សាលាឧទ្ធរណ៍​ដោះលែងមេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់​គេ​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ភ្នំពេញ ៖ មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់​គេ​របួស​ឥឡូវនេះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែមករា ថា មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន រួច​បាន​ប្តឹង​បន្តទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោះ​លែងឱ្យ​នៅក្រៅ​តែម្ដង​។​​

ដោយឡែក​មន្ត្រី​ពន្ធនាគារ​ប៉េ​ហ្ស៊ី ឱ្យដឹងថា ពេលនេះ​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី នៅក្នុង​ឃុំ​ដដែល ដោយ​ពុំទាន់​ទទួលបាន​ដីកា​សម្រេច​ពី​ខាង​សាលាឧទ្ធរណ៍​ដូច​ការលើកឡើង​នោះទេ ។​

​សូមជម្រាបថា លោក អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​យកទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ ស ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​។​​

គួររំឭកថា តាម​របាយការណ៍​រប​ស់​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ហូប​ការ​រួច​ជិះ​រថយន្ត​របស់ខ្លួន​ម៉ាក​Lexus470​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-8254​តែម្នាក់ឯង​មក​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ​នៅ​ចំណុចកើតហេតុ​ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត​មក​បាញ់​ជន​រង​គ្រោ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ជើង និង​បាញ់​ឡើងលើ​មួយ​គ្រាប់​។ បន្ទាប់មក ជនសង្ស័យ​ក៏បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន បញ្ចា​សិទ្ធិ អាយុ​២០​ឆ្នាំ នាំ​ឲ្យ​ភ័យ​ឡើង​ព្រលឹងចុងសក់​។​

​ដោយឡែក​តាម​ព័ត៌មាន​ដែល​ភ្នាក់ងារ​ព័ត៌មាន​បានទទួល​នៅ​កន្លែងកើតហេតុ​នាពេលនោះ បាន​ឲ្យ​ដឹងថា ដំបូង​ឡើង​លោក​មេធាវី​បង្ក​និង​ជនរងគ្រោះ​ទាំង​២​នាក់​ជាម​នុស្ស​ស្គាល់គ្នា ហើយ​បាន​ញ៉ាំ​ការ​ជាមួយគ្នា នៅ​យប់កើតហេតុ​។ តែ​ពេល​ហូប​ការ​រួច​ជនបង្ក​ចេញមក​មុន​ហើយ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ទទួលទាន​បន្ត​នៅ​ហាង​ទាខ្វៃ នៅ​ជិត​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ​ស្ថិតនៅ​តាមផ្លូវ​២១១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​មានទំនាស់​ក៏​បាញ់​តែម្តង​។ ក្រោយ​បាញ់​ជនរងគ្រោះ​ហើយ ស្រាប់តែ​លោក​មេធាវី បាន​ប្រើ​ពាក្យសំដី​ថា «​ហ្អែ​ង កុំ​ចេះ​ប្រយ័ត្ន​អញ​បាញ់​ងាប់​»៕