ស្ថាប័ន​គ្រប់គ្រង​គ្រោះមហន្តរាយ​អំពាវនាវ​ដល់​ឲ្យ​ចូលរួម​ ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2018 ក+ ក-

​ភ្នំពេញ ៖ ដោយ​មើលឃើញថា គ្រោះ​អគ្គីភ័យ​បាន​កើតមាន​ឡើងជា​បន្ត​បន្ទាប់ នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ជាថ្មី​ម្តងទៀត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូល រួម ក្នុងការ​ទប់ ស្កាត់ ការកើតមាន​គ្រោះ​អគ្គីភ័យ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គ្រោះមហន្តរាយ​ដែល​បង្ក ឡើង ដោយ សារ​មនុស្ស​។​

​នៅក្នុង​របាយការណ៍​ស្តីពី​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​គូសបញ្ជាក់ ថា អគ្គីភ័យ​គឺជា​គ្រោះថ្នាក់​ដ៏​កាច សាហាវ​មួយ​ដែលជា​បញ្ហា​ប្រឈម​របស់​សមត្ថកិច្ច ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិ ភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដោយសារតែ​អគ្គីភ័យ​នេះ​តែងតែ​កើត មាន​ច្រើន​នៅតាម​បណ្តា​ទី ប្រជុំជន ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍ និង​មានការ​ប្រើប្រាស់​ថាមពល និង​សំភារៈ​អគ្គិសនី​ដែល​ងាយ បង្ក​អោយ មាន​គ្រោះ​អគ្គីភ័យ ប្រសិនបើ​មានការ​ធ្វេស ប្រហែស ឬ​មិន​ប្រុងប្រយ័ត្ន​នោះ​។

​ដូច្នេះ​ទាមទារ​អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​អោយបាន​គ្រប់ៗ​គ្នា ជាពិសេស​អង្គភាព​ជំនាញ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និង​ឯកជន​នូវ​ចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បំពង់ ពន្លត់អគ្គីភ័យ​បាន​ត្រឹមត្រូវ រួម​នឹង​បំពាក់​នូវ ឧបករណ៍ ទាំងនេះ​អោយបាន​គ្រប់គ្រាន់​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន ដាក់ចេញ​នូវ​អនុក្រឹត្យ​លេខ​១៣១​អនក្រ​.​បក ស្តីពី​លក្ខខណ្ឌ និង​វិធានការ​នានា​ស្តីពី​ការគ្រប់គ្រង ការបង្ការ និង ការ ពន្លត់អគ្គីភ័យ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នា​២០១៧ ដែលមាន​គោលបំណង កំណត់​ពី​ការគ្រប់គ្រង ការបង្ការ និង​ការ​ពន្លត់អគ្គីភ័យ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការ​ស្តុក ទុក ការដឹកជញ្ជូន ការលក់ ការផលិត ការកែច្នៃ ការប្រើប្រាស់​សារធាតុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ ឆេះ​ចេញ​ជា​ប្រភព​ភ្លើង ឬ​ប្រភព​កម្តៅ ដែល​អាច​បង្កអោយមាន​អគ្គីភ័យ​៕