្សែ ដាក់​គម្រប ដែល​បច្ចុប្បន្នកំពុង​រីង​រាក ដោយសារ​សំរាម មាន​ក្លិនស្អុយ​ពិបាក​ក្នុង​ការរស់នៅ ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ក្នុង​តំបន់​នេះ​យ៉ាងខ្លាំង​។​

​ជាការ​ឆ្លើយតប​ចំពោះមុខ​ប្រជាពលរដ្ឋ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​យក​នូវ​សំណើរ និង​សំណូមពរ ទាំងអស់​មក​ដោះស្រាយ ហើយ​អ្វី​ដែលជា​តម្រូវ​ការចាំបាច់ អាជ្ញាធរ​ខណ្ឌ និង​ភាគី​ពាក់ព័ន្ធ នឹង​ដោះស្រាយ​ឱ្យបាន​លឿន​តាម​សំណូមពរ ប៉ុន្តែ​មាន​បញ្ហា​មួយចំនួនទៀត ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន រដ្ឋបាល​ខណ្ឌ នឹងធ្វើ​របាយការណ៍​ដាក់ជូនទៅ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​លទ្ធភាព និង​ដោះស្រាយ​ជូន​។​

​ជាមួយគ្នា​នោះ លោក ហែម ដា​រិ​ទ្ធិ ស្នើឱ្យ​ពលរដ្ឋ​មានការ​អត់​ភ្ម​ត់ និង​ជឿជាក់​លើ​អាជ្ញាធរ ដើម្បី​ទុកពេល​ឱ្យ​អាជ្ញាធរ​ដោះស្រាយ នូវ​រាល់​បញ្ហា ក៏ដូចជា​កង្វល់​របស់​បងប្អូន ក្តី​ព្រួយ​បារ​ម្មណ៍ និង​ផលវិបាក​របស់​ប្រជាជន គឺជា​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ហើយ​រាជរដ្ឋាភិបាល មិនដែល​ព្រងើយ កណ្តើយ​ម្តងណា​ឡើយ ចំពោះ​ទុក្ខលំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕