ពលរដ្ឋ​៥​នាក់​បានទទួល​រង្វាន់ ដែល​ចូលរួម​សហការ​គាស់​យ​ក​អដ្ឋិធាតុ​សព​កងទ័ព​វៀតណាម​៨​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ រស់នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ បានទទួល​អំណោយ​លើកទឹកចិត្ត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង បន្ទាប់ពី​បាន​សហការ​ផ្តល់ព័ត៌មាន​ច​ង្ហុ​ល​បង្ហាញ​ផ្នូរ​សព​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជូន​ដល់​អង្គភាព​កា​៩០ ចំនួន​៨​សព កាលពីពេល​កន្លងទៅ ។​

លោក​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង​បាន​ថ្លែងថា បើ​និយាយ​តាម​ជំនឿ​អ្នក​កាន់​ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋ​ដែល ដែលជា​អ្នក​ជីក និង​លើកយក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​វិល​ទៅ​ជួបជុំ​ប្រពន្ធ​កូន នៅក្នុង​ស្រុក​វិញ​គឺ​ទទួលបាន​បុណ្យ​កុសល​ច្រើនណាស់ ។ លោក បាន​ថ្លែង​បន្តទៀតថា អដ្ឋិធាតុ​របស់​កងទ័ព​វៀតណាម​ខាង​នេះ គឺជា​អ្នក​បំពេញ​កា​ត្វ​កិច្ច​អន្តរជាតិ​សុខចិត្ត​លះបង់​ជីវិត សហការ​ជាមួយ​កងទ័ពរ​ណ​សិ​រ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១០៩០ វាយ​ពួក​ប្រល័យពូជសាសន៍ ប៉ុលពត រំដោះទឹកដី​និង​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៣​លាន​នាក់ អោយ​រស់រានមានជីវិត​ឡើងវិញ ដែលជា​រឿង​ពិត​មិនអាច​កាឡៃ​បាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។

​ការសហការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការជួយ​ស្វែងរក​អដ្ឋិ​ធាត់​របស់​កងទ័ព​ស្ម​គ្រ័​ចិត្ត​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​មាតុភូមិ​វិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ គឺជា​អំពើ​មនុស្សធម៌​មួយ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​។
​ក្នុងនាម​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង តំណាងអោយ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​តំ​ណាយ​អោយ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម លោក​ឧ​ត្ត​ម​សេនីយ៍ ធន ធឿន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​នៅក្នុង​ឃុំ​សែ​ប ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ផ្តល់ព័ត៌មាន ដល់​អង្គភាព​កា​៩០ បាន​រុក​រកឃើញ​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ចំនួន ៥​សព​នៅក្នុង​ឃុំ​សែ​ប​។ ដែល​នៅក្នុង​ពិធី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ធន ធឿន បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ២០​ម៉ឺន​រៀល​។

​នៅក្នុង​កម្មវិធី​នេះ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម ក៏បាន​ឧបត្ថម​កាដូ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយចំនួន ដើម្បី​លើកទឹកចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​៥​នាក់ រស់នៅក្នុង​ឃុំ​សែ​ប​នេះ​ផងដែរ​៕​