ពលរដ្ឋ​ស្នើឱ្យ​អាជ្ញាធរ​ក្រុងប៉ៃលិន​ពិចារណា​រឿង​សង់រោង​ការ រោងបុណ្យ​កណ្តាលផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2018 ក+ ក-

​ប៉ៃលិន ​៖ ពលរដ្ឋ​ជាច្រើន​នាក់ បាន​លើកឡើងថា ក្នុង​ខេត្ត​ប៉ៃលិន ស្ទើរតែ​ជា​ប្រពៃណី​ទៅហើយ ដែល​អ្នកស្រុក​ប៉ៃលិន​មួយចំនួន ពេល​មាន​ពិធី​បុណ្យទាន ឬ​រៀបចំ​ការកូន​របស់ខ្លួន​ម្តងៗ តែងតែ​យក​ផ្លូវ​សាធារណៈ​សាងសង់​រោង​យ៉ាង​រំភើយ ដោយ​អ្នកខ្លះ​សង់​អស់​១​ចំហៀង​ផ្លូវ ខ្លះទៀត​សង់​បិទផ្លូវ​ជិតឈឹង​តែម្តង បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ ។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ គេ​សង្កេតឃើញ​មានការ​សាងសង់​រោង​មួយ​យ៉ាង​ធំ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បួ​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែលជា​រោង​ការកូន​របស់លោក នុត សោភា​រក្ស ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ប៉ៃលិន ដោយមាន​បណ្តោយ​ជិត​១០០​ម៉ែត្រ ដែល​សាងសង់​បិទផ្លូវ​ជិត​អស់ មិន​ខ្វល់​ពី​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​​

តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងប៉ៃលិន បាន​និយាយ​រិះគន់​ចំៗ​ថា​៖ ផ្លូវ​សាធារណៈ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង ឬ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ឆ្លងកាត់ ទៅមក​ដោយ​សេរី និង​មិន​រំខាន​ពី​បុគ្គល​ណា​ម្នាក់​នោះ ត្រូវបាន​គេ​សង្កេតឃើញថា ក្រុម​អ្នកមាន​លុយ មានអំណាច យក​ផ្លូវ​សាធារណៈ របស់​រដ្ឋ សាងសង់​រោង​យ៉ាង​រំភើយ ដោយ​មិន​ខ្វល់​ពី​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ ប្រភពព័ត៌មាន បាន​បន្តថា​៖ ការសាងសង់​រោង​នេះដែរ តែងតែ​បំពាន​ច្បាប់​ចរាចរណ៍ ដោយ​សង់រោង​បិទផ្លូវ​អស់​មួយ​ចំហៀង ឬ​បិទផ្លូវ​ទាំងស្រុង​ក៏មានដែរ ដោយ​អ្នកខ្លះ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍

ត្រឹមត្រូវ ហើយ​អ្នកខ្លះ​មិនមាន​ដាក់​អ្វី​សម្គាល់​នោះទេ ។​ជាមួយគ្នានេះដែរ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ នៅតែ​បណ្តែតបណ្តោយ​ឱ្យគេ​សង់រោង​ការ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទៀត នៅ​ថ្ងៃ​ណាមួយ នឹងមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាក់​ជាមិនខាន ហើយ​តើ​អ្នកណា​ទទួលខុស​ត្រូវចំ​ពោះ​ការបាត់បង់​អាយុជីវិត​ភ្ញៀ​ង ដែល​ចូលរួម​ក្នុង​ពិធី​នោះ​? ម្យ៉ាងវិញទៀត ការសង់​រោងការ​នៅលើ​ផ្លូវ​សាធារណៈ នាំឱ្យ​បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​ថែមទៀត​ផង ។​

​បើតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​រាជ​ក្នុង​ខេត្ត​ប៉ៃលិន​ម្នាក់ សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​លើកឡើងថា​៖ រោងការ ដែល​សង់​បិទផ្លូវ​នេះ ជា​រោងការ​កូនលោក នុត សោភា​រក្ស ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​ខេត្ត​ប៉ៃលិន ដែល​អញ្ជើញ​ភ្ញៀវ​ចូលរួម​សុទ្ធតែ​មន្ត្រីរាជកា​រ ដែលមាន​ឋានៈ ដោយ​រៀបចំ​ជាង​១០០​តុ ឯ​ណ្ណោះ ។ ជាមួយ​ការលើកឡើង​ខាងលើ ក៍​មានការ​រិៈ​គន់​ចំៗ​ថា ធ្វើ​ដល់​ប្រធាន​មន្ទីរ​ទៅហើយ រហូត​ស៊ី​ច្រើន​តុ​ទៀត​នោះ មិនគួរ​មិន​យល់​ពី​ច្បាប់​ទំលាប់​នោះទេ ដូច្នោះ​គួរតែ​រក​ទីតាំង​ណាមួយ​សមរម្យ ដូចជា​នៅ​ខេត្ត​ប៉ៃលិន ទាំងមូល​ក៍​ហាង​ធំៗ សម្រាប់​រៀបចំ​កម្មវិធី​ដូច​ហ្នឹង​ដែរ ។​

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថី អៀន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ប៉ៃលិន បាន​បញ្ចាក់​យ៉ាងខ្លី​ដោយ​លោក​ជាប់​ប្រជុំ​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះ​ថា​៖ លោក​មិន​បានដឹង​នោះទេ ហើយ​ការ​សង់រោង​បិទផ្លូវ​នេះ​គឺ​មិនបាន​សុំ​ខាង​សមត្ថកិច្ច​ប៉ុ​ស្ត៍​ដែរ ប្រហែលជា​ស្នើរ​សុំ​ទៅខាង​ស្នងការដ្ឋាន​ជា​អ្នកចេញ​ច្បាប់ ។​
​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះដែរ​ថា​៖ ការសង់​រោងការ​ខាងលើ គឺ​ខាង​លោក​ជា​អ្នក​អនុញ្ញាតអោយ​សង់ ហើយ​លោក​ក៏​សូមឱ្យ​អ្នកធ្វើដំណើរ​លើផ្លូវ​មួយ​នេះ មេត្តា​មានការ​យោគយល់​ផង ព្រោះ​ម្ចាស់​កម្មវិធី​អត់​មាន​កន្លែង​ណាមួយ​សមរម្យ​សម្រាប់​រៀបចំ​ពិធី​នេះ​ទេ ។​

​ចំណែក​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី វេលា​ម៉ោង​១១​និង​០៣​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ​ថា​៖​ករណីនេះ​វា​ដូចជា​មិន​អី​នោះទេ ព្រោះ​មាន​មួយ​ប្រលោះ​អាច​បើកបរ​ម៉ូតូ​បាន ហើយ​ណាមួយ​អ្នកដំណើរ​អាច​បើកបរ​តាមផ្លូវ ដែល​នៅ​ម្ខាង​ទៀត​បាន​ឲ​ង​ដែរ ដូច្នោះ​សូម​ឲ្យ​ការយោគយល់​ផង​៕