កែច្នៃ​កាំភ្លើង​ឆ្នុក រាលកៃ​ផ្ទុះ​ចំ​ដៃ​ប្រពន្ធ​ខ្លួនឯង​នៅ​សង្កាត់​ប​រយ៉ា​ខា​ខេត្ត​ប៉ៃលិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ ចំ​ដៃ និង​ពោះ ដោយសារតែ​បុរស​ជា​ប្តី​របស់ខ្លួន រៀបចំ​កែច្នៃ​កាំភ្លើង​ឆ្នុក​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ភ្លាត់ស្នៀត​បាញ់​ត្រួវ​ស្ត្រី​ជា​ប្រពន្ធ​តែម្តង ។ ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មាស គែម អាយុ ៥២​ឆ្នាំ មុខរបរ​កសិករ រងរបួស​ចំ​ដៃ​និង​ពោះ​ធ្ងន់ ចំណែក​បុរស​បង្ក​ជា​ប្តី​ឈ្មោះ ខឿ​ង ព្រិច ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​កសិករ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយមាន​កាំភ្លើង​កែច្នៃ​នៅ​និង​កន្លែង ។​
​លោក​វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការ​ក្រុងប៉ៃលិន មានប្រសាសន៍​ឲ្យ​ភ្នាក់ងារ​យើង​ដឹងថា​៖ មុនពេល​កើតហេតុ​គឺ​បុរស​ជា​ប្តី បាន​យក​កាំភ្លើង​ចាស់​មក​កែច្នៃ ដោយមាន​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ អង្គុយ​ពីមុខ​ចំ​មើល ពេលនោះ​ស្រាប់តែ​បុរស​ជា​ប្តី​ក៍​រៀបចំ​ច្នៃ​កាំភ្លើង​តែម្តង ។ លោក​វរសេនីយ៍ត្រី អធិការនគរបាល​ក្រុងប៉ៃលិន មានប្រសាសន៍​បន្តថា នៅពេល​ចាប់ផ្តើម​ច្នៃ​កាំភ្លើង ក៍បាន​ភ្លាត់ស្នៀត​លឺសូរ​ផះ ត្រួវ​ចំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ដែល​អង្គុយ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ចំ​ដៃ​និង​ផ្ទៃពោះ​ធ្ងន់ធ្ងរ តែម្តង ។ ក្រោយ​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ត្រួវបាន​បង​ប្អួ​ន​សាច់ញាតិ ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ចំណែក​ជនបង្ក​ជា​ប្តី ត្រួវបាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បានធ្វើការ​ឃាត់ខ្លួន ដើម្បី​រៀបចំ​សំណុំរឿង តាម​នីតិវិធី ។​
​គួរ​រំលឹក​ដែរ​ថា ករណី​កែច្នៃ​កាំភ្លើង នៅ​ខេត្ត​ប៉ៃលិន ប្រហែល​ជាមាន​ច្រើន ព្រោះ​កន្លងទៅ​មាន​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​ការធ្វើអត្តឃាត​នៅ​ភ្នំ​ស្រង់ ក្នុងស្រុក​សាលា​ក្រៅ ,​ការធ្វើអត្តឃាត​នៅ​សង្កាត់​អូរ​តា​វ៉ៅ​នាពេល​ថ្មី​ជាដើម ហើយ​ជាការ​សំណូម​របស់​ប្រជាពលរដ្ឋ គឺ​សូម​ឲ្យ​សមត្ថកិច្ច​តាម​ប៉ុ​ស្ត៍​និ​មួយៗ មេត្តា​ចុះ​ស្រាវជ្រាវ​នូវ​បញ្ហា​ខាងលើ​ផង ពិសេស​ក្តាប់​ឲ្យ​បាន​នូវ​ការ​គ្រប់​គ្រង់​អាវុធ​កែច្នៃ​នេះ​ផងដែរ ៕